កម្មករ​រោងចក្រ​វ៉ាយអូលែត​ប្រកាស​បន្ត​តវ៉ា ក្រោយ​ការ​ដោះស្រាយ​ធ្វើ​ឱ្យ​កម្មករ​បាត់​ប្រយោជន៍

ក្រុមកម្មករ​រោងចក្រ​វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD.) ប្រកាស​មិន​ទទួលយក​ការ​ដោះស្រាយ​របស់​មន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​នោះ​ទេ ដោយសារ​ពួកគាត់​ថា ការ​ដោះស្រាយ​នេះ លំអៀង​ទៅ​រក​ខាង​ថៅកែ​រោងចក្រ និង​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ។ ក្រុម​កម្មករ​ប្រកាស​បន្ត​ការ​តវ៉ា និង​ត្រៀម​ហែ​ញត្តិ​ទ្រង់ទ្រាយ​ធំ​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី២។

តំណាង​កម្មករ​រោងចក្រ​វ៉ាយអូលែត លោកស្រី អ៊ុង ចាន់ធឿន ប្រាប់​អាស៊ីសេរី​ថា ក្រុម​កម្មករ​មិន​ទទួលយក​ការ​ដោះស្រាយ​នេះ​ទេ ព្រោះ​ក្រសួង​នៅតែ​រក្សា​ជំហរ​មិន​លុប​ចោល​លិខិត​កាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង​របស់​កម្មករ។ លោកស្រី​បន្ត​ថា ការ​ដោះស្រាយ​មួយ​ព្រឹក​ធំ​គឺ​កម្មករ​ទទួល​បាន​ប្រយោជន៍​តិចតួច​បំផុត ដោយ​ខាង​រោងចក្រ​នឹង​ផ្ដល់​លុយ​ជូនដំណឹង​ចំនួន ១​ខែ​ឱ្យ​កម្មករ​ចំនួន ៤៩​នាក់ ដែល​មាន​អតីតភាព​ការងារ​ជាង​១០​ឆ្នាំ ឯ​កម្មករ​ជាង ១​ពាន់​(១ ៣០០)​នាក់​ផ្សេងទៀត ដែល​ធ្វើ​ការ​ក្រោម​១០​ឆ្នាំ មិន​ទទួល​បាន​ប្រាក់​ជូន​ដំណឹង​ទេ។

តំណាង​កម្មករ​ដដែល​បន្ត​ថា ដោយឡែក​កម្មការិនី មាន​ផ្ទៃពោះ ៤​ខែ​វិញ រោងចក្រ​ព្រម​ផ្ដល់​ឱ្យ​លុយ​៥០​ភាគរយ នៃ​ប្រាក់​ឈ្នួល​គោល​រយៈពេល​៣​ខែ តែ​ត្រូវ​បញ្ឈប់​ការ​ទាមទារ​សំណង​ផ្សេងៗ​។ ប៉ុន្តែ​សម្រាប់​កម្មករ​មាន​ផ្ទៃពោះ ៧​ខែ​ឡើង ត្រូវ​បាត់បង់​អត្ថប្រយោជន៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) ចំនួន​៧០​ភាគរយ ដោយសារ​ភាគី​ក្រុមហ៊ុន​ឈប់​បង់​វិភាគទាន​ប​.​ស​.​ស សម្រាប់​កម្មករ​ជា​យូរ​មក​ហើយ។

លោកស្រី អ៊ុង ចាន់ធឿន ហៅ​ដំណោះស្រាយ​នេះ ថា​មិនទាន់​បាន​ផ្ដល់​យុត្តិធម៌ ឱ្យ​កម្មករ​រោងចក្រ​វ៉ាយអូលែត ទេ ដូច្នេះ​កម្មករ​សម្រេច​មិន​ទទួលយក​ការ​ដោះស្រាយ និង​បន្ត​ការ​តវ៉ា តាម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ តាម​ផ្លូវ​ច្បាប់​ទៅទៀត៖ « និយាយ​ឱ្យ​ចំ​ទៅ​កម្មករ​ទាំងអស់ ពួក​ខ្ញុំ​ហ្នឹង​មិន​ព្រម​ទទួល​លក្ខខណ្ឌ​ហ្នឹង​ទេ ព្រោះ​អ្វី​ដែល​ទទូច​ជាង​គេ ព្រោះ​លិខិត​ហ្នឹង វា​គ្របដណ្ដប់​ទៅ​ទាំងស្រុង​តែ​ម្ដងណា​លោកគ្រូ​។ គ្របដណ្ដប់​ថា រោងចក្រ​បិទ​រួច​ផុត​ពី​កាតព្វកិច្ច​អស់រលីង​ហើយ​ហ្នឹង​មាន​អ្វី​ទៀត​។ គាត់​មិន​បាច់​ជូនដំណឹង​ក៏​មិន​ចាំបាច់​សងជំងឺចិត្ត ក៏​មិន​ចាំបាច់​សង​លុយ​អតីតភាព​ការងារ​ជូនដំណឹង​ពួក​ខ្ញុំ​អ៊ីចឹង​ណា​។ ២​ហ្នឹង​វា​ធំ​ជាងគេ​ហើយ ចំពោះ​រោងចក្រ​បិទ​អ៊ីចឹង​ណា​លោកពូ »

