អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ការអនុវត្ត​ច្បាប់ និង​យុត្តិធម៌​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើងវិញ ក្រោយ​ការភ័យខ្លាច​ពី​ឧក្រិដ្ឋកម្ម​ល្បែង​អនឡាញ

ដោយ សុជីវី
2023.09.27

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចិន​អន្តរាគមន៍​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ខ្សែ​ភាពយន្ត​ចិន ក្រោម​ចំណង​ជើង​ថា «No More Bets» ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ល្បែង​អនឡាញ ដែល​ក្រសួង​ចាត់​ទុក​ថា​បាន​បន្ទាប​តម្លៃ​កម្ពុជា។

អ្នក​សកម្ម​តាមដាន​បញ្ហា​សង្គម​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ធានា​ឱ្យ​បាន​យុត្តិធម៌​សង្គម​សម្រាប់​មនុស្ស​គ្រប់រូប​ដោយ​មិន​មាន​ការរើសអើង ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បាន​ឡើងវិញ។

សំណើ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ទៅ​រដ្ឋាភិបាល​ចិន ដែល​ជា​មិត្ត​ដែក​ថែម​កម្ពុជា​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ដាក់​ទៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ស៊ុម ម៉ាប់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ខ្សែ​ភាពយន្ត ដែល​បន្ទាប​តម្លៃ​កម្ពុជា​បែប​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មិន​ពេញ​ចិត្ត ឬ​ខឹង​សម្បារ។ លោក​ថា​រឿង «No More Bets» នេះ​ផលិត​នៅ​ក្រៅ​ប្រទេស មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ក្រសួង​មិន​អាច​គ្រប់គ្រង​បាន និង​ពិបាក​នឹង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​រឿង​នេះ។ លោក ស៊ុម ម៉ាប់ បញ្ជាក់​ថា ក្រសួង​វប្បធម៌​បាន​ផ្ញើ​លិខិត​ទៅ​ស្ថានទូត​ចាប់​តាំង​ពី​ពេល​ដែល​មាន​ឈុត​ខ្លីៗ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រឿង​នេះ​មក​ម្ល៉េះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ស្ថានទូត​ចិន​នៅ​ឡើយ​ទេ។

លោក ស៊ុម ម៉ាប់៖ «តាម​រយៈ​ឆាណែល​ការទូត​យើង​ធ្វើ​រឿង​ហ្នឹង​មួយ។ ទី២ នៅ​ក្នុង​យើង​មិន​អនុញ្ញាត​ឱ្យ​ជាដាច់ខាត​ចរាចរ​រឿង​ហ្នឹង​នៅ​ក្នុង​ផ្ទៃ​ប្រទេស​របស់​យើង។ ទី៣ ប្រសិន​បើ​មាន​កុន​ហ្នឹង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ​យើង​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ទប់ស្កាត់​កុំ​ឱ្យ​មាន​បង្ហោះ​លើ​បណ្ដាញ​ពី​ព្រោះ​វា​ប៉ះពាល់​មែន​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ របស់​ប្រទេស​យើង។ គាត់​ផលិត​អប់រំ​ប្រជាជន​គាត់ តែ​វា​មក​ប៉ះពាល់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន»

ទាក់ទង​នឹង​រឿង​នេះ​អ្នកឃ្លាំមើល​បញ្ហា​សង្គម​ថា វិធានការ​របស់​ក្រសួង​វប្បធម៌​នៅ​ពេល​នេះ​ហាក់​ដូច​ជា​យឺត​ពេល​ទៅ​ហើយ​នៅ​ពេល​ដែល​ខ្សែ​ភាព​យន្ត​រឿង «No More Bets» មាន​មនុស្ស​មើល​រាប់​លាន​នាក់ និង​រក​ចំណូល​បាន​ជិត​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ។

