ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​ចោរលួច​ម៉ូតូ​កើត​ខ្លាំង​ដោយ​ពុំ​មាន​អាជ្ញាធរ​ទប់ស្កាត់

0:00 / 0:00

ប្រជា​ពលរដ្ឋ​មួយចំនួន​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា អំពើ​ចោរកម្ម​កំពុង​កើត​ឡើង​ច្រើន​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ​។ ពលរដ្ឋ​ទាំងនោះ​ព្រួយបារម្ភ​អំពី​ទ្រព្យសម្បត្តិ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​យាម​ការពារ​សន្តិសុខ​ជូន​ដល់​ពួកគាត់។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លើកឡើង​ថា អំពើ​ចារកម្ម​បាន​កើត​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប្រមាណ​២​ខែ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឱ្យ​ពួកគាត់​រស់នៅ​ដោយ​ភ័យខ្លាច ជា​ពិសេស​នៅ​ពេល​យប់។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ប៉ោយប៉ែត លោកស្រី វ៉ាន់ ឌី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ កុម្ភៈ​ថា ចោរ​បាន​លួច​ម៉ូតូ​របស់​លោក​ស្រី​អស់​មួយ​គ្រឿង​កាល​ពី​ថ្ងៃទី​៣ កុម្ភៈ រហូត​មក​ដល់​ពេល​នេះ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ។ លោកស្រី​ប្រាប់​ថា ភ្លាមៗ​ក្រោយពី​បាត់​ម៉ូតូ​លោកស្រី​បាន​ប្ដឹង​ទៅ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ឱ្យ​តាម​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមច្បាប់​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ៖ «គាត់​បាន​ត្រឹម​តែ​ថា គាត់​នឹង​ព្យាបាល​រក​ឱ្យ តែ​រក​អត់​ឃើញ​ស្ងាត់​អីចឹង​ទៅ មិនដែល​ឃើញ​ចាប់បាន​ចោរ​ផង​។ សម័យ​ឥឡូវ​វា​ច្រើនតែ​ពួក​ដើរ​លែង​ថ្នាំ​អីហ្នឹង​ដល់ពេល​វា​បែកគំនិត​វា​លួច​ឆក់​។​ខ្លះ​គ្នា​រក​ចំណូល​រក​អី​អត់​បាន ពីមុន​អ្នកខ្លះ​អាច​ចូល​ផ្សារ​ថៃ​អូស​រទេះអូស​អី​បាន​ខ្លះៗ ដល់ពេល​ឥឡូវ​អត់​សោះ​ទៅជា​បែកគំនិត​។​ពួក​ខ្ញុំ​រាល់ថ្ងៃ​បើសិនជា​ចោរ​មក​ភ្ជង់​យក​ម៉ូតូ​អី​ទៅ​ក៏​អត់​ដឹង​ធ្វើ​អី​គេ​បាន ហើយ​បើ​ប្ដឹង​ទៅ​ក៏​អត់​ដឹង​ថា គាត់​អាច​នឹង​ជួយ​យើង​បាន​អត់ រឿង​ដែល​វា​កើតឡើង​ទៅ​ហើយ​វា​ពិបាក​ដោះស្រាយ​មក​វិញ​ណាស់»។

