កីឡាការិនី វិត ចន្ថា ដែលពិការជើងម្ខាងទទួលបានមេដាយមាស៣ ក្នុងវិញ្ញាសារត់ និងលោតចម្ងាយ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ។
កីឡាការិនី វិត ចន្ថា បានតស៊ូជម្នះការលំបាកទាំងឡាយ រួមទាំងពិការភាពផង ទើបអាចបានជ័យជម្នះ នៅពេលនេះ។ តើស្ត្រីពិការជើងរូបនេះបានតស៊ូយ៉ាងណាខ្លះ នៅពីក្រោយជ័យជម្នះ ដែលមនុស្សគ្រប់គ្នាបានឃើញនេះ?
អ្នកស្រី វិត ចន្ថា តែងបង្ហូរ ទឹកភ្នែក នៅពេលដែលរម្លឹកពីការតស៊ូ រហូតបានជោគជ័យ ជាម្ចាស់មេដាយមាស នៅពេលនេះ ដោយសារតែជីវិតរបស់កីឡាការិនីរូបនេះបានឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់។
ស្ត្រីពិការជើងម្ខាងវ័យ ៤០ ឆ្នាំ រូបនេះទន្ទេញដដែលៗថា ទឹកចិត្តស្រឡាញ់ម្ដាយ និងចង់ជួយសម្រាលបន្ទុកម្ដាយជាស្ត្រីមេម៉ាយ ជាហេតុផលចម្បង ដែលជំរុញអ្នកស្រីឱ្យខំប្រឹងជម្នះឧបសគ្គទាំងឡាយ។
អ្នកស្រី វិត ចន្ថា៖ «អ្វីដែលឱ្យបងឆ្ពោះទៅមុខគឺម្ដាយរបស់បង។ បងឃើញពីភាពលំបាករបស់គាត់។ បងតែងគិតថាតើបងធ្វើម៉េច មានគំនិតគិតថាតើអ្វីទៅធ្វើឱ្យខ្ញុំជួយម្ដាយខ្ញុំបាន។ តើអ្វីទៅដែលអាចឱ្យម្ដាយខ្ញុំមានមុខ មានមាត់ក្នុងសង្គម។ តែបងមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចដែរ រីឯខ្លួនបងក៏តែងត្រូវគេពេបជ្រាយមាក់ងាយថាពិការ ធ្វើអីមិនកើត ដើរមិនទាន់គេ យកទៅណានាំតែខ្មាសគេ»។
បើទោះជាយ៉ាងណាក្ដីស្រម៉ៃថា ចង់សាងកេរ្តិ៍ឈ្មោះ លើកមុខមាត់ម្ដាយនេះបានកប់បាត់រាប់សិបឆ្នាំ ដោយសារតែអ្នកស្រី ត្រូវរ៉ាប់រងជួយចិញ្ចឹមប្អូនៗទាំងនាក់។ នៅពេលដែលរម្លឹកថា ភាពជោគជ័យរបស់ខ្លួនបានមកដោយសារទឹកចិត្តស្រឡាញ់ម្ដាយ ពិការភាពរបស់ អ្នកស្រី វិត ចន្ថា ក៏កើតឡើងដោយសារតែស្រឡាញ់ម្ដាយដែរ។ អ្នកស្រីរម្លឹកថា កាលនៅអាយុ ១២ ឆ្នាំ ម្ដាយអ្នកស្រីធ្វើការងារនៅក្នុងឡឥដ្ឋមួយកន្លែង គឺម៉ាស៊ីនកិនដីឥដ្ឋនៅឡឥដ្ឋនោះហើយ ដែលបានកិនដាច់ជើងខាងស្ដាំរបស់អ្នកស្រី។

