ទេសចរ​ជាតិ​តវ៉ា​មិន​ព្រម​បង់​លុយ​បន្ថែម​លើ​តម្លៃ​សំបុត្រ​ទូក​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2017-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ ដាក់​តុ​អង្គុយ​ចាំ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ផែ​ទូក ឬ​ផែ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា នៅ​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ ដាក់​តុ​អង្គុយ​ចាំ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ផែ​ទូក ឬ​ផែ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា នៅ​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

ភ្ញៀវ​ទេសចរ​ជាតិ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ឲ្យ​ពួក​គេ​ម្នាក់ៗ​ត្រូវ​បង់​លុយ​ចំនួន ៨​ពាន់​រៀល ជូន​រដ្ឋបាល​ខេត្ត​នេះ​បន្ថែម​ពី​លើ​តម្លៃ​សំបុត្រ​ជិះ​ទូក ឬ​សំបុត្រ​កប៉ាល់។

មន្ត្រី​សង្គម​ស៊ីវិល កំពុង​តាមដាន​ការ​កំណត់​ថ្មី​នេះ បន្ទាប់​ពី​មាន​ភ្ញៀវ​ជាតិ​ផ្ទុះ​ការ​តវ៉ា។

ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ផ្ទុះ​ការ​តវ៉ា និង​មិន​ព្រម​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត ទៅ​តាម​ការ​កំណត់​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទេ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា នា​កំពង់ផែ​ទូក​ទេសចរណ៍​ឆ្នេរ​អូរឈើទាល។

ភ្ញៀវ​ទេសចរ​ដែល​ផ្ទុះ​ការ​តវ៉ា បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ចំពោះ​ការ​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ត្រូវ​បង់​លុយ ៨​ពាន់​រៀល​ពី​លើ​តម្លៃ​ទិញ​សំបុត្រ​ទូក​នេះ​ជា​ថ្មី​ឡើង​វិញ។

ចំណែក​ម្ចាស់​ក្រុមហ៊ុន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ខេត្ត​ព្រះសីហនុ ក៏​មិន​ពេញ​ចិត្ត​ទៅ​លើ​ការ​តម្រូវ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ភ្ញៀវ​ទេសចរ​ត្រូវ​បង់​លុយ ៨​ពាន់​រៀល​នេះ​ដែរ។ ម្ចាស់​ក្រុមហ៊ុន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ខ្លះ​ថ្លែង​ថា ពួក​គេ​គ្មាន​សិទ្ធិ​ហាមឃាត់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​ឲ្យ​យក​លុយ ៨​ពាន់​រៀល​ពី​ភ្ញៀវ​ទេសចរ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​តុ​អង្គុយ​រង់ចាំ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​តាម​ផែ​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា មាន​ផែ​អូរឈើទាល ជាដើម។ មន្ត្រី​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​បាន​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត ប៉ុន្តែ​ភ្ញៀវ​ជាតិ​មិន​ទាន់​ព្រម​បង់​ជូន​ខេត្ត​ទេ និង​មាន​ការ​តវ៉ា។

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​បង់​លុយ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​សិន ដោយ​មិន​មាន​ការ​ចាប់​បង្ខំ​នោះ​ទេ។ ជាក់ស្តែង​មាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ២០​នាក់​បាន​យល់ព្រម​បង់​លុយ ៨​ពាន់​រៀល​ជូន​ខេត្ត។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល​ពិចារណា​ចំពោះ​ការ​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ត្រូវ​បង់​លុយ ៨​ពាន់​រៀល​នេះ ដើម្បី​កុំ​ឲ្យ​មាន​បាតុភាព​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​ស្រុក៖ «អ៊ីចឹង​ការ​យក​លុយ ៨​ពាន់​រៀល ឬ​ស្មើ ២​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​មាន​អ្នក​ចូលរួម ក៏​គាត់​រីករាយ​សប្បាយ​ចិត្ត​នឹង​ចូលរួម​ក្នុង​ការ​បង់​ប្រាក់ ២​ដុល្លារ​ដោយ​សប្បាយ​ចិត្ត ហើយ​យើង​ក៏​បាន​ផល​ប្រយោជន៍​ទាំងអស់​គ្នា ដោយ​មិន​មាន​ផល​ទំនាស់​អ្វី​កើត​ឡើង​ហ្នឹង គួរ​តែ​កំណត់​លក្ខខណ្ឌ​សម្រាប់​អ្នក​ដែល​គួរ​បង់​លុយ ២​ដុល្លារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ឧទាហរណ៍​ភ្ញៀវ​ទេសចរ​បរទេស​តម្រូវ​ឲ្យ​បង់​លុយ​ប៉ុន្មាន ហើយ​ភ្ញៀវ​ជាតិ​គួរ​តម្រូវ​ឲ្យ​បង់​លុយ​ចំនួន​ប៉ុន្មាន​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ភ្ញៀវ​ទេសចរ​ជាតិ។ ពួក​គាត់​អាច​មាន​ឱកាស​ចេញ​ទៅ​សម្រាក​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​នានា

បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ការ​យក​លុយ ៨​ពាន់​រៀល​ពី​ការ​លក់​សំបុត្រ​ទូក ឬ​ពី​ភ្ញៀវ​ទេសចរ​ម្នាក់​នៅ​ពេល​នេះ រដ្ឋបាល​ខេត្ត​បាន​យោង​ទៅ​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ និង​លិខិត​ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក យន្ត មីន ឲ្យ​ដឹង​ថា ការ​យក​លុយ​នេះ​ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​លើ​វិស័យ​ទេសចរណ៍ និង​ប្រាក់​ចំណូល​ស្រប​តាម​នីតិវិធី​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​ចំនួន ៣​ចំណុច ហើយ​ថា​ការ​យក​លុយ ៨​ពាន់​រៀល​របស់​រដ្ឋបាល​ខេត្ត​ពេល​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍​សណ្ដាប់ធ្នាប់​អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព។

ទោះ​ជា​បែប​នេះ​ក្តី ទាំង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ជាពិសេស​ភ្ញៀវ​ទេសចរ​ជាតិ បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ទៅ​លើ​ការ​តម្រូវ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំណត់​ឲ្យ​ភ្ញៀវ​ទេសចរ​ម្នាក់​ដែល​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា ត្រូវ​បង់​លុយ​បន្ថែម​ចំនួន ៨​ពាន់​រៀល​ពី​លើ​ការ​ទិញ​សំបុត្រ​ទូក ឬ​សំបុត្រ​កប៉ាល់​ជា​ថ្មី​ឡើង​វិញ ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត​ការ​កំណត់​ឲ្យ​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល