ទទូចដល់រដ្ឋាភិបាល ឲ្យគិតគូរពីសុវត្ថិភាពដឹកជញ្ជូនកម្មកររោងចក្រ ខណៈកម្មករក្នុងវិស័យមួយនេះ នៅតែបន្តរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ អ្នកជំនាញសុវត្ថិភាពចរាចរណ៍លើកឡើងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ រដ្ឋាភិបាល និងអាជ្ញាធរគួរតែបង្កើនការអប់រំពលរដ្ឋ និងរឹតបន្តឹងច្បាប់ចរាចរណ៍។
សហជីពមូលដ្ឋាន បារម្ភថា នៅពេលអាជ្ញាធរខកខានត្រួតពិនិត្យបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរ របស់អ្នកបើករថយន្តដឹកជញ្ជូនកម្មកររោងចក្រ កំពុងបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។
ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រខេន ស្ព័ត ស៊ូ (Can sport shoes)ខេត្តកំពង់ឆ្នាំង លោក កាន សុខវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ឧសភាថា លោកសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍មួយចំនួន គឺកើតឡើងដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ ស្របពេលកម្មករក្នុងមួយឡានមានគ្នាចន្លោះពី ៥០ ដល់ ៦០នាក់ បានផ្ញើជីវិតនៅលើអ្នកបើកបរ។ លោកស្នើដល់អាជ្ញាធរឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យបច្ចេកទេសយានយន្តដឹកជញ្ជូនកម្មករ ដើម្បីការពារសុវត្ថិភាពកម្មករ។
លោក កាន សុខវី៖«ពូអាជ្ញាធរសូមឲ្យគាត់ឆែកសួររាល់តៃកុងឡានទាំងអស់ តើមានប័ណ្ណបើកបរត្រឹមត្រូវទេ?តើគាត់មានបានចូលសាលារៀនបើកបរទេ?មុនពេលគាត់បើកហ្នឹង។ អ្នកខ្លះចេះបន្តគ្នា ធ្វើតែប័ណ្ណបើកបរយកអ៊ីចឹង គាត់អត់មានបទពិសោធន៍ គាត់អត់បានចូលសាលារៀនអំពីច្បាប់ចរាចរណ៍ទេ អ៊ីចឹងកាត់អត់យល់ទេ ត្រូវវ៉ា គឺវ៉ាភ្លាម។ ត្រូវស្រាបន្តិចត្រូវវ៉ា គឺវ៉ាភ្លាម។ អ៊ីចឹងទៅ កម្មករដែលជិះលើឡានគាត់ គឺហានិភ័យ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកជញ្ជូនកម្មករ២គ្រឿងបានបុកគ្នា កាលពីរសៀលថ្ងៃទី២៧ ឧសភា នៅលើផ្លូវជាតិលេខ៥ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបណ្ដាលឲ្យមនុស្សចំនួន ៦៦នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ដើម្បីសង្គ្រោះម្ដាយ និងទារក។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថា ក្រសួងការងារកំពុងគិតគូរបញ្ហាចំនួន៤ រួមមាន ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់ក្បែររោងចក្រ ការកែលំអកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ការធ្វើតេស្ដទទួលស្គាល់ជំនាញ និងការផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើររបស់កម្មករ ក្នុងរយៈពេល ២ឆ្នាំ។
លោក ហេង សួរ៖«សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរជាបណ្ដើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិក ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧»។
ទោះជាយ៉ាងណា គេសង្កេតឃើញថា កត្តា ដែលនាំឲ្យកម្មកររងរបួសច្រើនគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ គឺដោយសាររថយន្តដឹកជញ្ជូនកម្មករច្រើនហួសហេតុ និងឈរតម្រៀបគ្នាណែនក្ដន់នៅលើឡាន។
អ្នកជំនាញផ្នែកកម្មវិធីសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកជញ្ជូនកម្មកររោងចក្រ គឺមិនមែនជារឿងថ្មីឡើយ។ លោកថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ និងពលរដ្ឋនៅលើដងផ្លូវ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែបង្កើនការអប់រំដល់ពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ រៀបចំវិស្វកម្មផ្លូវថ្នល់ និងរឹតបន្តឹងច្បាប់ចរាចរណ៍។ លោក ក៏រំលឹកដល់ពលរដ្ឋ និងកម្មករ ឲ្យចូលរួមបង្ការគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានកើនឡើង ១១ភាគរយ ច្រើនជាងឆ្នាំ២០២២ ដោយចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត ៤ពាន់ដង ក្នុងនោះបង្កឱ្យមានមនុស្សស្លាប់ជាង ១ពាន់ ៥រយនាក់ (១.៥៩០) និងរបួសជាង ៤ពាន់ ៥រយនាក់ (៤.៥១៥)។
សហជីព និងអ្នកជំនាញសុវត្ថិភាពចរាចរណ៍ ស្នើដល់អាជ្ញាធរឲ្យរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យបច្ចេកទេសយានយន្ត និងអ្នកបើកបរយានយន្ត ដើម្បីសុវត្ថិភាពកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
