សហគមន៍ សហជីព និងអង្គការសង្គមស៊ីវិលប្រមាណ ៧០ស្ថាប័ន រួមគ្នាដាក់ញត្តិ ជូនក្រសួងដែនដីនិងក្រសួងការងារ ដើម្បីចាត់ វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករសំណង់។ សំណើនេះធ្វើឡើង បន្ទាប់ពីមានសោកនាដកម្មបាក់រលំអគារសំណង់នៅខេត្តព្រះសីហនុ និងខេត្តកែប បណ្ដាលឱ្យកម្មករសំណង់ជាច្រើននាក់បាត់បង់ជីវិត និងរងរបួស។
សហជីពផ្នែកសំណង់ និងអង្គការសង្គមស៊ីវិលលើកឡើងថា ការអនុវត្តបទដ្ឋានសុវត្ថិភាពនៅតាមការដ្ឋានសំណង់នីមួយៗ គឺចាំបាច់បំផុត ដើម្បីធានាដល់អាយុជីវិតមនុស្ស និងទប់ស្កាត់ហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ការយកទីតាំងការដ្ឋានសំណង់ដែលកំពុងសាងសង់ធ្វើជាកន្លែងស្នាក់នៅ និងសាងសង់ នោះគឺជាហានិភ័យខ្ពស់បំផុតចំពោះអាយុជីវិតកម្មករ។ ជាងនេះទៅទៀត ក្រុមសហជីព និងសង្គមស៊ីវិលថា អាជ្ញាធរមិនត្រូវឱ្យអ្នកទទួលខុសត្រូវសាងសង់ និងម្ចាស់សំណង់រួចផុតពីទោសទណ្ឌ ដោយគ្រាន់តែចេញសំណងដល់ជនរងគ្រោះនោះឡើយ។

ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា(BWTUC) លោក សុខ គីន ថ្លែងថា ចំណុចអាទិភាពដែលក្រសួងដែនដី និងក្រសួងការងារ ត្រូវអនុវត្តជាដំបូងនោះ គឺផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់នៅទូទាំងប្រទេស ដោយរង់ចាំការត្រួតពិនិត្យ វាយតម្លៃពីស្ថាប័នជំនាញ ដើម្បីឱ្យប្រាកដថា គម្រោងសាងសង់នីមួយៗមានច្បាប់អនុញ្ញាត និងមានគុណភាពតាមស្តង់ដារសុវត្ថិភាព។ លោកបន្តថា ក្រសួងដែនដីគួរដាក់ចេញវិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពម៉ៅការបន្តដែលគ្មានអាជ្ញាប័ណ្ណ និងធានាការអនុវត្តបទដ្ឋាននិយាមសុវត្ថិភាព គ្រប់ការដ្ឋានសំណង់។
ដើម្បីឱ្យការអនុវត្តនេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព លោក សុខ គីន យល់ថា ក្រសួងទាំងពីរ ចុះធ្វើអធិការកិច្ចការងារជាប្រចាំដើម្បីពិនិត្យមើលលក្ខខណ្ឌសុវត្ថិភាព និងបទដ្ឋានការងាររបស់កម្មករសំណង់ និងធ្វើការចុះបញ្ជីក្រុមហ៊ុនសាងសង់ ទាំងនោះ ជាមមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅទូទាំងប្រទេស។
លោកបន្ថែមថា ការអនុវត្តបែបនេះ រដ្ឋាភិបាលនឹងបានទទួលចំណូលពន្ធពេញលេញ ពីវិស័យសំណង់ ហើយកម្មករសំណង់ក៏ទទួលបានអត្ថប្រយោជន៍ការងារដែរ នៅពេលពួកគេជួបបញ្ហាជាយថាហេតុណាមួយ៖ «ដើម្បីចៀសវាងបញ្ហា ខ្ញុំគិតថារដ្ឋាភិបាលគួរពិនិត្យច្បាប់ឡើងវិញ ហើយនឹងការបង្កើតច្បាប់ស្ដីពីទីសុវត្ថិភាពកន្លែងការងារសំណង់ ឱ្យបានលឿន ដែលអាចធ្វើទៅបាន។ ហ្នឹងជាសំណូមពរទទូចរបស់ខ្ញុំ ព្រោះបើមានច្បាប់ជាក់លាក់ ងាយស្រួលជំរុញឱ្យភាគីអនុវត្តច្បាប់ ហើយទី២ សូមឱ្យក្រសួងចុះធ្វើអធិការកិច្ច ឱ្យមានប្រសិទ្ធភាពបំផុតសម្រាប់កម្មករនៅក្នុងវិស័យសំណង់។ បើមិនបន្ថែមនូវអធិការកិច្ចទេ បញ្ហានៅតែកើតមានឡើងដដែល»។
ចំពោះការអនុវត្តច្បាប់វិញ អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការងារ លោក ឃុន ថារ៉ូ លើកឡើងថា រដ្ឋាភិបាលត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ ដោយចុះស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោស ចំពោះអ្នកសមគំនិត អ្នកផ្ដើមគំនិត ត្រូវទទួលដូចអ្នកប្រព្រឹត្ត ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែទទួលខុសត្រូវលើគ្រោះថ្នាក់និងទទួលទោសដូចអ្នកប្រព្រឹត្តដែរ៖ «រដ្ឋាភិបាលត្រូវធានាថា យុត្តិធម៌នឹងអាចស្វែងរកបានដោយជនរងគ្រោះ។ អ៊ីចឹង ! អ្នកទាំងអស់ត្រូវតែទទួលខុសត្រូវ ហ្នឹងជារឿងសំខាន់ ពីព្រោះមិនថាអ្នកហ្នឹងជាមន្ត្រី ឬមានតួនាទីអ្វីទេ ត្រូវតែអនុវត្តច្បាប់ហ្នឹង។ ហើយមួយទៀតសោត វាដល់ពេលវេលាសម្រាប់រដ្ឋាភិបាលអនុវត្តច្បាប់ស្ដីបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យកម្មករសំណង់ ត្រូវបានគ្រប់ដណ្ដប់នូវការគាំពារសំណង់ហ្នឹង។ ក្រុមហ៊ុនដែលចុះបញ្ជីត្រឹមត្រូវ ត្រូវតែជំរុញឱ្យក្រុមហ៊ុននោះ ទិញធានារ៉ាប់រងសម្រាប់កម្មករ។ ចៀសវាងនៅពេលមានព្រឹត្តិការណ៍កើតឡើង ជនរងគ្រោះ គាត់ទទួលបានដោយសារមូលនិធិ ឬក៏ការកៀរគរ។ អ៊ីចឹង ! ការទិញធានារ៉ាប់រង ចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គមហ្នឹង វាជាអត្ថប្រយោជន៍មួយសម្រាប់កម្មករ»។

លោក ឃុន ថារ៉ូ ឱ្យដឹងថា មន្ត្រីតំណាងក្រសួងទាំងពីរបានចេញមកទទួលញត្តិ ហើយសន្យា ឆ្លើយតបជាលាយលក្ខណ៍អក្សរមកវិញនៅពេលក្រោយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និង អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេ នៅថ្ងៃទី២១ មករា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ក្នុងពេលប៉ុន្មានខែកន្លងទៅនេះ កម្ពុជាមានហេតុការណ៍បាក់រលំអគារសំណង់ធំៗ២កន្លែង ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។

កាលពីចុងខែមិថុនា ឆ្នាំ២០១៩ សំណង់អគារខុនដូកម្ពស់៧ជាន់ ដែលមានម្ចាស់ និងអ្នកម៉ៅការសាងសង់ជាជនជាតិចិន បានបាក់ដួលរំលំសង្កត់កម្មករ កម្មការិនី កំពុងដេកនៅការដ្ឋានសំណង់ ស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់។ ក្រោយមកនៅដើមខែមករា ឆ្នាំ២០២០ នេះ មានករណី បាក់ស្រុតសំណង់សណ្ឋាគារ ១កន្លែង នៅខេត្តកែប បណ្ដាលឱ្យមនុស្ស៣៦នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល២៣នាក់។
ក្រុមអង្គការសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលផ្ដល់ទីតាំងសាធារណៈនៅទីរួមខេត្តព្រះសីហនុ និងខេត្តកែប ដើម្បីធ្វើស្តូបរំឭកការចងចាំអំពីព្រឹត្តិការណ៍សោកនាដកម្មដ៏រន្ធត់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។