សាក្សី​ជា​ច្រើន​បញ្ជាក់​ថា​ប៉ូលិស​ស្រុក​ស្អាង​ព្រួត​វាយ​សម្លាប់​បុរស​ពីរ​នាក់​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់

0:00 / 0:00

សាក្សី​ជា​ច្រើន​នាក់​បញ្ជាក់​ថា នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ជា​ច្រើន​នាក់ ពិត​ជា​បាន​ប្រើ​ហិង្សា​លើ​បុរស​ជិះ​ម៉ូតូ​ពីរ​នាក់​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់ បន្ទាប់​ពី​មាន​ជម្លោះ​ជិះ​ម៉ូតូ​វ៉ា​ជែង​គ្នា ប៉ុន្តែ​ប៉ូលិស​ដែល​បាន​ប្រើ​ហិង្សា​ចោទ​ថា បុរស​ពីរ​នាក់​នោះ​ជា​ចោរ​ប្លន់។ ក្រុម​គ្រួសារ​ជនរងគ្រោះ កំពុង​ដង្ហោយ​រក​យុត្តិធម៌។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ថា សំណុំរឿង​ដែល​គេ​ចោទ​ថា ប៉ូលិស​ប្រើ​ហិង្សា​វាយដំ​ទាត់​ធាក់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​នេះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រោះ​ប៉ូលិស​គឺ​ជា​អ្នក​អនុវត្ត​ច្បាប់ មិន​អាច​ប្រើ​អំពើ​ហិង្សា​នោះ​ទេ បើ​ទោះ​បី​ពួកគាត់​ជា​ជាប់​ចោទ ឬ​ជនសង្ស័យ​ក៏ដោយ។

ថ្វីត្បិតតែ​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​បង្ហាញ​របាយការណ៍​ថា ក្រុម​អ្នក​ភូមិ​វាយ​បុរស​ពីរ​នាក់ ដោយ​សង្ស័យ​ថា ជា​ចោរប្លន់​តាម​ផ្លូវ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២១ ខែ​តុលា ដែល​បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់​ក្តី ក្រុម​អ្នក​ស្រុក​វិញ​និយាយ​ថា គឺ​នគរបាល​ទេ​ដែល​ជា​អ្នក​វាយដំ​ទាត់​ធាក់​លើ​អ្នក​ទាំង​ពីរ។ ក្រុម​អ្នក​ស្រុក​ដែល​បាន​ឃើញ​ហេតុការណ៍​បញ្ជាក់​ក្រោយ​ពេល​ឃាត់​ខ្លួន​បុរស​ទាំង​ពីរ​នៅ​តាម​ដង​ផ្លូវ ហើយ​ប៉ូលិស​វាយដំ​ពួក​គេ​ក៏ដោយ ក៏​មើល​ទៅ​មិន​សូវ​មាន​របួស​ធ្ងន់ធ្ងរ​​ទេ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ត្រូវ​មើល​ឃើញ​ថា មាន​របួសធ្ងន់​បន្ទាប់​ពី​ចេញ​មក​ពី​អធិការដ្ឋាន​នគរបាល​ស្អាង ហើយ​បាន​ស្លាប់​នៅ​ពេល​អ្នក​ភូមិ និង​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តាខ្មៅ។