ស្រដៀង​គ្នា​នេះ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត លោកស្រី ឡៃ ឡី ត្អូញត្អែរ​ថា​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃ​នេះ​គ្មាន​សុវត្ថិភាព​នោះ​ទេ ជាពិសេស​នៅពេល​យប់ មាន​ក្រុម​ចោរ​ដើរ​លួច​ទ្រព្យសម្បត្តិ​នៅ​តាម​មូលដ្ឋាន​។ ជា​ឧទាហរណ៍​លោកស្រី​បាន​បាត់​ម៉ូតូ​អស់​មួយ​គ្រឿង ក្នុង​ពេលដែល​លោកស្រី​ទុក​នៅមុខ​ផ្ទះ​កាលពី​ថ្ងៃ​យប់​ថ្ងៃទី​២១​កុម្ភៈ​។ ស្ត្រី​វ័យ​២៧​ឆ្នាំ​រូប​នេះ​បញ្ជាក់ថា លោកស្រី​បាន​ប្ដឹង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ឱ្យ​ជួយ​តាម​រក​ម៉ូតូ​មកវិញ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​នៅ​ឡើយ៖ «គេ​ប្រាប់​ថា នៅ​មិន​ទាន់​បាន​តម្រុយ​រក​មុខ​សញ្ញា​អត់​ទាន់​ឃើញ គាត់​ថា​គ្រាន់តែ​សង្ស័យ​អីចឹង​ទៅ។ ខ្ញុំ​ចង់​អាជ្ញាធរ​គាត់​ជួយ​រក​ម៉ូតូ​ឱ្យ​ខ្ញុំ​ឱ្យ​ឆាប់​ឃើញ​ព្រោះ​អី​ម៉ូតូ​ហ្នឹង​ខ្ញុំ​បង់​រំ​លោះ​គេ​ហ្នឹង​អត់​ទាន់​ដាច់​ផង ហើយ​ណាមួយ​ខ្ញុំ​ទៅ​ធ្វើ​ការ​លំបាក​ណាស់​ជិះ​ម៉ូតូឌុប​ទៅ ប្រាក់​ខែ​ខ្ញុំ​ក៏បាន​តិច»។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ពួកគេ​ទៅ​ប្ដឹង​ប៉ូលិស​នោះ​ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ត្អូញត្អែរ​អំពី​អសន្តិសុខ​នៅក្នុង​សង្គម ដោយសារ​ចោរលួច​ម៉ូតូ និង​ទ្រព្យ​មួយ​ចំនួន​ទៀត​របស់​ពួកគាត់​នៅ​ពេល​យប់​។ ប្រជា​ពលរដ្ឋ​ទាំង​នោះ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ដាក់​ពង្រាយ​កងកម្លាំង​យាម​ការពារ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​ជាប្រចាំ ដើម្បី​រក្សា​សន្តិសុខ​សង្គម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ និង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២៧​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ចៅសង្កាត់​ផ្សា​កណ្ដាល ក្រុង​ប៉ោយប៉ែត លោក ស្រិល អិន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត ពុំ​មាន​អំពើ​ចោរកម្ម​កើត​ច្រើន​ដូច​ការ​លើក​របស់​ពល​រដ្ឋ​នោះ​ទេ ពីព្រោះ​លោក​ថា​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំង​យាម​ការពារ​សន្តិសុខ​ជាប្រចាំ។ លោក​បញ្ជាក់​ថា នៅ​សង្កាត់​ផ្សារ​កណ្ដាល មាន​មន្ត្រី​ប៉ូលិស​ជាង​១០​នាក់ ប្រជា​ការពារ​ភូមិ​ចំនួន​១៣០​នាក់ ព្រមទាំង​មន្ត្រី​ប៉េអិម និង​ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់​ទៀត​បាន​ចុះ​ល្បាត​នៅ​តាម​មូលដ្ឋាន​ជា​រៀងរាល់​យប់៖ «កម្លាំង​អន្តរាគមន៍​របស់​អធិការ​នគរបាល​កម្លាំង​កងរាជអាវុធហត្ថ​អន្តរាគមន៍​រហូត​តើ។ អើបើ​ថា​ក្រុម​ជក់​ក្រុម​ស៊ី​ខ្ញុំ​មិន​ហ៊ាន​ថា​ទេ បើ​រឿង​ចោរកម្ម មិន​មាន​ទេ ។​របាយការណ៍​ខ្ញុំ​មួយ​ខែ​ទល់​មួយ​ខែ​វា​ពីរ​បី​មាន​មួយ ចោរលួច​ម៉ូតូ សុទ្ធតែ​អ្នក​ដែល​សតិបញ្ញា​​មិន​ល្អ ឧទាហរណ៍​ថា គាត់​បាត់ស្មារតី​បាត់​អី​គាត់​មក​ម៉ូតូ​គេ​អីចឹង​ទៅ​គេ​ចាប់បាន​អីចឹង​ទៅ ប៉ុន្តែ​ឱ្យ​សំបូរ​ចោរ​វា​មិន​ទេ»។

ទោះជា​យ៉ាងណា ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី សង្កេតឃើញ​ថា ប្រមាណ​២​ខែ​ចុង​ក្រោយនេះ​អំពើ​ចោរកម្ម​ដូចជា​ចោរលួច​ម៉ូតូ សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​របស់​ពល​រដ្ឋ​បាន​កើត​មាន​ច្រើន​នៅ​តំបន់​ព្រំដែន ។ លោក​បន្ត​ថា បញ្ហា​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ បណ្ដាលមកពី​វិបត្តិ​ជំងឺ​កូវីដ១៩ ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​យូរ​ពេក។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​កត់សំគាល់​ថា ជារឿយៗ​ទ្រព្យសម្បត្តិ​របស់​ពល​រដ្ឋ​ដែល​ត្រូវ​បាន​ចោរលួច​នោះ កម្រ​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​ណាស់៖ «អ៊ីចឹង​បាន​ថា​តួនាទី​សមត្ថកិច្ច​ត្រូវតែ​ការពារ​សណ្ដាប់ធ្នាប់​សង្គម​ជូន​ពលរដ្ឋ ប៉ុន្តែ​ជាក់ស្ដែង​យើង​ឃើញថា​វា​ចន្លោះប្រហោង​ច្រើនណាស់។ អំពើ​ចោរកម្ម​ក៏​ដូច​ក្មេង​កាប់​គ្នា​អីចឹង​ដូច​មុន​អី​មាន​ក្មេង​កាប់​គ្នា​អីចឹង​អត់​ឃើញ​មាន​ប៉ូលិស​ដេញ​ចាប់​ផង​ហ្នឹង គេ​ដេញ​កាប់​គ្នា​មនុស្ស​រាប់​សិប​នាក់​ដេញ​កាប់​មនុស្ស​៤​នាក់​រត់​ចូល​ទៅ​តំបន់​ផ្ទះ​បងប្អូន​ខ្ញុំ​ហ្នឹង​វា​អត់​មាន​សមត្ថកិច្ច​តាម​ចាប់​ពួក​ជនល្មើស​ហ្នឹង​ទេ»។

​លោក ឌិន ពុទ្ធី បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ទៅលើ​ជន​ប្រព្រឹត្ត​ឱ្យ​មាន​ធ្ងន់ធ្ងរ​តាមច្បាប់ ហើយ​ប្រញាប់​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ពលរដ្ឋ​ប្រកប​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ឡើងវិញ​។ លោក​ជឿជាក់​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ អំពើ​ចោរកម្ម​នឹង​កើត​មាន​កាន់​តែ​ច្រើន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​ដោយ​ការ​ភ័យខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។