ប្រធានសហជីពប្រចាំរោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) លោកស្រី រឿន កូលាប ចូលបំភ្លឺម្ដងទៀត នៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមការកំណត់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ករណីប្ដឹងសុំចូលធ្វើការវិញ ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ អ្នកស្រី នាង ស៊ីណៃ នៅថ្ងៃទី២៧ ខែសីហា បានដំណើរការនីតិវិធីត្រៀមទាញហេតុផល លើសំណុំរឿងប្ដឹងចូលធ្វើការវិញនៅរោងចក្រ សេងបូ ហ្គាមិន តាមពាក្យបណ្ដឹងរបស់លោកស្រី រឿន កូលាប ដែលជាអតីតប្រធានសហជីពប្រចាំរោងចក្រមួយនេះ។
លោកស្រី រឿន កូលាប ប្រាប់វិទ្យុអាស៊ីសេរី ក្រោយចេញពីតុលាការថា ចៅក្រមពុំបានសាកសួរអ្វីបន្ថែមលើសំណុំរឿងនេះឡើយ ដោយសារអវត្តមានភាគីតំណាងរោងចក្រ សេងបូ ហ្គាមិន។ លោកស្រី រឿន កូលាប ឲ្យដឹងថា ចៅក្រមនឹងចេញសេចក្ដីប្រកាសឲ្យតំណាងភាគីរោងចក្រចូលខ្លួនដោះស្រាយករណីនេះនៅតុលាការ។
លោកស្រី រឿន កូលាប៖«ការលើកពេលហ្នឹងអត់ទាន់ច្បាស់ទេ ព្រោះអីខាងតុលាការអត់បានបញ្ជាក់ទេ គ្រាន់តែគាត់ប្រាប់ថា គាត់នឹងធ្វើជាលិខិតមួយដើម្បីបង្ហោះចេញជាសាធារណៈដើម្បីឲ្យរោងចក្រហ្នឹង ចូលខ្លួនមកដោះស្រាយ ព្រោះអីវគ្គនេះ គឺជាវគ្គ ដែលត្រូវធ្វើបែបហ្នឹងហើយ។ បើសិនជាគាត់មកដោះស្រាយវាមិនអីទេ តែបើអត់មកទេ អាហ្នឹងតុលាការនឹងចេញសេចក្ដីប្រកាសជាសាធារណៈ»។

នេះ ជាលើកទី៧ ហើយដែលលោកស្រី រឿន កូលាប បានបង្ហាញខ្លួននៅសាលាដំបូងខេត្តកំពង់ស្ពឺ។ មេសហជីពរូបនេះឲ្យដឹងថា ការពន្យារពេលនីតិវិធីច្រើនលើកច្រើនសាបែបនេះ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងត្រូវចំណាយសោហ៊ុយច្រើន លើការធ្វើដំណើរពីផ្ទះទៅកាន់តុលាការ ក្នុងចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងភាគីរោងចក្រ សេងបូ ហ្គាមិន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៧ ខែសីហា។
ប៉ុន្តែអតីតប្រធានផ្នែករដ្ឋបាល នៃរោងចក្រ សេងបូ ហ្គាមិន លោក អាំ មន្នី ធ្លាប់ប្រាប់អាស៊ីសេរីថា ការបញ្ឈប់លោកស្រី រឿន កូលាប នេះ មិនជាប់ពាក់ព័ន្ធនឹងការរើសអើងសហជីពនោះទេ។ លោកថា ហេតុផលដែលឈានដល់ការបញ្ឈប់លោកស្រី រឿន កូលាប គឺបណ្ដាលមកពីលោកស្រីធ្វើការមិនគ្រប់ចំនួនគោលការណ៍ដូចកម្មករដទៃទៀត។
ផ្ទុយពីការចោទប្រកាន់នេះ កាលពីថ្ងៃទី១២ ខែមិថុនា ក្រុមអង្គការសង្គមស៊ីវិល និងសហជីព ចំនួន ១៧ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម ស្នើសុំឲ្យមានការគោរពសេរីភាពសហជីព និងអនុញ្ញាតឲ្យលោកស្រី រឿន កូលាប បានចូលធ្វើការនៅរោងចក្រ សេងបូ ហ្គាមិន ឡើងវិញ។
