កម្មករ​អូស​រទេះ​​ប្រហែល​ ១០​នាក់ ​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត​ទាមទារ​​​អាជ្ញាធរ​​​ឱ្យ​បើក​ច្រក​ទ្វារ​ព្រំដែន

កម្មករ​អូស​រទេះ​​ប្រមាណ​ ១០នាក់​នៅ​តំបន់​ព្រំដែន ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​កញ្ញា ​ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត​ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​​​គោរព​ពាក្យ​សន្យា​ផ្តល់​ស្បៀង​អាហារ​។ ពួក​គេ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ ដើម្បី​ពួកគេ​​ប្រកប​របរ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

​ការ​តវ៉ា​នេះ​​ប្រជាពលរដ្ឋ​នាំ​គ្នា​​​ឈរ​កាន់​​បដា​តូចៗ​ដែល​​​​មាន​សរសេរ​ខ្លឹមសារ​ថា​ «អរគុណ​សន្តិភាព​ ខ្ញុំ​សុំ​រស់​ផង» ​ដើម្បី​​បង្ហាញ​ឱ្យ​អាជ្ញាធរ​​​​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ។

​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត​ លោក​ ទុំ រេន ប្រាប់​អាស៊ី​សេរី​​ថា ​មូលហេតុ​ដែល​ពួក​លោក​តវ៉ា​​ ​ដោយសារ​មិន​ពេញ​ចំពោះ​​អាជ្ញាធរ​​​​មិន​គោរព​តាម​ការ​សន្យា​ដែល​ថា​នឹង​ប្រមូល​​ឈ្មោះ​​​ពួក​លោក​ដើម្បី​បើក​​អង្ករ​និង​ស្បៀង​អាហារ​ដោះស្រាយ​ជីវភាព​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា។ ក៏​ប៉ុន្តែ​លោក​ថា អាជ្ញាធរ​​​បាន​ត្រឹម​សន្យា​ខ្យល់​ដោយ​​ពុំ​បាន​​ចែក​ស្បៀង​អាហារ​ដល់​ពួក​លោក​​​នោះ​ឡើយ៖ «យើង​មិន​តវ៉ា​ធ្វើ​អំពើ​ហិង្សា​ណា​ យើង​ទៅ​សុំ​ឱ្យ​អាជ្ញាធរ​​ជួយ​ផង​ ព្រោះ​ដាច់​បាយ​ហើយ​ ព្រោះ​រក​អី​មិន​បាន​អត់​បាន​ការងារ​ធ្វើ​ទេ។ អីចឹង​បើ​សិន​ជា​គេ​ចាប់​យក​ទៅ​ដាក់​គុក​ក៏​ចាប់​ទៅ​ យើង​មិន​ទៅ​ធ្វើ​ខុស​អី​គ្រាន់​តែ​អរ​គុណ​សន្តិភាព​សុំ​រស់​ផង។ ខ្ញុំ​អី​កូន​ច្រើន​ណាស់​​យប់​ឡើង​ដើរ​រើស​អេតចាយ​ ដល់​ម៉ោង ៣ភ្លឺ​ បាន​ទៅដល់​ផ្ទះ​វិញ​ ហើយ​និយាយ​ពី​យប់​ឡើង​ឃើញ​តែ​រទេះ​អ្នក​រើស​អេតចាយ​ ចុះ​បើ​​​សុទ្ធតែ​អ្នក​ដាច់​បាយ​ ចុះ​បើ​អត់​មាន​ការងារ​ធ្វើ​នោះ​ ដល់​អីចឹង​ហើយ​ចេះ​តែ​នាំ​គ្នា​ដើរ​រើស​ទៅ »

លោក ទុំ រេន ឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​​រាប់​រយ​គ្រួសារ​រក​ព្រឹក​ខ្វះ​ល្ងាច​ ព្រោះ​អត់​ការងារ​ជាង​ ៥ខែ​មក​ហើយ​ ដោយសារ​អាជ្ញាធរ​កម្ពុជា​និង​ថៃ​ បិទ​ច្រក​ទ្វារ​ព្រំដែន​​ប្រទេស​ទាំង​ពីរ​បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ លោក​បន្ថែម​ថា ​ចាប់​តាំង​ពី​​​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​​មក អាជ្ញាធរ​ពុំ​​ដែល​ចែក​​ស្បៀង​អាហារ​​ដល់​ពួក​លោក​ម្ដង​ណា​ឡើយ។

ទោះ​ជា​យ៉ាង​ណា ការ​តវ៉ា​នេះ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​​ជួប​ក្រុម​អ្នក​តវ៉ា​​នោះ​ទេ​ ហើយ​ពួកគេ​បាន​ត្រឡប់​​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី២៤ កញ្ញា​ដដែល។

