អង្គការយូណេស្កូសហការជាមួយសមាគមរោងចក្រកាត់ដេរផ្ដល់កម្មវិធីអក្ខរកម្មសម្រាប់ជនពេញវ័យដែលធ្វើការនៅតាមរោងចក្រកាត់ដេរ
2021.03.30

អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌នៃអង្គការសហប្រជាជាតិហៅកាត់ថា UNESCO សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដើម្បីផ្ដល់កម្មវិធីអក្ខរកម្មសម្រាប់ជនពេញវ័យដល់អ្នកធ្វើការនៅតាមរោងចក្រកាត់ដេរនៅទូទាំងប្រទេស។
កិច្ចសហការជាដៃគូនេះ GMACចូលរួមអនុវត្តតាមរយៈវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ដែលជាផ្នែកមួយរបស់សមាគមនេះ។
សេចក្ដីប្រកាសរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែមីនា រំពឹងថា ភាពជាដៃគូនេះនឹងធានាបានថា កម្មវិធីអក្ខរកម្មនៅតាមរោងចក្រ ដែលបានបង្កើតឡើងដោយអង្គការ UNESCO និងក្រសួងអប់រំ នឹងត្រូវបានពង្រីកវិសាលភាពទៅរោងចក្រជាច្រើនទៀតនៅទូទាំងប្រទេស។
កម្មវិធីអក្ខរកម្មតាមរោងចក្រ ដែលបង្កើតឡើងកាលពីឆ្នាំ២០១៦ មានគោលដៅបង្កើនជំនាញដល់កម្មករ-កម្មការិនី និងជួយកាត់បន្ថយគម្លាតនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ សិស្សដែលបានប្រឡងជាប់នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាទទួលស្គាល់ដោយក្រសួងអប់រំ ដែលសមមូលទៅនឹងថា្នក់ទី៤ ដល់ថ្នាក់ទី៦ នៃសាលាចំណេះដឹងទូទៅក្នុងប្រព័ន្ធ។
មកដល់ពេលនេះ មានកម្មក-កម្មការិនីចំនួនជាង ពីរពាន់នាក់ (២០៦៣) ក្នុងរោងចក្រដៃគូចំនួ ២៥ នៅ ១២ រាជធានីខេត្ត។
កម្មវិធីនេះឆ្លើយតបទៅនឹងគោលនយោបាយនៃការសិក្សាពេញមួយជីវិត ដែលក្រសួងអប់រំបានបង្កើតដោយសហការជាមួយ UNESCO ដើម្បីបង្កើនធនធានមនុស្សជាអតិបរមា និងជួយជំរុញការអភិវឌ្ឍនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ២០៥០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។