ពលរដ្ឋ​ម្នាក់​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ថា ដំបូង​ឡើង នគរបាល​ម្នាក់​ឈ្មោះ ឆៃ ស៊ីណា ស្លៀកពាក់​ស៊ីវិល ហើយ​ស្ថិត​ក្នុង​អាការៈ​ស្រវឹង​ផង បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​គ្នា​បណ្ដើរ និង​ឈ្លោះ​គ្នា​បណ្ដើរ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់។ ភ្លាមៗ​នគរបាល​រូប​នោះ បាន​ផ្ដួល​ម៉ូតូ​ខ្លួន​ឯង ហើយ​ទាញ​កាំភ្លើងខ្លី​ភ្ជង់​អ្នក​ទាំង​ពីរ ព្រម​ទាំង​ទូរស័ព្ទ​ហៅ​មិត្តភ័ក្ដិ​ជា​នគរបាល​ដូចគ្នា​ឲ្យ​មក​ជួយ​ចាត់​ការ​បុរស​ទាំង​ពីរ​នាក់​ដោយ​ចោទ​ថា ជា​ចោរ​ប្លន់។ នៅ​ពេល​ដែល​បក្ខពួក​មក​ដល់ គឺ​ពួកគេ​បាន​បើក​ការ​វាយដំ​លើ​បុរស​វ័យ​ក្មេង​ទាំង​ពីរ​នាក់ ដោយ​មិន​បាន​សួរ​នាំ​រក​ខុស​ត្រូវ​អ្វី​ទាំង​អស់ « ជន​រងគ្រោះ​គាត់​អង្វរ​ថា កុំ​វាយ​គាត់ កុំ​សម្លាប់​គាត់​អី ហើយ​បើ​ចង់​យក​គាត់​ទៅ​ដាក់​គុក​ក៏​យក​ទៅ ហើយ​ចាំ​សម្រួល​គ្នា​តាម​ក្រោយ តែ​ខាង​គាត់ ( ប៉ូលិស ) អត់​យល់ព្រម​ទេ ហើយ​វាយ​យក​តែ​ម្តង ហើយ​គ្មាន​ប្រជាជន​ណា​ទៅ​ប៉ះពាល់​គាត់​ទេ គឺ​មាន​តែ​ប្រជាជន​អាណិត និង​ឃាត់​កុំ​ឲ្យ​វាយ​គាត់ ហើយ​សម្រួល​គ្នា​រក​ខុស​ត្រូវ​ទៅ។ តែ​ប៉ូលិស​បាន​ដឹក​យក​ទៅ​ប៉ុស្តិ៍ ពេល​នោះ​មិន​ដឹង​យ៉ាង​ម៉េច​ទៀត​ទេ »

អ្នកស្រី​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ទង្វើ​របស់​នគរបាល​ដែល​អ្នកស្រី​ថា ជា​អ្នក​អនុវត្ត​ច្បាប់​បែរ​ជា​អង្គុយ​លើ​ច្បាប់ ដោយ​វាយ​ធ្វើ​បាប​លើ​ប្រជាពលរដ្ឋ​ដោយសារ​ជម្លោះ​តិចតួច មិន​យក​ច្បាប់​មក​អនុវត្ត « សមត្ថកិច្ច​ត្រូវ​សម្រួល​បញ្ហា​អី​មួយ​ឲ្យ​វា​ស្រួល​ទាំងអស់​គ្នា ព្រោះ​ជា​សមត្ថកិច្ច មិន​គួរ​ធ្វើ​រឿង​មិន​គួរ​គប្បី ហើយ​ចោទ​ដាក់​ពលរដ្ឋ​នោះ​ទេ។ អ៊ីចឹង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​គឺ​គាត់​មិន​សុខ​ចិត្ត​ទេ »

សាក្សី​ម្នាក់​ទៀត​ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​មុខ​វត្ត​ធនមន្ត ជា​ទី​កន្លែង​កើត​ជម្លោះ ស្ថិត​ក្នុង​ភូមិ​ស្វាយតានី ឃុំ​ព្រែកគយ ស្រុក​ស្អាង​នោះ ឲ្យ​ដឹង​ដែរ​ថា ពេល​មាន​ជម្លោះ​កើត​ឡើង​រវាង​នគរបាល និង​បុរស ជិះ​ម៉ូតូ​ពីរ​នាក់​នោះ គឺ​ប្រជាជន​ជា​ច្រើន​នាក់ បាន​ចោមរោម​ឈរ​មើល ហើយ​បាន​ស្រែក​ឃាត់​នគរបាល​ទាំង​នោះ កុំ​ឲ្យ​វាយដំ​លើ​អ្នក​ទាំង​ពីរ​នោះ តែ​អាជ្ញាធរ​មិន​ស្ដាប់​ឡើយ « គ្មាន​ប្រជាជន​ណា​ទៅ​វាយ​ទេ គឺ​ប្រជាជន​បាន​ចូល​ទៅ​ឃាត់​ដែរ »

