រដ្ឋាភិបាលរងការរិះគន់ថា មិនបានផ្ដល់តម្លៃកីឡាករទូក «ង» ឱ្យបានប្រហែលកីឡាករបរទេស
2023.11.30
អ្នកតាមដានបញ្ហាសង្គមនិងមន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាល ថា មិនបានគិតគូរផ្ដល់កន្លែងស្នាក់នៅនិងអាហារហូបចុក សម្រាប់ក្រុមកីឡាករទូក «ង» ឱ្យបានប្រហាក់ប្រហែលនឹងក្រុមកីឡាករបរទេស ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea-Game) កាលពីពេលកន្លងទៅ។ ពួកគេចង់ឱ្យរដ្ឋាភិបាល ផ្ដល់តម្លៃដល់ក្រុមកីឡាករទូក «ង» ឱ្យដូចក្រុមកីឡាករបរទេស ដើម្បីបង្ហាញពីការគិតគូរដល់ពលរដ្ឋខ្លួនជាធំ។
អ្នកតាមដានបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំងរិះគន់ថា រដ្ឋាភិបាលអាចគិតគូរដល់កីឡាករបរទេសឱ្យស្នាក់នៅស្រួលនិងហូបឆ្ងាញ់បាន ប៉ុន្តែបែរជាមិនអាចផ្ដល់ការគិតគូរដូចគ្នា ដល់ក្រុមកីឡាករទូក «ង» ដែលជាអ្នកជួយលើកស្ទួយវប្បធម៌ ប្រពៃណីរបស់ខ្លួន ដើម្បីឱ្យពួកគេមានទឹកចិត្ត មកចូលរួមប្រណាំងទូក «ង» នៅឆ្នាំក្រោយៗទៀត។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៩ វិច្ឆិកា ថា ការមិនរៀបចំឱ្យកីឡាករទូក «ង» មានម្ហូបអាហារ និងកន្លែងស្នាក់នៅត្រឹមត្រូវ ប្រកបដោយផាសុកភាព អនាម័យ និងសេចក្ដីថ្លៃថ្នូរ ដូចកីឡាករបរទេស គឺមានន័យថា រដ្ឋាភិបាលមិនបានផ្ដល់តម្លៃដល់ពិធីបុណ្យអុំទូក ជាពិធីបុណ្យប្រពៃណីជាតិនោះទេ ហើយថែមទាំងមិនបានគិតគូរជួយទៅដល់ពលរដ្ឋខ្លួនឯងជាធំនោះដែរ។
លោក អ៊ុំ សំអាន៖ «ឆ្នាំនេះ ធ្វើមិនបាន ឆ្នាំក្រោយ គួរតែកែលំអចំណុចហ្នឹងទៅ។ យើងគិតគូរទៅដល់កីឡាករបរទេស រឿងអី យើងមិនគិតគូរទៅដល់កីឡាករទូក «ង» របស់ខ្មែរ ដែលជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរ ដែលមកចូលរួមបុណ្យអុំទូក ដែលជាប្រពៃណីរបស់ខ្មែរ។ យើងគួរតែលើកតម្កើងកីឡាករខ្មែររបស់យើងផងដែរ ដើម្បីឱ្យគាត់មានទឹកចិត្ត»។
មន្ត្រីបក្សប្រឆាំងរូបនេះបន្តថា មូលហេតុដែលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហ៊ានយកលុយរដ្ឋរាប់លានដុល្លារ ទៅចំណាយលើថ្លៃធ្វើដំណើរ ស្នាក់នៅ និងហូបចុក ជំនួសក្រុមកីឡាករបរទេសមកប្រកួតស៊ីហ្គេមកាលពីខែកក្កដាកន្លងទៅ ដែលមានកាតព្វកិច្ចត្រូវចំណាយដោយខ្លួនឯងនោះ ដោយសារលោក ហ៊ុន សែន ចង់ទិញទឹកចិត្តបណ្ដាមេដឹកនាំប្រទេសអាស៊ាន ឱ្យជួយទទួលស្គាល់ការបោះឆ្នោតបង្គ្រប់កិច្ច ដែលលោកបានរៀបចំឡើង ដើម្បីផ្ទេរអំណាចទៅកូនដោយខុសច្បាប់ ហើយវាមិនមែនដើម្បីលើកតម្កើងកិត្តិយសជាតិអ្វីឡើយ។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ ស្របពេលមានការប្រៀបធៀបភាពខុសគ្នាឆ្ងាយរវាងការហូបចុក និងការស្នាក់នៅរបស់ក្រុមកីឡាករទូក «ង» និងក្រុមកីឡាករបរទេសចំនួន ១ម៉ឺន ១ ពាន់នាក់ ដែលមកចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែកក្កដា កន្លងទៅ។ នៅពេលនោះ រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបញ្ចេញថវិកាជាតិបន្ថែមជាង ៧លានដុល្លារ សម្រាប់ជួយចេញថ្លៃចំណាយលើការស្នាក់នៅនិងហូបចុក ជំនួសក្រុមប្រតិភូ និងកីឡាករបរទេសទាំងនោះ។
អំឡុងពេលមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជារយៈពេលជាង១០ថ្ងៃ ក្រុមកីឡាករបរទេស ដេកលើគ្រែពូកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅតាមអគារស្នាក់នៅ និងនៅតាមសណ្ឋាគារលំដាប់ផ្កាយប្រាំ។ ពួកគេក៏ទទួលបានការផ្គត់ផ្គង់អាហារហូបចុកចម្រុះគ្រប់ប្រភេទ ដែលសុទ្ធតែជាអាហារឆ្ងាញ់ៗ និងថ្លៃៗ មានទាំងគ្រឿងសមុទ្រ ផ្លែឈើ និងអាហារបែបអឺរ៉ុបជាដើម ជាអាហារ ដែលគេតែងរៀបចំសម្រាប់ទទួលភ្ញៀវនៅតាមសណ្ឋាគារទំនើបៗ។
