ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ ឬហៅថាស្ពានកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យអុំទូកចុងក្រោយ។
កាលណោះ មានមនុស្ស ៣៥០នាក់ ស្លាប់ និងរាប់រយនាក់ ផ្សេងទៀតរងរបួស។ រយៈពេល១០ឆ្នាំ មកនេះ ជនរងគ្រោះខ្លះ នៅតែសោកស្ដាយចំពោះព្រឹត្តិការណ៍សោកនាដកម្មនេះ។ សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាល បន្តការស៊ើបអង្កេត រកអ្នកទទួលខុសត្រូវ ក្នុងព្រឹត្តិការណ៍នោះ។
ក្រុមគ្រួសារដែលមានសមាជិកជួបគ្រោះថ្នាក់បាត់បង់ជីវិត និងអ្នកដែលបានរួចពីស្លាប់ក្នុងហេតុការណ៍ជាន់នៅលើស្ពានពេជ្រ តែងតែមានភាពក្ដុកក្ដួល តក់ស្លុត ពេលដែលនឹកឃើញរឿងនោះម្តងៗ និងធ្វើឲ្យពួកគេនឹកស្ដាយស្រណោះ ដល់មិត្តភ័ក្ដិ និងសមាជិកគ្រួសាររបស់ខ្លួន ដែលឃ្លាតឆ្ងាយទៅដោយគ្មានថ្ងៃវិលត្រឡប់មកវិញ។
លោក រស់ គង់ គឺជាជនរងគ្រោះម្នាក់ រួចពីស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ កាលពីឆ្នាំ២០១០បានឲ្យដឹងថា ទោះបីជារយៈពេលបានកន្លងផុតទៅ ១០ឆ្នាំទៅហើយក្ដី ក៏លោក នៅតែរន្ធត់ នៅពេលនិយាយដល់ព្រឹត្តិការណ៍កាលនោះ ព្រោះ វាហាក់នៅតែឃើញមនុស្សស្លាប់ នៅនឹងមុខស្រស់ៗ និងហាក់នៅលឺសំឡេងស្រែកដង្ហើយហៅល្វើយៗឲ្យជួយ ក្នុងស្ថានភាពកំពុងត្រដរខ្យល់ហៀបនឹងស្លាប់។ លោកនិយាយថា ការតក់ស្លុត ដែលមិនអាចបំភ្លេចបាន គឺការសម្លឹង មើលយុវជនប្រុសស្រី ច្រើនរយនាក់ ស្លាប់គរលើគ្នា លើស្ពានតូចមួយ ក្នុងពេលលោក ក៏កំពុងប្រឈម នឹងស្ថានភាពនេះដូចគ្នា៖ «អារម្មណ៍ខ្ញុំរហូតមកដល់ថ្ងៃហ្នឹង ខ្ញុំគិតថា វាដូចនៅថ្មីៗ។ ជាពិសេសនៅពេលដែលដល់ខួបម្ដងៗ ទិដ្ឋភាព ដែលយើងផុសនៅលើហ្វេសប៊ុកហ្នឹង វារំលឹកឲ្យយើងតែម្ដង។ ពេលខ្លះ ដោយពេលណា ឃើញហាក់មានអារម្មណ៍ក្ដុកក្ដួល។ ខ្ញុំនៅតែមានអារម្មណ៍ស្រងេះស្រងោច។ ពេលខ្លះ សឹងតែស្រក់ទឹកភ្នែក គ្រាន់តែឃើញរូប ព្រោះទិដ្ឋភាពអស់ហ្នឹង ព្រោះទិដ្ឋភាពអស់ហ្នឹង វានៅចំពោះមុខខ្ញុំ តាំងពីដើមដំបូងរហូត ដល់ចប់។ ដល់ចប់ខ្ញុំ នៅជួយសែងអ្នករងរបួសសែងអ្វី អ្នករងគ្រោះហ្នឹងដាក់ឡាន។ និយាយរួមគឺខ្ញុំនៅបានពេញមួយព្រឹត្តិការណ៍ហ្នឹងតែម្ដង។ អ៊ីចឹង ទិដ្ឋភាពទាំងឡាយ គឺនៅចំពោះមុខយើងច្រើន។ អ៊ីចឹង ធ្វើឲ្យការចងចាំវានៅដិតដាម អារម្មណ៍យើងឆួល មួយរំពេចអ៊ីចឹងទៅ ចង់ស្រក់ទឹកភ្នែក ក្ដុកក្ដួល»។
