ក្រុម​កម្មករ​រោងចក្រ​ថា ពួកគេ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទៅ​លេង​ស្រុក​កំណើត​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

ក្រុម​កម្មករ​ធ្វើការ​រោងចក្រ​ក្នុង​ទីក្រុង​ភ្នំពេញ​លើកឡើង​ថា ពួកគេ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ចំណាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក្នុង​ពេល​ខាងមុខ​ឡើយ ដោយសារ​រោងចក្រ​មិន​មាន​ការងារ​គ្រប់គ្រាន់​ឱ្យ​កម្មករ​ធ្វើ​នោះ​ឡើយ​។ តំណាង​សហជីព​យល់​ឃើញ​ថា ដើម្បី​ឱ្យ​រោងចក្រ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​បណ្ដា​ប្រទេស​លោកខាងលិច​ច្រើន​ឡើងវិញ រដ្ឋាភិបាល​គួរ​ធានា​ឱ្យ​មាន​ស្ថិរភាព​នយោបាយ និង​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ឱ្យ​បាន នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខ។

ក្រុម​កម្មករ​ធ្វើការ​រោងចក្រ ក្នុង​ទីក្រុង​ភ្នំពេញ​លើកឡើង​ដូចៗ​គ្នា​ថា ពួកគេ​ត្រូវ​ចំណាយ​ត្បិតត្បៀត ដើម្បី​អាច​ទៅលេង​ស្រុកកំណើត​បាន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ក្នុង​ពេល​ខាងមុខ ព្រោះ​រោងចក្រ​មិន​មាន​ការងារ​គ្រប់គ្រាន់​ឱ្យ​ពួកគាត់​ធ្វើ ដើម្បី​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ដូច​ឆ្នាំមុនៗ​នោះ​ឡើយ។

តំណាង​កម្មករ​រោងចក្រ ជិន ថៃ លោក សុខ លាប ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ មេសា ថា លោក​ទទួល​បាន​ប្រាក់ខែ​ត្រឹមតែ ៩៥​ដុល្លារ​តែប៉ុណ្ណោះ សម្រាប់​ពាក់​កណ្ដាលខែ​ដំបូង​នៃ​ខែ​មេសា។ លោក​បន្ថែម​ថា លោក និង​គ្រួសារ​លោក​មិន​អាច​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​កំពង់ចាម បាន​ឡើយ​នៅ​ឆ្នាំនេះ​ព្រោះ​លោក​ត្រូវ​បង់ថ្លៃ​បន្ទប់​ដែល​បាន​ជំពាក់​គេ កាលពី​រោងចក្រ​ព្យួរ​ការងារ​លោក​កាលពី​ខែ​មុន។

លោក សុខ លាប៖ «មាន​លុយ​ឯណា​បង​អើយ មាន​លុយ​ហ្នឹង​បើក​ពាក់​កណ្ដាលខែ​ហ្នឹង បាន​តែ​ប៉ុន្មាន បានតែ ៩៥​រៀល (៩៥​ដុល្លារ​អាមេរិក​) សង​គេ​លិច​កើត​ជើង​ត្បូង​ផង​គ្មាន​ទេ ដោយសារ​យើង​ទៅ​ហ្នឹង វា​ប្រាំ​ប្រាំ​មួយថ្ងៃ អ៊ីចឹង​វា​អត់​មាន​លុយ​ទេ ឧបត្ថម្ភ​ឱ្យ​ម៉ែឪ ឱ្យ​អី​អ៊ីចឹង ខ្វះខាត​តិចតួច»។