ប៉ុន្តែរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនបានរៀបចំការការស្នាក់នៅ និងការហូបចុកដល់កីឡាករទូក «ង» ជាពលរដ្ឋខ្មែរ ឱ្យបានប្រហាក់ប្រហែល នឹងក្រុមប្រតិភូនិងកីឡាករបរទេស ដែលមកប្រកួតស៊ីហ្គេមនៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបែរជាផ្ដល់ការយកចិត្តទុកដាក់ខុសគ្នា សម្រាប់ក្រុមកីឡាករទូក «ង» ដោយសារក្រុមកីឡាករទូក «ង» ខ្លះ យកចុងភៅមកចម្អិនអាហារខ្លួនឯង ស្នាក់នៅក្នុងអង្រឹងតាមរោងតង់នៅមាត់ទន្លេ និងខ្លះស្ថិតនៅក្បែរកន្លែងគេចោលសំរាម និងលូបង្ហូរទឹក ដែលប្រឈមក្លិនឆ្អេះឆ្អាប។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី២៩ វិច្ឆិកា។ ប៉ុន្តែលោក ប៉ែន បូណា លើកឡើងតាមទំព័រហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃទី២៨វិច្ឆិកាថា ព្រះរាជពិធីបុណ្យអុំទូក បានរៀបចំឡើងដោយជោគជ័យ និងជាសមិទ្ធផលដ៏ធំមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំលោក ហ៊ុន ម៉ាណែត ដែលទើបមានអាយុកាលជាង៩០ថ្ងៃ។
លោក ប៉ែន បូណា បន្តថា ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងទទួលបានការសប្បាយរីករាយ ប៉ុន្តែលោកមិនបានលើកឡើងឆ្លើយតបទៅនឹងមតិរិះគន់ចំពោះកន្លែងស្នាក់នៅនិងការហូបចុករបស់កីឡាករទូក «ង» ឡើយ។
ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមលោក នី ណាក់ និងជាអ្នកលេងហ្វេសប៊ុកម្នាក់ក្នុងចំណោមជាច្រើននាក់ ដែលបានរិះគន់រដ្ឋាភិបាលជុំវិញការកន្លែងស្នាក់នៅ និងការហូបចុករបស់ក្រុមកីឡាករទូក «ង» ។ លោកបានបង្ហោះរូបភាពកីឡាករទូក «ង» អង្គុយហូបបាយនៅលើតង់កៅស៊ូក្រាលផ្ទាល់ដី និងបានសរសេរខ្លឹមសារថា កីឡាករទូក «ង» ដេកលើដី ស្នាក់នៅក្រោមតង់កៅស៊ូ មានវាសនាខុសគ្នាទៅនឹងក្រុមកីឡាករបរទេស ដែលមកប្រកួតកីឡាស៊ីហ្គេម ទទួលបានការផ្ដល់អាហារថ្លៃៗ និងស្នាក់នៅសណ្ឋាគារលំដាប់ វី.អាយ.ភី (VIP)។
លោក នី ណាក់ ប្រាប់អាស៊ីសេរីបន្ថែមថា មូលហេតុលោកសរសេររិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកបែបនេះ ដោយសារលោកពិនិត្យឃើញរដ្ឋាភិបាលនៅមានចំណុចខ្វះខាតច្រើន ក្នុងការយកចិត្តទុកដាក់លើការហូបចុកនិងការស្នាក់នៅ រួមទាំងការគាំទ្រផ្លូវចិត្ត ទៅក្រុមកីឡាករទូក «ង» បើប្រៀបធៀបទៅក្រុមកីឡាករបរទេស ដែលមកប្រកួតនៅកម្ពុជាអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម។
លោក នី ណាក់៖ «ជាពិសេសហ្នឹង វាជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ហើយកីឡាករផ្នែកទូក «ង» ប្រជាពលរដ្ឋយើងនៅតែចាត់ទុកថា ពិធីនេះ មានសារសំខាន់សម្រាប់លើកមុខមាត់ ដូចការប្រារព្ធពិធី ប្រកួតកីឡាស៊ីហ្គេមដែរ»។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៣នេះ មានទូក «ង» ជាង ៣៣០ (៣៣៨) គ្រឿង និងកីឡាករ ឬចំណុះទូកជាង ២ ម៉ឺន (២០.៤១៧)នាក់ ចូលរួម។ អ្នកតាមដានបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំង យល់ឃើញថា រដ្ឋាភិបាលគួរដល់ពេលរៀបចំឱ្យមានអគារស្នាក់នៅសមរម្យ សម្រាប់ក្រុមកីឡាករទូកចាប់ពីឆ្នាំក្រោយទៅ ហើយមិនគួរឱ្យពួកគាត់មកបោះរោងតង់ស្នាក់នៅតាមមាត់ទន្លេ ដែលគ្មានបន្ទប់ទឹក និងកន្លែងចម្អិនអាហារត្រឹមត្រូវនោះទេ ហើយការធ្វើបែបនេះ ក៏បង្ហាញពីការគិតគូរកីឡាករ «ង» ខ្លួនឯងឱ្យបានស្មើកីឡាករបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។