ក្រុម​អ្នក​សិក្សា​ជំរុញ​ឱ្យ​សិស្ស​សិក្សា​មុខវិជ្ជា​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន

0:00 / 0:00

សិស្ស​ជាច្រើន​ក្រោយ​ពី​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ ពួកគាត់​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​នឹង​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា​ទៀត​នោះ មិន​ដឹង​ជា ត្រូវ​សិក្សា​ពីមុខ​ជំនាញ​អ្វី អ្នក​ខ្លះ សិក្សា​ទៅតាម​មិត្តភ័ក្ដិ ខ្លះ​ទៀត សិក្សា​ទៅតាម​ទីផ្សារ​ការងារ អ្នក​ខ្លះ​ទៀត​រើសមុខ​វិជ្ជា​សិក្សា​ដែល​ខ្លួន​ពេញចិត្ត និង​អ្នកខ្លះ​ទៀត​ថា ចេះតែ​រៀន​ៗ​ទៅជា​ដើម។

តើ​សិស្ស​ទើបតែ​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ថ្មីថ្មោង គួរ​រៀបចំខ្លួន​ដូចម្ដេច​ខ្លះ ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា?

អ្នក​ធ្វើការ​ពាក់ព័ន្ធ និង​វិស័យ​អប់រំ ជំរុញ​ឱ្យ​សិស្ស​និស្សិត​ខិតខំ​អាន​ឱ្យ​បាន​កាន់តែ​ច្រើន និង​កំណត់​ពីមុខ​ជំនាញ ដែល​ខ្លួន​ពេញចិត្ត​ឱ្យ​បាន​ច្បាស់​លាស់ មុននឹង​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា។

អតីត​និស្សិត​អាហារូបករណ៍​នៅ​ក្រៅ​ប្រទេស គឺ លោក ប៉ិច តុងហ័ន ដែល​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច និង​មធ្យម នៅ​ប្រទេស​អាល្លឺម៉ង់ មាន​ប្រសាសន៍ថា លោក​ក៏​មិន​សូវ​ខុស​ពី​សិស្ស​ដទៃ​ទៀត​ដែរ គឺ​លោក បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ទេសចរណ៍ និង​សិក្សា​ខាង​ធនាគារ ប៉ុន្តែ​ក្រោយមក លោក​ព្យាយាម​អាន​សៀវភៅ និង​សិក្សា​ស្រាវជ្រាវ ទើប​លោក​កំណត់​បាន​នូវ​គោលដៅ​ជីវិត​ច្បាស់លាស់ ថា លោក​ចង់​ធ្វើ​អ្វី នឹង​ត្រូវ​សិក្សា​លើ​មុខវិជ្ជា​អ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​។ នៅ​ទីបំផុត លោក​បាន​ចាប់​យក​មុខវិជ្ជា គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​មានឱកាស​ទ​ទូល​បាន​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស។ «»

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បាន​ចាប់ផ្ដើម​ប្រកាស​លទ្ធផល​ប្រលង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩ គឺ​សិស្ស​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ឆ្នាំ​២០១៩ នេះ មាន​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧៩.០៥២) ស្មើនឹង​ជាង ៦៨% (៦៨,៦២% នៃ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​ជាង ១ សែន​នាក់។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងប្រាប់​កាសែត​ក្នុងស្រុក ថា លទ្ធផល​នៃ​ការ​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ មិនមែន​ជា​ការកំណត់​វាសនា​របស់​បេក្ខជន​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​របស់​សិស្ស​ក្រោយពី​សិក្សា​រយៈពេល​១២​ឆ្នាំ​មក​តែ​ប៉ុណ្ណោះ។

ការសិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៥ របស់​សាកលវិទ្យាល័យ (University of Massachusetts Lowell ) សហការ​ជាមួយ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ បង្ហាញ​ថា និស្សិត​ចំនួន​៦០% ជ្រើសរើស​មុខជំនាញ​សិក្សា​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន និង ៣០% សិក្សា​មុខវិជ្ជា​ទៅតាម​ទីផ្សារ​ការងារ។

