លោក ស ខេង បញ្ជាឱ្យចាត់វិធានការតឹងរ៉ឹងលើមន្ត្រីដែលឃុបឃិតកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ
2020.12.30
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ឱ្យបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីមូលដ្ឋានទាំងឡាយដែលលួចចេញប័ណ្ណក្រីក្រឱ្យសាច់ញាតិ ក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ សង្គមស៊ីវិល រំពឹងថាអាជ្ញាធរមូលដ្ឋាន នឹងផ្ដល់ប័ត្រសមធម៌ដល់ពលរដ្ឋក្រីក្រដោយស្មើភាព និងគ្មានការរើសអើងបក្សពួក ឬនិន្នាការនយោបាយ ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តម្រូវឱ្យអាជ្ញាធរខេត្តទាំងអស់ ត្រូវពិនិត្យតាមដានសកម្មភាពរបស់មន្ត្រីមូលដ្ឋានភូមិឃុំ ក្នុងការកំណត់ពលរដ្ឋក្រីក្រ ដែលត្រូវទទួលប័ណ្ណសមធម៌ពីរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីចៀសវាងការដាក់បញ្ចូលសមាជិកក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាពលរដ្ឋក្រីក្រ និងរងគ្រោះពិតប្រាកដ។
ការណែនាំនេះ ធ្វើឡើងតាមរយៈលិខិតជូនដំណឹងនៅថ្ងៃទី២៨ ធ្នូ តម្រូវឱ្យអភិបាលខេត្តក្រុងចាត់វិធានការទៅលើមន្ត្រីឃុំ-សង្កាត់ណា ដែលអនុវត្តមិនត្រឹមត្រូវនៅក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដើម្បី ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩។
អតីតអ្នករងគ្រោះដីធ្លីនៅបុរីកីឡា លោកស្រី ខៀវ ឡៃ ឱ្យដឹងថា ពលរដ្ឋជាង៨០គ្រួសារដែលត្រូវបានបណ្ដេញចេញពីបុរីកីឡា ក្នុងក្រុងភ្នំពេញ ឱ្យទៅរស់នៅតំបន់ភ្នំបាត រហូតដល់សព្វថ្ងៃនេះ គឺទទួលបានប័ណ្ណសមធម៌ពីអាជ្ញាធរគ្រប់ៗគ្នា បន្ទាប់ពីពួកគាត់តវ៉ាដោយអះអាងថា គ្មានដីធ្វើស្រែចម្ការ ហើយគ្រួសារនីមួយត្រូវដើររើសអេតចាយ និងទៅសុំបាយវត្តបរិភោគ។
លោកស្រីបន្តថា គ្រួសារលោកស្រី ដែលមានកូនតូច២នាក់ ទទួលបានប្រាក់ឧបត្ថម្ភជាង២០ម៉ឺនរៀលក្នុង១ខែ ពីរដ្ឋ ក្នុងអំឡុងពេលមានជំងឺនេះ ។ លោកស្រី បញ្ជាក់ថា ប្រាក់នេះ អាចជួយសម្រាលជីវភាពបានមួយរយៈពេលខ្លី ដោយសារតែអង្ករ ត្រីសាច់ និងអីវ៉ាន់លក់នៅទីផ្សារ មានតម្លៃថ្លៃ៖ «ភាគច្រើនរើសអេតចាយ និងសុំទានគេ ឥលូវ។ អ្នកខ្លះទៅ អត់មានអីទីពឹងអ៊ីចឹង គាត់ប្រចាំដី អ្នកខ្លះគាត់លក់កាត់លុយសងគេ សល់១រយ ២រយ គាត់ទៅនៅក្រៅ ទៅនៅចិញ្ចើមថ្នល់អ៊ីចឹងទៅ។ នៅតែលំបាកចឹង រាល់ថ្ងៃ ពួកខ្ញុំនៅហូបអង្ករសប្បុរសជនដដែលហ្នឹង គ្រាន់ថានេះ ដោះស្រាយម្ហូប កូនចាយវាយតិចតួច។ បើថាឱ្យសល់វាមិនសល់ទេ។ ខ្វះនៅតែខ្វះអ៊ីចឹង! គ្រាន់តែវាកាត់បន្ថយមួយរយៈពេលក្នុងអំឡុងពេល៤ ១០ថ្ងៃ ឬកន្លះខែ»។
