រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ទៅស្នងការខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល ឲ្យដើរចេញពីមុខតំណែង បើសិនពួកគេមិនអាចចាប់ខ្លួនជនល្មើសធ្វើសកម្មភាពឆក់ប្លន់។ ការព្រមាននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលយល់ថា ការព្រមានដកតំណែងមួយមុខមិនគ្រប់គ្រាន់ទេ ថ្នាក់លើត្រូវផ្តល់មធ្យោបាយ និងថវិកាគ្រប់គ្រាន់ដល់សមត្ថកិច្ច ទើបការអនុវត្តទទួលបានប្រសិទ្ធភាព។
ការព្រមានដកតំណែងស្នងការខេត្តនៅពេលនេះ ខណៈករណីឆក់ប្លន់ប្រដាប់អាវុធកំពុងកើតឡើងស្ទើររាល់ថ្ងៃ ដែលបង្កការព្រួយបារម្ភដល់ពលរដ្ឋ។ ទន្ទឹមនឹងការព្រមានផ្ទាល់មាត់នេះ លោក ស ខេង មានជំនឿថា ស្នងការខេត្តចំនួនបីនេះ នឹងចាប់ខ្លួនជនល្មើសដែលបានធ្វើសកម្មភាពឆក់ប្លន់កន្លងមកនេះ។ លោកថា នេះជាវិញ្ញាសាមួយដែលលោកយល់ថា ក្រុមស្នងការនគរបាល និងអ្នកពាក់ព័ន្ធអាចធ្វើបាន ប៉ុន្តែ លោក ស ខេង មិនបានចោទសួរទៅស្នងការនគរបាលរាជធានី ទាក់ទងករណីឆក់ប្លន់កើនឡើងនេះទេ៖ «តើធ្វើបាន ឬធ្វើមិន? តែខ្ញុំថាដាច់ខាតធ្វើបាន ហើយបើធ្វើមិនបាន សូមអស់លោកដកស័ក្ដិខ្លួនឯង មិនបាច់ខ្ញុំដកទាន់ទេ»។
ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពេលនេះ គឺក្រោយមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កុំឲ្យដោះលែងទណ្ឌិតដែលជាប់ពាក់ព័ន្ធរឿងប្លន់ និងរឿងគ្រឿងញៀន ខណៈមានសេចក្តីរាយការណ៍ថា ជនប្រព្រឹត្តិមុខដដែលៗ។ លោក ហ៊ុន សែន ថែមទាំងស្នើឲ្យពិនិត្យឡើងវិញរឿងលើកលែងទោសនេះ។
ទាក់ទងរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បានចេញលិខិតកោះហៅព្រះរាជអាជ្ញានៃសាលាដំបូងទូទាំងប្រទេស ប្រជុំជាបន្ទាន់នៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តការងារឡើងវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យដឹងថា ក្នុងកិច្ចប្រជុំនឹងមានជជែកទាក់ទងករណីបទល្មើសប្លន់កើតឡើងខ្លាំងនៅតាមបណ្ដាខេត្ត និងរាជធានី នៅរយៈពេលចុងក្រោយនេះ។ អ្នកនាំពាក្យដដែលបន្តថា កិច្ចប្រជុំនោះក៏ដើម្បីឆ្លើយតបនឹងការលើកឡើងថា ប៉ូលិសចាប់ជនល្មើស ប៉ុន្តែតុលាការជាអ្នកដោះលែង៖ «ដើម្បីអនុវត្តការងារទាំងនេះបាន ទាល់តែស្ថាប័នប៉ូលិស កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា យល់ការងារគ្នា ដើម្បីជៀសវាងការចោទប្រកាន់ទៅវិញទៅមក។ ប៉ូលិសចាប់ជនល្មើសមកហើយ តុលាការដោះលែង ហើយតុលាការថាគ្មានភស្តុតាង របាយការណ៍ ឬក៏អនុវត្តខុសនីតិវិធី»។
សព្វថ្ងៃនេះ ករណីឆក់ប្លន់ប្រដាប់អាវុធបានកើតឡើងយ៉ាងគំហុកនៅភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ជាពិសេសនៅពេលយប់ ដោយក្រុមល្មើសធ្វើសកម្មភាពមានអាវុធទៀតផង ក្នុងនោះមានករណីបាញ់សម្លាប់ប្លន់យកម៉ូតូនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីប្លន់អាជីវករលក់គ្រឿងអលង្ការ និងទីតាំងផ្ទេរប្រាក់វីង (Wing) ចំនួន ៣កន្លែងផ្សេងគ្នា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកណ្ដាល ដោយឧក្រិដ្ឋជន ២នាក់ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ហើយ ៤នាក់ ត្រូវបានចាប់ខ្លួន និងត្រូវបានសមត្ថកិច្ចបង្ហាញមុខនៅព្រឹកថ្ងៃទី១៤ ខែធ្នូ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បញ្ចេញទស្សនៈថា បទល្មើសឆក់ប្លន់ដែលកើតឡើងខ្លាំងនេះ បណ្ដាលមកពីការរីករាលដាលល្បែងស៊ីសង ការចរាចរគ្រឿងញៀន ភាពមិនប្រក្រតីនៃការដោះលែងអ្នកទោស។ លោកថា បើទប់ស្កាត់ឫសគល់បញ្ហាទាំងនេះ ទើបការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទទួលបានជោគជ័យ។ លោក សន ជ័យ ស្នើទៅមន្ត្រីថ្នាក់ដឹកនាំ គិតគូរផ្តល់មធ្យោបាយទៅមន្ត្រីអនុវត្តការងារឲ្យបានត្រឹមត្រូវ និងមានតម្លាភាពផង ទន្ទឹមនឹងការដាក់បទបញ្ជា៖ «រដ្ឋត្រូវធានាថា ការបែងចែកថវិកាការចំណាយទៅលើការបំពេញបេសកកម្មនោះ មានផែនការច្បាស់លាស់ តម្លាភាព ពេលនេះទើបធ្វើឲ្យការបំពេញផែនការដំណើរការនោះល្អ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់ស្នងការខេត្ត និងមន្ត្រីពាក់ព័ន្ធខេត្តផ្សេងទៀត ឲ្យមានវិធានការជាក់លាក់ មិនត្រូវរង់ចាំបទល្មើសកើតឡើងហើយ ទើបពង្រឹងវិធានការនោះទេ។ ជាងនេះទៅទៀត សមត្ថកិច្ចត្រូវស្គាល់ទីតាំងដែលខ្លួនឈរជើងឲ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