លោក រស់ គង់ កាលណោះ ដើរលេងតែម្នាក់ឯង ក្នុងពិធីបុណ្យអុំទូក នៅយប់ថ្ងៃចុងក្រោយ។ លោក រំឭកថា នៅពេលក្បាលព្រលប់ ក្រុមជំទង់ប្រុសស្រីនាំគ្នា ប្រជ្រៀតគ្នា ហ៊ោកញ្ជ្រៀវ សើចសប្បាយក្អាកក្អាយ រុញច្រានគ្នា ពីចុងស្ពានម្នាក់ម្ខាង។
លោក រស់ គង់ ដែលកំពុងដើរនៅលើស្ពានពេជ្រពេលនោះ លែងអាចដើរទៅមុខទៀតបានទេ ដោយសារ ការរុញច្រានគ្នា យូរទៅបណ្ដាលឲ្យផ្ទប់ណែន នៅចំកណ្ដាលស្ពាន រើខ្លួនលែងរួច។ លោកបានរុលចេញ ពីក្នុងចំណោមមនុស្ស មកតោងបង្កាន់ដៃស្ពានវិញ ជាហេតុធ្វើឲ្យលោក រួចផុតពីការស្លាប់។ លោកនិយាយថា ម្យ៉ាងដោយសារ លោក ដើរតែម្នាក់ឯង គ្មានកូនតូច នៅជាមួយ ទើប លោកងាយស្រួលដោះខ្លួនចេញ។
លោកអះអាងថា ព្រឹត្តិការណ៍រុញច្រានគ្នាស្លាប់កាលនោះ មិនមែនជាការឆក់ខ្សែភ្លើងទេ គឺការរុញច្រានផ្ទប់គ្នាទៅវិញទៅមក របស់ក្រុមក្មេងជំទង់ៗ។ ការរុញបំបុកផ្ទប់គ្នា ដល់កម្រិតរើលែង ក៏ដួលជាន់គ្នា ជាហេតុនាំឲ្យមានអ្នកស្លាប់ និងធ្វើឲ្យមនុស្ស និងសាកសព ស្អិតជាប់គ្នា ពិបាកទាញចេញ។
ទោះយ៉ាងណា លោកក៏យល់ថា អាជ្ញាធររដ្ឋពេលនោះ មានការធ្វេសប្រហែសដែរ ដោយសារ មិនបានដាក់កម្លាំងប្រចាំការនៅស្ពានតូចចង្អៀតនោះទេ គឺមានសន្តិសុខក្រុមហ៊ុនឯកជនតែម្នាក់គត់។ លោករំឭកទៀតថា ក្រុមឃោសនាលក់ផលិតផល នៅតំបន់ស្ពានពេជ្រកាលនោះ នាំគ្នាស្រែកឃាត់ក្រុមយុវជន កុំឲ្យរុញច្រានគ្នាដែរ តែដោយសារ យុវជនមិនស្ដាប់ និងគ្មានកងកម្លាំងអាជ្ញាធររដ្ឋ នៅប្រចាំការជួយឃាត់។
លោក រស់ គង់ និយាយថា ព្រឹត្តិការណ៍ជាន់គ្នាស្លាប់ កើតឡើងតាំងពីនៅម៉ោងប្រហែល៩យប់ លុះម៉ោង១១យប់ ទើបលោកឃើញកងកម្លាំងជួយអន្តរាគមន៍មកដល់គ្រប់ផ្លូវ ទាំងសងខាងស្ពាន និងបានជួយសង្គ្រោះយកលោកចេញពីលើស្ពានកើតហេតុ៖ «ហើយអ្វី ដែលខ្ញុំចាប់អារម្មណ៍ទិដ្ឋភាពកាលហ្នឹង ឃើញភាគច្រើនសឹងតែ៨០ % ៩០ % ស្ទាវៗ ជំទង់ យុវវ័យ ហ្នឹង គាត់មានប្រុស មានស្រី រុញគ្នាទៅ។ មើលទៅទិដ្ឋភាពហ្នឹង គាត់គិតថា សប្បាយណាស់។ សប្បាយ គាត់រុញគ្នាទៅ ប្រជ្រៀតគ្នាទៅ គាត់ស្រែកហ៊ោទៅ។ យើងគិតទៅក្មេងៗ ពេលខ្លះ គាត់គិតថា ជារឿងសប្បាយ អាប៉ះគ្នា ប៉ះអ្វីៗ ក៏អ៊ីចឹងទៅ។ យុវជន ក្មេងៗខ្លះ វាខូច វាឆ្លៀតឱកាស ចេះតែលេងអ៊ីចឹងណា។ អ៊ីចឹង គេគិតថា ជារឿងសប្បាយ។ ខ្ញុំចាប់អារម្មណ៍ជាងគេ គឺរឿងចង្អៀតហ្នឹងហ្មង។ វាមានអ្នករុញ ពីខាងកោះពេជ្រ ក៏រុញមក ពីខាងណាហ្គា ក៏រុញទៅ។ អ៊ីចឹង អ្នកនៅកណ្ដាលវាទល់មុខគ្នាហ្នឹង ទៅជាអាកម្លាំងរុញពីក្រោយ កាន់តែខ្លាំងទៅៗ វាជារឿងគ្រោះថ្នាក់»។
ភ្លាមៗនៃហេតុការណ៍ដ៏គួររន្ធត់នោះ តំបន់ជិតស្ពានពេជ្រ ពេលនោះ ជះក្លិនឆ្អាបឈាម និងមានគំនរស្បែកជើង ខោអាវ នៃអ្នកស្លាប់ រាយប៉ាយពេញស្ពាន និងផ្ទៃច្រាំងទន្លេបាសាក់។ សាច់ញាតិ អ្នករងគ្រោះពេលនោះ នាំគ្នា អុជធូប ទៀន បង្កជាផ្សែង ហុយទ្រលោម ហើរឡើងពេញផ្ទៃមេឃ ចំកន្លែង ដែលមនុស្សជាន់គ្នាស្លាប់។ ចំណែករដ្ឋាភិបាល បានបង្កើតគណៈកម្មការដោះស្រាយការងារបន្ទាន់ លើករណីឧបទ្ទវហេតុនេះ ដោយរកឃើញមានអ្នកស្លាប់៣៥០នាក់។ អ្នករងរបួសធ្ងន់ ដែលតម្រូវយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ មានជិតបួនរយ (៣៩៥) នាក់។
រដ្ឋាភិបាល បានចាត់ចែងបញ្ជូនសាកសព ទៅតាមលំនៅឋានតាមស្រុកកំណើត និងឧបត្ថម្ភថវិកា ខ្ទង់ម៉ឺនដុល្លារ ដល់គ្រួសារសពនីមួយៗ។ ប៉ុន្តែរដ្ឋាភិបាល មិនបានចាប់អ្នកទទួលខុសត្រូវណាម្នាក់ ក្នុងព្រឹត្តិការណ៍នេះ មកដាក់ទោស ឬទទួលកំហុសឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលនោះ បានហៅព្រឹត្តិការណ៍នោះថា ជាសេនាកម្មរបស់ខ្មែរ បន្ទាប់ពីរបបខ្មែរក្រហម និងបានសម្រក់ទឹកភ្នែក ហើយនិយាយ វាជាហេតុការណ៍អាក្រក់ ដែលគ្មានអ្នកណាម្នាក់ចង់ឲ្យកើតឡើងទេ។
រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃខួប២២ វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃរៀបចំពិធីបុណ្យបង្សុកូល សូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងបានអញ្ជើញសាច់ញាតិ មកចូលរួមពិធីបុណ្យ។ ឪពុកជនរងគ្រោះម្នាក់ ក្នុងចំណោមគ្រួសារសាច់ញាតិជនរងគ្រោះដទៃទៀត លោក កែវ សុវណ្ណ ធ្លាប់មានប្រសាសន៍ កាលឆ្នាំ២០១៨ ក្នុងខួប៨ឆ្នាំ ថា កូនប្រុសម្នាក់ អាយុជាង២០ឆ្នាំ និងកូនស្រីម្នាក់អាយុ១៤ឆ្នាំ ស្លាប់ក្នុងព្រឹត្តិការណ៍នោះ ហើយនៅតែនឹកស្រមៃ អំពីព្រឹត្តិការណ៍ ដែលមិននឹកស្មានដល់ ថាកូនទាំងពីររបស់លោក ត្រូវស្លាប់ក្នុងមួយពព្រិចភ្នែកសោះ។
សាច់ញាតិរបស់ជនរងគ្រោះរូបនេះ ធ្លាប់ស្នើសុំឲ្យរដ្ឋាភិបាល ជួយស្វែង រកការពិត និងរកមុខអ្នកទទួលខុសត្រូវក្នុងព្រឹត្តិការណ៍នោះ ដើម្បីផ្សះផ្សា ការឈឺចាប់ផ្លូវចិត្តក្នុងគ្រួសារលោក។ ម្យ៉ាងលោក ចង់ឲ្យស៊ើបអង្កេតឲ្យត្រឹមត្រូវ ដើម្បីបំបាត់មន្ទិលសង្ស័យ ព្រោះមជ្ឈដ្ឋានមួយចំនួន នៅតែគិតថា វាមិនមែនជាឧបទ្ទវហេតុទេ គឺជាកំហុសបច្ចេកទេស របស់អាជ្ញាធរកាលនោះ៖ «ខ្ញុំនៅតែចង់ទាមទាររហូតហ្នឹង។ ក៏ប៉ុន្តែគ្រាន់តែមិនដឹងគិតថាម្ដេច ព្រោះមិនចេះច្បាប់ ចេះអ្វីអ៊ីចឹង។ បើដឹងការពិតក៏វាអស់ចិត្តបន្តិចដែរ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលសព្វថ្ងៃ គាត់ជាអ្នកទទួលខុសត្រូវ ព្រោះគាត់នៅកាន់អំណាច ដល់សព្វថ្ងៃអ៊ីចឹងណា»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលបានទទួលខុសត្រូវ ជាសាធារណៈរួចរាល់អស់ហើយ និងបានផ្លាស់ប្ដូរការគ្រប់គ្រង នៅតំបន់នោះ ដោយធ្វើស្ពានថ្មីចំនួន២ នៅក្បែរនោះ ដើម្បីបង្វែរឲ្យអ្នកធ្វើដំណើរឆ្លងកាត់វិញ។ លោកបន្តថា រដ្ឋាភិបាលក៏បានបង្កើនការគ្រប់គ្រងក្នុងពិធីបុណ្យជាតិធំៗ ទាំងចរាចរណ៍ និងបញ្ហាការកកស្ទះមនុស្ស ឲ្យមានភាពប្រសើរ៖ «ដូច្នេះ អ្វីដែលកើតឡើង កាលជំនាន់រត់ជាន់គ្នា នៅកោះពេជ្រហ្នឹង គឺយើងបានដោះស្រាយមួយ ដែលជាការពេញចិត្តហើយ គឺនៅពេលដែលរៀបចំបុណ្យអុំទូកម្ដងៗ មានការកែប្រែច្រើន ទាំងការដោះស្រាយ រួមទាំងអ្នកទទួលខុសត្រូវ»។
