កម្មករ សហជីព និងសង្គមស៊ីវិលឃ្លាំមើលសិទ្ធិការងារ មិនរំពឹងថា ប្រាក់ឈ្នួលគោលឆ្នាំ២០២០ នឹងត្រូវបានដំឡើងច្រើនជាងឆ្នាំមុនៗ ទេ ដោយសារសមាសភាពក្រុមប្រឹក្សាកំណត់ប្រាក់ឈ្នួលភាគច្រើនលើសលុប ជាអ្នកមាននិន្នាការគាំទ្រក្រុមថៅកែ។
កម្មករម្នាក់ ធ្វើការនៅរោងចក្រប៊ូវឃ័រ (Bowker) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡឹក សុភ័ក្រ យល់ឃើញថា សមាសភាពត្រីភាគីចរចាប្រាក់ឈ្នួលកម្មករភាគច្រើន គឺជាអ្នកមានសន្ដានចិត្តជាមួយក្រុមថៅកែ ទាំងភាគីក្រសួងការងារ ភាគីសមាគមថៅកែរោងចក្រ និងសហជីពមួយចំនួន ដែលមានតួនាទីជាទីប្រឹក្សាក្រសួងការងារ និងស្និទ្ធជាមួយថៅកែរោងចក្រ។
លោក ឡឹក សុភ័ក្រ ថ្លែងថា ទោះជាមានសមាសភាពសហជីពឯករាជ្យចូលរួម តែមិនអាចតស៊ូមតិឈ្នះក្រុមមាននិន្នាការទៅខាងថៅកែឡើយ។ ម្ល៉ោះហើយ កម្មកររូបនេះយល់ថា ប្រាក់ឈ្នួល អាចឡើងបានតិចតួចដូចរាល់ឆ្នាំ ហើយរដ្ឋាភិបាលនឹងឆ្លៀតកេងចំណេញនយោបាយដោយថែម ៥ដុល្លារ ដូចរាល់ឆ្នាំដដែល។ លោកថា ការដំឡើងប្រាក់ឈ្នួលឲ្យកម្មករតិចតួចពេក មិនបានធ្វើឲ្យជីវភាពកម្មករមានភាពប្រសើរទេ៖ « វាមើលទៅវាមិនបានច្រើនទេបង ព្រោះដោយសារការចរចាហ្នឹងគាត់ និយាយទៅភាគីខាងគាត់ ( ថៅកែ ) ច្រើនដែរ ហើយកាលពីឆ្នាំទៅ គាត់ ( សហជីព ) មិនបោះឆ្នោតឲ្យ ( តួលេខ ) ខ្លួនឯងផងហ្នឹង គាត់ទៅបោះឆ្នោតឲ្យ ( តួលេខថៅកែ ) គេ » ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសថា សមាសភាពក្រុមប្រឹក្សាជាតិ សម្រាប់ពិភាក្សាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២០ មាន ៣ភាគី គឺភាគីក្រសួងការងារចំនួន ១៧នាក់ ភាគីសហជីពជាតំណាងកម្មករនិយោជិក ១៧នាក់ និងភាគីសមាគមថៅកែរោងចក្រចំនួន១៧នាក់។ សហជីពតំណាងឲ្យកម្មករនិយោជិតមួយចំនួន ត្រូវគេស្គាល់ថា ជាមនុស្សស្និទ្ធនឹងរបបក្រុងភ្នំពេញ ហើយមានតួនាទីជាទីប្រឹក្សាក្រសួងការងារ ដូចជា លោក ជួន មុំថុល លោក សោម អូន ជាដើម។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ ឲ្យដឹងថា កិច្ចពិភាក្សា ដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២០ នឹងចាប់ផ្ដើម នៅថ្ងៃទី៣ ខែកញ្ញា ដោយមានអ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត ចាន់ សុផល ឡើងធ្វើបទបង្ហាញពីតម្រូវការ និងស្ថានភាពជីវភាពរបស់កម្មករ ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា។
លោក ម៉ាន់ សេងហាក់ យល់ថា រដ្ឋាភិបាល ចាំបាច់ត្រូវដំឡើងប្រាក់ឈ្នួលឲ្យកម្មករឲ្យបានខ្ពស់ជាងឆ្នាំមុនៗ ព្រោះរដ្ឋាភិបាលបានលុបចោលថ្ងៃឈប់សម្រាករបស់កម្មករជិតមួយសប្ដាហ៍ នៅឆ្នាំ២០២០។ លោកបន្តថា រដ្ឋាភិបាល ត្រូវប៉ះប៉ូវជាប្រាក់ឈ្នួលប្រចាំខែឲ្យកម្មករវិញជាដាច់ខាត។