ប្រធាន​សម្របសម្រួល​កម្មវិធី​បញ្ចូល​គ្នា​នៃ​អង្គការ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា ឬ​ហៅថា ខេប (Kape) អ្នកស្រី ហឹម ម៉ារី មាន​ប្រសាសន៍​ថា ការ​ចាប់​យក​ជំនាញ​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​របស់​យុវ​សិស្ស​ទាំងអស់​តាំងពី​ថ្នាក់​អនុវិទ្យាល័យ​មក​គឺជា​រឿង​សំខាន់ ដើម្បី​ឱ្យ​ពួកគាត់​មាន​មូលដ្ឋានគ្រឹះ​តាំងពី​ថ្នាក់ក្រោម មុននឹង​បន្ត​ទៅ​ថ្នាក់​ឧត្ដមសិក្សា។ អ្នកស្រី​បន្ថែម​ថា ការ​តម្រង់​ទិស​គឺជា​រឿង​សំខាន់ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​សិស្ស​ទាំងអស់។ ហើយ​ការ​សិក្សា​ទទួល​បាន​និទ្ទេស​មិនល្អ​របស់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​នោះ មិនមែន​ជា​ឧបសគ្គ​នៅ​ថ្នាក់​ឧត្ដមសិក្សា​ឡើយ​។ បញ្ហា​សំខាន់​នៅត្រង់​ថា សិស្ស​ទាំងនោះ ត្រូវ​មាន​គោលដៅ​ជីវិត​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​សិក្សា​មុខវិជ្ជា​ដែល​ខ្លួន​ពេញចិត្ត ដែល​ជា​ភាព​ខ្លាំង​របស់​ខ្លួន។ «»

លោក ប៉ិច តុងហ័ន លើកឡើង​ថា ការសិក្សា​ទៅតាម​មិត្តភ័ក្ដិ ឬ​ទៅតាម​ក្រុម​គ្រួសារ​បង្ខំ មិនមែន​ជា​ដំណោះស្រាយ​ល្អ ឬ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​នៅ​ពេល​អនាគត​ឡើយ។ លោក​បញ្ជាក់​ថា សិស្ស និស្សិត​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ​ថា ត្រូវ​ធ្វើ​អ្វី ឬ​រៀន​អ្វី​ដែល​ខ្លួន​ចង់​រៀន កុំ​សិក្សា​ទៅតាម​បរិបទ​សង្គម ឬ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ លោក​រំពឹង​ថា កម្ពុជា​នៅ​មាន​ការផ្លាស់ប្ដូរ​នៅ​ពេល​ណាមួយ ដែល​យុវជន​ទាំងអស់​នឹង​មាន​ឱកាស​បញ្ចេញ​នូវ​សមត្ថភាព ឬ​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ។ «»

ក្រុម​អ្នកធ្វើ​ការទាក់ទង​និង​វិស័យ​អប់រំ លើកឡើង​ថា មុខជំនាញ​ទាំងអស់​គឺ​មាន​តម្លៃ​ស្មើគ្នា គ្មាន​មុខជំនាញ​វិជ្ជាជីវៈ​ណា​អន់​ជាង​មុខជំនាញ​ណា​ទេ ប៉ុន្តែ​បញ្ហា​សំខាន់ នៅ​ត្រង់​ថា សិស្ស​និស្សិត​ទាំងអស់​ត្រូវ​ចាប់​យក​មុខ​វិជ្ជាជីវៈ​ដែល​ខ្លួន​ពេញចិត្ត ទោះ​មុខជំនាញ​នោះ មិន​សូវ​មាន​ទីផ្សារ​ក៏ដោយ ព្រោះថា ការ​សិក្សា​ត្រូវ​មុខ​នឹង​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន គឺ​ជួយ​ដល់​សិស្ស​និស្សិត​ងាយ​យល់ និង​មាន​គុណភាព មិនមែន​ដូច​ពាក្យ​ដែល​គេ​ពោល​ជារឿយៗ​ថា ចេះតែ​រៀនៗ​ទៅ គ្រាន់​បាន​សញ្ញាប័ត្រ​បិត​លើ​ជញ្ជាំង បង្អួត​គេឯង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។