អ្នកស្រី វិត ចន្ថា៖ «គាត់ធ្វើតែគាត់ទេ តែបងអាណិតម៉ែ បងទៅជួយគាត់។ គាត់ចេះតែប្រាប់ថា កុំធ្វើ ខ្លាចរអិលដៃរអិលជើង។ តែដូចថាគាត់ធ្វើហត់ណាស់ គេមានប្ដី គេជួយប្រពន្ធគេ។ គេមានកូនធំៗ គេជួយម៉ែគេ តែម៉ែបងមានតែម្នាក់ឯង។ បងចេះតែលួចទៅជួយគាត់ គាត់អត់ដឹងអីណា។ ដល់តែបងចូលជើងដាច់អ៊ីចឹងបងស្រែកហៅគាត់ថាម៉ែ។ បងហៅម៉ែអ៊ីចឹងគាត់ឃើញបងចូលម៉ាស៊ីន គាងក៏សន្លប់តូង តែបងអត់សន្លប់ បងអត់យំទេ។ តែពេលគេបង្វិលជើងចេញពីម៉ាស៊ីន បានយំវាឈឺពេក ហើយស្រែកហៅម៉ែៗ ជួយកូនផងម៉ែ»។
ក្រោយធ្លាក់ខ្លួនពិការ អ្នកស្រី វិត ចន្ថា នៅតែតស៊ូជួយម្ដាយចិញ្ចឹមប្អូនតទៅទៀត នៅភូមិកំណើត គឺភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។ នាងធ្វើការងារគ្រប់យ៉ាងមិនរើសឱ្យតែអាចរកប្រាក់បាន រាប់តាំងពីដើរបេះបន្លែ ស៊ីឈ្នួលលាងចាន និងស៊ីឈ្នួលធ្វើការងារផ្ទះជាដើមពោលគឺមិនដែលបោះបង់ បើទោះជាពិការជើងម្ខាងក៏ដោយ។
ក្រោយមក វិត ចន្ថា ធ្វើការងារតាមផ្ទះគេជាប់លាប់នៅភ្នំពេញ។ ការងារនេះអាចឱ្យចន្ថាមានប្រាក់ជួយម្ដាយ ដែលលក់នំបញ្ចុកបានព្រឹកខ្វះល្ងាចនៅស្រុកកំណើត។ ប៉ុន្តែគឺរហូតដល់ប្អូនប្រុសទាំង៤ មានការងារធ្វើទើប អ្នកស្រី វិត ចន្ថា ចាប់ផ្ដើមគិតពីអនាគត គឺគិតឆ្ងាយពីជីវភាពគ្រួសារ ដែលធ្លាប់តែអត់ឃ្លានតាំងពីកុមារ។
អ្នកស្រី វិត ចន្ថា៖ «អ៊ីចឹងអត់គិតស្រម៉ៃអីទេ ស្រម៉ៃតែថា បើមានបាយហូបសុទ្ធម្ដងមិនដឹងឆ្ងាញ់យ៉ាងម៉េច បើមានតែបាយលាយលាយដំឡូងរាល់តែថ្ងៃ។ តែនៅពេលដែលប្អូនគាត់ធំ គាត់មានការងារ គាត់ធ្វើសំណង់ខ្លះអីខ្លះក្នុងចិត្តក៏គិតថា ទៅណាក៏នៅតែគេថាឱ្យខ្លួនឯងពិការទៅណាដើរជាមួយពិបាកអីចេះ អីចុះ។ គិតខ្លួនឯងថា ធ្វើម៉េចឱ្យគេដឹងថា ខ្ញុំមិនមែនជាបន្ទុកក្នុងគ្រួសារ ឬមិនមែនជាមនុស្ស ដែលអត់ប្រយោជន៍ទេ។ គង់ថ្ងៃណាមួយ ខ្ញុំនឹងធ្វើឱ្យគាត់ដឹងពីសមត្ថភាពខ្ញុំ»។
កីឡាជនពិការបានធ្វើឱ្យក្ដីស្រម៉ៃរបស់ អ្នកស្រី វិត ចន្ថា ក្លាយជាការពិត គឺស្វែងរកកេរ្តិ៍ឈ្មោះ កិត្តិយសជូនម្ដាយ។
អ្នកស្រី រម្លឹកទៀតថា ពេលចូលហាត់កីឡា កាលពីឆ្នាំ២០១៥ អ្នកស្រីបានលាឈប់ពីការងារជាកម្មកររោងចក្រកាត់ដេរ និងងាកទៅរៀនកាត់ដេរសំលៀកបំពាក់ និងលាងចាននៅកន្លែងលក់បាយ ដើម្បីមានពេលហ្វឹកហាត់។