រឿង «No More Bets» ដែល​មាន​រយៈ​ពេល ២ម៉ោង ជា​រឿង​ដែល​ក្រុម​អ្នក​ផលិត​អះអាង​ថា ជា​រឿង​អប់រំ​ពលរដ្ឋ​ដោយ​ផ្អែក​លើ​ស្ថានភាព​ពិត​នៅ​ក្នុង​ប្រទេស​មួយ ចំនួន​នៅ​អាស៊ី​អាគ្នេយ៍ ដែល​រួម​មាន​កម្ពុជា ថៃ (Thailand) និង​មីយ៉ាន់ម៉ា (Myanmar) ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ជួញ​ដូរ​មនុស្ស​ប្រមាណ ១សែន​ករណី។ រឿង​នេះ​បង្ហាញ​ពី​ការអប់រំ​សាធារណជន អ្នកទស្សនា​មិន​ឲ្យ​លង់​ជឿ​ការ​ផ្សព្វផ្សាយ​ពី​ការងារ​បោកប្រាស់​តាម​អនឡាញ និង​ការ​លេង​ល្បែង ដែល​អាច​ជា​ការរៀបចំ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ចាប់​ជំរិត​ទារ​ប្រាក់។ រឿង​នេះ​ក៏​បង្ហាញ​ពី​ក្រុម​ឧក្រិដ្ឋជន​បោកប្រាស់ និង​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​អ្នក​ដែល​ចង់​ធ្វើ​ការ​អានឡាញ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចាប់​ជំរិត និង​បង្កើត​បទឧក្រិដ្ឋ​ចាប់​ជំរិត ការ​ជួញដូរ​មនុស្ស​តាម​អនឡាញ និង​ការ​បង្ខាំង​មនុស្ស​បង្ខំ​ឲ្យ​ធ្វើ​ការ។ ជាមួយ​គ្នា​នេះ រឿង​នេះ​ក៏​បង្ហាញ​ពី​ឈុត​ឆាក​វាយដំ​ធ្វើ​ទារុណកម្ម​អ្នក​ទេសចរ ដែល​ត្រូវ​ចាប់​ជំរិត។ ចំណុច​ពិសេស​មួយ​ទៀត​នៃ​រឿង​នេះ​គឺ គេ​បង្ហាញ​ថា រឿង​ហេតុ​ទាំង​នេះ​កើត​នៅ​ប្រទេស​ខ្មែរ ថែម​ទាំង​មាន​តួអង្គ​នៃ​រឿង​នេះ​ពាក់អាវ​មាន​សរសេរ​អក្សរ​ខ្មែរ​ជា​ក្រុម​ថែមទៀត។ សារ​សំខាន់​នៃ​រឿង​នេះ​គឺ "One more viewer, one less fraud victim" ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "អ្នក​ទស្សនា ១នាក់ អាច​កាត់​បន្ថយ​ជន​រង​គ្រោះ ១នាក់ ពី​ការ​ចាញ់​បោក"។ មក​ដល់​ពេល​នេះ រឿង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​មូលហេតុ ដែល​អាច​ធ្វើ​ឲ្យ​អ្នកទេសចរ និង​វិនិយោគិន​ខ្លាច​រអា​មិន​ហ៊ាន​មក​កម្សាន្ត និង​រក​ស៊ី​នៅ​កម្ពុជា។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ អាជ្ញាធរ​កម្ពុជា​ពិបាក​នឹង​រារាំង​រឿង​នេះ​ពី​ព្រោះ​គេ​បាន​ផ្សព្វផ្សាយ​ទៅ​ជា​ច្រើន​ប្រទេស​រួច​ហើយ ម្យ៉ាង​វិញ​ទៀត​រឿង​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ការ​ពិត ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កម្ពុជា​ផង។ លោក​ថា ដើម្បី​ដោះស្រាយ​រឿង​នេះ ឬ​ស្ដារ​មុខមាត់​កម្ពុជា​បាន​សំខាន់​ណាស់ ដែល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​លុបបំបាត់​អំពើ​ពុក​រលួយ។

លោក កើត សារ៉ាយ៖ «ចំណុច​ទី១ គឺ​កម្ពុជា​ត្រូវ​តែ​ចាប់​ផ្ដើម​ពិនិត្យ​ឡើងវិញ​អំពី​ប្រព័ន្ធ ឬ​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​របស់​ខ្លួន​ឯង ចោរកម្ម ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​អាច​ប្រព្រឹត្ត​នៅ​កម្ពុជា​បាន មិនមែន​ជន​ទាំង​អស់​ហ្នឹង​ជា​អាទិទេព មាន​សិល្ប មាន​វេទមន្ត​ទេ វា​តែង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​កាន់​អំណាច​នៅ​កម្ពុជា។ អ៊ីចឹង​គឺ​ត្រូវ​ពិនិត្យ​ឡើងវិញ​ថា រឿង​ហ្នឹង​មាន​អ្នកធំ អ្នកមាន​អំណាច​ប៉ុន្មាន​នៅ​កម្ពុជា ដែល​បាន​សហការ​ក្នុង​រឿង​ហ្នឹង។ ទី២ ត្រូវ​ពង្រឹង រឹត​បន្តឹង​ច្បាប់​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ក្នុង​ស្រុក ដើម្បី​ឱ្យ​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​លើ​ឧក្រិដ្ឋជន​សំខាន់​នៅ​ក្នុង​គោលដៅ»

