ក្រុម​កម្មករ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច កំណត់​​​​គ្នា​តវ៉ា​ជា​ថ្មី នៅ​ថ្ងៃ​ទី១៦ មីនា ដើម្បី​​ឲ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​ជាង ២ឆ្នាំ​មក​​​​នេះ

0:00 / 0:00

ក្រុម​កម្មករ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច ​១២៦នាក់ កំណត់​គ្នា​តវ៉ា​ជា​ថ្មី នៅ​ថ្ងៃ​ទី​១៦ មីនា ដើម្បី​ទាមទារ​​​អាជ្ញាធរ​ឱ្យ​​ដោះស្រាយ​វិវាទ​កម្មករ ជាមួយ​អាជ្ញាធរ​អប្សរា ដែល​អូស​បន្លាយ​ជាង​ ២ឆ្នាំ​​មក​ហើយ។

មេ​ការដ្ឋាន​សំណង់​ជួស​ជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ និង​ជា​ប្រធាន​សហជីព​គម្រោង​​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO) លោក ជិន សុផល ឲ្យ​ដឹង​ថា ញត្តិ​របស់​ក្រុម​កម្មករ ជូន​ដំណឹង​ពី​​គម្រោង​​តវ៉ា​ នៅ​ថ្ងៃ​ទី​១៦ មីនា បាន​យក​ទៅ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​សៀមរាប​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា។

លោក​ថា ក្រុម​កម្មករ​គ្រោង​ជួប​ជុំ​គ្នា ៩៦នាក់ នៅ​មុខ​​បរិវេណ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ក្នុង​ក្រុង​សៀមរាប ដើម្បី​សម្ដែង​ការ​តវ៉ា​ ចាប់​ពី​ថ្ងៃ​ទី១៦ មីនា ​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ។ លោក ជិន សុផល ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ក្រុម​កម្មករ​តវ៉ា​ជាថ្មី ដោយសារ​ រយៈ​ពេល​ជាង ២ឆ្នាំ​មក​នេះ អាជ្ញាធរ​អប្សរា ដែល​ទទួល​បាន​គម្រោង​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច បន្ត​ពី​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស មិន​ព្រម​ទទួល​យក​ក្រុម​កម្មករ​ចូល​ធ្វើការ​ទេ។

លោក​រំលឹក​ថា ក្រុម​កម្មករ​តវ៉ា​ទាំង​អស់ ១២៦នាក់ សុទ្ធ​តែ​ជា​កម្មករ​ជំនាញ​ខាង​ជួសជុល​ប្រាសាទ តាំង​ពី​កំឡុង​ឆ្នាំ១៩៩០ និង​តែង​ជួសជុល​ប្រាសាទ​បុរាណ​នានា ក្នុង​ខេត្ត​សៀមរាប ក្រោម​គម្រោង​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស។ នៅ​កំឡុង​ឆ្នាំ២០១៨ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស បាន​ព្យួរ​ការងារ​ក្រុម​កម្មករ​ទាំង​អស់ ដោយសារ​អស់​ថវិកា​ជំនួយ។ នៅ​ឆ្នាំ២០១៩ រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​បន្ត​ទៀត តែ​ឲ្យ​ទៅ​អាជ្ញាធរ​អប្សរា​ជា​អ្នក​គ្រប់​គ្រង ហើយ​អាជ្ញាធរ​អប្សរា បាន​កែប្រែ​លក្ខខណ្ឌ​ការងារ​​ច្រើន​ចំណុច ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​កម្មករ ទើប​មាន​ការ​តវ៉ា មិន​ព្រម​ចូល​ធ្វើ​ការ​ដល់​សព្វថ្ងៃ៖ « ឆ្នាំ២០១៨ ថា អត់​លុយ​គេ​ផ្អាក​​យើង ថា​ចាំ​ពេល​មាន​លុយ​ គេ​ហៅ​យើង។ ដល់​ពេល​គេ​បាន​លុយ​មក ស្ថានទូត​ ( បារាំង ) គេ​អត់​ឲ្យ​លុយ​មក​ EFEO ​ វិញ។ អ៊ីចឹង ក៏​ពួក​យើង​រង​ចាំ​ការងារ​ហ្នឹង​ត្រលប់​មក​វិញ ​រយៈ​ពេល​ ២​ឆ្នាំ​ហើយ។ ឥឡូវ​ដូច​ថា យើង​វា​ដាច់​ការងារ​ទាំង​អស់​គ្នា ទ្រាំ​អត់​បាន ដូច​ពាក្យ​ចាស់​ថា ទឹក​ដល់​ច្រមុះ​ហើយ យើង​ត្រូវ​តែ​បង្កើត​ការ​តវ៉ា ផ្ទុះ​ការ​តវ៉ា​ហ្នឹង​ឯង»

សេចក្ដី​ជូន​ដំណឹង​របស់​ក្រុម​កម្មករ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច បញ្ជាក់​ថា កន្លង​ទៅ​ក្រុម​កម្មករ​ បាន​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ករណី​នេះ នៅ​តាម​ស្ថាប័ន​រដ្ឋ​ជាច្រើន​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ទេ ដូច្នេះ​ទើប​សម្រេច​ណាត់​គ្នា​ធ្វើ​ការ​តវ៉ា។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​អាជ្ញាធរ​រដ្ឋបាល​​ខេត្ត​សៀមរាប ចំពោះ​​ញត្តិ​របស់​ក្រុម​កម្មករ​​​បាន​ទេ ដោយសារ​​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ទទួល​ញត្តិ​ឈ្មោះ នួន ម៉ាឡា ចុះ​ហត្ថលេខា​ទទួល​​​​ញត្តិ​ពី​​ក្រុម​កម្មករ មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៩ មីនា។

