ប៉ូលិស​ថៃ​មិន​ទាន់​ចាប់​បាន​ជនបរទេស​ពីរ​នាក់ ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​វិចិត្រករ​ខ្មែរ​នៅ​ខេត្ត​ឈុនបុរី

0:00 / 0:00

ប៉ូលិស​ថៃ​នៅតែ​មិន​ទាន់​ចាប់​បាន​ជនបរទេស​ពីរ​នាក់ ដែល​បាន​ធ្វើ​ទារុណកម្ម និង​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​វិចិត្រករ​ខ្មែរ កាល​ពីដើម​ខែវិច្ឆិកា កន្លង​ទៅ នៅ​ខេត្ត​ឈុនបុរី (Chhun Buri)នៅឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ត្រូវ​ប្រឹងប្រែង​សហការ​ជាមួយ​ប៉ូលិស​ថៃ ដើម្បី​ចាប់​ជន​ដៃដល់​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​ខ្មែរ​រងគ្រោះ​នោះ។

គិត​មក​ទល់​ពេល​នេះ គឺ​សែសិប​ថ្ងៃ​ហើយ ដែល​ប៉ូលិស​ថៃ​ចេញ​លិខិត​ស្នើ​ទៅ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល(Interpol) ដើម្បី​តាម​ចាប់​បុរស​ប៉ូឡូញ (Polish) ពីរ​នាក់ ដែល​បាន​វាយ​ធ្វើបាប​ស្ត្រី​ជាង គំនូរ​ខ្មែរ នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​នៅ​មិន​ទាន់​ចាប់​បាន​ជនល្មើស​នៅឡើយ​ទេ។

ស្ត្រី​វិចិត្រករ​ខ្មែរ មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ ដែល​ធ្វើការ​ជា​ជាងគំនូរ​នៅ​ថៃ ប្រមាណ​ពីរ​ឆ្នាំ គឺ កញ្ញា នី ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី២៩ ខែ​ធ្នូ ថា កញ្ញា​បាន​ទាក់ទង​ទៅ​ប៉ូលិស​ថៃ ដែល​តាមដាន​ករណី​របស់​កញ្ញា តែ​អាជ្ញាធរ​ថៃ​មិន​ទាន់​ឆ្លើយតប​នោះ​ទេ ប៉ុន្តែ​មេធាវី​ជនជាតិ​ថៃ​របស់​កញ្ញា​ប្រាប់​កញ្ញា​ថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ។ យ៉ាងណា​កញ្ញា​ស្នើ​ដល់​ស្ថានទូត​ខ្មែរ និង​រដ្ឋាភិបាល​ខ្មែរ​ខិតខំ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​បន្ថែម​ទៀត រក​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ ព្រោះ​កញ្ញា​ជឿ​ថា បុរស​ប៉ូឡូញ​ទាំង​ពីរ ពិត​ជា​ត្រូវ​គេ​ជួល​ឲ្យ​មក​ធ្វើបាប​កញ្ញា៖

កញ្ញា នី ស្រីរ័ត្ន៖«សុំ​ជួយ​ឲ្យ​ខាង​ប៉ូលិស​អី​ហ្នឹង បើ​អាច​ចង់​និយាយ​ថា​បើ​អាច​ចាប់ រក​ឃើញ!រក​ឃើញ​កាន់​តែ​លឿន វា​កាន់​តែ​ល្អ​អីចេះ​ណា​បង។ អ៊ីចឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​សេរីភាព​ច្រើន​ជាង​ណា ដល់​ឥឡូវ​ហ្នឹង​យើង​នៅតែ ប្រភេទ​លក្ខណៈ​ថា​របៀប​រស់នៅ​មើល​លើ​មើល​ក្រោម ឆ្វេង​ស្ដាំ ទៅ​មុខ​ទៅ​ក្រោយ​មុន​នឹង​យើង​ឈាន​មួយ​ជំហាន​ៗ​ណា​បង យើង​មិន​ដឹង​ថា គេ​គម្រោង​ធ្វើ​អី​ទៀត​នោះ»។ស្ត្រី​វិចិត្រករ​រូប​នេះ​ឲ្យដឹង​ថា មុខរបួស​របស់​កញ្ញា​បាន​ជាសះស្បើយ​កៅសិប​ភាគរយ៩០%ហើយ ប៉ុន្តែ​នៅ​បន្ត​លេប​ថ្នាំ​រាល់ថ្ងៃ ហើយ​កញ្ញា​នៅតែ​មិន​អស់ចិត្ត​នៃ​ការ​ប្រើ​ហិង្សា​មក​លើ​រាងកាយ​កញ្ញា ព្រោះ​កញ្ញា​មិន​ដែល​មាន​គំនុំ​ជាមួយ​អ្នកណា​ទេ។ ទោះជា​យ៉ាងណា កញ្ញា​សង្ស័យ​ថា ករណី​នេះ​អាច​ជា​ការ​ប្រច័ណ្ឌ​របស់​ស្ត្រី​បរទេស​ម្នាក់ ដែល​មិន​បាន​រួមរស់​នឹង​សង្សារ​របស់​គេ ហើយ​ចោទ​កញ្ញា​ជា​អ្នក​បំបែកបំបាក់​ពួកគេ។ កញ្ញា​បញ្ជាក់​ថា ថ្ងៃ​កើត​ហេតុ គឺនៅថ្ងៃទី១ ខែ​វិច្ឆិកា មាន​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ទូរស័ព្ទ​ហៅ​កញ្ញា​ឲ្យ​ទៅ​គូរ​គំនូរ​នៅ​លើ​ជញ្ជាំង​ក្នុង​ហាង ដែល​គេ​ទើប​បើក​ថ្មី នៅ​ខេត្ត​ឈុនបុរី ។ តែ​លុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ស្ត្រី​បរទេស​នោះ​ឲ្យ​បុរស​ជនជាតិ​ប៉ូឡូញ​ពីរ​នាក់​មក​ទទួល​កញ្ញា ហើយ​បុរស​ទាំង​ពីរ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​កញ្ញា​ធ្វើបាប​តែ​ម្តង។ ជន​ដៃដល់ បាន​យក​កាំបិត​ចាក់​លើ​ដងខ្លួន​របួស​ជាង​ពីរ​រយ​ហុកសិប(២៦០)ថ្នេរ និង​ជះ​ទឹក​អាស៊ីត ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​អាស៊ី​សេរី​ថា អ្នកស្រី​មិន​ទាន់​ទទួល​បាន​ដំណឹង​បន្ថែម​ពី​ស្ថានទូត​ខ្មែរ​នៅ​ថៃ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​កម្ពុជា​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​ចាប់​ជនល្មើស​មក​សាកសួរ។

