បងប្រុសរបស់យុវតីវ័យ១៦ឆ្នាំ កញ្ញា ឈុំ អ៊ុនណេង ដែលរបួសពេលជាប់ក្រោមគំនរបាក់បែកប្រមាណ ២០ម៉ោងពេលអគារកម្ពស់ ៧ជាន់បាក់រលំនោះ រំពឹងថាប្អូនស្រី និងមានអនាគតថ្មីល្អជាងនេះ តាមរយៈការសិក្សាមុខជំនាញណាមួយ ដែលនាងស្រឡាញ់។ ចំពោះ ឈុំ អ៊ុន ណេង ដែលមានរបួសក្បាលថានាងកំពុងវិលវល់ មិនទាន់រសាយចិត្តពីភាពភ័យខ្លាច តក់ស្លុត និងបាត់បង់ទាំងឪពុក ទាំងម្ដាយព្រមគ្នាក្នុងពេលតែមួយនៅពេលបាក់អគារនោះនៅឡើយទេ។
កញ្ញា ឈុំ អ៊ុនណេង មានរបួសត្រង់ក្បាល ដោយបំណែកអគារបាក់សង្កត់លើក្បាលរបស់នាងនោះកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ក្រោយពេលដែលនាងត្រូវក្រុមអ្នកជួយសង្រ្គោះរកនាងឃើញនៅក្នុងគំនរបាក់បែកនៃអគារបាក់រំលំ។
អ៊ុនណេង អាចនិយាយបានតិចៗ ដោយនាងនៅឈឺក្បាល មិនទាន់បាត់នោះថា នាងនៅមិនទាន់អាចរម្ងាប់ភាពភ័យតក់ស្លុត និងទុក្ខសោកក្នុងចិត្តនាងបាននៅឡើយទេ។ នាងថែមទាំងមិនអាចគិតឃើញថាអនាគតរបស់នាងទៅជាយ៉ាងណាទេ ហើយរូបភាពឪពុកម្ដាយរបស់នាងគឺស្រស់ៗនឹងភ្នែករបស់នាងនៅឡើយ៖ « តើមានការសោកស្ដាយឪពុកម្ដាយយ៉ាងម៉េចខ្លះក្នុងចិត្តនៅពេលហ្នឹង ? រឿងហ្នឹង គឺនិយាយលែងចេញហ្មងបង »។
អ៊ុនណេង បានរួចជីវិតមែនពិតតែម្ដាយ និងឪពុករបស់នាងបានស្លាប់ក្នុងគ្រោះថ្នាក់នោះ បន្សល់ទុកនាង និងបងៗ ២នាក់ទៀត ឱ្យនៅកំព្រាក្នុងមួយប៉ប្រិចភ្នែក។ នាងរៀបរាប់ថានៅយប់មុនពេលកើតហេតុនោះនាង និងឪពុកម្ដាយបានសម្រាកក្បែរៗ គ្នាក្នុងអគារ ដែលកំពុងសាងសង់នោះ។ នាងមិនបានដឹង ឬឮសំឡេងអ្វីទាំងអស់ គឺនាង និងឪពុកម្ដាយកំពុងលង់លក់ នៅពេលដែលអគារបាក់កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែ មិថុនា៖ « និយាយទៅពេលអគារបាក់មកហ្នឹងគឺសង្កត់ចំក្បាល ខ្ញុំអត់ដឹងផង អត់ឮអីផង»។
នាងបានប្រឹងតស៊ូក្នុងក្រោមគំនរបាក់បែកនោះប្រមាណ ២០ម៉ោង ដោយបានទឹកក្រូចមួយដបផឹកបន្តកម្លាំង។
ឈុំ អ៊ុនណេង ទើបតែតាមម្ដាយ និងឪពុករបស់នាងទៅធ្វើកម្មករសំណង់ក្នុងខេត្តព្រះសីហនុមិនបានប៉ុន្មានខែទេ ក៏ជួបគ្រោះថ្នាក់បែបនេះ។ អ៊ុនណេង មានបងប្រុសម្នាក់ ដែលជាកម្មករសំណង់ក្នុងខេត្តព្រះសីហនុដែរ តែធ្វើការឱ្យក្រុមហ៊ុនមួយផ្សេងទៀត។
