រដ្ឋាភិបាលប្រកាសដាក់ចេញវិធានការរឹតបន្តឹងបន្ថែមទៀត សម្រាប់ជនជាតិបរទេសចូលកម្ពុជាចាប់ពីថ្ងៃទី៣០ មីនា តទៅដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) ស្របពេលដែលកម្ពុជារកឃើញអ្នកកើតជំងឺនេះសរុបចំនួន ១០២នាក់។ អ្នកឃ្លាំមើលស្វាគមន៍វិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល តែយល់ថា រាងយឺតពេលបន្តិច។
វិធានការរឹតបន្តឹងជនជាតិបរទេសចូលកម្ពុជានឹងចាប់នៅពាក់កណ្ដាលយប់ (ម៉ោង ២៣៖៥៩នាទី) ថ្ងៃទី៣០ មីនា តទៅគឺផ្អាកផ្ដល់ទិដ្ឋាការទាំងអស់ ដល់ជនបរទេសដោយអាជ្ញាធរតម្រូវឱ្យជនបរទេសស្នើសុំទិដ្ឋាការនៅតាមស្ថានតំណាងកម្ពុជា នៅបរទេសជាមុនសិន។ ជនបរទេសដែលអាចទទួលបានទិដ្ឋាការពីស្ថានតំណាងកម្ពុជា (ស្ថានទូត ឬស្ថានកុងស៊ុល) ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាលនៃប្រទេសនោះជាមុនសិន ថា គ្មានជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ១៩។ វិញ្ញាបនបត្រសុខភាពនោះក៏តម្រូវឱ្យមានសុពលភាពមិនលើស៧២ម៉ោង មុនពេលចេញដំណើរមកកម្ពុជា។
លក្ខខណ្ឌមួយទៀត ជនបរទេសក៏តម្រូវឱ្យមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់ យ៉ាងតិច ប្រាំម៉ឺន (៥០ ០០០)ដុល្លារអាមេរិកដែរ ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា។ ប៉ុន្តែសម្រាប់ជនបរទេសកាន់ទិដ្ឋាការការទូត (ប្រភេទA) និងទិដ្ឋាការផ្លូវការ(ប្រភេទB) របស់កម្ពុជា មិនចាំបាច់អនុវត្តវិធានការស្នើសុំខាងលើនេះឡើយ។
ទោះយ៉ាងណា ក្រសួងការបរទេសបញ្ជាក់ថា ជនបរទេសទាំងអស់ នឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាពបន្ថែមទៀតដោយមន្ត្រីជំនាញ នៅពេលដែលមកដល់ប្រទេសកម្ពុជា ។ ជនបរទេស ក៏នឹងត្រូវដាក់ដាច់ដោយឡែក ស្របតាមវិធានការសុខាភិបាល (ចត្តាឡឺស័ក) ដែរ ដើម្បីបង្ការនិងទប់ស្កាត់មេរោគនៃជំងឺកូវីដ១៩។
អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះច្រើនដង ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង នៅថ្ងៃទី២៨ មីនា តែទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ទោះយ៉ាងណា ក្រសួងការបរទេស អះអាងក្នុងសេចក្ដីជូនដំណឹងដដែល ចុះថ្ងៃទី២៧ មីនា ថា វិធានការតឹងរ៉ឹងលើអ្នកដំណើរជនបរទេសបែបនេះ ក៏ត្រូវបានប្រទេសក្នុងតំបន់អាស៊ាន ដាក់ចេញដើម្បីកាត់បន្ថយនិងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែរ។
កាលពីពាក់កណ្ដាលខែមីនា ក្រសួងសុខាភិបាលសម្រេចហាមប្រជាជនមកពីប្រទេសលោកខាងលិចចំនួន៥ ចូលកម្ពុជារយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែមីនា។ ប្រទេសទាំង៥គឺ អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក។ ប៉ុន្តែមិនហាមប្រជាជនពីប្រទេសចិននោះទេ ហើយថ្មីៗនេះមានជនជាតិចិនជិតពីររយ (១៧៤)នាក់ មកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីកន្លែងប្រភពជំងឺកូវីដ១៩ បានចូលមកកម្ពុជា និងកំពុងស្នាក់នៅខេត្តស្វាយរៀង ក្រោមការឃ្លាំមើលពីអាជ្ញាធរសុខាភិបាលខេត្ត។
ទន្ទឹមនឹងការរឹតបន្តឹងជនបរទេសចូលកម្ពុជានេះ ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី២៨ មីនា ថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ (Covid-19) ចំនួន៤នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកកើតជំងឺនេះ សរុប កើនដល់១០២នាក់។ អ្នកកើតជំងឺកូវីដ១៩ថ្មី ទាំង៤នាក់ គឺជាគ្រួសារតែមួយ និងជាអ្នករស់នៅរាជធានីភ្នំពេញ។
