រដ្ឋាភិបាលអូស្ត្រាលីកំពុងពិនិត្យកែប្រែច្បាប់ប្រឆាំងការលាងលុយកខ្វក់ ក្នុងបំណងទប់ស្កាត់មន្ត្រីពុករលួយ និងឧក្រិដ្ឋជនពីប្រទេសផ្សេងៗ រួមទាំងកម្ពុជាផង ដែលប្រើប្រាស់លុយកខ្វក់មកលាក់ទុកនៅប្រទេសអូស្ត្រាលីតាមវិធីផ្សេងៗ ដូចជា ការទិញអចលនទ្រព្យជាដើម។ អ្នកឃ្លាំមើលយល់ថា គម្រោងធ្វើវិសោធនកម្មច្បាប់នេះ នឹងធ្វើឲ្យមន្ត្រីពុករលួយ និងពួកឧក្រិដ្ឋជនមកពីកម្ពុជា លែងមានចន្លោះប្រហោងក្នុងការលាងលុយកខ្វក់នៅក្នុងប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលអូស្ត្រាលី កំពុងបោះជំហានទៅមុខក្នុងការកែប្រែច្បាប់ថ្មី ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់នៅក្នុងប្រទេសអូស្ត្រាលីក្រោមរូបភាពជាការវិនិយោគ និងការទិញអចលនទ្រព្យដោយពួកអ្នកមានលុយមានអំណាចខ្មែរនៅកម្ពុជា និងពួកឧក្រិដ្ឋជនមកប្រទេសផ្សេងទៀត។ ច្បាប់ថ្មី ដែលបង្ក្រាបទៅលើការលាងលុយកខ្វក់នេះ នឹងជំរុញឲ្យក្រុមភ្នាក់ងារអចលនទ្រព្យ មេធាវី ធនាគារ និងក្រុមគណនេយ្យករ រួមទាំងក្រុមហ៊ុនចែកចាយវត្ថុមានតម្លៃផ្សេងៗ នៅប្រទេសអូស្ត្រាលី ត្រូវរឹតបន្តឹងការសួរនាំប្រភពចំណូលរបស់អតិថិជន និងត្រូវរាយការណ៍អំពីប្រតិបត្តិការផ្ទេរសាច់ប្រាក់ពីក្រៅប្រទេស ដែលគួរឲ្យសង្ស័យ។
សមាជិកសភាសហព័ន្ធអូស្ត្រាលី និងជាអគ្គនាយកមេធាវី លោក ម៉ាឃ ដ្រេយហ្វឺស (Mark Dreyfus) លើកលែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៦ ខែឧសភាថា រដ្ឋាភិបាល នឹងចំណាយលុយ ១៦៦.៤លានដុល្លារអូស្ត្រាលី ឬស្មើនឹង ប្រមាណជាង ១១០លានដុល្លារអាមេរិក ដើម្បីធ្វើកំណែទម្រង់ច្បាប់ប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មរបស់ប្រទេសអូស្ត្រាលីឲ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ ខណៈអូស្ត្រាលី កំពុងមានហានិភ័យខ្លាំងក្នុងការក្លាយជាឋានសួគ៌សម្រាប់ការលាងលុយកខ្វក់។ លោកបន្តថា ជារៀងរាល់ឆ្នាំ មូលនិធិខុសច្បាប់រាប់ពាន់លានដុល្លារ ហូរចូលប្រទេសអូស្ត្រាលី ដែលមានប្រភពចេញពីសកម្មភាពខុសច្បាប់ ដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការគេចពន្ធ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime) ការជួញដូរអាវុធ និងអំពើខុសច្បាប់ រួមទាំងអំពើពុករលួយផ្សេងៗ ទៀត។
ការប្រកាសពីគម្រោងវិសោធនកម្មច្បាប់នេះ ស្របគ្នានឹងរបាយការណ៍ចេញថ្មីដោយអង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី ដែលបង្ហាញថា លុយកខ្វក់រាប់សិបលានដុល្លារ បានហូរចេញពីប្រទេសក្រីក្រកម្ពុជាជារៀងរាល់ឆ្នាំ ដែលមានគម្លាតខុសគ្នា ឆ្ងាយ ស្ទើរមិនគួរឲ្យជឿ បើប្រៀបធៀបនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនខ្មែរម្នាក់ៗ ដែលមានចំនួនជិត ២ពាន់ដុល្លារ (១.៦៩០)។ របាយការណ៍នេះលាតត្រដាងថា រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ អចលនទ្រព្យចំនួន ១១៨កន្លែង ដែលមានតម្លៃសរុបចំនួន ១១០លានដុល្លារ ត្រូវបានទិញដោយជនជាតិខ្មែរ។ គ្រាន់តែនៅក្នុងឆ្នាំ២០២២ តែមួយ មានទឹកប្រាក់ជាង ៥១៦លានដុល្លារ ត្រូវបានផ្ទេរចេញពីកម្ពុជា ចូលអូស្ត្រាលី។ប៉ុន្តែ មានទឹកប្រាក់រាប់លានដុល្លារទៀត ដែលមិនបានឆ្លងកាត់តាមប្រព័ន្ធ ដែលគ្រប់គ្រងបាន។
