អ្នកជំនាញ​ជំរុញ​ឱ្យ​ជនរងគ្រោះ​ក្លាហាន​វែកមុខ​ក្រុម​បោកប្រាស់​តាមរយៈ​ការ​ផ្ដល់​កម្ចី​តាម​អនឡាញ

0:00 / 0:00

អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកជំនាញ​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ឬ​អនឡាញ (Online) លើកទឹកចិត្ត​អ្នករងគ្រោះ​ដោយសារ​ការបោកប្រាស់​តាម​បណ្ដាញ​សង្គម ទាក់ទង​នឹង​កម្ចី​តាម​អនឡាញ ឱ្យ​ក្លាហាន​ចេញ​មុខ​រួមគ្នា​វែកមុខ​ជន​ឆបោក។

ការ​លើកឡើង​នេះ​បន្ទាប់​ពី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​រក​ឃើញ​ថា ស្ត្រី​ខ្មែរ​កំពុង​ក្លាយជា​គោលដៅ​នេះ​ការប្រើប្រាស់​កម្ចី​អនឡាញ ដោយ​ទាញ​ស្ត្រី​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារប្រាក់​តាមរយៈ​ការប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។

ក្រុម​អ្នកជំនាញ​លើក​ឡើង​ថា អ្នករងគ្រោះ​ជា​ផ្នែក​សំខាន់​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​បាន​ផង ជួយ​ជនរងគ្រោះ​ឱ្យ​រួច​ពី​អន្ទាក់​បំណុល​វណ្ឌ​ក និង​ទប់ស្កាត់​មិន​ឱ្យ​ករណី​បែប​នេះ​បន្ត​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ។

អ្នក​សិទ្ធិមនុស្ស និង​អ្នកជំនាញ​សន្តិសុខ​ឌីជីថល រំពឹង​ថា ការ​លាតត្រដាង​ពី​ការ​ឆបោក រួម​នឹង​ភស្តុតាង​នានា ដែល​ផ្ដល់​ដោយ​ជនរងគ្រោះ នឹង​ជួយ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឈាន​ទៅ​ដោះស្រាយ​បញ្ហា និង​ជួយ​ជនរងគ្រោះ​ពី​ការ​ផ្ដល់​កម្ចី​អនឡាញ​បាន​ទាន់​ពេល​វេលា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ដើម្បី​ទប់ស្កាត់​ការបោកប្រាស់​ជាពិសេស​ការ​ផ្ដល់​កម្ចី​បោកប្រាស់​បាន​សំខាន់​បំផុត​គឺ​ជនរងគ្រោះ​ត្រូវ​ហ៊ាន​ចេញមុខ ក្នុង​ន័យ​ជួយ​ខ្លួន​ផង និង​ជួយ​ទប់ស្កាត់​មិន​ឱ្យ​ករណី​ឆបោក​បន្ត​កើតមាន​ផង។ លោក​បន្ត​ថា ជនរងគ្រោះ​អាច​ជ្រើសរើស​ទៅ​ប្ដឹង​អាជ្ញាធរ ឬ​ទៅ​ជួប​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​អាច​ទុក​ចិត្ត​បាន៖ «បើ​ដឹងខ្លួន​ថា​ចាញ់បោក​គេ​ហើយ គេ​បៀតបៀន​ខ្លួន​តាម​ប្រព័ន្ធ​អនឡាញ​ហើយ ទី​១ យើង​ប្រមូល​ភស្តុតាង គឺ​ការ​ថត ស្គ្រីនសត (Screen shot) ការ​កត់​អត្តសញ្ញាណ​ផ្សេងៗ ដើម្បី​ទុក្ខ​ជា​ភស្តុតាង ហើយ​ហ៊ាន​ចេញមុខ​នៅក្នុង​ការ​ប្ដឹង​ទៅ​សមត្ថកិច្ច ដើម្បី​ឱ្យ​ចាត់វិធានការ​តាមច្បាប់ ទោះ​បីថា​តាម​ប្រព័ន្ធ​អនឡាញ​ក៏ដោយ ប៉ុន្តែ​សម័យ​បច្ចេកវិទ្យា យើង​ដឹង​ហើយ​ថា អ្នកបច្ចេកទេស​ក៏​គេ​មាន​បច្ចេកទេស​ខ្ពស់​ដែរ អ៊ីចឹង​ក៏​គេ​អាច​នឹង​ស្វែង​រក​ឃើញ​។ ហើយ​អ្វី​ដែល​សំខាន់​ទៀត​គឺ​យើង​កុំ​ផ្អែក​ទៅ​លើ​ការ​បាក់​ទឹកចិត្ត ការ​ខ្លាច ការ​ភ័យ ការ​មិន​ហ៊ាន»។