លោក សារ៉ាយ បន្ត​ថា វិធានការ​នេះ​ត្រូវ​តែ​ដើរ​ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​អ្នកជំនួញ​បរទេស​មក​កម្ពុជា។

ចំណែក​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា យឺត​ពេល​ហើយ​ដែល​ទៅ​រារាំង​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​នេះ។ ម្យ៉ាង​វិញ​ទៀត​លោក​ថា ជនបរទេស ជា​ពិសេស នៅ​ក្នុង​ប្រទេស​ជឿនលឿន​ពួក​គេ​តែងតែ​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​មុន​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​លេង ឬ​ទៅ​រកស៊ី​ប្រទេស​ណា​មួយ ពោល​គឺ​មិន​អាច​លាក់​បាំង​ការពិត​ពី​ពួកគេ​បាន​ឡើយ បើ​ទោះ​បី​ជា​មិន​មាន​ការ​ផ្សព្វផ្សាយ​រឿង «No More Bets» នេះ​ក៏​ដោយ។

លោក វ៉ន ចាន់ឡូត៖ «ប្រទេស​សេរី គេ​ជឿនលឿន​ពលរដ្ឋ​គេ​គឺ​គេ​មាន​ភាព​វ័យ​ឆ្លាត​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន គឺ​គេ​អាច​រក​ព័ត៌មាន​បាន​ដោយ​ខ្លួន​គេ។ អញ្ចឹង​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​គឺ​យើង​ត្រូវ​តែ​ធានា​ថា​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ទប់​ស្កាត់ ឬ​លប់​បំបាត់​រាល់​ទម្រង់ ដែល​ជា​អំពើ​ឧក្រិដ្ឋកម្ម មាន​ទាំង​ការ​លាង​លុយ​កខ្វក់ ការ​ឆបោក​អី​ទាំងអស់​ហ្នឹង​ជា​រឿង​ដែល​សហគមន៍​អន្តរជាតិ​គេ​ចង់​បាន»

បញ្ហា​ឧក្រិដ្ឋកម្ម​ល្បែង​អនឡាញ​នេះ​មិនមែន​គ្រាន់តែ​ជា​ក្ដី​បារម្ភ​សម្រាប់​តែ​កម្ពុជា​ទេ វា​ក៏​ជា​ក្ដី​បារម្ភ​របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍។ ទាក់ទង​នឹង​រឿង​ជួញដូរ​មនុស្ស​នេះ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក សេដ្ឋា ថាវីស៊ីន នឹង​មក​ទស្សន​កិច្ច​នៅ​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ ទី២៨ សប្ដាហ៍​នេះ ដើម្បី​ជជែក​បញ្ហា​សន្តិសុខ​រវាង​ប្រទេស​ទាំង២ និង​ការ​រួម​គ្នា​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស។

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស កាល​បី​ចុង​ខែ​សីហា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​រក​ឃើញ​ថា មាន​មនុស្ស​ប្រមាណ ១សែន​នាក់ ត្រូវ​បាន​​ក្រុម​ឧក្រិដ្ឋជន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កម្ពុជា។ ជន​រងគ្រោះ​រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ជា​ច្រើន រួម​ទាំង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ ហើយ​មនុស្ស​ជាច្រើន​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រព្រឹត្តិ​ដោយ​ឃោរឃៅ អមនុស្សធម៌ និង​ថោកទាប ការ​ឃុំខ្លួន​ដោយ​បំពាន អំពើ​ហិង្សា​ផ្លូវ​ភេទ ​ពលកម្ម​ដោយ​បង្ខំ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ ទៀត។

ប៉ុន្តែ​ដូច​ពេល​មុនៗ ដែរ រដ្ឋាភិបាល​កម្ពុជា​តែង​បដិសេធ ជា​ពិសេស នៅ​ពេល​នេះ​ថា កម្ពុជា​ពុំ​មាន​ឧក្រិដ្ឋកម្ម​អនឡាញ​ធំ​សម្បើម​បែប​នេះ​ទេ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​បើក​ការស៊ើបអង្កេត​រក​ការពិត​ជាជាង​ច្រាន​ចោល​ភា្លមៗ នូវ​របាយការណ៍​នានា ដែល​លាត​ត្រដាង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។