ខ្មែររស់នៅអាមេរិកទទួលបានរង្វាន់ពីការផលិតសំលៀកបំពាក់ មកុដ និងគ្រឿងអលង្ការរបាំបុរាណខ្មែរ
2024.09.18
ខ្មែររស់នៅសហរដ្ឋអាមេរិក លោក អ៊ុង សុជាតា ទទួលបានរង្វាន់ពីស្នាដៃផលិតសំលៀកបំពាក់ មកុដ និងគ្រឿងអលង្ការសម្រាប់អ្នករបាំបុរាណខ្មែរពីអង្គការសិល្បៈរបស់អាមេរិក ដែលមានឈ្មោះថាអង្គការ National Endowment for the Arts (NEA) ឆ្នាំ២០២៤។
រង្វាន់នេះឈ្មោះថារង្វាន់អ្នកថែរក្សាមរតកសិល្បៈជាតិ (National Heritage Fellows) ដែលជារង្វាន់សម្រាប់ផ្ដល់ដល់អ្នកសិល្បៈក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា៖ អ្នកមានស្នាដៃល្អឯកផ្នែកសិល្បៈ សមិទ្ធផលនៃការលះបង់ពេញមួយជីវិត ដើម្បីសិល្បៈ និងការរួមចំណែក ព្រមទាំងការលះបង់សម្រាប់បេតិកភណ្ឌ ឬមរតកសិល្បៈជាតិ។
កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅយប់ថ្ងៃទី១៧ ខែកញ្ញា។ លោក អ៊ុង សុជាតា ទទួលបានរង្វាន់នេះបន្ទាប់ពីលោកបានចំណាយពេលវេលាស្ទើរពេញមួយជីវិតធ្វើការងារស្ម័គ្រចិត្តបម្រើវិស័យសិល្បៈជាតិខ្មែរ នៅក្នុងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ លោកជាអ្នកផលិតសំលៀកបំពាក់ មកុដ និងអលង្ការសម្រាប់អ្នករបាំបុរាណខ្មែរនៅក្រៅប្រទេស និងចង់រក្សាវប្បធម៌ប្រពៃណីខ្មែរមិនឱ្យបាត់បង់។
លោក អ៊ុង សុជាតា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ដោយក្ដីស្រឡាញ់សិល្បៈបុរាណខ្មែរ ចង់ថែរក្សាមិនឱ្យបាត់បង់ និងចង់ប្រាប់ពិភពលោកថា ខ្មែរមានមូលដ្ឋានសិល្បៈវ័យចំណាស់ជាងបណ្ដាប្រទេសមួយចំនួនដែលមានភូមិផងរបងជាប់ប្រទេសខ្មែរ ក្នុងពេលបច្ចុប្បន្ននេះ ទើបជំរុញទឹកចិត្តឱ្យលោកលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន បង្កើតផលិតសំលៀកបំពាក់ មកុដ និងអលង្ការសម្រាប់អ្នករបាំបុរាណខ្មែរនេះ។
ក្រៅពីផលិតសំលៀកបំពាក់ មកុដ និងគ្រឿងអលង្ការសម្រាប់អ្នករបាំបុរាណខ្មែរនះ លោក អ៊ុង សុជាតា ក៏ជាអ្នករបាំបូរាណមួយរូបដែរ ហើយលោកតែងតែចំណាយពេលវេលាដោយស្ម័គ្រចិត្តជួយបង្រៀនរបាំបុរាណខ្មែរនេះទៅដល់យុវជនជំនាន់ក្រោយដែលរស់នៅសហរដ្ឋអាមេរិក ជាពិសេសសហគមន៍ខ្មែរនៅតាមរដ្ឋក្បែរៗរដ្ឋធានីវ៉ាស៊ីនតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។