អ្នកនាំពាក្យគណបក្សកាន់អំណាចទទួលស្គាល់ថា ការធ្វើក្រមា១០០០ម៉ែត្រដែលរៀបចំដោយលោក ហ៊ុន ម៉ានី គឺដើម្បីចង់រកសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក សុខ ឥសាន ក្នុងពេលដែលគណៈកម្មការនៃស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Record) បានដាក់បញ្ចូលក្រមាប្រវែង១០០០ម៉ែត្រទៅក្នុងកំណត់ត្រាពិភពលោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាម (Telegram) របស់លោកថា ការនិយាយថា ផលិតក្រមានេះដើម្បីសន្លឹកឆ្នោតក៏ថាបានដែរព្រោះគេ មិនដែលខិតខំដើម្បីបំផ្លាញសន្លឹកឆ្នោតនោះទេ។
អ្នកនាំពាក្យរូបនេះថែមទាំងថ្លែងចំអកទៅ អ្នករិះគន់ថា ការធ្វើក្រមានេះគ្រាន់បើខ្លាំងជាងអ្នកដែលអត់បានធ្វើអីសោះ ហើយចាំតែរិះគន់ ទាំងងងឹតងងល់។
ប្រតិកម្មបែបនេះរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ក្នុងពេលដែលកូនប្រុសទីពីរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រគណបក្សកាន់អំណាច និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាផង បានដឹកនាំយុវជនរាប់ពាន់នាក់ចូលរួមក្នុងពិធីលាតក្រមាប្រវែង១០០០ម៉ែត្រនៅទីក្រុងកោះពេជ្រ ថ្ងៃទី០១ ខែកក្កដា ដើម្បីឲ្យស្ថាប័នកំណត់ត្រាពិភពលោក ត្រួតពិនិត្យមុនដាក់បញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោកហើយស្ថាប័នមួយនេះក៏បានសម្រេចប្រគល់ប័ណ្ណកំណត់ត្រានៃការបំបែកឯតទគ្គកម្មត្បាញក្រមាខ្មែរវែងជាងគេដល់ក្រុមយុវជនលោក ហ៊ុន ម៉ានី។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) រិះគន់ថា ការធ្វើក្រមាវែងជាងគេលើលោករបស់កូនប្រុសលោក ហ៊ុន សែន គឺគ្រាន់តែជាការធ្វើដើម្បីចង់កេងចំណេញនយោបាយជាជាងការគិតពីប្រយោជន៍ជាតិ។
យុទ្ធនាការបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោកប្រវែង១០០០ម៉ែត្រក្រោមការ ដឹកនាំរបស់លោក ហ៊ុន ម៉ានី និងចលនា Go Go Cambodia បានរៀបចំកម្មវិធីមួយមានឈ្មោះ ថា «រួមគ្នាជឿថាខ្មែរអាចធ្វើបាន» ដើម្បីរួមគ្នាត្បាញក្រមានៃកម្មវិធី “បំបែកឯតទគ្គកម្មក្រមា វែងជាងគេនៅលើពិភពលោក” បានផ្ដើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ យុទ្ធនាការនេះ ត្រូវបានធ្វើយ៉ាងទូលំទូលាយសូម្បីតែមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បានចូលរួមត្បាញក្រមានេះដែរ។
ទោះជាយ៉ាងណា យុទ្ធនាការត្បាញក្រមានេះធ្វើឡើងខណៈប្រទេសកម្ពុជាកំពុងមានវិបត្តិនយោបាយ និងកៀកថ្ងៃបោះឆ្នោតដូចនេះមិនទទួលបានស្វាគមន៍ពីអ្នកធ្វើការងារសង្គម និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊កឈ្មោះ ឆន ប៊ុនហ៊ី បានសរសេរនៅលើហ្វេសប៊ុកអមដោយរូបភាពក្រុមយុវជននាំគ្នាកាន់បង្ហាញក្រមានោះថា ចិនធ្វើអគារបង្អួតលោកា ខ្មែរធ្វើក្រមាបង្អួតលោកីយ៍។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បើកូនប្រុសលោក ហ៊ុន សែន មានការយកចិត្តទុកលើក្រមាខ្មែរមែននោះ គួររកវិធីជួយជ្រោមជ្រែង ទីផ្សារជូនក្រមាខ្មែរ និងទប់ស្កាត់ផលិតផលបរទេសណាដែលធ្វើឲ្យប៉ះពាល់ទីផ្សារក្រមាខ្មែរ នៅក្នុងស្រុកជាការល្អជាង។ លោកបញ្ជាក់ថា លោក ហ៊ុន ម៉ានី និងក្រុមយុវជនរបស់លោកគឺ មានលទ្ធភាពអាចចូលរួមដោះស្រាយបញ្ហាទាំងនោះបាន។ «»
សមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា យុទ្ធនាការនេះធ្វើដើម្បីតែកេងចំណេញនយោបាយរបស់អ្នកនយោបាយប៉ុណ្ណោះ។ ថ្វីត្បិតតែលោក ហ៊ុន ម៉ានី បានបង្កើតព្រឹត្តិការណ៍នេះឡើងពិតមែនប៉ុន្តែអ្នកតំណាងរាស្ត្ររូបនេះ មិនបានបង្ហាញពីដំណោះស្រាយណាមួយដើម្បីជួយរកទីផ្សារក្រមានោះទេ។ អ្នកវិភាគវ័យក្មេងរូបនេះ យល់ថា យុវជនត្រូវមាន ភាពឆ្លាតវ័យក្នុងការចូលរួមសកម្មភាពនានា បើមិនដូច្នេះទេនឹងត្រូវអ្នកនយោបាយបោកប្រើ។ «»
លោក ហ៊ុន ម៉ានី ក៏ធ្លាប់បានដឹកនាំក្រុមយុវជន និងសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើនំអន្សមយក្ស ចាប៉ីដងវែង និងរាំចង្វាក់រាំម៉ាឌីហ្ស៊ុន ដើម្បីបំបែកកំណត់ត្រាពិភពលោក នាពេលកន្លងមកដែរ។ ប៉ុន្តែក្រោយចូលក្នុងសៀវភៅ Guinness World Records នេះហើយ គេមិនឃើញលោក ហ៊ុន ម៉ានី បំផុសឲ្យយុវជនសិក្សាពីចាប៉ីដងវែង ឬរកទីផ្សារសិល្បៈចាប៉ីដងវែង និងទីផ្សារនំអន្សមនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