លោក ម៉ាន់ សេងហាក់ បន្តទៀតថា សហព័ន្ធសហជីពកម្មករសេរី នឹងទាមទារឲ្យដំឡើងប្រាក់ឈ្នួលគោលយ៉ាងតិចបំផុត ដល់កម្រិតជាង ២០០ដុល្លារ ក្នុងមួយឆ្នាំ ទើបអាចធ្វើឲ្យជីវភាពប្រសើរជាងសព្វថ្ងៃ។ ទោះយ៉ាងណា លោកថា នឹងរកយុទ្ធសាស្ត្រតស៊ូមតិជាមួយគ្រប់ភាគី ដើម្បីអាចឲ្យកម្មករទទួលបានប្រាក់ឈ្នួលជាង ២០០ដុល្លារ៖ « យើងធ្វើតាមជាក់ស្ដែងតែម្ដង ពីព្រោះកម្មករភាគច្រើនគាត់ ក៏មានឆន្ទក្នុងការទាមទារដំឡើងប្រាក់ឈ្នួល ដើម្បីរស់នៅឲ្យបានសមរម្យ។ នៅចំពោះមុខយើងនឹងមានយុទ្ធសាស្ត្រ ដើម្បីចរចាប្រាប់ឈ្នួលនៅថ្ងៃខាងមុខហ្នឹង។ យ៉ាងណាក៏ដោយ ពីព្រោះក្រុមប្រឹក្សាប្រាក់ឈ្នួលនេះ យើងនឹងចរចាគ្នា យើងនឹងជជែកគ្នាឲ្យអស់លទ្ធភាពទើបមានការចរចាជាក្រោយ » ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី៣០ សីហា ជុំវិញប្រតិកម្មរបស់ភាគីកម្មករ ដែលយល់ថា ការតែងតាំងសមាសភាពគណៈកម្មការពិភាក្សាប្រាក់ឈ្នួលភាគច្រើន ជាមនុស្សមាននិន្នាការគាំទ្រក្រុមថៅកែនោះ។
ការពិភាក្សាកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករក្នុងវិស័យកាត់ដេរ បានធ្វើឡើង ក្រោយឆ្នាំ២០១៣ គឺក្រោយពេលកម្មករនាំគ្នាចេញតវ៉ាសុំដំឡើងប្រាក់ឈ្នួល ហើយរងការបាញ់បង្ក្រាប ប្រើហិង្សា ចាប់កម្មករ ដាក់ពន្ធនាគារច្រើននាក់ជាដើម។ ការដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ ត្រូវបានកម្មករ អះអាងថា របបក្រុងភ្នំពេញ ធ្វើឡើងក្រោមរូបភាពកេងចំណេញនយោបាយ ជាជាងមានឆន្ទជួយកម្មករ ព្រោះរាល់ឆ្នាំ របបក្រុងភ្នំពេញបានដំឡើងប្រាក់ឈ្នួលឲ្យតិចតួចបំផុត គឺពី ៥ដុល្លារ ទៅ ៧ដុល្លារ។ ឯមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏ឆ្លៀតកេងចំណេញនយោបាយ យកលេស ថែម ៥ដុល្លារបន្ថែមដែរ។ កម្មករបន្តថា ពួកគេត្រូវបង្ខំចិត្តកាត់បន្ថយការហូបចុក និងត្រូវធ្វើការថែមម៉ោងរាល់ថ្ងៃ ទើបអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ យល់ថា ការរៀបចំសមាសភាពគណៈកម្មការកំណត់ប្រាក់ឈ្នួល ដែលមានចរិតឥទ្ធិពលនយោបាយនៅពីក្រោយ ដោយមិនបានឆ្លុះបញ្ចាំងពីប្រសិទ្ធិភាព តម្លាភាព ការសម្រេចចិត្ត និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សាឡើយ។ អ្នកឃ្លាំមើលសិទ្ធិការងាររូបនេះបន្តថា ការដាក់សមាសភាព សហជីព ឬមន្ត្រី ស្និទ្ធនឹងក្រុមថៅកែច្រើនពេក ជាហេតុធ្វើឲ្យពួកគេ បោះឆ្នោតគាំទ្រតួលេខរបស់ថៅកែ ហើយបាត់បង់ប្រយោជន៍ និងតួលេខដែលកម្មករចង់បាន៖ « តំណាងកម្មករពិតប្រាកដ មានចំនួនតិចតួច មានសំឡេងតិចតួច នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាហ្នឹង » ។
ប្រាក់ឈ្នួលគោលកម្មករនៅឆ្នាំ២០១៩ គឺ ១៨២ដុល្លារក្នុងមួយខែ។ កម្មករចង់ឲ្យរបបក្រុងភ្នំពេញ ដំឡើងប្រាក់ឈ្នួលគោលឲ្យបានក្បែរ ៣០០ដុល្លារ សម្រាប់ឆ្នាំ២០២០ ទើបអាចទ្រទ្រង់ជីវភាព និងសុខភាពបាន៕