សាច់​ញាតិ​ស្នើ​សុំ​ឲ្យ​លោក រ៉ុង ឈុន បាន​សម្រាក​ព្យាបាល​នៅ​ក្រៅ​ឃុំ ក្រោយ​ការ​វះកាត់​ភ្នែក

0:00 / 0:00

សាច់ញាតិ​មេ​សហជីព​លោក រ៉ុង ឈុន បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក​បាន​សម្រាក​ព្យាបាល​ត្រឹមត្រូវ​នៅ​ក្រៅ​ឃុំ បើ​ទោះ​ជា​មុខរបួស​វះកាត់​ភ្នែក​ម្ខាង​របស់​លោក រ៉ុង ឈុន ជា​សះស្បើយ​ជាង​ពាក់កណ្ដាល​ហើយក៏​ដោយ។ សង្គម​ស៊ីវិល ថា ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​២​រវាង​អ្នក​ជាប់ឃុំ​ជា​សកម្មជន​សង្គម និង​អ្នកមាន​លុយ​មានអំណាច​នឹង​បណ្ដាល​ឲ្យ​មានការ​រិះគន់។

ស្ថានភាព​ជំងឺ​ភ្នែក​របស់​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​វិវត្ត​មក​ភាព​ល្អ​ប្រសើរ​គ្រាន់​បើ​វិញ​ហើយ ក្រោយ​ការវះកាត់​ដុំ​ឈាម​កក​ក្នុង​ភ្នែក​ស្ដាំ។ ប៉ុន្តែ​ការ​សម្រាក​ព្យាបាល​មុខរបួស​ភ្នែក​នៅ​កន្លែង​ចង្អៀត​ណែន និង​គ្មាន​អនាម័យ បណ្ដាល​ឲ្យ​មុខរបួស​របស់​លោក រ៉ុង ឈុន មិន​ងាយ​ជា​សះ​ដូច​ការ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ ឬ​នៅ​ផ្ទះ​នោះ​ទេ។ក្មួយប្រុស​របស់​លោក រ៉ុង ឈុន គឺ លោក រ៉ុង វិជ្ជា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៩ តុលា​ថា លោក​បាន​ជួប​សួរសុខទុក្ខ​ពូ​របស់​លោក​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ភ្ជុំបិណ្ឌ​។ លោក​ឲ្យ​ដឹង​ថា លោក រ៉ុង ឈុន មាន​សុខ​ភាពល្អ​វិញ​ហើយ ហើយ​គាត់​នៅតែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​កិច្ច​ការងារ​បម្រើ​ផលប្រយោជន៍​សង្គមជាតិ​បន្ត​ទៀត​។ លោក រ៉ុង វិជ្ជា បន្ត​ថា អាជ្ញាធរ​ពន្ធនាគារ​បាន​ជួយ​សម្រួល​ដល់​ពូ​របស់​លោក ដោយ​យក​អ្នក​ជាប់ឃុំ​ដែល​ជក់បារី​ចេញពី​បន្ទប់​ឃុំឃាំង​របស់​គាត់។ តែ​យ៉ាងណា លោក​នៅតែ​មាន​បំណង​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​បន្ថែម​ទៀត ដោយ​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ឲ្យ​សាច់ញាតិ​មាន​ឱកាស​ថែទាំ​គាត់​ដោយ​ផ្ទាល់​វិញ៖ «​ហើយក៏​គាត់​បាន​ផ្ដាំផ្ញើ​ជូនពរ​ដល់​បងប្អូន​ជនរួមជាតិ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង​ឲ្យ​ទទួល​បាន​សុខភាព​ល្អ សុខ​សប្បាយ​ទាំងអស់គ្នា ហើយ​គាត់​បញ្ជាក់​ដែរ​នៅ​ពេល​ដែល​ពេលវេលា​មក​ដល់ ពេល​វេលា​ដែល​សមរម្យ គាត់​នឹង​មាន​ឱកាស​បម្រើ​ជាតិ​សាសន៍​ខ្មែរ​យើង​បន្ត​ទៀត»។

លោក រ៉ុង ឈុន បាន​វះកាត់​ដុំ​ឈាមកក​ក្នុង​ភ្នែក​ម្ខាង​ស្ដាំ កាលពី​ថ្ងៃទី​១៥ កញ្ញា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី តាម​ការជំរុញ​ពី​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​រួមការ​ងារ​។ ប៉ុន្តែ​ក្នុង​ការ​វះកាត់​នោះ សមត្ថកិច្ច និង​គ្រូពេទ្យ​មិនបាន​ផ្ដល់​ឱកាស​ឲ្យ​សកម្មជន​សង្គម​រូប​នេះ អាច​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រយៈពេល​យូរ​ទេ គឺ​ខុសពី​ករណី​របស់​អ្នក​ជាប់ឃុំ​មាន​លុយ មានអំណាច​មួយចំនួន ដែល​តែងតែ​ទទួល​បានការ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ពិសេស​ក្នុង​មន្ទីរពេទ្យ​រយៈពេល​យូរ ឬ​សម្រាក​រហូតដល់​ថ្ងៃ​តុលាការ​ដោះលែង​តែម្ដង។

ជុំវិញ​ករណីនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា បាន​ទេ នៅ​ថ្ងៃទី៩ តុលា​។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ព្យាបាល​ជំងឺ​លោក រ៉ុង ឈុន គឺ​ទាក់ទង​នឹង​ការវិនិច្ឆ័យ​តាម​បែប​វេជ្ជសាស្ត្រ​របស់​គ្រូពេទ្យ ឯ​មន្ត្រី​ពន្ធនាគារ​នឹង​ចាំ​អនុវត្ត​តាម​។ តែ​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន បាន​រិះគន់​អាជ្ញាធរ​ថា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​ករណី​ការ​ព្យាបាល​ជំងឺ​របស់​លោក រ៉ុង ឈុន នេះ​។ ស្ដង់ដារ​ពីរ​នោះ គឺ​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ជន​ជាប់ឃុំ​ដែល​មាន​ឥទ្ធិពល មានទ្រព្យ​សម្បត្តិ ឬ​មានអំណាច អាច​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ពិសេស​នៃ​មន្ទីរពេទ្យ​រដ្ឋ​បាន​រាប់​ខែ ឬ​រាប់​ឆ្នាំ រហូត​ដល់​មានការ​ដោះលែង ក្រោម​ហេតុផល​ត្រូវ​ទទួល​ការ​ព្យាបាល​ជំងឺ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ប្រសិនបើ​សមត្ថកិច្ច​នៅតែ​បន្ត​ការ​រឹតត្បិត​លោក រ៉ុង ឈុន មិន​ឲ្យ​ចេញ​មក​សម្រាក​ព្យាបាល​នៅ​ក្រៅ​ឃុំ​ត្រឹមត្រូវ​ទៀត រដ្ឋាភិបាល និង​សមត្ថកិច្ច​អាច​រង​ការ​រិះគន់​ថា អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​២ ឬ​មាន​ចេតនា​នយោបាយ​ធ្វើបាប​សកម្មជន​សង្គម​។ អ្នកស្រី​នៅតែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន បាន​ចេញ​មក​សម្រាក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ៖ «​រឿង​របស់​លោក រ៉ុង ឈុន ជា​រឿង​នយោបាយ​សុទ្ធសាធ អ៊ីចឹង​ណា​។ បើ​នយោបាយ​ត្រជាក់​ទៅ គឺ​គាត់​ឆាប់​បាន​នៅ​ក្រៅ​ឃុំ​ណាស់​។ គ្មាន​ច្បាប់​ឯណា​គ្រាន់តែ​ឈឺឆ្អាល​រឿង​ប្រទេស​ជាតិ រឿង​សង្គម​ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំ​អ្វី​ទេ​។ នេះ​សុទ្ធតែ​រឿង​នយោបាយ​សុទ្ធសាធ»។

របប​ក្រុងភ្នំពេញ​បាន​ចាប់​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ហើយ ដោយសារ​លោក​បាន​បញ្ចេញ​មតិ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ក្នុង​កម្រិត​ទោស​ខ្ពស់​បំផុត​នៃ​បទ​ចោទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ទន្ទឹម​នឹង​នេះ តុលាការ​ក៏​បង្គាប់​ឱ្យ​លោក​បង់​សំណង​រួមគ្នា​ជាមួយ​សកម្មជន​ពីរ​នាក់​ទៀត​ចំនួន មួយ​សែន​(១០​ម៉ឺន​)​ដុល្លារ​អាមេរិក ដល់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​។ សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​សាលក្រម​នេះ​ថា អយុត្តិធម៌ និង​ជា​ការ​ដាក់​ទោស​លើ​សេរីភាព​បញ្ចេញមតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។