ឈុំ ចិនឡាំង ជាបងប្រុសរបស់ អ៊ុនណេង ឱ្យដឹងថា ពេលនេះលោកនឹងសាច់ញាតិកំពុងធ្វើបុណ្យសពឱ្យឪពុកម្ដាយនៅស្រុកកំណើតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ចិនឡាំង ថា បីនាក់បងប្អូនរបស់គាត់មិនអាចជុំគ្នាធ្វើបុណ្យអោយម្ដាយឪពុកបានទេ គឺមានតែលោកម្នាក់ឯងនៅកន្លែងបុណ្យសព ដ្បិតប្អូនស្រីពៅកំពុងនៅមន្ទីរពេទ្យព្យាបាលរបួស ចំណែកប្អូនស្រីទី២ ក៏កំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យដែរ៖ « វេទនាណាស់ គ្រាន់តែដឹកសព (ឪពុកម្ដាយ ) ដល់ទឹកដីក្រចេះភ្លាម ប្អូនខ្ញុំឈឺពោះឆ្លងទន្លេទៀត វាចៃដន្យដល់កពេកហើយ។ ប្អូនខ្ញុំឈឺពោះឆ្លងទន្លេក៏ទៅស្រុកសំបូរទៅ ខ្ញុំក៏នាំសពគាត់មកម្នាក់ឯងគឺម្នាក់ឯងរហូតតែបានអ៊ីបាន អុំៗ ខ្ញុំអីនៅហ្នឹង » ។
នៅពេលចោទសួរថា ហេតុអ្វីទើបត្រូវទៅធ្វើការសំណង់ទាំងគ្រួសារ ទាំងវ័យក្មេង ជាវ័យកំពុងត្រូវការការសិក្សា ចិនឡាំង ឆ្លើយថា គ្រួសារក្រីក្រពេកជំពាក់បំណុលច្រើនពេក គ្មានលទ្ធភាពអោយកូនបានរៀនសូត្រតទៅទៀតទេ៖ « ដោយសារតែលុយហ្នឹង បានឈប់រៀន ដោយសារតែភ្លើងឆេះផ្ទះហ្នឹង បានខ្ញុំអត់បានរៀន ពីមុនខ្ញុំតាំងចិត្តថា រៀនឱ្យបានធ្វើការងារខាងអង្គការ ខាងអី ដោយសារតែភ្លើងឆេះផ្ទះខ្ញុំអត់បានរៀនសូត្រអីដល់ឥឡូវ » ។
ចិនឡាំង រំលឹកថា ១០ឆ្នាំមុនគ្រួសារលោកមានដីធ្វើចម្ការ ធ្វើស្រែដូចអ្នកភូមិផ្សេងទៀតដែរ ប៉ុន្តែត្រូវក្រុមហ៊ុនរំលោភយក ធ្វើឱ្យឪពុក និងម្ដាយលោកគ្មានមុខរបរ ទើបសម្រេចប្រកបរបរនេសាទត្រី និងដឹកត្រីលក់។ តែអកុសលគ្រួសារលោកជួបគ្រោះថ្នាក់ភ្លើងឆេះផ្ទះបាត់បង់ទ្រព្យសម្បត្តិទាំងស្រុង ដែលជាដើមហេតុធ្វើអោយគ្រួសារលោកត្រូវខ្ចីបុលប្រាក់ពីធនាគារ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងពីអ្នកចងការប្រាក់ក្នុងភូមិ ដើម្បីសង់ផ្ទះរស់នៅ។ លោកបន្តថា ចាប់ពីពេលនោះហើយដែលលោកនឹងប្អូនស្រីទាំង២សម្រេចឈប់រៀន ដើម្បីជួយរកចំណូលចិញ្ចឹមគ្រួសារ៖ « គេយកដីស្រែ ដីអីទៅ គេហាមឃាត់ក៏មិនបានធ្វើស្រែមករហូតទាល់តែឥឡូវហ្នឹង។ រកត្រីហ្នឹងធ្វើប្រហុកផង ផ្អកផងម៉ាក់ខ្ញុំ យកទៅដូរស្រូវដូរអីគេ ឱ្យបានស្រូវហូប។ រកត្រីបង់អង្គការផង យកលុយគេឯកជនផង លុយរកត្រីហ្នឹងបង់គេរំលោះគេប្រចាំថ្ងៃ ២ម៉ឺន ទៅ ៣ម៉ឺនទៅក្នុងរយៈពេល ១ ទៅ ២ខែក៏រួចដាច់គេទៅ ហើយរកទៀតទៅ»។
