តុលាការ​ខេត្ត​សៀមរាប​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ចិន ៧​នាក់ ​បើក​​ល្បែង​​ស៊ីសង​​ខុស​ច្បាប់​​តាម​ប្រព័ន្ធ​អ៊ីនធឹណិត

0:00 / 0:00

ចៅក្រម​ស៊ើបសួរនៃសាលាដំបូង​ខេត្តសៀមរាប​ចេញដីកាបង្គាប់​ឱ្យឃុំខ្លួន​ជនជាតិចិន ៧​នាក់ ពីបទ​បើកកន្លែង​​​លេង​ល្បែង​ស៊ីសង​​ដោយ​ខុស​ច្បាប់​តាមប្រព័ន្ធអ៊ីនធឺណិត។

ជនជាតិចិនទាំង ៧នាក់​នេះ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ខែ​មិថុនានៅ​ចំណុច​ប៊ូទិក (Boutique) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍​របស់សមត្ថកិច្ច​ផ្សាយ​នៅ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យដឹងថា ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​សមត្ថកិច្ច​ប្រទះ​ឃើ​ញ​ជនជាតិ​ចិន​ទាំង៧នាក់​នេះ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង។

សមត្ថកិច្ច​ក៏​បាន​ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​កុំព្យូទ័រ​យួរ​ដៃ​ចំនួន ៨គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន ១៥គ្រឿង រួម​នឹង​សម្ភារៈ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ចំណាត់ការ របស់អាជ្ញាធរកម្ពុជា​ ហាក់​គ្មាន​ប្រសិទ្ធភាព ចំពោះ​ជន​ជាតិ​ចិន ដែល​ប៉ុនប៉ង​ប្រើប្រាស់​ទឹក​ដី​កម្ពុជាដើម្បី​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​សម្ពន្ធ​គណនេយ្យភាព​​សង្គម​កម្ពុជា​លោក សន ជ័យ ថ្លែង​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​បង្ក្រាប​ជន​ជាតិ​ចិន​បាន​ហើយ រូច​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ផ្ដន្ទាទោសប៉ុន្តែ​ជន​ជាតិ​ចិន​ទាំង​នោះ​តែង​តែ​បញ្ជូន​ទៅ​អនុវត្តន៍​ទោស​ប្រទេស​ចិន​ទៅ​វិញ។លោក​យល់​ថាអាច​មក​ពី​មូលហេតុ​នេះ​ហើយ ដែល​នាំ​ឱ្យ​ជន​ជាតិ​ចិន​ទាំង​នេះ​មិន​រាង​ចាលនិង​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​នៅ​កម្ពុជាដែល​មូលហេតុ​នេះ​អាច​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក សន ជ័យ ស្នើ​ដល់​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ថ្មី ចំពោះ​ជនជាតិ​ចិន​​ជា​ជាង​ការ​បញ្ជូន​ជនជាតិ​ចិន ដែល​មាន​ទោស​នៅ​កម្ពុជាទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ។ លោក​ក៏​ចង់​ឃើញ​ស្ថានទូត​ចិន​នៅ​កម្ពុជា​បើក​ចំហរ​ព័ត៌មាន​នៃ​ការ​អនុវត្ត​ទោស ចំពោះ​ជន​ជាតិ​ចិន​ដែល​បញ្ជូន​ចេញ​ពី​កម្ពុជាបង្ហាញ​ជា​សាធារណៈ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។