ពលករ​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី​កើន​ឡើង

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ខ្មែរ បាន​ចេញ​សេចក្តី​ប្រកាស​ហាម​មិន​ឱ្យ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ត​ទៅ​ទៀត​នោះ មាន​ក្រុមហ៊ុន​ខ្លះ​បាន​ត្រូវ​រ៉ូវ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ទប់ស្កាត់​ពលករ​ខ្មែរ​ដែល​ចប់​កុងត្រា​ការងារ​ទៅ​ហើយ មិន​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​វិញ​ទេ។
ដោយ ហង្ស សាវយុត
2013.03.19
Share on WhatsApp
Share on WhatsApp
ពលករ​កម្ពុជា​ចំនួន ៣០​នាក់ ពី​ម៉ាឡេស៊ី ៣០៥ ពលករ​កម្ពុជា​ចំនួន ៣០​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។
Photo: RFA

មាន​ក្រុម​គ្រួសារ​ខ្មែរ​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ កំពុង​តែ​ស្វះស្វែង​តាម​រក​សាច់​ញាតិ​ជា​ពលករ​ដែល​បាត់​ខ្លួន​នោះ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ដោយ​ថា​ចំនួន​ប្រជាពលរដ្ឋ​របស់​ខេត្ត​នេះ ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស ហើយ​បាត់​ខ្លួន​មាន​កាន់​តែ​ច្រើន​ឡើង។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ច័ន្ទ លោក​បាន​មាន​ប្រសាសន៍​ដោយ​អារម្មណ៍​ភ្ញាក់​ផ្អើល​ថា ករណី​ពលករ​ចំណាក​ស្រុក​ដែល​បាត់​ខ្លួន​នៅ​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៣ នេះ គឺ​មាន​ការ​កើន​ឡើង​ខ្ពស់។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ៣​ខែ​ឆ្នាំ​២០១៣ គឺ​លោក​បាន​ទទួល​បណ្ដឹង​ពី​សាច់​ញាតិ​របស់​ពលករ​បាត់​ខ្លួន​ចំនួន ៨​ករណី។ ចំនួន​នេះ គឺ​កើន​ឡើង​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ​ដែល​មិន​មាន​ករណី​នេះ​ទាល់​តែ​សោះ៖ «ករណី​បាត់​ខ្លួន​ក៏​ដូច​ជា​ករណី​ជួញ​ដូរ​មួយ​ចំនួន​នោះ នៅ​តែ​ជា​កត្តា​ព្រួយ​បារម្ភ ពីព្រោះ​យើង​ឃើញ​ថា រយៈពេល​តែ ៣​ខែ​សោះ ខ្ញុំ​ទទួល​បាន​ពាក្យ​បណ្ដឹង​រហូត​ដល់ ៨​ករណី។ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ដើម​ឆ្នាំ​២០១២ នោះ វា​ចង់ ១០០% បាត់​ទៅ​ហើយ»

លោក ឡោ ច័ន្ទ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្លះ​រស់នៅ​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​ដាច់​ស្រយាល​បាន​ចាក​ចេញ​ពី​ភូមិ ស្រុក ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស ដោយសារ​តែ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​មូលដ្ឋាន។

មន្ត្រី​នគរបាល​ខេត្ត​ព្រះវិហារ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ថា សមត្ថកិច្ច​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ការ​ចំណាក​ស្រុក​តាម​រយៈ​ការ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន។

អ្នកស្រី ប្រាង ធីតា ជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចាក​ចេញ​ទៅ​ធ្វើ​ការងារ​គ្រោះ​ថ្នាក់​នៅ​តាម​ព្រំដែន​ប្រទេស​ថៃ និង​ឡាវ៖ «ខាង​សមត្ថកិច្ច​រាល់​ថ្ងៃ គឺ​ចាប់​អារម្មណ៍​ការ​ចេញ​ទៅ​ប្រទេស​ថៃ និង​ឡាវ វិញ បើ​ប្រទេស​ម៉ាឡេស៊ី ដូច​ស្ងាត់​អត់​មាន​ចាក​ចេញ​ទៅ​ទេ។ កំពុង​តែ​ធ្វើ​ការ​ទប់ស្កាត់​ដែរ ហើយ​ចេះ​តែ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​ពី​ល្បិចកល​របស់​មេ​ខ្យល់ ដែល​បាន​ដើរ​អូស​ទាញ​ប្រជាពលរដ្ឋ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទាំង ៧​ក្រុង ស្រុក របស់​ខ្ញុំ​នេះ។ ផែន​ការ​នឹង​ធ្វើ​លើក​ទិសដៅ ២០១៣ នេះ​ទៀត តែ​មិន​ដឹង​ថ្ងៃ​ណា?»

កាល​ពី​ដើម​ឆ្នាំ​២០១៣ កន្លង​ទៅ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​រឹត​បន្តឹង​ក្នុង​ការ​នាំ​ពលករ​ខ្មែរ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ការ​រឹត​បន្តឹង​នោះ បន្ទាប់​ពី​មាន​បញ្ហា​ជាច្រើន ដូច​ជា​មាន​ការ​ជួញ​ដូរ​ពលកម្ម និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាច្រើន​ករណី​មក។

លោក សែម ចៅសុខ អ្នក​ឃ្លាំ​មើល​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​សេចក្តី​ប្រកាស​ហាម​មិន​ឱ្យ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត​ទៅ​ទៀត មាន​ក្រុមហ៊ុន​ខ្លះ​បាន​ត្រូវ​រ៉ូវ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ទប់ស្កាត់​ពលករ​ខ្មែរ​ដែល​ចប់​កុងត្រា​ការងារ​រយៈពេល ២​ឆ្នាំ​ទៅ​ហើយ មិន​ឱ្យ​វិល​ត្រឡប់​មក​វិញ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​បាត់​ខ្លួន​ពលករ​ពលការិនី​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ។ លោក សែម ចៅសុខ បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល ៣​ខែ​ឆ្នាំ​២០១៣ អង្គការ​លីកាដូ សហការ​ជាមួយ​ក្រសួង​ការ​បរទេស និង​អង្គការ​អាយ.អូ.អឹម (IOM) បាន​ជួយ​សង្គ្រោះ​ពលករ​នេសាទ​សមុទ្រ​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ពលករ​មាន​បញ្ហា​ខួរ​ក្បាល ដោយសារ​តែ​ថៅកែ​ធ្វើ​បាប​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រមាណ ៣០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។