ស្ត្រីពិការភ្នែករូបនេះ ស្នើសុំឱ្យរដ្ឋាភិបាលគួរបង្កើនថវិកាជួយដល់ពលរដ្ឋក្រីក្របន្ថែមទៀត ហើយជួយទប់តម្លៃទំនិញនៅទីផ្សារកុំឱ្យដំឡើងថ្លៃខ្ពស់ពេក៖ «រាល់ថ្ងៃខ្ញុំដើររើសអេតចាយកាន់តែលំបាកធ្ងន់ទៅៗហើយ។ ទី១ជំងឺកូវីដ ខ្ញុំរកអត់បានដែរ ខ្លាចឆ្លងដល់កូន ដល់គ្រួសារនិងក្នុងសហគមន៍។ សូមអំពាវនាវដល់រដ្ឋាភិបាល ជួយពួកខ្ញុំឱ្យបានច្រើនថែមទៀត។ លុយ ហ្នឹងនោះ ប៉ុណ្ណឹង អត់គ្រប់គ្រាន់ឱ្យពួកខ្ញុំកាត់បន្ថយជីវភាពទេ។ បើលើសហ្នឹងទៀត អាចកាត់បន្ថយជីវភាពដែលយើងអាចទិញអង្ករ ត្រីអីបាន។ មិនចាំបាច់ម្ចាស់ជំនួយជួយ ក៏រដ្ឋាភិបាលអាចជួយដល់ពួកខ្ញុំអ៊ីចឹង»។
ចំណែក ពលរដ្ឋម្នាក់មានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង លោកស្រី កែវ វណ្ណៈ ដែលមិនទទួលបានប័ណ្ណក្រីក្រ ថ្លែងថា អាជ្ញាធរឃុំតាជេស ក្នុងស្រុកកំពង់ត្រឡាច នៅតែមានការរើសអើងអ្នកមានជម្លោះដីធ្លី ដោយចាត់ទុកពួកគាត់ជាង៥០គ្រួសារ ថាជាក្រុមបក្សប្រឆាំង។
លោកស្រី ឱ្យដឹងទៀតថា អាជ្ញាធរកំណត់យកតែពលរដ្ឋណាដែលរស់នៅក្នុងផ្ទះស្លឹក និងស័ង្កសី ប៉ុណ្ណោះ រីឯពលរដ្ឋក្រៅពីនេះមិនអាចទទួលបានប័ណ្ណសមធម៌នោះទេ។ លោកស្រី បញ្ជាក់ថា មេភូមិ មេឃុំមិនដែលបានសួរនាំពួកគាត់ដែលជាអ្នកបាត់បង់ដីស្រែ អំពីចំណូលប្រចាំថ្ងៃ ឬគ្មានការងារធ្វើម្ដងណានោះទេ៖ « និយាយរួមទៅគេរើសអើង។ ដូចសម្ដេច ហ៊ុន សែន គាត់ប្រកាសថា កុំឱ្យប្រកាន់បក្សពួក កុំឱ្យប្រកាន់គណបក្សអី ហើយមានរបបពីសម្ដេចមកចឹង គេឱ្យចែក។ និយាយរួមទៅ អ្នកដើររឿងបាត់ដីធ្លីពួកខ្ញុំ គេអត់យល់ថាពួកខ្ញុំជាប្រជាពលរដ្ឋរងគ្រោះ ពិបាកអីទេ គេដឹងតែថាអ្នកដើររឿងដី ដឹងអ្នកតែអ្នកសង្គ្រោះជាតិហើយ។ ខ្ញុំខឹងកន្លែងហ្នឹង! ចឹងបានពីមុនៗមក បើពួកខ្ញុំសង្គ្រោះជាតិ ស្មានតែគាត់ជាប់ឆ្នោតដល់សព្វថ្ងៃ។ ពួកខ្ញុំហ្នឹងតើ អ្នកបោះឆ្នោតឱ្យភូមិឃុំអី»។
