សហរដ្ឋអាមេរិករកឃើញថា កម្ពុជាជាប់ចំណាត់មិនល្អ ៣ ឆ្នាំជាប់ៗគ្នា (របាយការណ៍មុនៗ) ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ ក្នុង របាយការណ៍ស្តីអំពីការជួញដូរមនុស្សនៅកម្ពុជា ឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា សហរដ្ឋអាមេរិករកឃើញថា កម្ពុជានៅតែបានចំណាត់ថ្នាក់ត្រឹមកម្រិត ២ (Tier 2) ដដែលតាំងពីឆ្នាំ២០១៩ ដែលមានន័យថា រដ្ឋាភិបាលកម្ពុជា មិនបានបំពេញគ្រប់គ្រាន់នៅឡើយ ទៅតាមស្តង់ដាអប្បបរមា ក្នុងការលុបបំបាត់ការជួញដូរមនុស្ស ប៉ុន្តែបានខិតខំធ្វើដែរ។
សហរដ្ឋអាមេរិកទទួលស្គាល់ថារដ្ឋាភិបាលកម្ពុជាបានខិតខំដូចជាប្រឹងប្រែងធ្វើឲ្យប្រសើរឡើងផ្នែកប្រមូលទិន្នន័យ និងត្រួតពិនិត្យការចោទប្រកាន់ និងផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស និងទិន្នន័យអត្តសញ្ញាណជនរងគ្រោះ។ កម្ពុជាខិតខំបន្តស៊ើបអង្កេតចោទប្រកាន់ និងផ្តន្ទាទោសជនឧក្រិដ្ឋផ្នែកជួញដូរមនុស្ស និងបន្តអនុវត្តផែនការសកម្មភាពថ្នាក់ជាតិដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។ ប៉ុន្តែ សហរដ្ឋអាមេរិកថា កម្ពុជាមិនបានបង្ហាញកិច្ចខិតខំប្រែងប្រែងជាជូទៅដូចឆ្នាំមុនៗជាពិសេសក្នុងពេលដែលកម្ពុជាកំពុងរងវិបត្តិដោយសារជំងឺកូវីដ-១៩។
បញ្ហាសំខាន់ដែលកម្ពុជានៅធ្វើមិនបាននោះ សហរដ្ឋអាមេរិកថា មកពីអំពើពុករលួយដ៏រាលដាល និងរ៉ាំរ៉ៃ និងភាពខ្វះឆន្ទៈនយោបាយ ក្នុងការផ្តាច់ចរន្តជួញដូរមនុស្សឲ្យបានម៉ឺងម៉ាត់បំផុត។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់នូវកិច្ចគាំពារគ្រប់គ្រាន់សម្រាប់ជនរងគ្រោះទាំងក្នុងប្រទេស និងក្រៅប្រទេសដែលរដ្ឋាភិបាលបែរជាពឹងពាក់ទាំងស្រុងទៅម្ចាស់ជំនួយបរទេស និងអង្គការសង្គមស៊ីវិលឲ្យជួយផ្តល់សេវាទាំងនេះទៅដល់ជនរងគ្រោះទៅវិញ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បាននៅឡើយទេ។ ប៉ុន្តែអ្នកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីខែឧសភាថា ករណីជួញដូរមនុស្សនៅកម្ពុជាកើនឡើង ៦០ ករណី នៅត្រីមាសដំបូងក្នុងឆ្នាំ២០២១នេះ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានតែ ២៥ ករណី។ អ្នកស្រីបន្ថែមថាករណីជួញដូរមនុស្សភាគច្រើនក្នុងសម័យកូវីដ-១៩នេះ គឺការជួញដូរមនុស្សឆ្លងដែន ដោយមេខ្យល់សន្យារកការងារឲ្យជនរងគ្រោះធ្វើនៅក្រៅប្រទេស។
អ្នកស្រីបន្ថែមថាភាគច្រើននៃករណីជួញដូរមនុស្សឆ្លងដែននេះគឺឆ្លងទៅប្រទេសថៃ និងប្រទេសចិន។ទោះជាយ៉ាងនេះក្ដី អ្នកស្រី ជូ ប៊ុនអេង មិននិយាយអំពីការខិតខំប្រែងប្រែងរបស់រដ្ឋាភិបាលដែលមិនគ្រប់គ្រាន់ក្នុងការជួយទប់ស្កាត់បញ្ហានេះទេប៉ុន្តែអ្នកស្រីស្តីបន្ទោសថាជនរងគ្រោះមិនសូវមានចំណេះដឹងនិងការអប់រំមិនគ្រប់គ្រាន់ទើបចេះតែចាញ់បោកមេខ្យល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។