ក្រោយ​ការ​សម្របសម្រួល​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា មន្ត្រី​ក្រសួង​ការងារ បាន​ប្រកាស​បញ្ឈប់​ការចរចា​ដោយ​តម្រូវ​ឱ្យ​គ្រប់​ភាគី​ទទួលយក​លទ្ធ​ផល​នេះ​។ មន្ត្រី​ក្រសួង​ការងារ លោក ឯក សុខជា ប្រកាស​ប្រាប់​កម្មករ​នៅ ខាងមុខ​រោងចក្រ​ឱ្យ​បញ្ឈប់​ការ​តវ៉ា ដើម្បី​សណ្ដាប់ធ្នាប់​សាធារណៈ៖ « ឯកឧត្ដម​ប្រធាន​អង្គប្រជុំ​ស្នើសុំ​ឱ្យ​បងប្អូន​កម្មករ​និយោជិក រក្សា​ភាព​ស្ងៀមស្ងាត់ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ នឹង​បទបញ្ជា​លេខ​០៣ ចុះ​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ​២០១៣ របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​រក្សា​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស និង​តំបន់​ឧស្សាហកម្ម ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ »

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​រោងចក្រ វ៉ាយអូលែត លោក ប៊ូ សំណាង នៅ​ថ្ងៃ​ទី​២៤ កក្កដា បាន​ទេ​។ តែ​យ៉ាងណា តំណាង​កម្មករ លោកស្រី អ៊ុង ចាន់ធឿន ប្រាប់​ថា ខាង​ភាគី​ថៅកែ មិន​បាន​ជំទាស់​នឹង​ការសម្រេច​របស់​ក្រសួង​ទេ ព្រោះ​ខាង​រោងចក្រ​រក្សា​ជំហរ​ថា អនុវត្ត​តាម​លិខិត​ណែនាំ​របស់​ក្រសួង​ការងារ​ជានិច្ច។

កម្មករ​រោងចក្រ​វ៉ាយអូលែត បាន​ផ្ទុះ​ការ​តវ៉ា​កាលពីដើម​ខែ​កក្កដា ដោយសារ​ថៅកែ​ប្រកាស​ក្ស័យធន ក្រោយ​ពេល​រោងចក្រ​នេះ​ព្យួរ​ការងារ​កម្មករ​រយៈពេល ២​ខែ​។ កម្មករ​អះអាង​ថា ថៅកែ​រោងចក្រ​មិន​បើក​ប្រាក់​អត្ថប្រយោជន៍​ឱ្យ​កម្មករ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ ទើប​ផ្ទុះ​ការ​តវ៉ា​។ រោងចក្រ​នេះ​ស្ថិតនៅ​ភូមិ​ត្រពាំង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែនសុខ មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មាន​កម្មករ​សរុប​ជាង​មួយ​ពាន់ (.៣០០) នាក់ ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ឱ្យ​យីហោ​ម៉ាក Nike Matalan Carther និង C&A

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ថា ការ​ដោះស្រាយ​វិវាទ​រោងចក្រ​វ៉ាយអូលែត ធ្វើ​កម្មករ​ខាត​ប្រយោជន៍​ស្របច្បាប់​ជាច្រើន​ទើប​កម្មករ​មិន​អាច​ទទួល​យក​បាន​។ លោក រ៉ុង ឈុន សន្យា​ដឹកនាំ​កម្មករ​រោងចក្រ​វ៉ាយអូលែត តវ៉ា​ទាមទារ​ផលប្រយោជន៍​ស្របច្បាប់​បន្ត​ទៀត៖ « ខ្ញុំ​នឹង​នៅ​ឈរ​ខាង​កម្មករ​ជានិច្ច​ជា​កាល ហើយ​និង​ដឹកនាំ​ពួកគាត់​ស្វែងរក​យុត្តិធម៌​បន្ត​ទៀត មាន​ន័យ​ថា សុខទុក្ខ​របស់​កម្មករ គឺជា​សុខទុក្ខ​របស់ខ្ញុំ​។ សុខទុក្ខ​របស់​កម្មករ គឺជា​សុខទុក្ខ​របស់​សហជីព។ កម្មករ​មានទុក្ខ យើង​ជា​អ្នក​សហជីព ត្រូវតែ​ជួយ​រក​យុត្តិធម៌ រក​ដំណោះស្រាយ​ជួយ​គាត់ »

កម្មករ​រោងចក្រ​វ៉ាយអូលែត បាន​ដើរ​តវ៉ា​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃ​ទី​២៣ កក្កដា ដោយ​នាំគ្នា​ហែ​ញត្តិ​ពី​ក្រសួង​ការងារ ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្ថិតនៅ​ម្ដុំ​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី​។ តែ​យ៉ាងណា ក្បួន​ហែ​ញត្តិ​ថ្មើរ​ជើង​របស់​តំណាង​កម្មករ ជាង​២០០​នាក់ បាន​បរាជ័យ​ដោយសារ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឃាត់​ជាប់​នៅ​ម្ដុំ​រង្វង់​មូល​ក្ដាន់​ពីរ ជិត​ទីស្ដីការគណៈរដ្ឋមន្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។