នៅដើមឆ្នាំ២០១៩ នេះ ឪពុករបស់លោកមានបញ្ហាក្ដីក្ដាំនៅតុលាការ ដោយសារតែទៅស៊ីឈ្នួលកាប់ព្រៃឱ្យគេ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភរានដីព្រៃដោយខុសច្បាប់។ បន្ទាប់ពីដោះស្រាយរឿងក្ដីនោះរួចគ្រួសាររបស់លោកលែងមានដើមទុនឱ្យម្ដាយដឹកត្រីលក់តទៅទៀតបាន ទើបសម្រេចនាំគ្នាទៅធ្វើការជាកម្មករសំណង់នៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់។
ស្ថានភាពរបស់គ្រួសារ ចិនឡាំង ហាក់មិនខុសគ្នាពីកម្មករសំណង់ផ្សេងៗទៀតទេ ពួកគេភាគច្រើនបង្ខំចិត្តចេញពីស្រុកកំណើត បែកពីក្រុមគ្រួសារ ដោយសារតែជំពាក់បំណុល។ លើសពីនេះពួកគេបាត់បង់មុខរបរ ដែលធ្លាប់ធ្វើស្រែធ្វើចម្ការ ឬរកប្រាក់ចំណូលដោយពឹងអាស្រ័យលើការទាញយកធនធានពីធម្មជាតិនោះ ដោយសារតែបាត់ដី ជម្លោះដីធ្លី ធនធានធម្មជាតិកាន់តែខ្សត់ កត្តាគ្រោះធម្មជាតិ កសិផលលក់បានថោក និងបញ្ហាសុខភាពគ្រួសារជាដើម។
អង្គការអន្តរជាតិមួយចំនួនបានព្យាករថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រសិនបើកម្ពុជាមានបញ្ហាសេដ្ឋកិច្ចតែបន្តិចបន្តួចនោះនឹងធ្វើអោយពលរដ្ឋជាងពាក់កណ្ដាលប្រទេសនឹងធ្លាក់ខ្លួនក្រភ្លាម។ បើតាមទិន្នន័យរបស់អង្គការ GIZ បើបញ្ហាកើតឡើង ពលរដ្ឋខ្មែរធ្លាក់ខ្លួនក្រវិញ នឹងកើនជិតពាក់កណ្ដាល ឬ ៨លាននាក់ ពោលគឺពីរនាក់ មានម្នាក់ក្រ។ បើតាមទិន្នន័យរបស់អង្គការ អង្គការកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) វិញ អ្នកក្រអាចនឹងកើនឡើងដល់ជាងពាក់កណ្ដាល (៥៥%) ឬ ជិត ៩លាននាក់ឯណោះ បើជួបបញ្ហាសេដ្ឋកិច្ចតែបន្តិចបន្តួច។ អង្គការ UNDP និង គម្រោងផ្ដួចផ្ដើមអភិវឌ្ឍន៍ធនធានមនុស្ស និងភាពក្រីក្ររបស់ Oxfordពលរដ្ឋកម្ពុជាចំនួនរហូតដល់ ៣៥% គឺជាពលរដ្ឋក្រីក្រ ដែលរកប្រាក់ចំណូលបានក្រោម ១,៩០ដុល្លារក្នុងមួយថ្ងៃ។
ប្ដីប្រពន្ធដែលជាឪពុកម្ដាយរបស់អ្នកទាំង២ គឺប្ដីឈ្មោះ ទេព នៃ អាយុ ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ព្រហ្ម ដែន អាយុ ៤៥ឆ្នាំ។
អ៊ុនណេង រំលឹកពីឪពុកនឹងម្ដាយរបស់នាងថា ពេលបាក់អគារនោះ នាងបានឮសំឡេងអ្នកទាំង២ តែមួយវ៉ាសចុងក្រោយហើយបាត់ក៏រហូត ទោះបីនាងប្រឹងស្រែកហៅយ៉ាងណាក្ដីក៏មិនឆ្លើយតប៖ « និយាយទៅអត់ឮអីពីគាត់ទៀតផង គឺពេលអគាររលំមកហ្នឹង ឮគាត់តែមួយអ៊ឹះ ហើយក៏បាត់មាត់ពួកគាត់រហូត » ។