អ្នកទាំង៤នាក់ជាពលរដ្ឋខ្មែរ ទើបធ្វើដំណើរត្រលប់មកពីប្រទេសបារាំង ចូលកម្ពុជា។ បុរសជាកូន អាយុ៣៩ឆ្នាំ បានត្រលប់ពីបារាំង មកដល់កម្ពុជានៅថ្ងៃទី១៥ មីនា។ ឯឪពុកវ័យ ៦២ឆ្នាំ ម្ដាយវ័យ៦១ឆ្នាំ និងកូនស្រី វ័យ ៣៧នាក់ នៃគ្រួសារនេះ បានត្រលប់មកដល់កម្ពុជា នៅថ្ងៃទី២២ មីនា។ បច្ចុប្បន្ន អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។
នៅថ្ងៃនេះដែរក្រសួងសុខាភិបាល បានប្រកាសពីចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន១៣នាក់ហើយ។ ក្នុងនោះ អ្នកជាសះស្បើយម្នាក់ ជាបុរសជនជាតិចិនម្នាក់ជាស្ត្រីជនជាតិអង់គ្លេសនិងក្រុមបុរសជនជាតិខ្មែរចំនួន ១១នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ៩១នាក់ ក្នុងនោះ ស្ត្រី២៦នាក់ បុរស ៦៥នាក់។ ពួកគេកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកតាមខេត្ត។ មកដល់ពេលនេះ មិនទាន់មានករណីអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជានៅឡើយទេ។ក្រៅពីវិធានការរឹតបន្តឹងលើជនបរទេសនៅក្នុងប្រទេសវិញ អាជ្ញាធរ ក៏បានបង្កើនវិធានការទប់ស្កាត់ការរីករាលដាលលើជនជាតិខ្មែរដែរ។ ក្នុងនោះ មានដូចជា ការអំពាវនាវកុំឱ្យប្រមូលផ្ដុំគ្នា ការបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយ នៅតាមភូមិ ដើម្បីឱ្យពលរដ្ឋយល់ដឹងពីវិធីការបង្ការជំងឺ ការបិទសាលារៀន រង្គសាល ហាងខារ៉ាអូខេ ផ្អាកសេវាដឹកជញ្ជូនសាធារណៈការអំពាវនាវកុំឱ្យឡើងថ្លៃម៉ាស់បាញ់ថ្នាំសម្លាប់មេរោគតាមកន្លែងទីសាធារណៈ ជាដើម។ ជាមួយគ្នានេះ អាជ្ញាធរក៏បានបង្កើនវិធានការតាមចាប់ខ្លួនពលរដ្ឋណា ដែលអាជ្ញាធរសន្មតថា ផ្សព្វផ្សាយព័ត៌មានមិនពិតពីជំងឺកូវីដ១៩ ដែរ។ មកដល់ពេលនេះ មានមនុស្សច្រើននាក់ហើយត្រូវបានចាប់ខ្លួន ភាគច្រើនគឺជាយុវជន និងអ្នកចូលចិត្តបញ្ចេញមតិតាមហ្វេសប៊ុក (facebook)។
ជាមួយគ្នានេះ នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ដុស សុខឡី អាយុ២៩ឆ្នាំ កាលពីថ្ងៃទី២៧ មីនាដោយសារស្ត្រីជាអ្នកលក់ខោអាវរូបនេះ បង្ហោះសារជាវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) និងបង្ហោះតាមបណ្ដាញកម្មវិធី Tik Tok បំផុសឱ្យពលរដ្ឋហូបពងមាន់ស្ងោរ ការពារជំងឺកូវីដ១៩។ បច្ចុប្បន្នសមត្ថកិច្ច បានដោះលែងស្ត្រីរូបនោះវិញហើយ ក្រោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបំផុសព័ត៌មាន។
ពាក់ព័ន្ធនឹងវិធានការរឹតបន្តឹងលើជនបរទេសចូលកម្ពុជា សង្គមស៊ីវិលស្វាគមន៍វិធានការនេះ ប៉ុន្តែយល់ថា រៀងយឺតពេលបន្តិច។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី យល់ថា រៀងយឺតពេលបន្តិចដែលរដ្ឋាភិបាលទើបតែចាត់វិធានការតឹងរ៉ឹងនេះ។ លោកបន្តថា ស្របនឹងវិធានការតឹងរ៉ឹងលើជនបរទេសរដ្ឋាភិបាលត្រូវបង្កើនការពិនិត្យត្រួតពិនិត្យសុខភាពឱ្យបានតឹងរ៉ឹងថែមទៀត ដើម្បីឱ្យពលរដ្ឋជឿជាក់៖ «ខ្ញុំគិតថា វិធានការទាំងអស់ ទោះបីចេញមកពីប្រទេសគេក៏ដោ សំខាន់គឺមន្ត្រី ( សុខាភិបាល ) ខ្លួនយើងហ្នឹង ត្រូវតែតាមដានយកចិត្តទុកដាក់នៅតាមច្រកមួយៗ ទាំងអស់គ្នា។ កុំទាន់អាលផ្ដោតលើស្រុកគេខ្លាំង។ ប៉ុន្តែយ៉ាងណាក៏ដោយ វាសំខាន់ណាស់ ដែលត្រូវតែមានលិខិតបញ្ជាក់សុខាភិបាលមកពីប្រទេសគេ»។
មកដល់ពេលនេះកម្ពុជា បានបិទច្រកព្រំដែនគោក និងព្រំដែនទឹក ជាមួយប្រទេសវៀតណាម និងប្រទេសថៃអស់ហើយ គឺបិទតាមពីក្រោយប្រទេសទាំងពីរ។ នៅសល់ព្រំដែនជាមួយប្រទេសឡាវ មិនទាន់មានការប្រកាសថា បិទនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។