សាក្សី​ជា​ច្រើន​ទៀត ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ក្រោយ​ពេល​កើត​ហេតុ គឺ​នគរបាល​បាន​ដើរ​ប្រាប់​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​កុំ​ឲ្យ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ថា ប៉ូលិស​ជា​អ្នក​ប្រើ​ហិង្សា។

មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦។
មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦។ (RFA/Ou Banung)

ការ​រៀបរាប់​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​កន្លែង​កើត​ហេតុ​នេះ គឺ​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​ជន​រងគ្រោះ​ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​នោះ ថា​គ្មាន​អ្នក​ភូមិ​ណា​វាយ​បុរស​ទាំង​ពីរ​នោះ​ទេ។ លើស​ពី​នេះ អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​នគរបាល​ឈប់​វាយ​អ្នក​ទាំងពីរ​ទៀត​ផង។

បុរស​ដែល​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សា​នគរបាល​វាយដំ​នោះ ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ រស់​នៅ​ភូមិ​តានង់ ឃុំ​ក្រាំងអំពិល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ ចំណែក​ម្នាក់​ទៀត​របួស​ធ្ងន់​មាន​ឈ្មោះ ទិត លាភ អាយុ ២២​ឆ្នាំ ត្រូវ​ជា​ប្អូនថ្លៃ​អ្នក​ស្លាប់ ហើយ​មាន​ទីលំនៅ​ជាមួយ​គ្នា។

