ពលរដ្ឋមួយចំនួនត្អូញត្អែរពីភាពលំបាក ក្រោយបាត់បង់ប្រាក់ចំណូល ដោយសារជំងឺកូវីដ-១៩ ផ្ទុះរាតត្បាតក្នុងសហគមន៍ជាលើកទីបី ដែលមានលក្ខណៈធ្ងន់ធ្ងរជាងលើកមុនៗ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាលគួរមានវិធានការក្នុងការជួយដល់ពលរដ្ឋដែលកំពុងប្រឈមវិបត្តិនៃជំងឺនេះ។
ជំងឺកូវីដ១៩ ដែលឆ្លងចូលសហគមន៍ជាលើកទី៣ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ចំណូលស្ទើរតែទាំងស្រុង។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់ជំងឺនេះបានទេ នោះពួកគាត់នឹងធ្លាក់ខ្លួនក្រីក្រជាងមុន ដោយសារបាត់បង់ការងារ និងមុខរបរចិញ្ចឹមជីវិត។
អ្នកលក់ផ្កានៅរាជធានីភ្នំពេញ លោកស្រី ចាន់នី សុខា រៀបរាប់ថា ទីក្រុងដែលធ្លាប់តែមានមនុស្សអ៊ូរអរប្រែស្ងាត់ជ្រងំ ដោយពុំមានមនុស្សចេញចូលទិញផ្កាលោកស្រីដូចពេលមុនទេ។ លោកស្រីត្អូញត្អែរថា លោកស្រីជំពាក់បំណុលគេ និងពុំមានថវិកាគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសារ និងទូទាត់សងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះឡើយ ប្រសិនបើជំងឺកូវីដ១៩នេះ នៅតែបន្តអូសបន្លាយ។ លោកស្រីថា វិបត្តិជំងឺនេះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសារលោកស្រី រហូតជំពាក់បំណុលធនាគារវ័ណ្ឌក។ «»
ពលរដ្ឋមួយរូបទៀត លោកស្រី សុខុន លើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាលគួររឹតបន្តឹងនៅតាមច្រកព្រំដែន និងមណ្ឌលចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរជាងនេះ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលណែនាំ ឬជំរុញទៅធនាគារឱ្យពន្យារពេលក្នុងការសងបំណុល ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំងឺនេះ ដោយរង់ចាំរហូតជំងឺនេះស្រាកស្រាន្តទៅវិញ សឹមទូទាត់បំណុលជាថ្មី។ «»
ប្រជាពលរដ្ឋត្អូញត្អែរពីការលំបាកផ្នែកជីវភាពបែបនេះ ក្រោយពេលកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ កើនឡើងជាគំហុក ដែលផ្ដើមចេញពីព្រឹត្តិការណ៍ចម្លងក្នុងសហគមន៍២០ កុម្ភៈ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសាកសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការជួយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាតនេះបានទេ នៅថ្ងៃទី២៦ កុម្ភៈ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៤ករណីបន្ថែមទៀត នៅថ្ងៃទី២៦ ខែកុម្ភៈ ក្នុងនោះ៤០ នាក់ ជាករណីចម្លងក្នុងសហគមន៍។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤៤ នាក់នេះ ជនជាតិចិនមានចំនួន៣១ នាក់។ គិតត្រឹមថ្ងៃទី២៦ កុម្ភៈ ចំនួនសរុបនៃករណីឆ្លងក្នុងសហគមន៍ បានកើនដល់ជាង ២រយ (២៣៤)នាក់ ក្នុងរយៈពេល៧ថ្ងៃជាប់គ្នា និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលរាប់ពាន់នាក់ទៀត។
ក្រសួងសុខាភិបាល សម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមាន កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក លោក ហ៊ុន ម៉ាណែត ជាប្រធាននៃអនុគណៈកម្មការនេះ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល ដាក់ចេញវិធានការតឹងរ៉ឹង ចំពោះបុគ្គលដែលមិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេះមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងមួយចំនួនដែលមិនសហការជាមួយរដ្ឋាភិបាលក្នុងការផ្ដល់ព័ត៌មាននៃការស្រាវជ្រាវ។ វិធានការទាំងនោះរួមមាន ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី ចំពោះពលរដ្ឋខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ហើយចំពោះទីតាំងអាជីវកម្មវិញ ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនោះ។
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកទីតាំងចំនួន៦កន្លែង ក្រោយរកឃើញមានអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជិត ១ពាន់ ៦រយ (១.៥៦២)នាក់ កាលពីថ្ងៃទី២៥ កុម្ភៈ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា រដ្ឋាភិបាលគួរទប់ស្កាត់ជំងឺនេះ ឱ្យបានល្អប្រសើរជាពិសេស ចាត់វិធានការលើមន្ត្រីមួយចំនួន ដែលប្រព្រឹត្តិអំពើពុករលួយនៅតាមច្រកព្រំដែន និងមណ្ឌលចត្តាឡីស័ក ដែលបង្កហានិភ័យដល់ពលរដ្ឋទូទាំងប្រទេស។ លោកបន្តថា រដ្ឋាភិបាលគួរជំរុញទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ឱ្យជួយពន្យារពេលដល់ពលរដ្ឋក្នុងការទូទាត់សងបំណុល ដើម្បីរួមចំណែកជួយដល់ពលរដ្ឋដែលកំពុងជួបការលំបាក។ «»
ក្រោយព្រឹត្តិការណ៍២០ កុម្ភៈ រដ្ឋាភិបាល បានសម្រេចបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តព្រះសីហនុ ព្រមទាំងទីតាំងជាច្រើនកន្លែងទៀត ដូចជា ក្លឹបកម្សាន្ត ហាងម៉ាស្សា ខារ៉ាអូខេ សណ្ឋាគារ និងអគារស្នាក់នៅមួយចំនួន។
គិតត្រឹមថ្ងៃទី២៦ កុម្ភៈ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៧៤១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ២៦២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។