អង្គការសិទ្ធិមនុស្ស​លីកាដូ កាលពី​ថ្ងៃទី​១ ខែសីហា បាន​ចេញ​ផ្សាយ​របាយការណ៍ និង​វីដេអូ​ខ្លី បង្ហាញ​ថា ការបោកប្រាស់​ដោយ​ផ្ដល់​ប្រាក់​កម្ចី​តាម​អនឡាញ​កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)​និង​តេឡេក្រាម (Telegram) ដែល​អាច​ទាញ​ស្ដ្រី​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារប្រាក់​ពី​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​កាយ​របស់​ជន​រងគ្រោះ។

អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​បញ្ជាក់​ថា កាលពី​ឆ្នាំមុន អង្គការ​នេះ​ទទួល​បាន​ព័ត៌មាន​ពី​ការ​កេងប្រវ័ញ្ច​ស្ត្រី​ចំនួន ៣​នាក់ ជា​អ្នក​រង​ការ​បៀតបៀន​ដោយ​អ្នកផ្ដល់​កម្ចី​តាម​អនឡាញ។ អង្គការ​លីកាដូ​បញ្ជាក់​បន្ត​ថា ស្ត្រី​រងគ្រោះ​បាន​ជួបប្រទះ​រឿង​ស្រដៀង​គ្នា ក្នុង​នោះ ជំហាន​ដំបូង​ពួកគេ​បាន​ខ្ចីប្រាក់​ប្រមាណ​ពី​៤០ ទៅ ៧០​ដុល្លារ ពី​ក្រុមហ៊ុន ឬ​បុគ្គល ដែល​ផ្សព្វផ្សាយ​ផ្ដល់​កម្ចី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេឡេក្រាម ដើម្បី​ដោះ​ទាល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ ពួកគេ​បាន​កម្ចី​ទាំងនោះ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ និង​លក្ខខណ្ឌ​មិន​ច្បាស់លាស់ រហូត​បាន​ក្លាយជា​បំណុល​វណ្ឌ​ក​។ នៅពេល​សម្ពាធ​នៃ​អត្រា​ការប្រាក់​ឈានដល់​ចំណុច​ធ្ងន់ធ្ងរ ក្រុម​ថ្មី​មួយ ដែល​មាន​ឈ្មោះថា Loanly បាន​ចេញមុខ​ផ្ដល់​កម្ចី​ខ្នាត​ធំ​រហូតដល់​រាប់ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ស្ត្រី​ជា​កូនបំណុល​ផ្ញើ​រូបភាព ឬ​វីដេអូ​អាក្រាត​កាយ ឯកសារ​សម្គាល់​ខ្លួន និង​ទីតាំង​រស់នៅ​របស់​ពួកគេ ទៅ​ឱ្យ​ម្ចាស់​ប្រាក់កម្ចី​ជា​ថ្នូរ​មុន​នឹង​បាន​ប្រាក់​កម្ចី។