នាយករង ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អង្គការលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា រយៈពេល១០ឆ្នាំ ក្រោយព្រឹត្តិការណ៍ជាន់គ្នាស្លាប់ អាជ្ញាធរពិតជាបានបង្កើនការ គ្រប់គ្រងក្នុងពិធីបុណ្យអុំទូកមែន។ លោកបន្តថា ឆ្នាំខ្លះ រដ្ឋាភិបាល បានផ្អាកពិធីបុណ្យអុំទូក ក៏មាន។ ទន្ទឹមនឹងនេះ លោកយល់ថា ពលរដ្ឋក៏មានភាពខ្លាចរអាខ្លាំង និងប្រុងប្រយ័ត្នជាងមុនដែរ។ តែយ៉ាងណា តំណាងសង្គមស៊ីវិលរូបនេះ ក៏ចង់ឲ្យអាជ្ញាធរ ស៊ើបអង្កេត និងរកអ្នកទទួលខុសត្រូវ ដើម្បីធ្វើជាគំរូក្នុងរឿងនេះដែរ៖ «តួនាទី ដែលទទួលខុសត្រូវនេះ យើងមិនហ៊ានកំណត់ទេ។ ប៉ុន្តែអាហ្នឹងហើយ ដែលយើងទាមទារឲ្យមានការស៊ើបអង្កេត និងស្រាវជ្រាវឲ្យបានច្បាស់លាស់ ហើយកំណត់អំពីអ្នកណាខ្លះ ដែលត្រូវទទួលខុសត្រូវ ក្នុងកិច្ចការហ្នឹង។ នេះទើបជាការមួយដែលផ្ដល់យុត្តិធម៌ ពេញលេញ និងទប់ស្កាត់ កុំឲ្យមានតទៅទៀត»។
ព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅក្នុងឆ្នាំ២០១០ នោះ មានលោក កែប ជុតិមា ធ្វើជាអភិបាលក្រុង និងលោក ទូច ណារ័ត្ន ជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយព្រឹត្តិការណ៍នេះ មានមតិជាច្រើនលើកឡើងថា អាជ្ញាធរក្រុងភ្នំពេញដែលជាអ្នករៀបចំចាត់ចែងពិធីបុណ្យ និងជាអ្នកធានានូវសុខសុវត្ថិភាពពលរដ្ឋ គួរចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មដែលបានកើតឡើង ដូចជាត្រូវក្លាហានប្រកាសចុះចេញពីតំណែង ដូចនៅបរទេស ឬមួយរដ្ឋាភិបាល ត្រូវហ៊ានដាក់ពិន័យរដ្ឋបាលចំពោះការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនជាដើម។
ជនរងគ្រោះ លោក រស់ គង់ និយាយថា លោកមិនហ៊ានទាមទារឲ្យរដ្ឋាភិបាល ដាក់ពិន័យ ឬផ្ដន្ទាទោស ចំពោះអ្នកទទួលខុសត្រូវក្នុងព្រឹត្តិការណ៍នោះទេ តែលោកចង់ឲ្យរដ្ឋាភិបាល រំឭកបុណ្យខួបព្រឹត្តិការណ៍សោកនាដកម្ម ២២ វិច្ឆិកា ឆ្នាំ២០១០ ឲ្យបានធំដុំជាង ត្រឹមការបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ។ ម្យ៉ាងទៀត លោក រស់ គង់ សោកស្ដាយចំពោះការវាយកម្ទេចស្ពានពេជ្រចោល ដោយជំនួសមកវិញនូវស្តូបគោរពវិញ្ញាណក្ខន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។