ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ បានចាប់ផ្ដើម ដោយមានប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្ត មកដើរកម្សាន្តនៅតាមបណ្ដោយមាត់ទន្លេ និងព្រះបរមរាជវាំង។ ចំណែកកីឡាករចំណុះទូកងមួយចំនួន ទោះបីមិនទទួលបានការឧបត្ថម្ភ និងការផ្គត់ផ្គង់ចំណីអាហារ និងកន្លែងស្នាក់នៅឱ្យបានសមរម្យក្ដី ក៏ពួកគេនៅតែមានចិត្តស្វាហាប់ និងរីករាយក្នុងការចូលរួមប្រកួត ដោយសារក្ដីស្រលាញ់ ចំពោះប្រពៃណីប្រណាំងទូកនេះ។
ថ្ងៃ១៤កើត ខែកត្តិក ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា គឺជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ នៅវេលាម៉ោង ១១ថ្ងៃត្រង់ ចំណុះទូកងបានចេញចាកច្រាំងជាបណ្ដើរៗ លាយឡំនឹងសំឡេងហ៊ោ ភ្លេងឆៃយ៉ាំ និងកញ្ចែរបស់អ្នកបញ្ជាក្បាលទូក ឬដែលគេហៅថា «កន្សៃទូក»។
ចំណុះទូកងឈ្មោះ «មហាកំផែងរាជ្យសែនជ័យបារមីកំពែងធំ» មកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ យុវជន វង់ រ៉ាវិត ប្រាប់វិទ្យុអាស៊ីសេរី ថា នេះជាលើកដំបូងហើយដែលលោកមកចូលរួមប្រកួតអុំទូកនៅរាជធានីភ្នំពេញ។ យុវជន វង់ រ៉ាវិត ប្រាប់ថា ទូកងរបស់លោកគ្មានការឧបត្ថម្ភពីមន្ត្រីរាជការ ឬឧកញ៉ាណាមួយនោះទេ ដោយកីឡាករចំណុះទូក បានសាមគ្គីគ្នាហាត់សម និងរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីដឹកទូកមកចូលរួមប្រណាំង។ ទោះជាយ៉ាងណា កីឡាករដៃថ្មីរូបនេះ ថ្លែងដោយសុទិដ្ឋិនិយមថា ទោះបីជាគ្មានអ្នកឧបត្ថម្ភធំក្ដី ក៏ចំណុះទូកង«មហាកំផែងរាជ្យសែនជ័យបារមីកំពែងធំ» ប្ដេជ្ញាប្រើប្រាស់កម្លាំងសាមគ្គី ដើម្បីប្រជែងយកជ័យជម្នះត្រឡប់ទៅស្រុកភូមិលោកឱ្យបាន។
យុវជន វង់ រ៉ាវិត៖«ទូកខ្ញុំអត់មានខ្សែ ឬខ្នងឯកឧត្ដមជួយទេ ដល់ពេលអ៊ីចឹងទៅបងប្អូនមកជួយសាមគ្គីគ្នា មកពិភាក្សាគ្នាថាតើយើងត្រូវអុំយ៉ាងម៉េចឱ្យល្អ ដោយប្រើប្រាស់បច្ចេកទេសរៀងៗ ខ្លួន»។
តាមការអត្ថាធិប្បាយរបស់ពិធីករ និងពិធីការិនីក្នុងកម្មវិធីបុណ្យអុំទូកនេះ ភាគច្រើនទូកដែលភ្ជាប់ឈ្មោះ ឬគោរមងារអ្នកធំជាមួយនឹងឈ្មោះទូកង ដូចជាឈ្មោះថា «តេជោសែនជ័យ» ឬ«បវរធិបតី»ជាដើម តែងតែមានអ្នកឧបត្ថម្ភច្រើន ខុសពីទូកងដែលប្រើឈ្មោះភូមិ ស្រុក ឬវត្តអារាម មិនសូវមានអ្នកជួយឧបត្ថម្ភឡើយ។ យ៉ាងណាក៏ដោយ ទោះបីកីឡាករអុំទូកទទួលបានការឧបត្ថម្ភខុសគ្នាក្ដី ក៏កន្លែងស្នាក់នៅ និងកន្លែងហូបចុករបស់ពួកគាត់ មិនមានភាពខុសគ្នាឡើយ ដោយពួកគាត់ត្រូវចងអង្រឹងដេកនៅក្រោមដើមឈើ បោះតង់ក្បែរមាត់ទន្លេ និងស្នាក់នៅតាមវត្តជាដើម។
អ្នកគាំទ្រទូកងមកពីខេត្តពោធិ៍សាត់ កញ្ញា ស្រីពេជ្រ បង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ នៅពេលបានមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ជាលើកដំបូង និងបានឃើញទិដ្ឋភាពអ្នករាំក្បាលទូក កាច់ចង្វាក់រាំប្លែកៗ និងទាក់ភ្នែក។
កញ្ញា ស្រី ពេជ្រ៖«ចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នា ដើរលេងក្នុងពិធីបុណ្យអុំទូកហ្នឹង ឱ្យសប្បាយរីករាយទាំងអស់គ្នា»។
ខុសពីភ្ញៀវមកទស្សនាបុណ្យអុំទូក ដែលមានទឹកមុខរីករាយ អាជីវករលក់ដូរនៅតាមសួនច្បារ និងច្រាំងទន្លេមួយចំនួនវិញ មានទឹកមុខមិនសូវស្រស់បស់ឡើយ ដោយសារពួកគាត់លក់ដូរមិនសូវដាច់ ខណៈសំឡេងពពាយនាយហៅអ្នកទិញ បានបន្លឺឡើងទ្រហឹងអឺងកង។
អ្នកដើរលក់មួកស្លឹកត្នោតនៅមុខព្រះបរមរាជវាំង មកពីខេត្តកំពង់ស្ពឺ លោកស្រី ថា រី ឱ្យដឹងថា លោកស្រីមកលក់មួកនៅមុខវាំងតាំងពីព្រឹកព្រលឹមមកម្ល៉េះ ប៉ុន្តែលោកស្រីលក់ពុំសូវដាច់នោះទេ។
លោកស្រី ថា រី៖ « មានអារម្មណ៍សប្បាយ ឱ្យតែបុណ្យអុំទូកមកជួបបងប្អូននៅទីក្រុងភ្នំពេញទាំងអស់។ សូមឱ្យបងប្អូនទាំងអស់ដែលមកលេងបុណ្យអុំទូក ជួយទិញមួកខ្មែរផង »។
របាយការណ៍គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បង្ហាញថា នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួនជាង ៣រយទូក(៣៥១) និងមានកីឡាករ កីឡាការិនីសរុបជាង ២ម៉ឺននាក់ (២២.០៤២)។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។