កម្មករ​កាត់ដេរ​ម្នាក់ ដែល​វិទ្យុ​អាស៊ីសេរី​បាន​សម្ភាស​ប្រាប់​ថា នៅ​ពេល​គ្រួសារ​លោកស្រី​ទ័ល​ខ្លាំង លោកស្រី​ក៏​ទៅ​ខ្ចីប្រាក់​ចំនួន​៤០ ដុល្លារ​ពី​អ្នកផ្ដល់​កម្ចី​អនឡាញ ហើយ​បាន​សង​គេ​រួចរាល់​ក្នុង​រយៈពេល​មួយ​អាទិត្យ​។ ក្រោយមក​ក៏​គេ​ឱ្យ​ខ្ចី​ចំនួន​៧០​ដុល្លារ ដោយ​តម្រូវ​ឱ្យ​លោកស្រី​ថតរូប​មាន​បញ្ជាក់​ទីតាំង និង​ប័ណ្ណ​សម្គាល់​ខ្លួន ព្រមទាំង​លេខ​ទូរស័ព្ទ​គ្រួសារ​សាច់ញាតិ​ចំនួន​៣​ខ្សែ​។ ប្រាក់កម្ចី​ទាំងនោះ​មានការ​ប្រាក់​ខ្ពស់​ពី​១០ ទៅ​២០​ដុល្លារ​ក្នុង​មួយ​អាទិត្យ​។ លោកស្រី​ថា​មកដល់ពេល​នេះ​ម្ចាស់បំណុល​បាន​តម្រូវ​ឱ្យ​បង់ប្រាក់ ដោយ​មានការ​គម្រាម​កំហែង​ធ្វើបាប​ក្រុម​គ្រួសារ​លោកស្រី​។ លោកស្រី​បន្ត​ថា ស្របគ្នា​នេះ​ក៏​មាន​ម្ចាស់​ប្រាក់​កម្ចី​ថ្មី​មួយទៀត​បាន​ចេញ​មុខ​ផ្ដល់​កម្ចី​បន្ថែម​ទៀត ដែល​អាច​ឱ្យ​ខ្ចី​ដល់​២​ពាន់​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ទៀត តែ​លោកស្រី​ថា ពេលនេះ​លោកស្រី​កំពុង​ភ័យខ្លាច​មិន​ហ៊ាន​យក​ប្រាក់​នោះ​ទៀត​ទេ៖ «ដល់ពេល​ដែល​ជិត​ដល់​ថ្ងៃ​បង់​គាត់ មាន​សារ ម៉េស​សេក (Message) មក​មួយ​ទៀត​ជា​កម្ចី អនឡូន ដូចគ្នា ប៉ុន្តែ​ដូរ​រូបភាព​ដាក់​រូប​តុក្កតា ដាក់​រូប​ខ្លាឃ្មុំ​អីចឹង អត់​ដាក់​រូប​មនុស្ស​ទេ។ គាត់​ទាក់ទង​រហូត​បង្ខំ​ឱ្យ​ផ្ញើ​លុយ​៧០​ដុល្លារ​ហ្នឹង​ទៅ បើ​មិន​ចង់​មាន​រឿង​គាត់​ប្ដឹង​ប៉ូលិស ហើយ​ក៏​មាន​ពាក្យសម្ដី​ហៅ​ទៅ​ប្រាប់​ប្ដី​ខ្ញុំ​ថា​ស្គាល់​ដំបង​ដែក​អត់ វាយ​ទាល់តែ​បាក់ក បាក់ជើង​ហើយ​គេ​យក​ដល់​ជីវិត​ទៀត គេ​និយាយ​គំរាមកំហែង​ខ្ញុំ​អីចឹង​បង​។ អ៊ីចឹង​អត់​ហ៊ាន​ទៅ​ជួប​កូន​ជួប​អី​ខ្លាច​គេ​ធ្វើបាប​តាមផ្លូវ អត់​ហ៊ាន​សោះ លុយ​ត្រឹម​៧០​រៀល​ (​ ដុល្លារ​ )​ ទេ​បង​។ មូលហេតុ​របស់ខ្ញុំ ខ្ញុំ​ហ៊ាន​ចង​គេ ខ្ញុំ​នឹក​ឃើញថា ណាមួយ​អត់​មាន​ទឹកដោះគោ​កូន ខ្ញុំ​ហ៊ាន​យក​លុយ​គេ​ទាំង​បង្ខំចិត្ត ដែល​ថា​មួយ​អាទិត្យ​បង់​គេ​ហ្នឹង​ណា​បង​។ ហើយ​មួយទៀត​ខាង​ខ្ញុំ​កម្ចី​ពី​២​ពាន់ ដល់​៥​បាន់​ដុល្លារ​អត់​មាន​ដាក់​អី​ទេ​បង តែ​គេ​ឱ្យ​ផ្ញើ​សេវា​ឱ្យ​គេ​មុន​៧០​ដុល្លារ»។