ចំណែក​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ និង​ជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ប្រាប់​អាស៊ី​សេរី​ថា ការ​ដាក់​ញត្តិ​របស់​ក្រុម​កម្មករ​ជា​សិទ្ធិ​របស់​ពួក​គេ។ ចំពោះ​វិវាទ​នេះ លោក​ អះអាង​​ថា​ អាជ្ញាធរ​អប្សរា មិន​បាន​បដិសេធ​​កម្មករ​​ក្នុង​ការ​ចូល​ធ្វើ​ការ​វិញ​ទេ​ តែ​ដោយសារ​ក្រុម​កម្មករ​មិន​ព្រម​ទទួល​យក​លក្ខខណ្ឌ​ការងារ​របស់​អាជ្ញាធរ​អប្សរា។ ដូច្នេះ លោក​មិន​អាច​បង្ខំ​ក្រុម​កម្មករ​បាន​ឡើយ។ ឯ​ការ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច កំពុង​តែ​បន្ត​ធ្វើ តាម​គម្រោង ដោយ​មាន​កម្មករ​ថ្មី​ចូល​ធ្វើការ​ជំនួស៖ « ជំហរ​របស់​យើង គឺ​យើង​អត់​មាន​ទៅ​បដិសេធ​ទេ។ តែ​សំខាន់​​ តើ​គាត់​ទទួល​យក​នូវ​ហេតុផល​ឬ​អត់ ? អា​ហ្នឹង ខ្ញុំ​បាន​បញ្ជាក់​ហើយ គឺ​​យើង​បាន​ជួប​គ្នា ហើយ​យើង​ពិភាក្សា​គ្នា។ ក៏​ប៉ុន្តែ​បើ​គាត់​មិន​ទទួល​យក​អា​ជម្រើស​ ឬ​ក៏​ហេតុ​ផល​ដែល​យើង​ផ្ដល់​ជូន​គាត់ អា​ហ្នឹង​យើង​ទៅ​មាន​សិទ្ធិ​អ្វី​ទៅ​បង្ខំ​គាត់។ អ៊ីចឹង​ បាន​ខ្ញុំ​បញ្ជាក់​ថា ការងារ​ជួស​ជុល​ប្រាង្គ​ប្រាសាទ​គឺ​យើង​នៅ​តែ​បន្ត​ អា​ហ្នឹង​ គឺ​អ៊ីចឹង​ »។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន យល់​ថា អាជ្ញាធរ​អប្សរា ​​គួរ​ផ្ដល់​​​លក្ខខណ្ឌ​ការងារ​ឲ្យ​កម្មករ​ ដូច​កាល​ជំនាន់​គ្រប់គ្រង​គម្រោង​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ ដោយ​មិន​ត្រូវ​កិបកេង និង​កាត់​បន្ថយ​អត្ថប្រយោជន៍​របស់​កម្មករ​ឡើយ៖ « អ៊ីចឹង អស់​រយៈ​ពេល​ ២​ឆ្នាំ​កន្លង​មក ដែល​គាត់​បាន​រង់ចាំ ​គឺ​គម្រោង​អត់​បាន​យក​ពួកគាត់​ចូល​​ធ្វើការ​វិញ​ទេ​ ហើយ​បែរ​ជា​គម្រោង​មាន​លុយ​បន្ត​ ហើយ​គាត់​យក​កម្មករ​ថ្មី ចូល​ធ្វើ​វិញ។ អ៊ីចឹង​ពួក​គាត់​អត់​សប្បាយ​ចិត្ត ដែល​គម្រោង​អនុវត្ត​អ៊ីចឹង។ អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​​សិន​យើង​ពិនិត្យ​មើល​ផ្លូវ​​ច្បាប់ គឺ​​ថា គម្រោង​​អនុវត្ត​ខុស​ពី​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»

មេ​ការដ្ឋាន លោក ជិន សុផល អះអាង​ថា ​​អាជ្ញាធរ បាន​កាត់​បន្ថយ​ប្រយោជន៍​កម្មករ​​​ នៅ​ពេល​ទទួល​បាន​គម្រោង​ថវិកា​បន្ត​ពី​សាលា​បារាំង​ចុង​បូព៌ា ក្នុង​នោះ ដូច​ជា ប្ដូរ​ពី​ប្រាក់​​ឈ្នួល​ប្រចាំ​ខែ មក​​ឲ្យ​ជា​ប្រាក់​ឈ្នួល​តាម​ថ្ងៃ​ធ្វើ​ការ​​វិញ ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​តាម​ច្បាប់​ការងារ ​ពោល​គឺ​ទាល់​តែ​​​ធ្វើ​ការ​ទើប​បាន​ប្រាក់​ឈ្នួល​​ គ្មាន​ធានារ៉ាប់រង​សុខភាព គ្មាន​​ប្រាក់​អតីតភាព​​​ការងារ​ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។