លោក ទិត លាភ ដែល​កំពុង​ដេក​ព្យួរ​សេរ៉ូម​នៅ​ក្រោម​ផ្ទះ ដោយ​មិន​អាច​ងើប​ដើរ​បាន និង​មាន​ស្នាម​ជាំ​ពេញ​ដង​ខ្លួន ព្រមទាំង​បែក​មាត់ បាន​រៀបរាប់​ប្រាប់​អាស៊ីសេរី យ៉ាង​លម្អិត​ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែ​តុលា រូប​គាត់ និង​បងប្រុស​ដែល​ស្លាប់​នោះ រួម​ទាំង​មិត្តភ័ក្ដិ ៣​នាក់​ទៀត បាន​ជិះ​ម៉ូត​ពីរ​គ្រឿង​ទៅ​លេង​ផ្ទះ​បង នៅ​ឯ​ភូមិ​ទួលសុភី ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ បន្ទាប់​ពី​ហូប​ចុក​ជួបជុំ​គ្នា​រួច រហូត​ដល់​ម៉ោង ៥​ល្ងាច ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​នៅ​ពេល​ជិះ​មក​ដល់​ចំណុច​ខ្លោងទ្វារ​វត្ត​ធនមន្ត ក្នុង​ភូមិ​ស្វាយតានី ឃុំ​ព្រែកគយ ក៏​ស្រាប់តែ​មន្ត្រី​នគរបាល​ឈ្មោះ ឆៃ ស៊ីណា បាន​ជិះ​ម៉ូតូ​វ៉ា​ពួកគាត់ ហើយ​ពួកគាត់​ក៏​ជិះ​វ៉ា​ជែង​វិញ គឺ​ជិះ​វ៉ា​គ្នា​ម្នាក់​ម្ដង ហើយ​ពួកគាត់​ក៏​គ្មាន​បំណង​កៀប​ប្លន់​ដូច​ជា​ការ​ចោទ​ប្រកាន់​នោះ​ទេ។ បន្តិច​ក្រោយ​មក ឈ្មោះ ឆៃ ស៊ីណា បាន​ប្រឹង​វ៉ា​ទៅ​មុខ​វិញ​ម្ដង​ទៀត ហើយ​បាន​ផ្ដួល​ម៉ូតូ ដក​កាំភ្លើងខ្លី​ភ្ជង់​ពួកគាត់​ឲ្យ​ឈប់ និង​បាន​ទូរស័ព្ទ​ហៅ​មិត្តភ័ក្ដិ​ជា​ប៉ូលិស​ដូចគ្នា​ឲ្យ​មក​វាយ​ទាត់​ធាក់​ពួកគាត់​តែម្ដង « ពេល​គ្នា​គាត់​មក គាត់​ប្រាប់​ថា ពួក​ខ្ញុំ​ចង់​ធើ​ស៊ី​ម៉ូតូ​គាត់ ហើយ​គ្នា​គាត់​មក​ហក់​ធាក់​ពួក​ខ្ញុំ​តែ​ម្តង អត់​មាន​សួរ​នាំ​អី​ទេ។ ពួក​គាត់​វាយ​ចំ​ពោះ ចំ​ខ្នង ចំ​ជើង និយាយ​ទៅ​គ្រប់​កន្លែង​ទាំងអស់​តែ​ម្តង។ គេ​វាយ​រហូត​ដល់​ពួក​ខ្ញុំ​កម្រើក​លែង​កើត។ គេ​ទាត់​ធាក់ និង​ជាន់​ខ្ញុំ​រហូត​ទាំង​ដៃ​ជាប់​ខ្នោះ ហើយ​ដឹង​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង។ នៅ​ទីនោះ ពួក​គាត់​ជា​ប៉ូលិស​ប្រហែល​មាន​គ្នា​ពី ៥ ទៅ ៦​នាក់ បន្ត​វាយ​ពួក​ខ្ញុំ​រហូត​តែ​ម្តង ទោះ​បី​ពួក​ខ្ញុំ​ធ្លាក់​ឈាម​ក៏ដោយ ពួក​គេ​ប្រើ​បំពង់​ទីប »

លោក ទិត លាភ បន្ត​ថា ប៉ូលិស​បាន​វាយដំ​ពួកគាត់​ពីរ​នាក់​បង​ប្អូន​រហូត​ជិត​ដល់​ម៉ោង ៨​យប់​ទើប​ដោះលែង ដោយសារ​មាន​ប្រជាជន​នៅ​ស្អាង នាំ​គ្នា​ផ្ដិត​មេដៃ​ធានា ហើយ​ដឹក​ពួកគាត់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​ស្អាង តែ​ពេទ្យ​ស្រុក​មិន​ហ៊ាន​ព្យាបាល​ទេ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ក៏​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ នៅ​ក្រុង​តាខ្មៅ តែ​ឈ្មោះ ចំរើន សីហា បាន​ដាច់ខ្យល់​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា ដោយ​គ្រូពេទ្យ​បញ្ជាក់​ថា គាត់​គ្រាំ​ក្នុង​ខ្លាំង​មាន​ឈាមកក​ក្នុង​ពោះ និង​បែក​ប្លោកនោម ព្រម​ទាំង​បែក​ក្បាល​ធ្ងន់ធ្ងរ​ថែម​ទៀត។

​លោក ទិត លាភ ក៏​បាន​ច្រានចោល​ពាក្យ​សម្ដី​របស់​អធិការ​ស្រុក​ស្អាង លោក សេង សុជាតិ ដែល​ថា ពួកគាត់​មាន​បំណង​ជិះ​ម៉ូតូ​កៀប​ប្លន់​មន្ត្រី​ប៉ូលិស​ឈ្មោះ ឆៃ ស៊ីណា ហើយ​ប្រជាពលរដ្ឋ​ស្មាន​តែ​ជា​អំពើ​ប្លន់ ក៏​បាន​ព្រួត​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង ហើយ​ក្រោយ​មក​ទើប​កម្លាំង​ទៅ​ដល់ ក៏​រំដោះ​ជម្លៀស​យក​មក​អធិការដ្ឋាន ហើយ​ដោយ​ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ជនរងគ្រោះ​នៅ​មាន​ជីវិត​រូប​នេះ​បន្ត​ថា ប្រជាពលរដ្ឋ​មិន​បាន​ចូលរួម​វាយ​លើ​ពួកគាត់​នោះ​ទេ មាន​តែ​អង្វរ​ឃាត់​កុំ​ឱ្យ​ប៉ូលិស​វាយ​ពួកគាត់។ លោក​ថា ប្រជាពលរដ្ឋ​នៅ​ទី​នោះ​អាច​ធ្វើ​ជា​សាក្សី​បាន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​អធិការ​នគរបាល​ស្រុក​ស្អាង លោក សេង សុជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ដោយ​លោក​ថា រវល់​ប្រជុំ។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន និង​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ តែ​មិន​លើក​ទូរស័ព្ទ​នោះ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា។ ចំណែក​មន្ត្រី​ប៉ូលិស​ឈ្មោះ ឆៃ ស៊ីណា ដែល​រង​ការ​ចោទ​ថា ជា​ជន​ដៃ​ដល់​នោះ មិន​អាច​ទាក់ទង​បាន​ទេ ហើយ​សារព័ត៌មាន​ក្នុង​ស្រុក និង​គ្រួសារ​ជនរងគ្រោះ​ថា ឆៃ ស៊ីណា រួម​ទាំ​ប៉ូលិស​ពីរ​នាក់​ទៀត​បាន​គេច​ខ្លួន​បាត់។

ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung (RFA/Ou Banung)

ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់​គឺ​អ្នកស្រី ឃួន ស្រីមុំ ជា​កម្មការិនី​រោងចក្រ​រៀបរាប់​ថា ប្ដី​អ្នកស្រី​ពិត​ជា​បាន​ប្រាប់​ថា ទៅ​លេង​ផ្ទះ​បង​បង្កើត​នៅ​ស្អាង​មែន។ អ្នកស្រី​រៀបរាប់​ថា ពេល​បាត់បង់​ប្ដី​ទៅ គ្រួសារ​អ្នកស្រី​នឹង​ជួប​ការ​លំបាក​សព្វ​បែប​យ៉ាង ព្រោះ​កាល​ប្ដី​នៅ​រស់ គាត់​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ចិញ្ចឹម​​គ្រួសារ និង​ជា​មនុស្ស​ស្លូត​បូត។ ភរិយា​ជនរងគ្រោះ បាន​ដាក់​ពាក្យ​ប្ដឹង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កណ្ដាល ហើយ ដើម្បី​តាម​ចាប់​ជន​ដៃ​ដល់​ទាំង​អស់​នោះ ទោះ​រត់​គេច​ខ្លួន​ទៅ​ដល់​ទី​ណា​ក្ដី « ខ្ញុំ​ឃើញ​ប្ដី​ខ្ញុំ គឺ​ខ្ញុំ​អាណោចអាធម្ម​ណាស់។ គាត់​មាន​ស្នាម​របួស​ពេញ​ដង​ខ្លួន ហើយ​ក្បាល​គាត់​ផុង។ សូម​ជួយ​ចាប់​ជន​ដៃ​ដល់​ដែល​ធ្វើ​បាប​ប្ដី​ខ្ញុំ​ផង »