កម្មករ​រោងចក្រ​វាយនភណ្ឌ និង​ផលិត​ស្បែកជើង កាន់តែ​ប្រឈម​នឹង​ជីវភាព​លំបាក​នៅ​ដើមឆ្នាំ​២០២៣ ដោយសារតែ​ការ​បញ្ជា​ទិញ​ពី​បណ្ដា​ប្រទេស​អឺរ៉ុប (EU) និង​សហរដ្ឋអាមេរិក (United States) ត្រូវ​បាន​កាត់បន្ថយ។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ គឺ​ដោយសារតែ​សង្គ្រាម​រវាង​ប្រទេស រុស្សី (Russia) និង​ប្រទេស​អ៊ុយក្រែន (Ukrain) ក្ដី ប៉ុន្តែ​អ្នកវិភាគ​លើកឡើង​ថា ការ​ថយ​ចុះ​នៃ​ការ​បញ្ជាទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា គឺ​បណ្ដាល​មក​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) របស់​សភាព​អឺរ៉ុប និង ជី.អេស.ភី (GSP) របស់​សហរដ្ឋអាមេរិក ដែល​បណ្ដាល​មក​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ។

ស្រដៀង​គ្នា​នេះ តំណាង​សហជីព​រោងចក្រ មេន អួរ ហ្គាមែន និង​ជា​កម្មករ​ផ្នែក​ឃ្លាំង​នៃ​រោងចក្រ​នេះ​ផង​នោះ លោក ពេជ្រ ពិសិទ្ធ ថ្លែង​ថា បើ​ទោះ​បី​ជា​លោក និង​ប្រពន្ធ​របស់​លោក​ទទួល​បាន​ប្រាក់ខែ​នៅ​ថ្ងៃទី​១០ ខែ​មេសា ក្ដី ប៉ុន្តែ​គ្រួសារ​លោក​នៅតែ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ចំណាយ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដូច​ឆ្នាំមុនៗ​នោះ​ឡើយ។ លោក​បន្ថែម​ថា លោក​គ្មាន​គម្រោង​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ណាមួយ​ឡើយ ហើយ​គ្រួសារ​លោក​ក៏​គ្មាន​ថវិកា​ជូន​ឪពុកម្ដាយ​ឱ្យ​បាន​សមរម្យ​ដូច​មុន​ដែរ។

លោក ពេជ្រ ពិសិទ្ធ៖ «ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​យើង ហ៊ាន​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ក៏ដូចជា​សិទ្ធិ​នយោបាយ​អី ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​អឺរ៉ុប​ផ្ដាច់​២០​ភាគរយ(២០%)ហ្នឹង​បាន​មក​វិញ​មក អ៊ីចឹង​កម្មករ​ជាទូទៅ បើ​យើង​អត់​មាន​សារ(​ការ​បញ្ជា​ទិញ​)​ច្រើន​ទេ គាត់​អត់​មានការ​ងារ​ធ្វើ​ទេ អ៊ីចឹង​យើង​សង្ឃឹម​ថា រដ្ឋាភិបាល នឹង​មាន​ការយោគយល់ ដើម្បី​សហការ​ជាមួយ​អឺរ៉ុប​អី​ទៅ ដើម្បី​ឱ្យ​រោងចក្រ​នៅ​កម្ពុជា​ដំណើរការ​ឡើងវិញ ដូច​កាលពីមុន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

នៅ​ដើមឆ្នាំ​២០២៣​នេះ មាន​រោងចក្រ​ចំនួន​១០ បាន​បិទទ្វារ ខណៈ​រោងចក្រ​ចំនួន​៧១ ព្យួរ​កិច្ច​សន្យាការងារ និង​រោងចក្រ​៦០​ផ្សេងទៀត​បាន​កាត់បន្ថយ​បុគ្គលិក ប៉ះពាល់​ដល់​កម្មករ​ជាង​៣​ម៉ឺន ២​ពាន់​នាក់ និង​ច្រើន​នាក់​ទៀត​បាន​បាត់បង់​ការងារ​ធ្វើ​ទាំងស្រុង​តែម្ដង​។ អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​បើក​លំហ​ប្រជាធិបតេយ្យ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​នោះ​ទេ នោះ​នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ក្រុម​កម្មករ​រាប់​សែន​នាក់ បាត់បង់​ការងារ​ដោយសារ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ផ្សេងទៀត ដែល​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ក្រុម​កម្មករ​រោងចក្រ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។