មិន​ខុសគ្នា​នេះ​ដែរ ស្ត្រី​កូនបំណុល​មួយ​រូប​ទៀត​បាន​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ថា គាត់​បាន​យល់​ព្រម​ទទួល​កម្ចី ក្នុង​ទឹកប្រាក់​រាប់​រយ​ដុល្លារ ដោយ​សុខចិត្ត​ថតរូប​អាក្រាត​កាយ នៅពេល​ម្ចាស់​ប្រាក់​ធានា​ថា មិន​ឱ្យ​រូបភាព​នោះ​បែកធ្លាយ​ឡើយ ហើយ​គេ​នឹង​លុប​រូប​នោះ​ចោល​នៅ​ពេល​សង​ប្រាក់​គ្រប់​ចំនួន។ ប៉ុន្តែ​ក្រោយមក​បំណុល​នោះ​សង​មិន​ចេះ​ចប់ ហើយក៏​កើតមាន​ការ​ជំរិត​ទារប្រាក់​បន្ថែម ដោយ​គំរាម​ថា នឹង​បញ្ចេញ​រូបភាព​អាក្រាត​កាយ​នោះ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ​រស់នៅ​ដោយ​ការភ័យខ្លាច​ជាប់​ជានិច្ច៖ «គឺ​វា​ថា​នឹង​បោះពុម្ព ព្រី​ន (Print) រូប​អាក្រាត​កាយ​របស់​យើង​ហ្នឹង ទៅ​បាច​នៅ​ពេញ​ភូមិ​ហ្នឹង​ហ្មង ឱ្យ​នរណា​ក៏​ឃើញ​ដែរ​។ ពេល​ហ្នឹង​ខ្ញុំ​ស្រក​គីឡូ​ច្រើន​មែនទែន សូម្បីតែ​បាយ​ម៉ា​ម៉ាត់​ក៏​ហូប​អត់​ចូល​ដែរ»។

ទាក់ទង​នឹង​ករណីនេះ​អង្គការសិទ្ធិមនុស្ស​លីកាដូ ក៏​បាន​ដាក់ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ចំនួន​៣​នាក់​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ លោក ជា ពៅ បាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ក៏​នៅ​មិនទាន់​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នៅឡើយ​ដែរ។

កន្លងទៅ លោក ជា ពៅ អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​នៅពេល​ទទួល​បាន​បណ្ដឹង​ណាមួយ។