រី​ឯ​ម្ដាយ ទិត លាភ ប្រឹង​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា កូន​អ្នកស្រី​អាច​នឹង​ពិការ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​ជួប​ទុក្ខ​កាន់​តែ​ខ្លាំង។ អ្នកស្រី​ថា កន្លងមក​កូន​ប្រុស​របស់​អ្នកស្រី​តែងតែ​ទៅ​ធ្វើ​សំណង់​ជាមួយ​បងប្រុស​ដែល​ស្លាប់​នោះ ដើម្បី​រក​លុយ​ផ្គត់ផ្គង់​ម្ដាយ​មេម៉ាយ និង​ប្អូនៗ​ដែល​នៅ​តូចៗ « ខ្ញុំ​អាណិត​កូន​ខ្ញុំ​ណាស់ ! ខ្ញុំ​ជា​ម្តាយ​មិន​ដែល​វាយ​កូន​ខ្ញុំ​ទេ។ ហេតុ​អី​គេ​វាយ​កូន​ខ្ញុំ​ដល់​ថ្នាក់​នេះ ? ខ្ញុំ​ឃើញ​ឆ្អឹង​ខ្នង​កូន​ខ្ញុំ គឺ​ខ្ញុំ​សន្លប់​តែ​ម្តង។ អត់​ពី​កូន​ខ្ញុំ​ទៅ គ្មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម​ខ្ញុំ​ទេ។ អ្នក​ស្រុក​ណា​ក៏​ស្ដាយ​កូន​ខ្ញុំ និង​ម្នាក់​ដែល​ស្លាប់​ទៅ​នោះ​ដែរ »

​មេ​ភូមិ​តានង់ គឺ​លោក ឈិត សាវុទ្ធិ មាន​ប្រសាសន៍​ថា ជនរងគ្រោះ​គឺ​ជា​មនុស្ស​ស្លូតត្រង់​ធ្លាប់​បួស​រៀន មិន​មែន​ជា​ចោរ​ប្លន់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ហើយ​ក៏​មិន​ដែល​បង្ក​អំពើ​អសកម្ម​ក្នុង​ភូមិ ឬ​ឈ្លោះ​ទាស់​ទែង​ជាមួយ​អ្នក​ក្បែរ​ខាង​នោះ​ទេ ពោល​គឺ​អ្នក​ភូមិ​ចូល​ចិត្ត​រាប់​អាន​បុរស​រូប​នេះ។ លោក​ថា អ្នកភូមិ​របស់​លោក​មាន​គម្រោង​ផ្ដិត​មេដៃ​ដាក់​ញត្តិ​សុំ​កិច្ច​ពី​អន្តរាគមន៍​ពី​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ គឺ​លោក ហ៊ុន ម៉ានី ប្រសិនបើ​អាជ្ញាធរ​ខេត្ត​កណ្តាល មិន​ពន្លឿន​នីតិវិធី​ចាត់ការ​លើ​ជន​ដៃ​ដល់​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​រង​គ្រោះ « គាត់​ជា​មនុស្ស​ល្អ គឺ​ជា​មនុស្ស​គំរូ​ល្អ​មួយ​ក្នុង​ភូមិ។ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​ខ្ញុំ​សោកស្ដាយ​ចំពោះ​ជន​ដែល​បាត់បង់​ជីវិត​នេះ​ណាស់ ព្រោះ​គាត់​គឺ​ជា​មនុស្ស​ល្អ ហើយ​មិន​គួរ​ណា​សម្លាប់​គាត់ ហើយ​បែរ​ជា​ចោទ​ថា​គាត់​ជា​ចោរ​ទៀត​ទេ។ អ្នក​ភូមិ​របស់​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​សំឡេង​គាំទ្រ​ដល់​ជន​ដែល​ស្លាប់​ទៅ​នេះ »

