វិទ្យុ​បារាំង​សម្ពោធ​ការិយាល័យ​ថ្មី​​នៅ​កម្ពុជា

វិទ្យុ​បារាំង​អន្តរជាតិ (RFI) ផ្សាយ​ជា​ខេមរភាសា​ដែល​ធ្លាប់​តែ​ផ្សាយ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ឥឡូវ​បាន​ពង្រីក​ការ​ផ្សាយ​របស់​ខ្លួន​ដល់​ទៅ ១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។
ដោយ ខែ សុណង
2013.06.20
ខៀវ កាញារីទ្ធ ៣០៥ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាត់​ខ្សែបូ​សម្ពោធ​ការិយាល័យ​ថ្មី​របស់​វិទ្យុ​បារាំង អន្តរជាតិ (RFI) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៣។
RFA/Khe Sonorng

នៅ​ថ្ងៃ​ទី​២០ មិថុនា នេះ វិទ្យុ​បារាំង​អន្តរជាតិ បាន​បើក​សម្ពោធ​ការ​ផ្សាយ​បន្ថែម​របស់​ខ្លួន ដោយ​មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ឯ​ការិយាល័យ​វិទ្យុ​បារាំង​អន្តរជាតិ ក្នុង​រាជធានី​ភ្នំពេញ។

វិទ្យុ​បារាំង​អន្តរជាតិ បាន​បើក​សម្ពោធ​ពី​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្សាយ​របស់​ខ្លួន​ជា​ភាសា​ខេមរភាសា។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ហៅ​ការ​អនុញ្ញាត​ឲ្យ​បើក​ស្ថានីយ​នេះ​ថា គឺ​មាន​តែ​វិទ្យុ​បារាំង និង​វិទ្យុ​ABC អូស្ត្រាលី ប៉ុណ្ណោះ គឺ​ជា​វិទ្យុ​ដែល​ឯករាជ្យ​ពិតប្រាកដ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ទាប់​ពី​ពិធី​សម្ពោធ​នេះ​ថា ប្រសិន​ជា​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា​ផ្សេង​ស្នើសុំ​បើក​ស្ថានីយ​ផ្សាយ​ដូច​វិទ្យុ​បារាំង ដែរ​នោះ គឺ​មិន​អាច​ឡើយ ដោយសារ​តែ​មាន​វត្តមាន​វិទ្យុ​បារាំង មួយ​ហើយ។

យ៉ាង​ណា​មិញ ប្រធាន​អគ្គ​នាយិកា​វិទ្យុ​បារាំង​អន្តរជាតិ លោកស្រី ម៉ារី គ្រីស្ទីន សារ៉ាហ្គូស (Marie Christine Saragosse) បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា ការ​វិនិយោគ​នៅ​កម្ពុជា នេះ គឺ​ជា​ការ​វិនិយោគ​មួយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ី ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​យើង​ស្រឡាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ហើយ​សង្ឃឹម​ថា នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ផ្សាយ​វិទ្យុ​មួយ​នេះ។ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ការ​ពង្រីក​ការ​ផ្សាយ​នេះ គឺ​ក៏​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​បារាំង​ដែរ។

អ្នក​សម្របសម្រួល​កម្ពុជា នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​មតិ​ថា លោក​មើល​ឃើញ​ការ​បើក​ស្ថានីយ​ផ្សាយ​របស់​វិទ្យុ​បារាំង គឺ​ជា​ការ​រីក​ចម្រើន​នៃ​ការ​ទំនាក់ទំនង​រវាង​វិទ្យុ​នេះ​ជាមួយ​រដ្ឋាភិបាល​ដែល​មាន​លទ្ធភាព​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ដើម្បី​បាន​ម៉ោង​ផ្សាយ។ លោក​សង្ឃឹម​ថា ដើម្បី​ឲ្យ​មាន​តុល្យភាព​រដ្ឋាភិបាល និង​ផ្ដល់​ឲ្យ​វិទ្យុ​អន្តរជាតិ​ដែល​ផ្សាយ​ភាសា​ខ្មែរ​ដទៃ​ទៀត ដែល​មាន​ចេតនា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ពង្រីក​ការ​ផ្សាយ​របស់​ខ្លួន​ដូច​គ្នា​ដែរ។

វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ខេមរភាសា ១៤​ម៉ោង ក្នុង​មួយ​ថ្ងៃ ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៩​យប់ (ម៉ោង​នៅ​កម្ពុជា) តាម​វិទ្យុ FM៩២ MHz នៅ​ភ្នំពេញ និង​ផ្សាយ​បន្ត​នៅ​ខេត្ត​ចំនួន ៣​ទៀត ដែល​ផ្សាយ​ព័ត៌មាន​ចំនួន ៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
លោក សម រង្សី គាំទ្រ​សំណើ​របស់​លោក ស សុខា ដែល​ប្រាប់​ពលរដ្ឋ មិន​ឲ្យ​សង​ប្រាក់​កម្ចី​ខុសច្បាប់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។