សេចក្ដីថ្លែងការណ៍រួមដដែល អះអាងថា ការចោទប្រកាន់របស់អតីតប្រធានរដ្ឋបាល មិនស៊ីសង្វាក់គ្នានឹងលទ្ធផលការងារជាក់ស្ដែងឡើយ ដោយសារតែលោកស្រី រឿន កូលាប តែងតែទទួលបានប្រាក់រង្វាន់រាល់ខែ ចំពោះលទ្ធផលការងារ ហើយមិនធ្លាប់ត្រូវបានស្ដីបន្ទោស ឬព្រមានពីថ្នាក់លើឡើយ។ ប្រភពដដែល អះអាងទៀតថា រោងចក្រ សេងបូ ហ្គាមិន បានបញ្ឈប់លោកស្រី រឿន កូលាប ពីកន្លែងការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីលោកស្រី រឿន កូលាប ត្រូវបានកម្មករបោះឆ្នោតឲ្យក្លាយជាប្រធានសហជីពប្រចាំរោងចក្រនេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ទោះយ៉ាងណា ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ មានប្រសាសន៍ថា រោងចក្រសេងបូ ហ្គាមិន កំពុងរើសអើងសហជីពក្នុងកម្រិតមួយធ្ងន់ធ្ងរ ដោយរោងចក្របានបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងមិនបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការឡើយ។ អ្នកស្រីស្នើដល់ក្រសួងការងារ ឲ្យចុះធ្វើអធិការកិច្ចលើរោងចក្រមួយនេះ ដើម្បីធានាការគោរពសេរីភាពសហជីព ព្រមទាំងស្នើដល់តុលាការពន្លឿននីតិវិធីស្វែងរកយុត្តិធម៌សម្រាប់លោកស្រី រឿន កូលាប។
លោកស្រី ទូច សើ៖«ខាងខ្ញុំនៅតែបន្តប្ដឹងតទៅទៀត នៅពេលហ្នឹង គឺខ្ញុំអត់ទាន់ឈប់ទេ អត់ទាន់អាចពន្លែងដៃបានទេ លុះត្រាតែក្រុមហ៊ុនចូលមកចរចាជាមួយខាងពួកខ្ញុំ និងខាងតុលាការ ដើម្បីរកយុត្តិធម៌សម្រាប់គាត់»។
រោងចក្រកាត់ដេរសំលៀកបំពាក់ សេងបូ ហ្គាមិន ខេមបូឌា មានទីតាំងស្ថិតនៅភូមិពោធិ៍កោង សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលមានថៅកែជាជនជាតិចិន និងមានកម្មករសរុបប្រមាណ ៥០០នាក់។រោងចក្រមួយនេះ ធ្លាប់បានបញ្ចប់កិច្ចសន្យាការងារលើថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រមួយនេះជាបន្តបន្ទាប់។ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ រោងចក្របានបញ្ឈប់ប្រធានសជីពប្រចាំរោងចក្រ លោកស្រី រឿន កូលាប ហើយរោងចក្របានបញ្ចប់កិច្ចសន្យាប្រធានសហជីពម្នាក់ទៀត ដែលមកជំនួសលោកស្រី រឿន កូលាប គឺលោក ហាក់ ហៀង កាលពីឆ្នាំ២០២៣។ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រោងចក្រមួយនេះ បានបញ្ចប់កិច្ចសន្យាប្រធានសហជីពរោងចក្រ សេងបូ គឺលោក ថុង ធី និងអនុប្រធានម្នាក់ទៀត គឺលោក សៀក ថុង ក្រោយពីពួកគាត់ជាប់ឆ្នោតជាថ្នាក់ដឹកនាំសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
