តាមទំនៀមពីបុរាណ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ឆ្នាំឆ្លូវឆ្នាំ២០២១នេះ នឹងចូលមកដល់នៅ ម៉ោង ៤ ទាបភ្លឺ ដើមថ្ងៃពុធ ៣កើត ខែ ពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១។ ប៉ុន្តែជាអកុសល ការប្រារព្ធពិធីដ៏សំខាន់មួយនេះ ស្ថិតក្នុងស្ថានភាពសោះកក្រោះ ចំនួន ២លើកមកហើយ គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ដោយសារវិបត្តិ កូវីដ១៩ ដែលមិនអាចឲ្យប្រជាពលរដ្ឋប្រារព្ធពិធីនៅតាមទីសាធារណៈ និងទីវត្តអារាម បានទូលំទូលាយ ដូចបណ្ដាឆ្នាំមុនៗ នោះឡើយ។
តើ ចាស់ព្រឹទ្ធាចារ្យ ដែលមានជំនាញ សិក្សាស្រាវជ្រាវអំពីប្រពៃណីទំនៀមទម្លាប់ខ្មែរ និងការរៀបចំពិធីបុណ្យជាតិធំៗ ណែនាំឲ្យពលរដ្ឋគោរពប្រតិបត្តិពិធីចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងសម័យកូវីដនេះ យ៉ាងដូច្នេះខ្លះ?
ដោយសារតែមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ឆ្លូវ ឬឆ្នាំគោ ចូលមកនៅថ្ងៃពុធ ៣កើត ខែពិសាខ វេលាម៉ោង៤ទាបភ្លឺ គឺចំវេនទេវតាព្រះនាម«មណ្ឌា ទេវី» ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ចូលមកថែរក្សាទ្វីបលោកយើងនេះ ក្នុងរយៈពេលពេញមួយឆ្នាំ បន្តវេនពីទេវតាឆ្នាំចាស់។
តាមការគន់គូរនៃក្រុមជំនុំវិជ្ជាហោរាស្រ្តពីបុរាណ បានបង្ហាញថា នៅក្នុងរាត្រីទាបភ្លឺថ្ងៃពុធ ៣កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសានោះ ព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯ មេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម «មណ្ឌាទេវី» ជាបុត្រីទី៣ក្នុងចំណោមបុត្រីទាំង៧អង្គ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ពណ៌ខៀវខ្ចី ឬពណ៌ផ្ទៃមេឃ) លម្អនូវ ព្រះកាណ៌ដោយសៀតផ្កា ចម្ប៉ា អាភរណៈទ្រង់ពាក់ កែវពិទូរ្យ(ជាពពួកត្បូងពណ៌លឿងមួយប្រភេទ ដែលមានឆ្នូតនៅចំកណ្ដាល មានសណ្ឋានដូចកែវភ្នែកឆ្មា ) ភក្សាហារទ្រង់សោយ សប្បិ (ទឹកដោះថ្លា) ទ្រង់អាវុធ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេង ទ្រង់យដ្ឋិ (ឈើច្រត់) គង់ផ្ទំបិទព្រះនេត្រលើខ្នងគទ្រភ (សត្វលា) ជាពាហនៈ។
នៅក្នុងសង្ក្រានទាំង៣ថ្ងៃនេះរួមមាន៖
ថ្ងៃពុធទី៣រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២១ ជាថ្ងៃដំបូងនៃមហាសង្ក្រាន្តឆ្នាំផ្លូវ។
ថ្ងៃព្រហស្បតិ៍ទី៤ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ជាវារៈវ័នបត (ថ្ងៃកណ្ដាល)
និងថ្ងៃសុក្រ ទី៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ជាវរៈឡើងស័ក
គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេចដោយបរិបូណ៍។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី គឺមាន ជាប់ទាក់ទងជាសំខាន់នឹងរឿងព្រេងនិទានពីបុរាណ នៃបុត្រីទាំង៧អង្គរបស់កបិលមហាព្រហ្ម ដែលមានកាតព្វកិច្ចយាងមកប្ដូរវេនគ្នារក្សាទ្វីបលោកយើងនេះ និងធ្វើបុណ្យ សុនន្ទា ថ្វាយព្រះរាជកុសលដល់ព្រះបិតា តាមកាលកំណត់ទៅតាមជំនឿរបស់ខ្មែរតាំងពីបុរាណកាល រហូតដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងការរៀបចំគ្រឿងរណ្ដាប់ និងពិធីការផ្សេងៗ ដើម្បីទទួលទេវតាឆ្នាំថ្មី និងការគោរពប្រតិបត្តិតាមទំនៀមពីបុរាណវិញ គេឃើញមានការរៀបចំខុសគ្នាត្រង់ផ្នែកខ្លះទៅតាមខេត្ត និងតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋសាមញ្ញ ស្ថាប័នរដ្ឋ ឬគ្រឹះស្ថានធំៗ និងព្រះបរមរាជវាំង។
