ជនរងគ្រោះជាជនជាតិថៃ ចំនួន៩នាក់ បានដុតអគារកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីគេចខ្លួនចេញពីមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center) ដែលបង្ខំឲ្យពួកគាត់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការអាជ្ញាធរកម្ពុជា គួរតែសហការជាមួយអាជ្ញាធរថៃដើម្បីស៊ើបអង្កេតជួយសង្គ្រោះជនរងគ្រោះទាំងនោះ។
ជនជាតិថៃចំនួន៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ កាលពីថ្ងៃទី១៨ ធ្នូ បានគេចខ្លួនពីអគារកាស៊ីណូឈ្មោះ «ពូលី កាស៊ីណូ» (Puli Casino) ស្ថិតនៅភូមិ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅឲ្យអាជ្ញាធរថៃនៅច្រកព្រំដែន បានខ្លងលឹក (Ban Klong Luek) ស្រុកអារញ្ញប្រាថេត (Aranyaprathet) ខេត្តស្រះកែវ (Sa Kaeo) ជួយសង្គ្រោះពីអំពើឆបោកតាមអនឡាញ។ ជនរងគ្រោះ ដែលបានរត់គេចនោះលើកឡើងថា ពួកគេមានគ្នា ១១នាក់ បានដុតឱ្យឆេះបន្ទប់គេងដើម្បីរត់ឆោឡោចេញពីអគារកាស៊ីណូ។ ប៉ុន្តែពួកគេ ២នាក់ផ្សេងទៀត ត្រូវបានក្រុមជនល្មើសចាប់ខ្លួនត្រឡប់ទៅវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន ឌឹ ណេសិន (The Nation) របស់ប្រទេសថៃ។ ប្រភពដដែលឲ្យដឹងថា អាជ្ញាធរថៃបានស្នើដល់អាជ្ញាធរក្រុងប៉ោយប៉ែត ដើម្បីចុះពិនិត្យទីតាំងអគារកាស៊ីណូនោះ។
ជនរងគ្រោះ នៃអំពើឆបោកតាមអនឡាញទាំងនោះ អះអាងថា ពួកគេជាច្រើននាក់បានរងគ្រោះពីការធ្វើទារុណកម្ម បណ្ដាលឲ្យមានស្នាមជាំពេញនៅលើខ្លួនប្រាណ។ ពួកគាត់បានប្រាប់ទៅអាជ្ញាធរថៃថា ពួកគាត់បានលួចឆ្លងដែន ដើម្បីមកធ្វើការនៅកាស៊ីណូនៅក្រុងប៉ោយប៉ែត ជាថ្នូរនឹងការសន្យាថា ទទួលបានប្រាក់ខែខ្ពស់។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) រាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ឱ្យដឹងថា ជនរងគ្រោះថៃទាំងនោះ ប្រាប់ប៉ូលិសថៃថា ពួកគេបានចាញ់បោកជនជាតិចិន ដែលបានកុហកពួកគេឲ្យមកធ្វើការនៅក្រុមហ៊ុនជួញដូរភាគហ៊ុន ជាថ្នូរនឹងការទទួលបានប្រាក់ខែច្រើន។ ក៏ប៉ុន្តែនៅពេលដែលពួកគេទៅដល់អគារកាស៊ីណូនោះ ពួកគេបែរជាត្រូវបានថៅកែដកហូតយកលិខិតឆ្លងដែន និងបង្ខំឲ្យធ្វើការជាអ្នកឆបោកតាមអនឡាញទៅវិញ។ ប្រសិនបើពួកគេមិនធ្វើការរកលុយឲ្យថៅកែបានទេ ពួកគេរងការវាយដំធ្វើបាបរាងកាយ ឬបាញ់សម្លាប់ ហើយមានករណីស្ត្រីរងគ្រោះខ្លះ ត្រូវបានបង្ខំឲ្យធ្វើជាស្ត្រីពេស្យាជាដើម។
អាជ្ញាធរថៃឲ្យដឹងថា ជនរងគ្រោះបានរាយការណ៍ថា នៅក្នុងអគារកាស៊ីណូនោះ មានជនរងគ្រោះជាជនជាតិថៃប្រមាណ២០០នាក់។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២០ ខែធ្នូ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា កាលពីថ្ងៃ ទី១៨ ធ្នូ បានប្រកាសជំហរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែធ្នូ ថា ការធ្វើទារុណកម្ម និងការបង្ខំឲ្យប្រព្រឹត្តបទល្មើសដោយអំពើឆបោកតាមអនឡាញ ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។ លោកស្នើដល់អាជ្ញាធរ ឱ្យចុះត្រួតពិនិត្យ និងស្រាយជ្រាវទីតាំងកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលនៅសេសសល់។
លោក ភុន ឈិន៖ «បើសិនជាព័ត៌មានហ្នឹង វាលេចឮជាសាធារណៈបែបហ្នឹងហើយ អីចឹងសមត្ថកិច្ចនៅក្នុងខេត្តហ្នឹងទាំងប៉ូលិសក្ដី ប៉េអិមក្ដី ឬក៏តំណាងអយ្យការ ដែលគាត់ជាអ្នកមានភារកិច្ចទាក់ទងរឿងបទល្មើសព្រហ្មទណ្ឌហ្នឹងក្ដី គាត់គួរតែព្យាយាមដុតដៃដុតជើង ដើម្បីជំរុញឲ្យដំណើរការស៊ើបអង្កេតលើរឿងហ្នឹងឲ្យបានរហ័ស ដើម្បីកុំឲ្យមានការបាត់ភស្តុតាងចាំបាច់ពាក់ព័ន្ធនឹងដំណើររឿងក្ដីហ្នឹង»។
កាស៊ីណូឈ្មោះ «ពូលី កាស៊ីណូ» មានកេរ្តិ៍ឈ្មោះអាស្រូវជាយូរឆ្នាំមកហើយដូចជា ករណីឃាតកម្ម ការបើកទ្វារឲ្យពលរដ្ឋខ្មែរចូលលេងល្បែង ហើយកាលពីឆ្នាំ២០១៩ អាជ្ញាធរបានឆ្មក់ចូលឃាត់ខ្លួនមនុស្សជាង២រយនាក់ (២០៩) រួមមានជនជាតិខ្មែរ ជនជាតិថៃ តៃវ៉ាន់ ឥណ្ឌា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងបើកបនល្បែងអនឡាញ។
ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC ចេញផ្សាយរបាយការណ៍កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បង្ហាញថា ប្រទេសកម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា គឺជាមជ្ឈមណ្ឌលស្នូល នៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ យ៉ាងហោចណាស់មានមនុស្ស ១សែននាក់ បានក្លាយជាជនរងគ្រោះដោយសារតែការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា។ របាយការណ៍ថា ឧក្រិដ្ឋជនមានប្រតិបត្តិការយ៉ាងបើកចំហ តាមរយៈការផ្សារភ្ជាប់ ទៅនឹងកន្លែងកម្សាន្តនានា ដូចជា បនល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