ករណីបាក់រលំអគារ ៧ជាន់ក្នុងខេត្តព្រះសីហនុនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ចំនួន ៧ម៉ឺនដុល្លារសម្រាប់អ្នកស្លាប់ម្នាក់ និងចំនួន ១ម៉ឺនសម្រាប់អ្នករបួស។ បើតាម ចិនឡៃ ពេលនេះ លោកបានទទួលប្រាក់ជំនួយនោះមួយចំនួនហើយ។ លោកសង្ឃឹមថាជីវភាពគ្រួសារនឹងបានធូរស្រាលជាងមុននៅពេលបានទទួលជំនួយទាំងនេះ។
ចិនឡាំង រៀបរាប់ថា លោកចង់បំពេញបំណងឪពុកម្ដាយលោកដែលចង់មានផ្ទះសម្បែង និងកូនៗមានមុខរបបត្រឹមត្រូវចិញ្ចឹមជីវិត។ ចំពោះរូបលោកគឺចង់ឱ្យប្អូនស្រីមានជំនាញច្បាស់លាស់ណាមួយអាចប្រកបរបបចិញ្ចឹមជីវិតត្រឹមត្រូវនឹងគេ៖ « ខ្ញុំបង្កើតមុខរបរខ្លួនឯងរកត្រី ចិញ្ចឹមត្រី ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ហើយខ្ញុំចង់ធ្វើចម្ការអីតិចតួច ដាំស្វាយចន្ទីអីចឹង ហើយមើលប្អូនខ្ញុំមីពៅហ្នឹង ព្រោះមីទី២ គេមានប្ដីហើយ។ ប្អូនខ្ញុំហ្នឹង វាអត់ចេះអីទេ ខ្ញុំចង់ឱ្យវាចាប់ជំនាញអីមួយ បើវាអត់មានអ៊ីចឹង យើងក៏អត់មានលទ្ធភាពអ៊ីចឹង»។
ចំពោះ អ៊ុន ណេង វិញ នាងឆ្លើយយ៉ាងខ្លីថា នាងមិនទាន់ជ្រះស្រឡះក្នុងចិត្ត រឹតតែមិនអាចនិយាយបានថានាងចង់មានជំនាញអ្វី ដើម្បីចិញ្ចឹមជីវិតដែរ៖ « ឥឡូវអត់ទាន់ដឹងផង ខ្ញុំចង់ទៅផ្ទះសិន » ។
ករណីបាក់រលំអគារនៅខេត្តព្រះសីហនុ បានសម្លាប់កម្មករចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់របួស។ ករណីនេះសមត្ថកិច្ចរកឃើញថាអគារកម្ពស់៧ជាន់ នោះសាងសង់ដោយក្រុមហ៊ុនចិន ដោយពុំមានច្បាប់អនុញ្ញាត។
ទិន្នន័យពីអង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO វិញប៉ាន់ប្រមាណថា ក្នុងវិស័យសំណង់មានកម្មករកំពុងធ្វើការងារប្រមាណ ២សែននាក់(២០០.០០០) ជាអ្នកគ្មានជំនាញ ពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ និងពុំបានការពារដោយច្បាប់សហជីព។ អង្គការដដែលនេះរកឃើញទៀតថាក្នុងឆ្នាំ២០១៨មានគ្រោះថ្នាក់ការងារក្នុងវិស័យនេះជាង ២ម៉ឺន ៥ពាន់ករណី (២៥.២០៦) បណ្ដាលឱ្យមានអ្នកស្លាប់ ២០០នាក់ និងជាង ២ពាន់អ្នករបួស (២.៧១១)។ ILO បារម្ភពីគ្រោះថ្នាក់ក្នុងវិស័យនេះថា អាចធ្វើអោយប៉ះពាល់ដល់កម្មករសំណង់ជាច្រើនម៉ឺននាក់ផ្សេងទៀត ដែលបញ្ហានេះត្រូវអាជ្ញាធរពាក់ព័ន្ធដោះស្រាយ និងចាត់វិធានការការពារសុវត្ថិភាពសម្រាប់ពួកគេបន្ទាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ធានាឱ្យបានថា គ្មានគ្រោះថ្នាក់នៅកន្លែងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