សម្រាប់ទេវតា ឆ្នាំថ្មី ឆ្នាំឆ្លូវនេះ ចាស់ព្រឹទ្ធាចារ្យ ដែលមានចំណេះជំនាញខាង ប្រពៃណី ទំនៀមទម្លាប់ពីបុរាណបានឲ្យកូនចៅប្រុសស្រីទាំងឡាយត្រៀមរៀបចំគ្រឿងសក្ការៈទទួលទេវតាឆ្នាំថ្មីមានបាយសី ១គូ ឬរៀបបាយសី ៣ថ្នាក់ ៥ថ្នាក់ ៧ថ្នាក់ ៩ថ្នាក់ ស្លាធម៌ ១គូ ធូប៥ ទៀន៥ ទឹកអប់ ១គូ ផ្កាភ្ញី លាជ ទឹក១ផ្តិលធំ ភេសជ្ជៈ នំនែក ផ្លែឈើ និងមានទឹកដោះស្រស់ថ្លាផង បើសិនជាមាន ពីព្រោះភត្តាហារសំខាន់បំផុតសម្រាប់ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវនេះគឺសោយសិប្បិ ឬទឹកដោះស្រស់ថ្លានេះ។
សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ គឺ លោកគ្រូហោរាចារ្យ ប៊ុន វាស្នារ មានប្រសាសន៍ពន្យល់បន្ថែមលើរឿងនេះថា ពលរដ្ឋភាគច្រើនដែលជីវភាពធូរធារ តែងតែរៀបចំបែបនេះ ខ្លះក៏មានរៀបចំធំដុំជាងនេះទៀតក៏មានដែរ ដោយពួកគាត់មានជំនឿថា នឹងទទួលបានសេចក្ដីសុខ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងត្រូវតាមទំនៀមទម្លាប់ខ្មែរ និងចូលរួមថែប្រពៃណីពីបុរាណផង។
លោកបន្តថា ដោយឡែកក្នុងកាលៈទេសៈ ប្រទេសមានវិបត្តិជំងឺឆ្លងកូវីដ១៩ យើង អាចរៀបចំដោយសង្ខេបក៏បានដែរ៖ « បើយើងនិយាយអំពីកាលៈទេសៈលំបាកបែបនេះ ទោះបីជាយើងអត់មាន យ៉ាងហោចណាស់ក៏យើងមានបឆាមមួយគូរ ទៀន៥ ធូប៥ ដែលយើងហៅថា ខន្ធ ៥ហ្នឹង រួមជាមួយផ្លែឈើ នំ ចំណីមួយល្មម មានអង្ករ ល្ង សណ្ដែក រៀបដាក់ជើងពាន ឬចាន ទៅតាមលទ្ធភាពដែលយើងអាចរៀបបាន »។
ក្រៅពីពិធីទទួលទេវតា ជាធម្មតានៅទីអារាមនានា តែងតែមានពិធីសាសនា និងប្រពៃណីទំនៀមទម្លាប់ជាច្រើនទៀត ដូចជាពិធីស្រង់ព្រះ ពូនភ្នំខ្សាច់ និងការលេងល្បែងប្រជាប្រិយជាដើម។
ព្រះចៅអធិការវត្ត ត្រពាំងគង់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រះតេជព្រះគុណ ស៊ុម សេដ្ឋា មានថេរដីកា ប្រាប់អាស៊ីសេរីឲ្យដឹងថា៖ នៅតាមទីអារាម បានលុបចោលនូវកម្មវិធីមួយចំនួន ដោយសារមិនចង់មានការជួបជុំគ្នាច្រើនខ្លាចឆ្លងជំងឺកូវីដ១៩ និងត្រូវគោរពបម្រាមរបស់អាជ្ញាធរ៖ « រាល់ឆ្នាំអាត្មា មានទៅបិណ្ឌបាតតាមភូមិ ទៅនោះគឺថា លោកវត្តយើងមានប៉ុន្មានទៅទាំងអស់ទៅ តែឆ្នាំនេះទៅមិនកើតទេ ព្រោះញាតិញោមខ្លាចឆ្លងខ្លាចអីអ៊ីចឹង ពិបាកគ្រប់គ្រង អ៊ីចឹងធ្វើធម្មតា… »
ទោះយ៉ាងណាក្តី ព្រះសង្ឃ និងព្រឹទ្ធាចារ្យ បានផ្តល់ឱវាទថា ពលរដ្ឋក្មេងចាស់ប្រុសស្រីទាំងឡាយ គប្បីត្រូវការពារខ្លួនតាមវិធានសុខាភិបាលធ្វើយ៉ាងណាជៀសឆ្ងាយពីការឆ្លងជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយបើទោះបី ជាមិនបានសម្រិតសម្រាំងរបស់ប្រណិត ដើម្បីទទួលទេវតាឆ្នាំថ្មីដូចសព្វដងក្តី ក៏យើងត្រូវធ្វើសមាទានសីល លះបង់អំពើអាក្រក់ អំពើបាប ឬអំពើអកុសលទាំងឡាយដែលធ្លាប់មានពីមុនមកនោះចោលចេញឲ្យអស់ ហើយតាំងចិត្តប្រព្រឹត្តិល្អ ចិត្តបុណ្យ មានមេត្តាករុណា ទើបសេចក្តីសុខគ្រប់យ៉ាង កើតមានជានិរន្តរដល់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ «ឆ្លូវ» ២០២១ នេះ ខ្ញុំបាទ សេក បណ្ឌិត និងសហការី នៃអាស៊ីសេរីទាំងអស់ សូមជូនពរដល់លោកអ្នកនាង កញ្ញា និងក្រុមគ្រួសារទាំងអស់ ឲ្យជៀសផុតពីរោគាព្យាធិទាំងឡាយ។
មួយវិញទៀតប្រសិនបើលោកអ្នកនាងប្រាថ្នាចង់បានអ្វីនោះ សូមឲ្យទទួលបានដូចក្ដីបំណង ប្រាថ្នា។ សូមលោកអ្នកនាង មានសេចក្ដីរីករាយ សុភមង្គល គ្រប់ក្រុមគ្រួសារទាំងអស់ ប្រកបដោយសេចក្ដីមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ចាប់ពីឆ្នាំថ្មីនេះ និងឆ្នាំខាងមុខៗ ទៀតតរៀងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
