ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង ស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ និងបង្ហាញពីដំណើរការផ្លូវច្បាប់ចំពោះម្ចាស់ក្រុមហ៊ុន ឱ្យពួកគាត់បានដឹងផង។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលបានដំណោះស្រាយ និងការជូនដំណឹងអ្វីឡើយ។
ករណីឆបោករបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង ដែលមានចំនួនពលរដ្ឋចាញ់បោករាប់ពាន់នាក់ ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលមិនចាប់អារម្មណ៍ ឬបញ្ជូនតំណាងមេធាវីរបស់រដ្ឋាភិបាលមកជួយ ដូចករណីអតីតឧកញ៉ា ឡេង ចាន់ណា នោះទេ។
អតិថិជនទិញផ្ទះល្វែង ពីគម្រោងភូមិមរតក របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែមិថុនា ថា មកទល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះ មិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋបាលខេត្តស្វាយរៀង ក្រោយពួកគាត់បានដាក់ញត្តិអស់រយៈពេលជាងកន្លះខែទៅហើយ។ ពលរដ្ឋរូបនេះសង្ស័យថា ករណីឆបោករបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលមិនខុសពីសម្លកំពឹសឡើយ ទើបបានជាករណីនេះ មានភាពសាំញ៉ាំ និងអូសបន្លាយពេលយូរដូច្នេះ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ចាប់លោក សោម សុធា ហើយ ក៏ស្ងាត់ឈឹង ខាងសាលាខេត្ត ក៏អត់មានជូនដំណឹងសោះ។ ខាងគម្រោង ដូចអត់មានខ្លាចរអាអីសោះ មើលទៅដូចជាធ្វើព្រងើយ។ លក់ដី ហើយដីខ្លះទិញប្លង់មិនទាន់បានផង យកមកលក់ពុះឡូត៍ឱ្យគេ»។
កាលពីថ្ងៃទី១០ ខែមិថុនា ប្រជាពលរដ្ឋរងគ្រោះបានយកញត្តិទៅដាក់នៅសាលាខេត្តស្វាយរៀង ជាលើកទី២ ដោយក្នុងពេលនោះមន្ត្រីរដ្ឋបាលខេត្តបានប្រាប់ថា នឹងបង្កើតគណៈកម្មការដោះស្រាយបញ្ហានេះ។
ក្រោយមក អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានប្រាប់ថា មន្ត្រីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ភូមិខ្មែរគ្រុប គឺលោក សោម សុធា ក្នុងអំឡុងពាក់កណ្ដាលខែមិថុនា។
មូលហេតុដែលឈានដល់ការចាប់ខ្លួនលោក សោម សុធា នេះ គឺធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដាក់លោក សោម សុធា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យដាក់ប្រាក់ធានាចំនួន ៨ម៉ឺនដុល្លារ។ ប៉ុន្តែ លោក សោម សុធា បានគេចវេះ មិនព្រមអនុវត្តតាមការបង្គាប់ ទើបតុលាការសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៣ ខែមេសា ប៉ុន្តែត្រូវពន្យារពេល ដោយតុលាការអះអាងថា លោក សោម សុធា បានរត់គេចខ្លួន។
ទោះជាបែបនេះក្ដី លោក សោម សុធា ដែលជាប់បណ្ដឹងនៅតុលាការ ជាង៤ឆ្នាំមកនេះ និងមានដីកាចាប់ខ្លួនជាង២ខែ មកហើយនោះ បានប្រើប្រាស់ជីវិតឯកជនដើរលេងផឹកស៊ី ជួបជាមួយអតិថិជន និងចុះទៅមើលគម្រោងផ្ទះល្វែងភូមិមរតក ជាធម្មតា មិនដូចការអះអាងរបស់តុលាការ ថារត់គេចខ្លួននោះឡើយ។ ជាមួយគ្នានេះ ប្អូនប្រុសលោក ដួង តារា ដែលស្និទ្ធនឹងលោក ហ៊ុន សែន នោះ គឺលោក ដួង វីរ៉ាត់ ដែលមានភាគហ៊ុនក្នុងក្រុមហ៊ុនភូមិខ្មែរគ្រុប ថែមទាំងចេញមុខធានាអះអាងឱ្យលោក សោម សុធា ទោះបីជនរងគ្រោះបានលាតត្រដាង និងបង្ហាញភស្តុតាងក៏ដោយ។
ពលរដ្ឋរងគ្រោះម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ សង្ស័យថា ករណីចាប់ខ្លួនលោក សោម សុធា នេះ ហាក់ជាការសម្ដែង ដោយឱ្យមនុស្សម្នាក់ មកទទួលទោសជំនួស និងទុកពេលបង្វិលទ្រព្យសកម្មរបស់ក្រុមហ៊ុន ទៅបុគ្គលផ្សេងទៀត។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ខ្ញុំគិតថា នេះជាការសម្ដែងយ៉ាងម៉េចទេ!របៀបគេថា វាយខ្នោះ ឱ្យមនុស្សចូលក្នុងឡាន ហើយថតលេង ធ្វើឱ្យអតិថិជនអស់ចិត្តអ៊ីចឹងទៅ។ ប៉ុន្តែបើចាប់មែនទែន មិនមែនអ៊ីចឹងទេ គេត្រូវផ្សព្វផ្សាយ ពេញសារព័ត៌មាន ឬទូរទស្សន៍អីហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង តំណាងក្រុមហ៊ុនភូមិខ្មែរគ្រុប និងអ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៧ ខែមិថុនា។
បច្ចុប្បន្ន ក្រុមហ៊ុនភូមិខ្មែរគ្រុប នៅតែដំណើរការធម្មតា ដោយក្រុមហ៊ុនបានឃោសនារកអតិថិជន និងពង្រីកគម្រោងបុត្រសម្ព័ន្ធផ្សេងទៀត។
ចំណែកឯជំនួយការផ្ទាល់របស់ លោក ហ៊ុន សែន និងជារដ្ឋលេខាធិការគណៈរដ្ឋមន្ត្រី គឺលោក ដួង តារា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់មកលើសារព័ត៌មាន និងពលរដ្ឋរងគ្រោះថា ជាអ្នកលាបពណ៌ចោទប្រកាន់លោក។ ក្នុងនោះ លោក ដួង តារា បានអះអាងថា លោកមិនដែលចេញមុខធានាឱ្យក្រុមហ៊ុនភូមិខ្មែរគ្រុប នោះឡើយ។
ទោះជាលោកអះអាងបែបនេះក្ដី ពលរដ្ឋរងគ្រោះបញ្ជាក់ថា កាលក្រុមហ៊ុន ចាប់ផ្ដើមចេញមកកើបលុយពីប្រជាពលរដ្ឋកាលពីដំបូង មានមន្ត្រីរដ្ឋាភិបាលជាច្រើន បានចេញមុខធានាអះអាងឱ្យក្រុមហ៊ុន នៅក្នុងកម្មវិធីសម្ពោធគម្រោងផ្សេងៗ ក្នុងនោះ រួមមានអតីតអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ជំនួយការផ្ទាល់ របស់លោក ហ៊ុន សែន គឺលោក ដួង តារា ជាដើម។ ប៉ុន្តែនៅពេលមានបញ្ហា មន្ត្រីទាំងនោះ បែរជានាំគ្នាឆ្លើយដោះសាយករួចខ្លួន ហើយពួកគេថែមទាំងលុបរូបភាព និងវីដេអូ សកម្មភាពទាំងនោះថែមទៀត។
«អ៊ីចឹង ខ្ញុំមកថ្ងៃនេះ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ។ ហើយបងប្អូន អាចថតរូបជាមួយខ្ញុំ។ អាចទុកថា បើខ្ញុំទិញរបស់នៅទីនេះ បើមិនបានទេ គឺឯកឧត្ដម ដួង តារា អ្នកធានា គឺខ្ញុំធានាជូនបងប្អូន។ គឺក្រុមហ៊ុននេះ គឺមិនរកស៊ីបោកប្រាស់ជាមួយបងប្អូនអតិថិជននៅខេត្តស្វាយរៀង នោះទេ»។
ទាក់ទិនរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ជំរុញឱ្យ អាជ្ញាធរបង្ហាញពីតម្លាភាព ចំពោះដំណើរការនីតិវិធីច្បាប់ លើម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល មិនប្រញាប់ដោះស្រាយលើករណីឆបោកនេះទេ នឹងធ្វើឱ្យប្រជាពលរដ្ឋ អស់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជាថែមទៀតផង។
លោក រស់ សុដ្ឋា៖ «ការចាប់ខ្លួនហ្នឹង អាជ្ញាធរក៏គួរតែបង្ហាញពីតម្លាភាព ពាក់ព័ន្ធនឹងការចាប់ខ្លួនហ្នឹង ដើម្បីឱ្យប្រជាពលរដ្ឋ មានការជឿជាក់លើវិធានការរបស់អាជ្ញាធរផងដែរ»។
លោក សោម សុធា បានបង្កើតក្រុមហ៊ុនភូមិខ្មែរគ្រុប កាលពីឆ្នាំ២០១៦ និងរកស៊ីយ៉ាងផុលផុសក្នុងឆ្នាំ២០២២ ដោយវិនិយោគលើវិស័យកសិកម្ម ភោជនីយដ្ឋាន គម្រោងដីឡូត៍ និងផ្ទះល្វែង ដែលកំពុងឈរជើងនៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធជាច្រើនទៀត រួមមាន ភូមិពងទាខ្មែរ ភូមិកាហ្វេ និងភូមិមរតក ដែលជាវិស័យអចលនទ្រព្យ។
ក្រោយដំណើរការបានប្រហែល ៥ឆ្នាំ ក្រុមហ៊ុនមួយនេះ បានអះអាងថា មានបញ្ហាសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩។ លុះក្រោយមកក្រុមហ៊ុនភូមិខ្មែរគ្រុប បានពង្រីកគម្រោងវិនិយោគមួយបន្ថែមទៀត កាលពីឆ្នាំ២០២១ គឺជាគម្រោងវិនិយោគផ្ដល់ផលចំណេញ ឬការប្រាក់ ៤ភាគរយក្នុងមួយខែ ពោលគឺអ្នកដាក់លុយវិនិយោគ ១ម៉ឺនដុល្លារ នឹងទទួលបានប្រាក់ចំណេញ ៤រយដុល្លារក្នុងមួយខែ។ ក៏ប៉ុន្តែ គម្រោងទាំងចាស់ទាំងថ្មីនោះ មិនបានបំពេញទៅតាមលក្ខខណ្ឌ ដូចជាការផ្ដល់ការប្រាក់ និងសាងសង់ផ្ទះឱ្យអតិថិជន តាមកិច្ចសន្យានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