ទាក់ទងរឿងនេះ សមាជិកសភារដ្ឋវ៉ិកតូរីយ៉ា (Victoraia) ដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែងថា វិសោធនកម្មច្បាប់ប្រឆាំងការលាងលុយកខ្វក់នេះ នឹងអាចអនុម័តឆាប់ៗ ហើយនឹងក្លាយជាឧបករណ៍សម្រាប់ស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី យកប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ឲ្យមានប្រសិទ្ធភាពជាងមុន។
លោក តាក់ ម៉េងហ៊ាង៖«គឺជាគម្រោងច្បាប់អូស្ត្រាលីនៅក្នុងការរឹតបន្តឹង ឬក៏ដាក់សំណាញ់ឲ្យវាជិតជាងមុន ពាក់ព័ន្ធនឹងការនាំលុយពីបរទេសចូលប្រទេសអូស្ត្រាលី។កន្លងមកនេះ មានស្ថាប័ន ឬអង្គភាពផ្សេងៗ ដូចជាAUSTRACដែលជាអាជ្ញាធរអូស្ត្រាលីនៅក្នុងការពិនិត្យមើលការវេរលុយ ឬហិរញ្ញវត្ថុនេះមានក្ដីបារម្ភ ជាពិសេស បណ្ដាប្រទេសក្រីក្រមួយចំនួន ដែលបានបញ្ជូន ឬនាំថវិកាដោយមិនដឹងប្រភព រួចហើយ តាមរយៈការទិញអចលនទ្រព្យនៅប្រទេសអូស្ត្រាលី»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបជុំវិញរឿងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កន្លងមក សែស្រឡាយអ្នកមានអំណាចខ្មែរជាច្រើនត្រកូល បានជះលុយមកទិញ អចលនទ្រព្យ ទិញសញ្ជាតិ និងវិនិយោគនៅអូស្ត្រាលី។អ្នកទាំងនោះ រួមមាន កូនៗ និងក្មួយៗ របស់លោក ហ៊ុន សែន កូនរបស់អតីតរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា គ្រួសាររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងក្រុម គ្រួសាររបស់លោក ឡាវ វ៉ាន់ ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាគ្រួសារអ្នកជំនួញ ដែលមានកេរ្តិ៍ឈ្មោះអាស្រូវ និងគ្រួសារមេពន្ធដា លោក គង់ វិបុល ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត។
អង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី រម្លឹកទៅរដ្ឋាភិបាលអូស្ត្រាលី ថា កម្ពុជា គឺជាប្រទេសក្រីក្រមួយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ ដូច្នេះ រំហូរទឹកប្រាក់រាប់សិបលានដុល្លារចូលប្រទេសអូស្ត្រាលី គឺជារឿងគួរឲ្យព្រួយបារម្ភ និងសង្ស័យបំផុត ដែលទាមទារឲ្យមានការពិនិត្យមើលឲ្យបានតឹងរ៉ឹង។ អង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី និងស្ថាប័នដៃគូ ដែលមានជំនាញប្រឹក្សាខាងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ សន្តិសុខអ៊ីនធឹណិត និងការវិនិយោគឈ្មោះ ខូដាម៉ែនថា (KordaMentha) រកឃើញថា ប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលលេចធ្លោក្នុងតំបន់សម្រាប់ការលាងលុយកខ្វក់ដោយសារអំពើក្លែងបន្លំ អំពើឆបោក អំពើពុករលួយ ការសូកប៉ាន់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងការរត់ពន្ធសត្វព្រៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។