ពលរដ្ឋក្រីក្រដែលត្រូវយកចេញពីគំនរសំរាមស្ទឹងមានជ័យស្នើឲ្យអាជ្ញាធរជួយដល់ពួកគាត់
2023.06.22
ប្រជាពលរដ្ឋក្រីក្រដែលអង្គការដើម្បីភាពញញឹមនៃកុមារបានយកចេញពីគំនរសំរាមស្ទឹងមានជ័យ និងអ្នកមកពីតំបន់ផ្សេងៗទៀតដែលកំពុងរស់នៅសហគមន៍ភូមិញញឹម ស្នើឲ្យអាជ្ញាធរជួយផ្ដល់ប័ណ្ណក្រីក្រ និងរកទីលំនៅសមរម្យដល់ពួកគេ។ ពលរដ្ឋទាំងនោះ អ្នកខ្លះរស់នៅរំពឹងរបរដើររើសអេតចាយ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។
ប្រជាពលរដ្ឋក្រីក្រប្រមាណ ៧០គ្រួសារ ដែលអង្គការដើម្បីភាពញញឹមនៃកុមារបានយកចេញសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញនិងជាពិសេសយកចេញពីគំនរសំរាមស្ទឹងមានជ័យ កំពុងរស់នៅក្នុងសហគមន៍ភូមិញញឹម មានទីតាំងនៅជាប់របងគុកព្រៃស ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ កំពុងរស់នៅស្ថានភាពតោកយ៉ាក។
មានវ័យ៦៧បានយកចេញពីគំនរសំរាមស្ទឹងមានជ័យ លោក បែន ស្រ៊ិន បានរៀបរាប់ក្នុងទឹកមុខស្រពោនថា ពួកគេមិនសូវមានចំណេះដឹងជ្រៅជ្រះនោះទេ ទើបធ្វើឲ្យមានផលលំបាកក្នុងការស្វែងរកការងារ ដូច្នេះពួកគេគ្មានមុខរបរអ្វីក្រៅពីដើររើសអេតចាយតាមភូមិជិតៗ និងអ្នកខ្លះទៀតទៅរើសអេតចាយនៅគំនរសំរាមបឹងជើងឯក ដើម្បីរកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែសព្វថ្ងៃពួកគេមិនអាចរកប្រាក់បានគ្រប់គ្រាន់នោះទេ ដោយសារសព្វថ្ងៃនេះមានអ្នកដើររើសអេតចាយច្រើន ចំណែកតម្លៃក៏ធ្លាក់ចុះ ដោយក្នុងមួយថ្ងៃរកប្រាក់បានចាប់ពី៥ម៉ឺនរៀល ទៅ៦ម៉ឺនរៀល ដែលមានគ្នាពីរទៅបីនាក់ដើម្បីដើររើស។ លោកបន្ថែមថា ប្រាក់ចំណូលទាំងនោះរកមួយថ្ងៃមួយរស់មួយថ្ងៃតែប៉ុណ្ណោះ ជួនកាលពលរដ្ឋខ្លះធ្លាក់ខ្លួនឈឺក៏រត់ទៅខ្ចីបុលគេដើម្បីព្យាបាល លោកស្នើសុំឲ្យអាជ្ញាធរនិងរដ្ឋាភិបាលជួយផ្ដល់ប័ណ្ណក្រីក្រឲ្យពួកលោកឲ្យបានគ្រប់គ្នានិងជួយរកលំនៅឋានសមរម្យដល់ពួកគេ។
លោក បែន ស្រ៊ិន៖ «ពួកគាត់គ្មានទីពឹងឲ្យមានប័ណ្ណក្រីក្រមួយទីពីរចង់ឲ្យរដ្ឋាភិបាលជួយសម្លឹងមើលអ្នកដែលគ្មានលំនៅឋានគ្មានផ្ទះសំបែងជ្រកកោនពិតប្រាកដដែលរស់នៅក្នុងសំណងអានាធិបតេយ្យមួយមានការប៉ះពាល់ខ្លះដែរអ៊ីចឹងចង់បានលំនៅឋានមួយសមរម្យតូចក្ដីធំក្ដីឲ្យតែជាកម្មសិទ្ធិ»។
លោក បែន ស្រ៊ិន មានស្រុកកំណើតនៅខេត្តតាកែវ មានកូន៨នាក់ប្រុស៣នាក់ស្រី៥នាក់ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារចំនួន៤នាក់ និង៤នាក់ផ្សេងទៀតរៀបការរួចហើយ សព្វថ្ងៃពួកគាត់រស់នៅក្នុងសហគមន៍ជុំគ្នា កូនប្រុសពៅបានអង្គការដើម្បីភាពញញឹមនៃកុមារជួយទំនុកបម្រុងការសិក្សារៀនសូត្រ។
ប្រជាសហគមន៍ម្នាក់ទៀតលោកស្រី កែវ រឿន បានរៀបរាប់ថា ជិត២០ឆ្នាំហើយដែលលោកស្រីរស់នៅពឹងផ្អែកលើរបរដើររើសអេតចាយ ។ លោកស្រីបន្ដថា ព្រឹកឡើងលោកស្រីត្រូវអូសរទេះដើររើសអេតចាយល្ងាចទើបត្រឡប់មកផ្ទះវិញ អាចលក់បានប្រាក់៥ម៉ឺនរៀលទៅ៦ម៉ឺនរៀល ទុកគ្រាប់ចាយវាប្រចាំថ្ងៃ។ លោកស្រីបន្ថែមថា កូនចំនួន៣នាក់ជាបន្ទុកក្នុងគ្រួសារ កូនស្រីច្បងកំពុងសិក្សារៀនសូត្រនៅអង្គការដើម្បីភាពញញឹមនៃកុមារ( PSE) សព្វថ្ងៃគ្រួសាររបស់លោកស្រីពេលឈឺល្មមៗសុខចិត្តទ្រាំមិនហ៊ានទៅពេទ្យព្យាបាលនោះទេ ដោយសារមិនមានថវិកា ហើយក៏គ្មានប័ណ្ណក្រីក្រទៅសម្រាកព្យាបាលនៅពេទ្យរដ្ឋនោះដែរ។