ទាក់ទង​នឹង​កម្ចី​អនឡាញ​នេះ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក កាំង តុងងី ណែនាំ​ថា មក​ដល់​ពេល​នេះ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ស្ថាប័ន​ផ្ដល់​កម្ចី​តាម​អន​ឡាញ​ដាច់​ដោយឡែក​ស្របច្បាប់​មាន​ដំណើរ​ការ​ជា​ផ្លូវការ​នៅឡើយ​ទេ គឺ​មានតែ​ធនាគារ​មួយ​ចំនួន​ដែល​ប្រើ​បណ្ដាញ​សង្គម​អនឡាញ​ត្រឹមតែ​ជា​ចំណែក​ទាក់ទង​ជាមួយ​អតិថិជន​។ លោក​បន្ត​ថា ភាគច្រើន​នៃ​ការ​ផ្ដល់​កម្ចី​តាម​អនឡាញ អាច​ពាក់ព័ន្ធ​នឹង​កម្ចី​បោកប្រាស់៖ «គ្រឹះស្ថាន​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្ដល់​កម្ចី​ពី​ធនាគារជាតិ​ក៏​អាច​ធ្វើ​ទម្រង់​អនឡាញ​ដែរ ប៉ុន្តែ​ជាក់ស្ដែង​ការអនុវត្ត​ផ្ទាល់​មាន​តិច​នៅ​ឡើយ​ទេ​។ អ្វី​ដែល​យើង​ឃើញ​តាម​អនឡាញ​ជាក់ស្ដែង​ហ្នឹង​គឺជា​ជន​បោកប្រាស់​ស្ទើរ​តែ​៩៥ % សុទ្ធតែ​ជា​ជន​បោកប្រាស់​ទេ​។ មាន​មួយ​ក្រុម​ទៀត​គាត់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ក្រុមហ៊ុន​ថ្មីៗ ដែល​គាត់​ធ្វើ​លើ​ការ​ផ្ដល់​កម្ចី​ហ្នឹង​ដែរ តែ​មិន​មាន​ច្រើន​ទេ ហើយ​ដែល​យើង​ឃើញ​ចាក់​ស្ដែង​នៅក្នុង​ទីផ្សារ​តាម​ផេក (Page) តាម​តេឡេក្រាម (Telegram) តាមតិកតុក (Tictok) អី គឺ​អត់​មាន​ច្បាប់​ទេ ហើយ​មួយចំនួន​អាច​និយាយ​បាន​ថា អាជីវកម្ម​របស់​គាត់​គឺជា​ឧក្រិដ្ឋកម្ម​តែម្ដង គឺ​មាន​ការ​គំរាមកំហែង ការ​បោក​បន្លំ»។

ជុំវិញ​ការ​លើកទឹកចិត្ត​អ្នករងគ្រោះ​វិញ ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល លោក ង៉ែត ម៉ូសេ លើក​ឡើងថា ការ​សហការ​របស់​ជនរងគ្រោះ មិន​គ្រាន់តែ​ជួយ​ដល់​អាជ្ញាធរ​ទេ ថែមទាំង​អាច​ឱ្យ​ជនរងគ្រោះ​បាន​ទទួល​ជំនួយ​នានា ពិសេស​ជំនួយ​ព្យាបាល​បញ្ហា​ផ្លូវចិត្ត៖ «បើ​យើង​អត់​បាន​រាយការណ៍​ទេ យើង​នឹង​បង្កើត​នូវ​ជនរងគ្រោះ​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​។ ក្រៅពី​ជនរងគ្រោះ គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គឺ​ត្រូវ​ប្រមូល​ភស្តុតាង​ធ្វើការ​សិក្សា​ស្រាវជ្រាវ ហើយនឹង​ជួយ​ដល់​ជនរងគ្រោះ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត គឺ​គាត់​ទទួល​បាន​ការអប់រំ​ផ្លូវចិត្ត ។ ក្រោយពី​មាន​បញ្ហា​កើតឡើង​មិន​គួរ​ទុក​ឱ្យ​គាត់​នៅ​សហគមន៍ ឱ្យ​គាត់​នៅតែ​ឯង​ដោយ​គ្មាន​ការ​ប្រឹក្សា​ព្យាបាល​ផ្លូច​ចិត្ត​នោះ​ទេ»។

ជាមួយ​គ្នា​នេះ​អ្នកជំនាញ​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ធនធាន ពិសេស​ធនធាន​មនុស្ស ដើម្បី​ឆ្លើយតប​នឹង​បណ្ដឹង​ពលរដ្ឋ ដែល​អាច​ជួយ​សង្គ្រោះ​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា ព្រោះ​ការ​គំរាមកំហែង ជំរិត​ទារប្រាក់ ដោយ​ប្រើប្រាស់​រូបភាព​អាក្រាត​កាយ​របស់​ស្ត្រី ជា​បន្ទុក​ធ្ងន់ធ្ងរ​អាច​ជំរុញ​ឱ្យ​ស្ត្រី​មាន​វិបត្តិ​ផ្លូវចិត្ត ឬ​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។