តុលាការខេត្តស្វាយរៀងឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត២០គីឡូក្រាម ឆ្លងដែនទៅប្រទេសវៀតណាម។ អ្នកឃ្លាំមើលបញ្ហាសង្គម ស្នើអាជ្ញាធរជំនាញ បន្តស្វែងរកចាប់ខ្លួនមេឈ្មួញជួញដូរគ្រឿងញៀនធំៗ ដែលសម្ងំលាក់ខ្លួនក្នុងប្រទេស យកទៅដាក់ទោសតាមច្បាប់ ដើម្បីបញ្ឈប់ការចែកចាយគ្រឿងញៀននៅទូទាំងប្រទេស។
ការសម្រេចឃុំខ្លួនជនជាតិខ្មែរម្នាក់ វ័យ២០ឆ្នាំ និងជនជាតិវៀតណាមម្នាក់ទៀត វ័យ១៨ឆ្នាំ ដាក់ពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនពួកគេបាន នៅសង្កាត់បាវិត ក្រុងបាវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនសរុបជិត ២០គីឡូក្រាម ដែលបម្រុងនាំចេញទៅប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែតុលា។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់រឿងនេះ ពីអ្នកនាំពាក្យតុលាការខេត្តស្វាយរៀងលោក ទេព ផល្លា បានទេ នៅថ្ងៃទី១៩ ខែតុលា។ ប៉ុន្តែ លោកបានប្រាប់សារព័ត៌មានក្នុងស្រុក (កាសែតភ្នំពេញប៉ុស្តិ៍) ថាការឃុំខ្លួននេះ គឺផ្អែកទៅតាមរបាយការណ៍របស់សមត្ថកិច្ច និងវត្ថុតាងដែលចាប់បានពីជនសង្ស័យ។
ជុំវិញរឿងនេះ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀនលោក ម៉ក់ ជីតូ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែតុលាថា ជនសង្ស័យទាំង២នាក់ ដែលប្រកបរបរជាជាងឈើនៅសង្កាត់ច្បារអំពៅ គឺជាអ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ក្រោយពីពួកគេទទួលបានពីក្រុមឧក្រិដ្ឋជនពីប្រទេសឡាវ យកមកលាក់ទុកនៅក្រុងភ្នំពេញ។
លោកបន្តថា ក្នុងពេលមានជំងឺកូវីដ១៩ រយៈពេល២ឆ្នាំមកនេះ សមត្ថកិច្ចចាប់បានអ្នកជួញដូរគ្រឿងញៀនជាច្រើននាក់ ដោយមួយករណីៗ រកឃើញគ្រឿងញៀនរាប់សិបគីឡូក្រាម ដែលភាគច្រើននាំចូលពីប្រទេសឡាវមកកម្ពុជា ដើម្បីបន្តនាំចេញទៅលក់ប្រទេសទី៣ មានថៃ វៀតណាម ចិនតៃវ៉ាន់ អូស្ត្រាលី និងអាមេរិក។
លោកបញ្ជាក់ថា អាជ្ញាធរនៅតែតាមប្រញាប់មេក្លោងជួញដូរគ្រឿងញៀនធំៗ ដែលសម្ងំលាក់នៅក្នុងប្រទេស និងគេចខ្លួនទៅនៅក្រៅប្រទេស យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៖ «ផែនការរបស់យើងមានធ្វើ និងបង្ក្រាបរហូតហ្នឹង។ មិនត្រឹមតែផ្ទៃប្រទេសទេ យើងតាមចាប់ពីឥណ្ឌូណេស៊ី សហការជាមួយអាំងទែប៉ូល។ អនុវត្តនិវេទន៍ក្រហម ទៅចាប់ខ្លួននៅវៀតណាម នៅថៃក៏មាន នៅខាងកូរ៉េក៏មាន។ ហើយបងប្អូនខាងមិត្តយើងក៏មកសហការជាមួយយើង។ ហើយពួកនៅស្រុកខ្មែរយើង ក៏ចាប់វាបាន បញ្ជូនទៅវិញដែរ។ ឥឡូវគោលដៅរបស់យើង គឺរកមេខ្លោងហ្នឹងហើយ។ កាលណាចាប់បានអាតូចៗអ៊ីចឹងទៅ យើងស្រាវជ្រាវរកមេខ្លោង។ យើងបន្តស្រាវជ្រាវរហូតហ្នឹងមិនដែលខានទេ»។
បើទោះបីជាមានការអះអាងពីមន្ត្រីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនបែបនេះក៏ដោយ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាសង្គម សង្កេតឃើញថា បញ្ហាគ្រឿងញៀន ដែលមិនចេះថមថយទាំងនៅទីក្រុង និងទីជនបទដាច់ស្រយាលនេះ គឺដោយសារតែការអនុវត្តច្បាប់ទន់ខ្សោយ ដែលធ្វើឲ្យមេឈ្មួញជួញដូរគ្រឿងញៀន នៅតែមានសេរីភាពអាចធ្វើអាជីវកម្មនេះបានដដែល។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លោក យង់ គឹមអេង យល់ថា អាជ្ញាធរមានសមត្ថកិច្ចបន្តស្វែងចាប់ខ្លួនមេជួញដូរគ្រឿងញៀនធំៗ ដែលសម្ងំលាក់ខ្លួនក្នុងប្រទេស មកដាក់ទោសតាមច្បាប់ ឲ្យខាងតែបាន ដើម្បីបញ្ឈប់ការចែកចាយគ្រឿងញៀននៅទូទាំងប្រទេស៖ «យើងមិនមែនសំដៅអ្នកណាជាអ្នកណា ប៉ុន្តែសំខាន់បំផុត គឺទៅលើទិដ្ឋភាពនៃការអនុវត្តច្បាប់ ធ្វើយ៉ាងម៉េចឲ្យមានប្រសិទ្ធភាព ហើយដោយស្មើភាពគ្នា។ ហើយនឹងអាចវែកមុខរកឃើញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ យកមកដាក់ទោសទណ្ឌ ហ្នឹងជារឿងមួយប្រសើរ។ បើសិនជាមិនអាចបានទេ ចាប់បានតែអ្នកជួញដូរកំប៉ិកកំប៉ុក គឺមិនអាចងាយទប់ស្កាត់បានទេ។ ហើយវិធានការរបស់អាជ្ញាធរហ្នឹង នៅតែគេចោទសួរពីបញ្ហាប្រសិទ្ធភាពដដែលជាដដែលហ្នឹង»។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជិត ១ម៉ឺននាក់ (៩.៨២៨) និងគ្រឿងញៀនសរុបជាង ១ពាន់គីឡូក្រាម (១.០៤៩)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានមនុស្សជាង៦ពាន់នាក់(៦.០៤៤) ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយមនុស្សជាង៣ពាន់នាក់(៣.៧៨៤) រួមទាំងជនបរទេសជាង២រយនាក់ទៀត (២១៧) ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ គ្រឿងញៀនទាំងនោះ ភាគច្រើនមកពីតំបន់ត្រីកោណមាស ដោយឆ្លងកាត់តាមផ្លូវគោក និងផ្លូវទឹក ចូលមកប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។