សហគមន៍​និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ត្រៀម​លក្ខណៈ​ទទួល​ទេសចរ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ

ដោយ ជិន ជេដ្ឋា
2017-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ធ្លាក់​នៅ​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Chin Chetha
ទឹក​ធ្លាក់​នៅ​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ សង្ឃឹម​ថា ទេសចរ​ជាតិ​រាប់​ពាន់​នាក់​នឹង​សម្រុក​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។ កំណើន​ទេសចរ​នេះ អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ និង​បញ្ហា​សំរាម។ សហគមន៍​ទេសចរណ៍ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់ កំពុង​រិះរក​វិធានការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម ការ​កក​ស្ទះ​ចរាចរណ៍ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ ថា​បើ​គ្មាន​ភ្លៀង​ធ្លាក់​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ដែល​ត្រូវ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ នឹង​មាន​ភ្ញៀវ​កើន​ឡើង​ជាង​បុណ្យ​ភ្ជុំ​ឆ្នាំ​២០១៦ ដែល​មាន​ជិត ៦​ម៉ឺន​នាក់ (៥៦.៩៨៤)។ កត្តា​ដែល​ភ្ញៀវ​អាច​ទៅ​កម្សាន្ត​កាន់​តែ​ច្រើន​ឡើងៗ គឺ​ដោយសារ​មាន​ផ្លូវ​ស្រួល និង​ទឹក​ថ្លា​ត្រជាក់​ល្អ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ លោក សំ ឃីម មាន​ប្រសាសន៍​ថា នៅ​កន្លែង​លេង​ទឹក​ទាំង ៨​ដំណាក់ សុទ្ធ​តែ​មាន​សន្តិសុខ​ម្នាក់ៗ​នៅ​យាមកាម និង​រង់ចាំ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ពេល​ជួប​គ្រោះ​អាសន្ន។ ក្រៅ​ពី​នេះ​ក៏​មាន​សន្តិសុខ​ឈរ​ជើង​នៅ​ខ្សែ​ទឹក​ខាង​លើ ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹក និង​វាយ​ជួង​ប្រកាស អាសន្ន​ក្នុង​ករណី​មាន​ជំនន់​ទឹក​ភ្លៀង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​លេង​ទឹក​នៅ​ប៉ែក​ខាង​ក្រោម៖ «ភ្លៀង​នៅ​ក្បាល​ទឹក​លើ​ណោះ ដល់​អ៊ីចឹង​យើង​អត់​ចាប់​អារម្មណ៍​ទេ ដល់​អ៊ីចឹង​ទឹក​មក​ទាំង​ផ្ទាំង​ហ្មង អា​ហ្នឹង​គ្រោះ​ថ្នាក់​បំផុត តែ​បើ​ភ្លៀង​សង្គ្រុប​កន្លែង​យើង​លេង​អត់​អី​ទេ ខ្ញុំ​ជួប​ប៉ុន្មាន​ដង​ហើយ។ យើង​បាន​ត្រៀម ហើយ​យើង​ក៏​បាន​ធ្វើ​លិខិត​ទៅ​ណែនាំ​តាម​សេវាកម្ម និង​ប្រាប់​ទៅ​ខាង​ប៉ូលិស​ទេសចរណ៍​ឲ្យ​គាត់​ការពារ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»

លោក​ថា បញ្ហា​សំរាម និង​ការ​ចត​យាន​ជំនិះ​មិន​ត្រឹមត្រូវ​នៅ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ច្រក​ល្អៀង​នៅ​តែ​ជា​បញ្ហា ព្រោះ​អ្នក​ទៅ​កម្សាន្ត​មួយ​ចំនួន​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​សន្តិសុខ​ប្រចាំការ​នៅ​ទី​នោះ។ លោក​អំពាវនាវ​ដល់​ភ្ញៀវ​គ្រប់​រូប ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ អនាម័យ និង​កុំ​ចូល​លេង​នៅ​តាម​តំបន់​ហាមឃាត់​ដែល​មាន​គ្រោះ​ថ្នាក់ ខណៈ​សហគមន៍ និង​មន្ត្រី​ជំនាញ​គិតគូរ​ពី​សុវត្ថិភាព​របស់​ភ្ញៀវ។

ប្រធាន​សហគមន៍​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ច្រក​ល្អៀង លោក ណន ណេន ថា​គណៈកម្មការ​សហគមន៍​លោក​ក៏​ប្រឹងប្រែង​រក្សា​និរន្តរភាព​ព្រៃឈើ អនាម័យ និង​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ។ លោក​ថា បច្ចុប្បន្ន​នៅ​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ចន្លោះ​ពី ២ ទៅ ៥​ឡាន​តូច​ប៉ុណ្ណោះ​ដែល​មក​កម្សាន្ត ព្រោះ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់​ថ្ងៃ។ ប៉ុន្តែ​ក្រុម​ការងារ​សហគមន៍​នៅ​តែ​ប្រចាំការ​ទទួល​អ្នក​កម្សាន្ត​ជានិច្ច៖ «រាល់​ថ្ងៃ​កំពុង​ភ្លៀង​ហើយ​ច្រោះ​អស់​ហើយ! វិធានការ​បម្រុង​នៅ​មុន​ភ្ជុំបិណ្ឌ​យើង​ហ្នឹង បើ​រាំង​បន្តិច​យើង​អាច​នឹង​រក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​បេនឡាន ឬ​ម៉ូតូ​ឡើង​វិញ។ បើ​សិន​ថវិកា​ដែល​យើង​រក​បាន​ពី​ភាស៊ី​ម៉ូតូ ឬ​ឡាន បើ​ភ្ញៀវ​មក​កើន​ច្រើន​ក៏​យើង​នឹង​អាច​ដំឡើង​បាន​ទៅ​បើ​ថា​តិច​ដែរ ព្រោះ​អី​បើ​យើង​ចំណាយ​ថវិកា​ឲ្យ​គណៈកម្មការ​យើង​ច្រើន​ទៅ​ប្រើប្រាស់​ច្រើន​ពេក វា​ខ្វះ​លុយ​អភិវឌ្ឍ»

លោក​រំលឹក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​រអិល​ជើង​ធ្លាក់​ជ្រោះ​ស្លាប់ ប៉ុន្តែ​ក្រោយ​មក​ខាង​សន្តិសុខ​បាន​ដាក់​របាំង​នៅ​តាម​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់ ជៀសវាង​មាន​ហេតុការណ៍​អាក្រក់​នេះ​ទៀត។ នៅ​ថ្ងៃ​អនាគត ក្រុម​សន្តិសុខ ឬ​មគ្គុទ្ទេសក៍​ទេសចរណ៍​នឹង​ពង្រីក​កន្លែង​ដាក់​យានជំនិះ បង្គន់​អនាម័យ ធុង​ដាក់​សំរាម និង​បង្កើន​ចំនួន​អ្នក​មើល​ការ​ខុស​ត្រូវ​ភ្ញៀវ​ទេសចរ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។

ទឹក​ធ្លាក់​ច្រកល្អៀង​មាន​ប្រភព​ចេញ​ពី​ភ្នំ​ឱរ៉ាល់ ឋិត​នៅ​ឃុំ​ឈើតុំ ស្រុក​ក្រគរ ចម្ងាយ​ប្រមាណ ៧៣​គីឡូម៉ែត្រ ឋិត​នៅ​ភាគ​អាគ្នេយ៍​ក្រុង​ពោធិ៍សាត់ និង​មាន​ចម្ងាយ ៤៣​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ក្រគរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល