សហជីព ជំរុញឲ្យ ក្រសួងការងារពន្លឿនការដោះស្រាយបណ្តឹងរបស់កម្មកររោងចក្រហុងវ៉ា

0:00 / 0:00

ក្រសួងការងារនៅមិនទាន់ឆ្លើយតបពាក្យបណ្ដឹង កម្មករក្រុមហ៊ុន ហុង វ៉ា ដែលប្ដឹងថៅកែក្រុមហ៊ុននេះ ឲ្យទូទាត់ប្រាក់ មុននឹងបិទទ្វាក្រុមហ៊ុន។ សហជីព និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ទទូចឲ្យក្រសួងពន្លឿននីតិវិធីដោះស្រាយពាក្យបណ្ដឹងរបស់កម្មករដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្មករ។

ការលើកឡើងរបស់សហជីព និងមន្ត្រីអង្គការសង្គមស៊ីវិលនេះគឺបន្ទាប់ពីកម្មករ ក្រុមហ៊ុន ហុង វ៉ា កម្ពុជា ហ្គាមិន ម៉ាញ៉ូហ្វាក់ធឺរីង (Hung Wah (Cambodia) Garment Manufacturing Limited ) សាខាទី១នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញបានស្នើដល់គណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិ ដើម្បីជំរុញឲ្យថៅកែក្រុមហ៊ុន សងប្រាក់អតីតភាពការងារទៅតាមច្បាប់។ ក៏ប៉ុន្តែអស់រយៈពេលជាងមួយខែមកនេះនៅពុំទាន់មានការឆ្លើយតបពីក្រសួងការងារនោះទេ។

កម្មកររោងចក្រហុង វ៉ា លោក សុខ ដៀប ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ២៨ ឧសភាថា លោកអស់សង្ឃឹមចំពោះក្រសួងការងារ ដែលមិនមានការឆ្លើយតបចំពោះពាក្យបណ្ដឹង ដែលកម្មករបានប្ដឹងជាច្រើនលើកច្រើនសា។ លោកបន្តថា ការមិនឆ្លើយតបចំពោះពាក្យបណ្ដឹងនេះ គឺប៉ះពាល់ដល់កម្មករជិត៣០០ ដែលថៅកែមិនបានរំលឹកអតីតភាពការងារ។ លោកស្នើដល់ក្រសួងការងារ ពន្លឿនការដោះស្រាយពាក្យបណ្ដឹងនេះឲ្យបានឆាប់រហ័ស។

សុខ ដៀប៖ពួកក្រសួងគាត់អត់ឆ្លើយតបផង គាត់ថាពាក្យបណ្ដឹង បានបញ្ចប់ បានបិទហើយ ពួកខ្ញុំអត់មានបានបញ្ចប់អ្វីផង ពួកខ្ញុំនៅតែប្ដឹងបន្តរហូត ហើយអ៊ីចឹងពួកខ្ញុំអស់សង្ឃឹមរហូតដល់ពេលអ៊ីចឹងធ្វើអ្វីក៏អត់ចេញ បើក្រសួងអត់ឆ្លើយតបអ៊ីចឹងរហូត។

ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការពន្យារពេលដោះស្រាយជូនកម្មករនេះ គឺបង្ហាញពីកម្សោយរបស់ក្រសួងការងារ និងបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករ។

អាត់ ធន់៖ខ្ញុំគិតថា ក្នុងនាមក្រសួងការងារ ត្រូវតែផ្ដល់សេវាឲ្យបានលឿន ហើយបើមានបណ្ដឹងត្រូវតែដោះស្រាយបណ្ដឹងឲ្យបានលឿនបំផុតតាម ដែលអាចធ្វើទៅបាន ដូចករណីនេះអ៊ីចឹង ត្រូវចុះមកជួបក្រុមហ៊ុនអង្កេតនៅក្នុងសំណុំរឿង បើក្នុងករណីនឹងនៅតែបន្តបើក ឬត្រូវបន្តបើក ដូចថាមិនបើកទេ ត្រូវទូទាត់ជំរះបញ្ជីតាមផ្លូវតុលាការ ត្រូវតែរៀបចំជំរះបញ្ជីតាមច្បាប់ទៅដើម្បីឲ្យកម្មករនឹង បានទូទាត់ប្រាក់សំណងឲ្យបានលឿន និងឲ្យគាត់បានដោះស្រាយបញ្ហាជីវភាព។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំការឆ្លើយតបបាននៅឡើយទេ នៅថ្ងៃទី២៨ ឧសភា។

ទោះជាយ៉ាងណា ប្រធានសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក នី សុខា មានប្រសាសន៍ថា កម្មករភាគច្រើនសុទ្ធតែអ្នកធ្វើការដើម្បីឆ្នាំងបាយ ពោលគឺធ្វើការមួយខែដើម្បីក្រពះមួយខែ។ លោកបន្តថា ក្រសួងការងារគួរតែពន្លឿនការដោះស្រាយ ទូទាត់ប្រាក់ ដែលថៅកែបិទក្រុមហ៊ុន ដោយមិនបានជូនដំណឹងកម្មករ ដើម្បីកុំឲ្យពួកគេរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសិទ្ធិទទួលបានយុត្តិធម៌។ លោក នី សុខា បន្ថែមថា ការដោះស្រាយរឿងវិវាទការងាររបស់កម្មករនៅតាមក្រុមហ៊ុននានា គឺមិនមែនជារឿងមួយលំបាកនោះទេ ប្រសិនបើក្រសួងការងារមានឆន្ទៈក្នុងការបម្រើរាស្រ្តពិតប្រាកដ។

នី សុខា៖ខ្ញុំគ្រាន់តែគិតថា អាជ្ញាធររដ្ឋ ដែលមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាទាំងអស់នឹង គួរណាស់តែពន្លឿនយន្តការដោះស្រាយនឹងឲ្យបានឆាប់ដើម្បីឆ្លើយតបឲ្យបានទៅលើតម្រូវការ ឬសេចក្ដីត្រូវការរបស់កម្មករ ដែលគាត់កំពុងតែជួបប្រទះនូវបញ្ហាជីវភាពខ្វះខាត។

កន្លងទៅក្រុមហ៊ុន ហុង វ៉ា បានប្រកាសបិទក្រុមហ៊ុនតាំងតែពីថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២២ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានជូនដំណឹងដល់កម្មករ អំពីការបិទក្រុមហ៊ុននោះទេ ។ បន្ទាប់ពីក្រុមហ៊ុន ហុង វ៉ាបិទក្រុមហ៊ុនមក តំណាងកម្មករនៅក្នុងរោងចក្រនេះ បានបន្តការស្នើសុំការដោះស្រាយនិងទាមទារប្រាក់ជូនដំណឹងដែលក្រុមហ៊ុនបិទដោយមិនបានជូនដំណឹង ជាបន្តបន្ទាប់តាមរយៈ ការដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានវិវាទការងារ ការដាក់ពាក្យបណ្ដឹងទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការស្នើដល់គណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិ។ ក៏ប៉ុន្តែរាល់ការដាក់ពាក្យបណ្ដឹង និងសំណើជាច្រើនលើកច្រើនសារបស់ពួកគេ គឺមិនទាន់មានការឆ្លើយតបនោះទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។