រាប់ចាប់តាំងពីចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗ រហូតមកដល់ពេលនេះ អ្នកស្រី វិត ចន្ថា ឈ្នះការប្រកួតជាច្រើន និងបានមេដាយមាសចំនួន៥ ហើយ។ ក្នុងនោះមេដាយមាស៣ទទួលបានក្នុងការប្រកួតនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា។ វិញ្ញាសាចំនួន៣ ដែលអ្នកស្រី វិត ចន្ថា បានជ័យជម្នះនោះរួមមាន៖ លោតចម្ងាយ T64 រត់ចម្ងាយ ៤០០ ម៉ែត្រ និងរត់ចម្ងាយ ២០០ ម៉ែត្រ។ កាលពីឆ្នាំ២០១២២ អ្នកស្រីទទួលបានមេដាយមាស ២ លើវិញ្ញាសារត់ និងលោតចម្ងាយនៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។
គ្រូបង្វឹកម្នាក់របស់ អ្នកស្រី វិត ចន្ថា លោក ផៃ សុខ ឱ្យដឹងថា អ្នកស្រី វិត ចន្ថា មិនដែលធ្វើឱ្យគ្រូបង្វឹកខកចិត្តទេរាប់តាំងពីភាពក្លាហាន តស៊ូ អំណត់ ការប្ដេជ្ញាចិត្ត ការប្រកួត និងការប្រឹងប្រែងហ្វឹកហាត់។
អ្នកស្រី វិត ចន្ថា៖ «ជីវិតគាត់គឺចេះតស៊ូណាស់ គ្រូដាក់ដំបូន្មានប៉ុណ្ណា ហើយទី២ រក្សានូវការហ្វឹកហាត់ គឺការហ្វឹកហាត់របស់គាត់គឺតស៊ូមែនគ្រូដាក់កម្មវិធីយ៉ាងម៉េចក៏អាចធ្វើបានគ្រប់ៗទាំងអស់។ ដូច្នេះគ្រូបានប្រាប់គាត់ថា អនាគតភ្លឺស្វាងហើយ»។
ម្ចាស់មេដាយមាស វិត ចន្ថា ផ្ដាំផ្ញើទៅយុវតីជំនាន់ក្រោយថា ដើម្បីបានជោគជ័យ ចាំបាច់ត្រូវកំណត់គោលដៅឱ្យជាក់លាក់ ប្រឹងប្រែងតស៊ូ ដើម្បីខ្លួនឯង និងមនុស្សជាទីស្រឡាញ់ កុំអស់សង្ឃឹម និងមិនត្រូវបោះបង់ខ្លួនឯង។
អ្នកស្រី វិត ចន្ថា៖ «មានចិត្តតស៊ូ ក្លាហានឡើង ទោះជាយើងមិនមានមិនបាន ក៏យើងបានបញ្ចេញពីឆន្ទៈ ដែលយើងខំប្រឹងប្រែង តស៊ូ ជាគំរូដល់ប្អូន ជាគំរូដល់បងប្អូន ដែលមានពិការភាពដទៃទៀត។ ខ្ញុំចង់ឱ្យពួកគាត់រឹងមាំដូចខ្ញុំ។ ខ្ញុំអត់ចង់ឱ្យគាត់ទន់ជ្រាយទេ។ ការទន់ជ្រាយមិនអាចជួយអីបានទេ គឺមានតែធ្វើឱ្យយើងតូចចិត្តនឹងខ្លួនឯង ថា ពិការអញ្ចេះអញ្ចុះទៅវិញទេ អាទន់ជ្រាយហ្នឹង។ សម្រាប់ខ្ញុំ ខ្ញុំអត់យកពិការភាពដាក់មុខទេ គឺខ្ញុំគិតតែខំប្រឹង»។
ពេលនេះអ្នកស្រី វិត ចន្ថា បានរៀបការជាមួយកីឡាករជាជនពិការមួយរូបដែរ និងមានកូនម្នាក់ជាចំណងដៃ។ ជាម្ដាយម្នាក់ ដែលបានឆ្លងកាត់ជីវិតតស៊ូ ការលំបាកជាច្រើននេះ អ្នកស្រី វិត ចន្ថា មានបំណងប្រាថ្នាមួយថែមទៀត គឺចង់ឱ្យកូនមានចំណេះដឹង និងមានការងារធ្វើអាចចិញ្ចឹមខ្លួនបាន ដោយមិនពិបាកវេទនាដូចជីវិតរបស់អ្នកស្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
