មន្ត្រីសហភាពការងារកម្ពុជា នឹងយកថ្ងៃទី១ ខែឧសភា ចំទិវាពលកម្មអន្តរជាតិដាក់ញត្តិទៅរដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាអាទិភាពដែលកម្មករកំពុងប្រឈមអំឡុងពេលបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថ្លែងថា ញត្តិដែលលោកនឹងស្នើទៅរដ្ឋាភិបាលដោះស្រាយនោះ គឺស្នើឲ្យមានការដោះស្រាយបញ្ហាការងារឲ្យមានភាពប្រសើរឡើង ដូចជា បញ្ហាប្រាក់ឈ្នួល បញ្ហាសុខភាព សេវាកម្មផ្សេងៗ ការអនុវត្តច្បាប់ និងការបញ្ឈប់កម្មករជាដើម។ លោកថា ពិសេសជាងនេះទៅទៀត ស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបន្ទាន់ដល់កម្មករនិយោជិត ដែលកំពុងខ្វះខាតស្បៀងអាហារ និងខ្វះការយកចិត្តទុកដាក់ក្នុងសេវាសុខភាព ក្នុងពេលធ្វើចត្តាឡីស័ក និងបិទខ្ទប់នេះ៖ « ពាក់ព័ន្ធមានការស្នើឲ្យជួយទៅដល់កម្មករនិយោជិកហ្នឹងឲ្យមានការផ្ដល់នូវថវិកា និងសម្ភារៈអំឡុងពេលបិទខ្ទប់ ឬក៏ព្យួរការងារនិងការធ្វើចត្តាឡីស័កហ្នឹង ក៏ដូចជាការស្នើឲ្យមានការព្យាបាលក៏ដូចជាការយកចិត្តទុកដាក់បន្ថែមទៀតតាមបច្ចេកទេសវិទ្យាសាស្ត្រព្យាបាលព្រោះកន្លងមកវាឃើញមានអ្នកព្យាបាលនៅតាមផ្ទះនៅអីគឺថា មានការលំបាក។ ពាក់ព័ន្ធនូវការផ្ដល់នូវថវិកាជួយដល់កម្មករអំឡុងពេលហ្នឹង ហើយពាក់ព័ន្ធការដោះស្រាយបញ្ហាផ្សេងៗរួមទាំង ការផ្ដល់ថវិកាអំឡុងពេលកម្មករព្យួរហ្នឹង ក៏មិនតម្រូវសម្រាប់តែកម្មករកាត់ដេរ ឬក៏កម្មករវិស័យទេសចរណ៍ទេ គួរតែរីកទៅដល់វិស័យផ្សេងទៀត ដូចជាខាង សំណង់ ឧស្សាហកម្ម ដឹកជញ្ជូន ឬខាងកសិកម្មជាដើម » ។
លោកអាត់ ធន់ បន្តថា កម្មករកម្មការិនី ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដែលជាប់ធ្វើចត្តាឡីស័ក និងជាប់បម្រាមរបស់អាជ្ញាធររដ្ឋាភិបាលបិទខ្ទប់នេះ មិនបានទទួលប្រាក់ឈ្នួលផ្គត់ផ្គង់ជីវភាពនោះទេ។

ការលើកឡើងរបស់មន្ត្រីសហភាពការងារនេះ ធ្វើឡើងក្រោយពេល សហព័ន្ធសហជីព សមាគម សហគមន៍ អង្គការសង្គមស៊ីវិលធ្វើការលើវិស័យសិទ្ធិការងារ និងសិទ្ធិមនុស្ស ចំនួន ៣៦ ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី២៨ ខែមេសា ជាទិវាអន្តរជាតិ ដើម្បីរំលឹកដល់ការចងចាំដល់កម្មករ។ ស្ថាប័នទាំងនេះ បង្ហាញការព្រួយបារម្ភចំពោះជីវភាព សុខភាព និងសុវត្ថិភាពការងាររបស់កម្មករជាច្រើន ដែលជាកម្មករបម្រើការងារក្នុងវិស័យកាត់ដេរ សំណង់ សេវាកម្ម សណ្ឋាគារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលរងគ្រោះថ្នាក់ការងារកើតចេញពីវិបត្តិជំងឺកូវីដ-១៩ រួមជាមួយនិងវិធានការតានតឹងរបស់រដ្ឋាភិបាល ក្នុងតំបន់ក្រហម និងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពួកគេបានដាក់សំណើចំនួន ៧ ចំណុច មានដូចជា ស្នើឲ្យរដ្ឋាភិបាលបង្កើតយន្តការធ្វើការជាមួយតំណាងកម្មករនិយោជិក និងនិយោជក អង្គការសង្គមស៊ីវិលក្នុងវិស័យការងារ ដើម្បីកំណត់យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃចំពោះបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ និងបណ្ដាការដ្ឋានសំណង់ និងក្រុមហ៊ុនសាងសង់ ក្នុងរាជធានីភ្នំពេញ និងខេត្ត ពិសេសក្នុងពេលរីករាលដាលជំងឺកូវី-១៩។ ស្ថាប័នទាំងនេះ ជំរុញឲ្យក្រសួងពាក់ព័ន្ធធ្វើអធិការកិច្ចការងារ និងចុះបញ្ជីក្រុមហ៊ុនសាងសង់ជាបន្ទាន់ជាមួយបេឡាជាតិរបបសន្តិសុខសង្គមនៅទូទាំងប្រទេស។