លោកស្រី កែវ រឿន៖ «ផ្លាស់ប្ដូរចុះឡើងៗណាមួយកូនចេះតែធំអស់ហើយ ពួកខ្ញុំកាន់តែចាស់ដល់ពេលរកទីកន្លែងពិតប្រាកដមិនឃើញ ពេលដែលអត់ត្រូវការមិនដឹងពួកខ្ញុំរសាត់អណ្ដែតទៅដល់ណាទៀតខ្ញុំភ័យតែអ៊ីចឹង»។
សហគមន៍ភូមិញញឹមបានលើកឡើងថា សព្វថ្ងៃពួកគេបានអង្គការដើម្បីភាពញញឹមនៃកុមារដែលបានជួយទំនុកបម្រុងដល់ការសិក្សាកូនៗរបស់ពួកគេ និងបានផ្ដល់ទីតាំង ដែលបានចំណាយថវិកាទិញដីចំនួន ៣ហិចតា និងបានសាងសង់ផ្ទះរស់នៅបណ្ដោះអាសន្ន ចំណែកអាជ្ញាធរនិងរដ្ឋាភិបាលវិញមិនយកចិត្តដាក់ទៅដល់ពួកគេ ដូចអង្គការសង្គមស៊ីវិលនោះទេ។
ដីក្នុងសហគមន៍ដែលពលរដ្ឋទាំងនោះស្នាក់នៅនោះទំហំ ៣ហិចតា បានសង់ផ្ទះជាជួរៗប្រមាណ៧០ខ្នង ធ្វើពីគ្រោងដែកជញ្ជាំងរៀបឥដ្ឋដំបូលប្រក់ស័ង្កសីមានពីរជាន់ ។ ក្នុងនោះជាន់ផ្ទាល់ដីមានបង្គន់ និងផ្ទះបាយខាងក្រោយអាចរស់នៅជួបជុំគ្រួសារដែលមានសមាជិកចាប់ពី ៦នាក់ឡើងទៅផ្ទះទាំងនេះជាជំនួយរបស់អង្គការក្រៅរដ្ឋាភិបាល ។ សហគមន៍ក្រីក្រមួយនេះត្រូវបានអង្គការ ប៉េ អេស អឺ (PSE) យកពួកគេចេញពីតំបន់ចាក់សំរាមស្ទឹងមានជ័យចាស់ និងពលរដ្ឋដែលរស់នៅអនាថា នៅបឹងទំពុន ច្បារអំពៅនិងកន្លែងដទៃទៀតនៅក្នុងរាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ ដោយលោកចុចបិទទូរស័ព្ទពេលឮថាវិទ្យុអាស៊ីសេរី។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី២១ ខែមិថុនានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ជុំវិញបញ្ហានេះនាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលមានគោលនយោបាយរួចរាល់ហើយស្ដីអំពីការផ្ដល់ប័ណ្ណក្រីក្រដល់ប្រជាពលរដ្ឋដែលគាត់មានភាពក្រលំបាក ដូច្នេះអាជ្ញាធរជួបចុះពិនិត្យឲ្យបានត្រឹមត្រូវប្រសិនបើពិតជាជនក្រីក្រពិតប្រាកដរដ្ឋាភិបាលត្រូវផ្ដល់ប័ណ្ណក្រីក្រដល់ពួកគាត់ ហើយរដ្ឋាភិបាលត្រូវផ្ដល់លំនៅឋាន ឬទីតាំងណាមួយឲ្យសមរម្យដល់ពួកគាត់ ព្រោះគាត់ក៏ជាប្រជាពលរដ្ឋកម្ពុជាដែរ។ លោកបន្ថែមថា នៅប្រទេសកម្ពុជាក៏មានច្បាប់ស្ដីអំពីដីសម្បទានសង្គមកិច្ច ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹងអាស្រ័យដែរ។
លោក អំ សំអាត៖ «រដ្ឋត្រូវតែពិនិត្យពិចារណាទៅ ដីសម្បទានសង្គមកិច្ច ឬក៏ផ្ទះសង្គមកិច្ចដល់ពួកគាត់ដើម្បីឲ្យស្នាក់នៅឲ្យមានភាពសមស្រប ហើយទាក់ទងសុខភាពជីវភាពរបស់ពួកគាត់ជៀសវាងការដែលរស់នៅតាមគំនរសំរាម ឬកន្លែងមួយធ្វើឲ្យប៉ះពាល់អនាម័យសុខភាពរបស់ពួកគាត់ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋដែរ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងផែនការស្ដីពី«ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជាឆ្នាំ ២០១៩-២០២០»ឲ្យដឹងថា ប្រជាជនប្រមាណ ១៧,៨% នៃប្រជាជនកម្ពុជាសរុបជាង ១៦ លាននាក់បានរស់នៅក្រោមខ្សែបន្ទាត់នេះ ក្នុងឆ្នាំ ២០១៩-២០២០ ក្នុងនោះអត្រាភាពក្រីក្រនៅភ្នំពេញមានចំនួន ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមានចំនួន ១២,៦% និងតំបន់ជនបទមានចំនួន ២២,៨%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។