ស្ត្រីវ័យជិត៥០ឆ្នាំរូបនេះ ស្នើសុំឱ្យរដ្ឋាភិបាលជួយប្រជាពលរដ្ឋដែលរងគ្រោះរឿងដីធ្លី ហើយកំពុងជួបជីវភាពលំបាក ដោយផ្ដល់ប័ណ្ណក្រីក្រឱ្យពួកគាត់ដូចពលរដ្ឋដទៃទៀត ដោយគ្មានការរើសអើង៖ «ខ្ញុំក៏សូមសំណូមពរដែល មិនថាសំដៅដល់ថា មានផ្ទះទេ។ ដូចខ្ញុំអ៊ីចឹង ជំងឺប្រចាំកាយហើយឈឺច្រើនទៀត ខ្ញុំចង់សំណូមពរថា មិនឱ្យកូនចៅក៏អត់ទៅ ឱ្យតែខ្ញុំម្នាក់ ក៏ខ្ញុំមិនតូចចិត្តដែរ ព្រោះខ្ញុំវាក្រអត់។ ខ្ញុំនៅផ្ទះផ្សេងពីកូនទេ»។
ទាក់ទងនឹងរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញបញ្ហានៃការរើសអើងពលរដ្ឋ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយចាត់ទុកពលរដ្ឋដែលហ៊ានចេញតវ៉ារឿងដីធ្លី ថាជាអ្នកបម្រើនយោបាយឱ្យបក្សប្រឆាំង នៅតែបន្តកើតមាន បើទោះបីជាមានការណែនាំ ឱ្យបញ្ឈប់ការបែងចែកបក្សពួកនេះក៏ដោយ។
លោកយល់ថា អាជ្ញាធរគួរពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមភាពជាក់ស្ដែង និងចេញប័ណ្ណសមធម៌ជូនពួកគាត់ដោយមិនគួរមានការរើសអើងណាមួយឡើយ៖ «អង្គការមួយចំនួន ក៏គាត់បានរកឃើញដែរ អ្នកដែលក្រតោកយ៉ាកមែនទែន សឹងតែផ្ទះគាត់ហ្នឹងដំបូលប្រក់មេឃ ផ្ទុយទៅវិញគាត់អត់បានទទួលបានប័ណ្ណសមធម៌ហ្នឹងទេ។ ជាសំណូមពរ គួរតែរដ្ឋាភិបាលហ្នឹង ធ្វើអ្វីទៅតាមការលើកឡើងជាអនុសាសន៍របស់ថ្នាក់ដឹកនាំពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល។ យើងធ្វើមិចដោយមានការលើកឡើងឱ្យមានយន្តការតម្លាភាព ធ្វើជាវេទិកាសាធារណៈ ឬមួយចុះបញ្ជីដោយមានការចូលរួមពីសង្គមស៊ីវិលថ្នាក់មូលដ្ឋានខ្លះផងអ៊ីចឹងទៅ ព្រោះគាត់ធ្វើការឯករាជ មិនចូលបក្សសម្ព័ន្ធ ឬគណបក្សនយោបាយណាដែរ។ អ្នកណាក្រពិតប្រាកដ គាត់តែងតែផ្ដល់ព័ត៌មានទៅឱ្យរដ្ឋាភិបាល»។
ក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រជាង៧០ម៉ឺនគ្រួសារ ឬជិត៣លាន (២,៨លាន) នាក់ ចន្លោះពីថ្ងៃទី២៥ ខែមិថុនា ដល់ខែធ្នូឆ្នាំ២០២០នេះ។ បន្ទាប់ពីនេះ រដ្ឋាភិបាលសម្រេចបន្តផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៤ ដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមីនាឆ្នាំក្រោយ។
ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដោយឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគ្មានការរើសអើង ដើម្បីឱ្យពលរដ្ឋក្រីក្រទទួលបានការឧបត្ថម្ភនានា និងមានការគាំពារផ្នែកសុខភាពដោយមិនគិតថ្លៃពីរដ្ឋាភិបាល តាមរយៈការចេញប័ណ្ណសមធម៌នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។