អ្នកភូមិ​ដែល​រស់​នៅ​ជាមួយ​ជនរងគ្រោះ​សុទ្ធតែ​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​នគរបាល​ស្រុក​ស្អាង ដោយ​ពួកគេ​អះអាង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​មិន​ដែល​មាន​ប្រវត្តិ​លួច​ប្លន់ ឬ​មាន​ចរិត​កោងកាច​ក្នុង​ភូមិ​ឡើយ ជាពិសេស​អ្នក​ដែល​ស្លាប់​ទៅ​នោះ គឺ​ជា​មនុស្ស​គំរូ​ល្អ​ក្នុង​ភូមិ ជា​អាចារ្យ​វ័យក្មេង និង​មាន​មុខ​របរ​ជា​មេជាង​សំណង់​ទៀត​ផង « តាំង​ពី​ខ្ញុំ​ស្គាល់​គាត់​មក គឺ​គាត់​ជា​មនុស្ស​ល្អ។ បើ​ប៉ូលិស​ថា​ចោរ ហេតុ​អី​មិន​ចាប់ ព្រោះ​ពួក​គាត់​មាន​កាំភ្លើង ? ហេតុ​អី​បាន​ជា​វាយ​ធ្វើ​បាប​រហូត​ដល់​ស្លាប់ ? ខ្ញុំ​គិត​ថា ប៉ូលិស​រំលោភ​សិទ្ធិ​មនុស្ស »

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សំណុំរឿង​ដែល​គេ​ចោទ​ថា ប៉ូលិស​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​នេះ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ និង​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ព្រោះ​ប៉ូលិស​គឺ​ជា​អ្នក​អនុវត្ត​ច្បាប់ មិន​អាច​ប្រើ​អំពើ​ហិង្សា ឬ​ធ្វើ​ទារុណកម្ម​នោះ​ទេ ទោះ​បី​ពួកគាត់​ជា​ជន​ជាប់​ចោទ ឬ​ជនសង្ស័យ​ក៏ដោយ « ប្រសិន​បើ​ម្នាក់​ហ្នឹង​ប្រព្រឹត្ត​ខុស​ច្បាប់ ត្រូវ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ មិន​អាច​ប្រើ​ហិង្សា ឬ​ធ្វើ​ទារុណកម្ម​លើ​ជន​ជាប់​ចោទ ឬ​ជន​សង្ស័យ​ណា​មួយ​បាន​ទេ ហើយ​បើ​គាត់​ជា​ជន​ស្លូត​ត្រង់​ទៀត​នោះ វា​រឹត​តែ​បន្ថែម​ស្ថាន​ទម្ងន់​ទោស ឬ​បទល្មើស​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ ដែល​ប្រព្រឹត្ត​បទល្មើស​ទៅ​លើ​ជន​ស្លូត​ត្រង់។ យើង​សង្គម​ស៊ីវិល កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​រឿង​នេះ​បន្ថែម​ទៀត ហើយ​ទទូច​អាជ្ញាធរ​ពាក់ព័ន្ធ និង​តុលាការ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​រក​យុត្តិធម៌ និង​ដើម្បី​បំបាត់​នៅ​និទ្ទណ្ឌភាព និង​ជា​គំរូ​មួយ​កុំ​ឲ្យ​បុគ្គល​ជា​សមត្ថកិច្ច​អនុវត្ត​របៀប​នេះ។ បើ​មិន​ចាត់​ការ​លើ​នគរបាល​មួយ​ក្តាប់​តូច​នេះ​ទេ វា​នឹង​ប៉ះពាល់​ដល់​កង​កម្លាំង​នគរបាល​ទាំងអស់ »

ការ​ប្រើ​អំពើ​ហិង្សា​ជា​ក្រុម​រហូត​ឈាន​ដល់​ការ​សម្លាប់​រំលោភ​ទៅ​នឹង​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស ត្រង់​មាត្រា​១០ ដែល​ចែង​ថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព។

ក្រុម​គ្រួសារ​ជនរងគ្រោះ លើក​ឡើង​ថា ប្រសិនបើ​ស្នងការ​ខេត្ត​កណ្ដាល មិន​អាច​ចាប់​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ច្បាប់​នោះ​ទេ ពួកគាត់​រួម​ទាំង​អ្នក​ភូមិ​ផង នឹង​បន្ត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌ និង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​មន្ត្រី​នគរបាល​នេះ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។