មន្ត្រី​បក្ស​ប្រឆាំង​សោកស្ដាយ​ចំពោះ​សាលា​ក្រុង​ហាម​មិន​ឲ្យ​ធ្វើ​ពិធី​បង្សុកូល​នៅ​ផ្លូវ​វ៉េងស្រេង

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​សោកស្ដាយ បន្ទាប់​ពី​មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ ជំទាស់​នឹង​គម្រោង​រៀបចំ​ពិធី​បង្សុកូល ដែល​រៀបចំ​ឡើង​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ចំពោះ​អ្នក​បាត់​បង់​ជីវិត ដោយ​ការ​បាញ់​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នៅ​ពេល​នេះ ខ្លួន​កំពុង​ពិចារណា​ពី​គម្រោង​ការ​ដែល​ត្រូវ​រៀបចំ​ពិធី​នៅ​បួន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ នៅ​លើ​ផ្លូវ​វ៉េងស្រេង ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​បម្រាម​រារាំង​មិន​ឲ្យ​ប្រារព្ធ​ពិធី​ដូច​ការ​គ្រោង​ទុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី មូរ សុខហួរ អគ្គលេខាធិការ​រង​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​រៀបចំ​ពិធី​បង្សុកូល​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ប្រារព្ធ​ពិធី​តាម​បែប​សាសនា ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ប៉ុណ្ណោះ​ទេ។ អ្នកស្រី​ថ្លែង​បន្ត​ថា ប្រសិន​សាលា​រាជធានី​ភ្នំពេញ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ពិធី​នេះ បាន​ន័យ​ថា មន្ត្រី​អាជ្ញាធរ​កំពុង​តែ​បំពាន​ទៅ​នឹង​វប្បធម៌ និង​សាសនា​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា «ការ​បង្សុកូល គឺ​ជា​ប្រារព្ធ​តាម​ពិធី​សាសនា​ខ្មែរ។ ដូច្នេះ​ការ​បដិសេធ គឺ​ជា​ការ​បដិសេធ​មិន​ទទួល​ស្គាល់​អ្វី​ដែល​ជា​សាសនា​វប្បធម៌​ខ្មែរ​ទេ»

ការ​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ គឺ ៣​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ជំទាស់​បាន​ដាក់​លិខិត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល នៅ​ថ្ងៃ​ទី​៤ ខែ​មករា នា​ផ្លូវ​វ៉េងស្រេង។

លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ពុំ​បាន​រើសអើង ឬ​រឹតត្បិត​ការ​រៀបចំ​ពិធី​បុណ្យ​ទាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ​នៅ​ត្រង់​ថា ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​នោះ គឺ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។ លោក​បន្ថែម​ថា គណបក្ស​នេះ​អាច​ធ្វើ​ពិធី​នៅ​ក្នុង​វត្ត ឬ​ទីតាំង​ណា​មួយ​ដែល​នៅ​ក្បែរ​នោះ​បាន។ លោក​បន្ត​ថា «សូម​ឲ្យ​គាត់​ធ្វើ​នៅ​ក្នុង​វត្ត​ទៅ។ វត្ត​នៅ​ជិត​ហ្នឹង​ទៅ​សុំ​គណៈកម្មការ​វត្ត​ទៅ សុំ​ព្រះ​ចៅ​អធិការ​វត្ត​ទៅ គេ​ឯកភាព​យើង​ធ្វើ​នៅ​ហ្នឹង​ចុះ»

ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​កាល​ពី​ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ ដោយ​ក្រុម​ចម្រុះ​របស់​រដ្ឋាភិបាល បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​នាក់​បាត់​បង់​ជីវិត ក្នុង​នោះ​ម្នាក់​បាន​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ។ ក្រៅ​ពី​នេះ មនុស្ស​ជាង ៣០​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ និង​ស្រាល រហូត​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ ត្រូវ​ពិការ​អស់​មួយ​ជីវិត។ លើស​ពី​នេះ អង្គការ​សង្គម​ស៊ីវិល កម្មករ និង​អ្នក​នៅ​អម​សង​ខាង​ផ្លូវ​ចំនួន ២៣​នាក់​បន្ថែម​ទៀត ត្រូវ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កាល​នោះ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា នេះ​គឺ​ជា​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា នេះ​ជា​ការ​រឹតត្បិត​ដោយ​ពុំ​មាន​ហេតុផល​សមរម្យ​ឡើយ។ លោក​បន្ត​ថា បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ ទំនង​ជា​ចង់​បិទ​បាំង​ការ​ពិត​ចំពោះ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ព្យាយាម​លុប​បំបាត់​ភស្តុតាង ជា​ជាង​ហេតុផល​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «ប៉ុន្តែ​អ្វី​ដែល​សំខាន់ គេ​មិន​ចង់​ការ​ប្រារព្ធ​នៅ​កន្លែង​ហ្នឹង ពីព្រោះ​ជា​ការ​មួយ​ដែល​រំឭក​ទៅ​ដល់​ការ​ពិត​ពេក​នៃ​ការ​បង្ក្រាប​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់»

គិត​មក​ដល់​ពេល​នេះ សំណុំ​រឿង​បាញ់​សម្លាប់​កម្មករ និង​អ្នក​ខ្លះ​មាន​របួស​ធ្ងន់ និង​ស្រាល មិន​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់ ព្រម​ទាំង​យក​អ្នក​ប្រព្រឹត្តិ​បទល្មើស​មក​ផ្ដន្ទាទោស​ទេ។ ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ កម្មករ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។