​​អាស៊ី​សេរី​មិន​អាច​ទាក់​អភិបាល​ក្រុង​ប៉ោយប៉ែត​ លោក គាត ហ៊ុល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ប្រធាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ លោក វូច អូន​ ប្រាប់​អាស៊ី​សេរី​ថា ​​អាជ្ញាធរ​​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​ខាង​ភាគី​ថៃ​​សុំ​បើក​ច្រក​ទ្វារ​ព្រំដែន​​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​​លើក​រួច​​មក​ហើយ​ ក៏​ប៉ុន្តែ​​ត្រូវ​បាន​បដិសេធ​ ដោយ​អាជ្ញាធរ​ថៃ​ព្រួយបារម្ភ​ខ្លាច​​​ឆ្លង​ជំងឺ​កូវីដ១៩៖ «ក្រែង​លោ​វា​បើក​ច្រក​ទៅ​វា​អន្តរាយ​ជាង​បិទ បើ​បើក​ច្រក​ទៅ​បាន​ចំរើន​មាន​អី​បើ​បើក​ច្រក​ទៅ​វា​ចង្រៃ​ធ្វើ​យ៉ាង​ម៉េច ? ។ មិន​មែន​មាន​តែ​ច្រក​ប៉ោយប៉ែត​មួយ​ណា​ គេ​បិទ​ទូទាំង​ប្រទេស​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ​ ។​ចំពោះ​ទំនិញ​ដឹក​ចេញ​បាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ ដែល​ជា​អ្នក​បើក​ឡាន​ ហើយ​មក​ពាក់​សុទ្ធតែ​ស្បោង​ប្លាស្ទិក​ទៀត​ ដើម្បី​ការពារ​ជំងឺ​ឆ្លង »

អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​តាំង​ពី​ថ្ងៃ​ទី២៣ មីនា រហូត​មក ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី២៤ កញ្ញា មិន​ទាន់​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើង​វិញ​នៅ​ឡើយ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​គួរ​តែ​ចែក​ស្បៀង​អាហារ​ដល់​ប្រជាពលរដ្ឋ​​​ ជា​ពិសេស​​ជន​ក្រីក្រ​ដែល​​ប៉ះពាល់​​​បណ្ដាល​មក​ពី​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។​ លោក​ចាត់​ទុក​អាជ្ញាធរ​ដែល​សន្យា​ខ្យល់​នេះ​ថា ជា​មន្ត្រី​មិន​ល្អ​នៅ​ក្នុង​សង្គម ដោយ​​ខ្វះ​ការ​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ៖ «ត្រូវ​តែ​ចាត់​ទុក​ប្រជាពលរដ្ឋ​គឺ​ជា​ម្ចាស់​វាសនា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ម្ចាស់​សិទ្ធិ​ឱ្យ​បាន​ត្រឹមត្រូវ។ បើ​សិន​តែ​ខ្លួន​គិត​ថា​ប្រជាពលរដ្ឋ​ហ្នឹង​មិន​ដឹង​មិន​ឮ​សន្យា​ខ្យល់​ដូច​​មុនៗ អី​មិន​ហ៊ាន​ម៉ាត់​ហ៊ាន​ក​ទេ ខ្លួន​នឹង​ខក​ធំ​ហើយ​ ព្រោះ​ថា​ខ្លួន​ឡើង​មក​អង្គុយ​កៅអី​រដ្ឋ​នេះ ខ្លួន​បាន​សន្យា​បាន​ស្បថ​​រួច​ហើយ​ថា ខ្លួន​មក​អង្គុយ​ហ្នឹង​គឺ​បម្រើ​រាស្ត្រ​ហើយ »

កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ក្រុម​កម្មករ​អូស​រទេះ អាជីវករ និង​ប្រជាពលរដ្ឋ​​នៅ​ក្រុង​ប៉ោយប៉ែត​ប្រមាណ ៣០នាក់​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​អាជ្ញាធរ​ខ្មែរ​អន្តរាគមន៍​ទៅ​ភាគី​ថៃ សុំ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើង​វិញ ម្ដង​រួច​មក​ហើយ។ ការ​ទទូច​សុំ​បើក​ព្រំដែន​នេះ គឺ​ដើម្បី​ពួក​គេ​អាច​ប្រកប​របរ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ឡើង​វិញ​បាន។

ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ចែក​ស្បៀង​អាហារ ឬ​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើង​វិញ​ទេ​នោះ ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត ក្នុង​ពេល​ឆាប់ៗ ហើយ​នឹង​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។