អ្នកស្រី ជូ ប៊ុនអេង៖«ថ្ងៃមុន ដែល​គេ​អា​ដែល​ខាង​ភាគី​ថៃ​ហ្នឹង​គេ​សហការ​ជាមួយ​យើង​ឲ្យ​មាន​កិច្ច​ការពារ​ទៅ​ដល់​ជន​រងគ្រោះ ទៅ​ដល់​គ្រួសារ​ជនរងគ្រោះ​អី​ហ្នឹង ហើយ​ខាង​គេ​នោះ​គេ​ការពារ​ខាង​ផ្លូវ​តុលាការ ពីព្រោះ​អា​រឿង​ហ្នឹង​វា​កើត​នៅ​ថៃ អ៊ីចឹង​វា​ត្រូវ​ខាង​អា​ដែង​តុលាការ​ថៃ​ហ្នឹង​គេ​ចាត់​វិធានការ»។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សង់ត្រាល់ (Central) លោក មឿន តុលា លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​មិន​គួរ​នៅ​ស្ងៀម​រង់ចាំ​សមត្ថកិច្ច​ថៃ​ទេ ត្រូវ​ប្រឹងប្រែង​ជំរុញ​ប្រទេស​ថៃ ដើម្បី​តាម​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​ថៃ។ លោក​បញ្ជាក់​ថា កម្ពុជា​ក៏​អាច​ស្នើ​ទៅ​ប្រទេស​ប៉ូឡូញ(Poland) ឬក៏​ប៉ូលិស​អន្តរជាតិ​ជួយ​ស៊ើបអង្កេត​លើ​ករណី​នេះ ដើម្បី​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌៖

លោក មឿន តុលា៖«ចំណុច​ទី២ អាច​ដាក់​ទៅ​ដល់​ប៉ូលិស​អាំងទែប៉ូល បើសិនជា​ជន​ហ្នឹង​គាត់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ​អ៊ីចឹង​ទៅ អាច​ប៉ូលិស​អាំងទែប៉ូល​តាម​ចាប់​ជន​ហ្នឹង​អ៊ីចឹង​ណា​បាទ។ ទាល់តែ ធម្មតា​ទេ​អា​ហ្នឹង​យើង ទាល់តែ​យើង​ខ្នះខ្នែង​មិន​អ៊ីចឹង​ទេ យើង​ចាប់​ជនល្មើស​ហ្នឹង​អត់​បាន​ទេ»។

ស្ត្រី​វិចិត្រករ​ខ្មែរ​រងគ្រោះ កំពុង​ទន្ទឹង​ចាំ​យុត្តិធម៌ និង​សង្ឃឹម​ថា ប៉ូលិស​ថៃ និង​ខ្មែរ និង​ប៉ូលិស​អន្តរជាតិ តាម​ចាប់​ជន​ដៃដល់​ទាំង​ពីរ​នាក់ ដែល​បាន​បង្ក​របួស​ស្នាម​មក​លើ​កញ្ញា មក​ដាក់​ទោស​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។