សេចក្ដីថ្លែងការណ៍រួមនេះ ក៏បានផ្ដោតសំខាន់លើបញ្ហាស្ថានភាពកម្មករវិស័យកាត់ដេរ ដោយស្នើឲ្យរដ្ឋាភិបាលផ្ដល់កន្លែងស្នាក់នៅដល់កម្មករ រួមទាំងវិធានការអនាម័យនៅតាមបណ្ដារោងចក្រ ពិនិត្យលើប្រព័ន្ធធ្វើដំណើររបស់កម្មករ ក្នុងពេលរីករាលដាលជំងឺឆ្លង។ ទន្ទឹមនឹងគ្នានេះ ពួកគេក៏ស្នើឲ្យរដ្ឋាភិបាល មានវិធានការជាក់លាក់នៅកន្លែងការងារដែលប្រឈមនឹងហានិភ័យខ្ពស់ និងអនុញ្ញាតឲ្យកម្មករឈប់សម្រាកក្នុងពេលវេលាសមស្រប ដោយផ្ដល់ប្រាក់ឈ្នួលជូនពួកគេ។ អង្គការ សមាគមដដែល ស្នើឲ្យរដ្ឋាភិបាលផ្ដល់នូវកម្មវិធីជំនួយសង្គម និងសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃ ឲ្យបានទាន់ពេលវេលាក្នុងពេលបិទខ្ទប់ ជាពិសេសកម្មករនិងពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម។ ចំណុចចុងក្រោយស្ថាប័នទាំងនេះ ស្នើឲ្យរដ្ឋាភិបាលរៀបចំកន្លែងសមរម្យឲ្យអាជីវករ អ្នកលក់ដូរតាមដងផ្លូវ តាមទីផ្សារ និងនៅតាមទីសាធារណៈនានា ប្រកបដោយអនាម័យ និងសុវត្ថិភាពនៅនឹងកន្លែង។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ សង្ឃឹមថា ការជំរុញនិងសំណើទៅរដ្ឋាភិបាលនេះ នឹងត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិចារណាដោះស្រាយដោយថ្លឹងថ្លែងរវាងកត្តាសេដ្ឋកិច្ច និងកត្តាសុខភាព សុវត្ថិភាពសម្រាប់កម្មករនិយោជិត៖ « រឿងកូវីដដែលកើតនៅតាមបណ្ដារោងចក្រនេះមិនមែនកើតក្នុងពេលថ្មីៗនេះទេ វាជាក្ដីកង្វល់ហើយក៏ធ្លាប់បានលើកឡើងមុន ពេលដែលមានការរីករាលដាលក្នុងទំហំមួយដែលគួរឲ្យបារម្ភ ហើយជាការគំរាមកំហែងដល់វិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង ផលិតផលធ្វើដំណើរដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ខណៈពេលដែលវិស័យផ្សេងទៀត ដូចជា វិស័យទេសចរណ៍ត្រូវបានដួលរលំសឹង៩០ % ទៅហើយ។ បើសិនជាយើងបណ្ដោយឲ្យបញ្ហាកូវីដនេះនៅបន្តធ្ងន់ធ្ងររីករាលដាលទៅមុខទៀត វានឹងអាចប្រឈមខ្លាំងទៅនឹងបញ្ហាសេដ្ឋកិច្ច » ។

ទាក់ទងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី២៨ ខែមេសា អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ថ្លែងថា មានកម្មករ និយោជិត ២ ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួនជាង ២រយ (២០៦) បានឆ្លងជំងឺកូវីដ-១៩ ខណៈជាង ១ម៉ឺន ៧ពាន់នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក។
ក្នុងចំណោមរោងចក្រ សហគ្រាសចំនួន ២០៦ មាន១៣៤ រោងចក្រ នៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែតួលេខនេះ ហាក់មានភាពខុសគ្នាពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញកាលពីថ្ងៃទី២៦ ខែមេសា ថា មានចំនួនរហូតដល់ជិត ២៣០ រោងចក្រ។
ក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី២៨ ខែមេសា ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន ៦ នាក់បន្ថែមទៀត គឺបានកើនដល់ ៨៨នាក់ ខណៈអ្នកឆ្លងថ្មីមាន ៦៩៨ នាក់។
ចំណែកអ្នកឆ្លងថ្មី ៦៩៧នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ និងម្នាក់ជាអ្នកដំណើរពីបរទេស។ នៅថ្ងៃដដែលនេះ ក្រសួងក៏អះអាងថា អ្នកជំងឺចំនួន ៩៩៤ នាក់បានជាសះស្បើយ។
គិតត្រឹមយប់ថ្ងៃទី២៨ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជិត ១ម៉ឺន ២ពាន់ (១១.៧៦១) នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ មានជាង ១ ម៉ឺន ១ ពាន់នាក់ (១.១២១០) នាក់។ អ្នកកំពុងសម្រាកព្យាបាលមានជាង ៧ពាន់ (៧.៩៦៨) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។