សមត្ថកិច្ចជំនាញកំពុងបន្តរុករកជនរងគ្រោះក្នុងបំណែកអគារ ដែលបាក់រលំនៅខេត្តកែប កាលពីថ្ងៃទី៣ មករា។ រដ្ឋបាលខេត្តកែបអះអាងថា ពេលនេះ កម្លាំងជំនាញបានរកឃើញជនរងគ្រោះចំនួន ២៩នាក់ ក្នុងនោះស្លាប់ ៧នាក់ គឺមានស្រី ៣នាក់។
អាជ្ញាធរឲ្យដឹងថា មូលហេតុដំបូងបណ្ដាលឲ្យមានការបាក់រលំអគារនេះ គឺសំណង់ខ្វះគុណភាព ហើយពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនក្នុងនោះ ក៏មានម្ចាស់អគារជាជនជាតិខ្មែរផងដែរ។ នេះបើតាមការអះអាងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងការរុករកនេះ។ លោក ស ខេង បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែមករាថា តាមការស្រាវជ្រាវពេលនេះ នៅមានមនុស្សម្នាក់នៅមានជីវិត ដែលកំពុងជាប់ក្នុងគំនរអគារនេះ ដូច្នេះ ការងារចម្បងរបស់ក្រុមរុករក គឺបន្តជួយសង្គ្រោះជីវិតមនុស្ស ដែលនៅសល់ជីវិតនោះសិន៖ «ឥឡូវធ្វើម៉េចជួយជីវិតមនុស្សសិនអ្នកដែលនៅរស់ ហើយអ្នកដែលស្លាប់មិនចង់និយាយថា យើងបោះបង់ចោលទេ ប៉ុន្តែអាទិភាពអ្នកនៅមានជីវិត អំមិញស្រែកសួរទៅនៅឆ្លើយឆ្លងគ្នា»។
លោក ស ខេង បន្តទៀតថា សមត្ថកិច្ចមិនទាន់រកឃើញមូលហេតុពិតប្រាកដនៃការបាក់អគារនៅឡើយទេ មកដល់នេះ។ ប៉ុន្តែ បញ្ហាទំនងជាបញ្ហាខ្វះការត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានត្រឹមត្រូវ។ លោកថា រដ្ឋាភិបាលនឹងបន្តស្រាវជ្រាវលើបញ្ហានេះបន្តទៀត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៖«យើងនឹងធ្វើការងារត្រួតពិនិត្យ ព្រោះមកដល់ពេលនេះយើងបានឃាត់ ខ្លួនមនុស្សមួយចំនួនហើយ ទាំងអស់គ្នាត្រូវគោរពច្បាប់ទាំងផ្នែកសាងសង់ និងអ្នកដែលសម្រេចឲ្យច្បាប់សាងសង់»។
សេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប ចុះថ្ងៃទី៤ ខែមករា ឲ្យដឹងទៀតថា អគារបាក់រលំនេះ ស្ថិតនៅក្នុងក្រុងកែប។
ប៉ុន្តែ អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំនៅខេត្តកែប លោក យន់ ផល្លី ដែលមានវត្តមាននៅកន្លែងកើតហេតុនិយាយថា អគារនេះទើបតែបន្តសង់ជាន់ទី៧ ផ្ទុយនឹងច្បាប់អនុញ្ញាត និងមានកម្មករធ្វើការប្រហែល ៤០នាក់។
អាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីស្នងការនគរបាលខេត្ត កែប លោក បែន តារា បាននៅឡើយនៅថ្ងៃទី៤ ខែមករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា មន្រ្តីមន្ទីរដែនដីនិងរដ្ឋបាលខេត្តកែប គួរតែត្រូវរងការស្ដីបន្ទោសករណីនេះ។ លោកយល់ថា រដ្ឋាភិបាលគួរមានវិធានការផ្លូវច្បាប់ ចំពោះម្ចាស់អគារ និងអ្នកពាក់ព័ន្ធ ដែលអនុវត្តការងារមិនបានល្អ រហូតបណ្តាលឲ្យមានមនុស្សស្លាប់បែបនេះ៖ «យើងចង់ឃើញវិធានការពីរហ្នឹង ទីមួយវិធានការជាមួយម្នាស់សំណង់អគារ ហើយវិធាការផ្នែករដ្ឋបាល ឬអាចថា មិនមែនការពិន័យផ្នែករដ្ឋបាលទេអាច ឈានដល់ការអនុវត្តច្បាប់ការព្រងើយកន្តើយ របស់រដ្ឋបាលដែលខ្លួនធ្វើការមិនបានល្អ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្លៀកពាក់ជាឯកសណ្ឋានយោធា ពាក់ផ្កាយផុតលេខ បានចេញមុខមកដឹកនាំការរុករកការបាក់អគារនេះ។ ដូចរាល់នៃសោកនាដកម្មបាក់អគារមុនៗ ដែរ លោកប្រកាសតាមបណ្ដាញសង្គម ឧបត្ថម្ភថវិកាដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារនេះ។ លោកថា សពជនរងគ្រោះម្នាក់ៗ ទទួលបាន ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ចំណែកអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនដុល្លារ។ មន្រ្តីសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលគ្រប់គ្រងការអនុវត្តច្បាប់ និងត្រួតពិនិត្យគុណភាពសំណង់ឲ្យបានត្រឹមត្រូវ ដែលបង្ការបញ្ហាជាជាងការកើតបញ្ហារួចហើយ ទើបនាំគ្នាចេញមកអន្តរាគមន៍ និងឲ្យលុបបំបាត់បញ្ហាជាក្រោ។
នេះជាករណីបាក់អគារលើកទីបីហើយ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ដែលបានសម្លាប់មនុស្សជិត ៤០នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។ កាលពីដើមខែធ្នូ កម្មករបីនាក់ស្លាប់ក្នុងករណីបាក់សាលាឆាន់ និងបណ្ដាលឱ្យកម្មករជាង ១០នាក់រងរបួស នៅខេត្តសៀមរាប។ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែរ អគារវិនិយោគរបស់ជនជាតិចិនកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់គ្មានច្បាប់អនុញ្ញាតនៅខេត្តព្រះសីហនុ បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។