ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី «មាន​ជីវភាព​ខ្វះខាត​និង​កុមារ​បោះបង់​ការ​សិក្សា»

ដោយ យ៉ង ចាន់តារា
2024.05.08
ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី «មាន​ជីវភាព​ខ្វះខាត​និង​កុមារ​បោះបង់​ការ​សិក្សា» ទិដ្ឋភាព​យុវជន​ពិនិត្យ​ព្រំដែន កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤។
រូប៖ យុវជន​ផ្តល់​ឱ្យ

ក្រុម​យុវជន​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី​មាន​ជីវភាព​ខ្វះខាត និង​កុមារ​បោះបង់​ការ​សិក្សា។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួកគេ​បាន​ចុះ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម។

និស្សិត​មួយ​ក្រុម​ខកចិត្ត នៅ​គ្រា​ប្រទះ​ឃើញ តំបន់​ជាប់​ព្រំ​កម្ពុជា-វៀតណាម​ ក្នុង​ស្រុក​អូរយ៉ាដាវ​ក្នុង​ខេត្តរតនគិរី មាន​បញ្ហា​ប្រឈម​ច្រើន ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា​រួមមាន​ ការ​អភិវឌ្ឍន៍​យឺតយ៉ាវ បញ្ហា​សំរាម​ពាស​ពេញ​ផ្លូវ ខ្វះ​មណ្ឌល​សុខភាព ផ្លូវ​ធ្វើ​ដំណើរ​លំបាក និង​ខ្វះ​សាលា​រៀន ឬ​សាលា​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ បណ្តាល​ឱ្យ​សិស្ស​ជា​ច្រើន​ងាយ​នឹង​បោះបង់​ការ​សិក្សា។

និស្សិត​ដែល​ចុះ​សិក្សា​តំបន់​ព្រំដែន កញ្ញា សើន ស្រីម៉ៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី៧ ឧសភា ថា ក្រោយ​ពី​បញ្ចប់​ការ​សិក្សា ​កញ្ញា​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះ​ស្រាយ​អភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ជា​អាទិភាព​រួមមាន កសាង​ផ្លូវ​ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និង​សំអាត​បរិស្ថាន​ ជា​ដើម ដើម្បី​សម្រួល​ជីវភាព​រស់​នៅ​ជូន​ពលរដ្ឋ។ កញ្ញា​បន្ថែម​ថា ស្ថានភាព​ទឹក​ទន្លេ​សេសាន​ ដែល​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​ឡើង​ចុះ​មិន​ទៀង​ទាត់​ ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​ក្នុង​ប្រទេស​វៀតណាម។

កញ្ញា សើន ស្រីម៉ៃ៖ «បើ​គាត់​ចង់​ទៅ​មន្ទីរពេទ្យ ត្រូវ​ឆ្លង​សាឡាង ហើយ​ឆ្លង​ទៅ​មក​ សាលា​គេ​បិទ​ម៉ោង ០៦ ។ ពេល​គាត់​ឈឺ​យប់ ឬ​សំរាល​កូន​ពិបាក ត្រូវ​រង់​ចាំ​ព្រឹក»

កញ្ញា សើន ស្រីម៉ៃ បន្ថែម​ថា សម្រស់​បរិស្ថាន​ទន្លេ​សេសាន​ និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ស្រស់​ស្អាត ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​មើល​រំលង​បញ្ហា​នេះ ដោយ​មិន​បាន​កែច្នៃ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ។

ថ្មីៗនេះ និស្សិត​មួយ​ក្រុម និង​ព្រះ​សង្ឃ ២៧អង្គ/នាក់ បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ ក្នុង​តំបន់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី​ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម និង​ច្រក​ព្រំដែន​អូរយ៉ាដាវ ដែល​ជា​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ បេសកកម្ម​នេះ​ធ្វើ​ឡើង​រយៈ​ពេល ៣យប់ ៤ ថ្ងៃ​កាល​ពី​ដើម​ខែ​ឧសភា​ ដើម្បី​សិក្សា​ពី​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ជីវភាព​ពលរដ្ឋ សមត្ថភាព​មន្ត្រី​ការពារ​ព្រំដែន  និង​ការ​ផ្តល់​សេវា​សាធារណៈ​ជាដើម។

យុវជន​ម្នាក់​ទៀត គឺ កញ្ញា តៀប ទេវវេវ សង្កេត​ឃើញ​ថា ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​តំបន់​នោះ ​ខែ​ប្រាំង​ដី​ហុយ ហើយ​រដូវ​វស្សា​វិញ ដី​ភក់​ល្បាប់​លំបាក​ធ្វើ​ដំណើរ ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ជា​ពិសេស​សិស្សានុសិស្ស​លំបាក​ទៅ​រៀន។ រីឯ​ប្រព័ន្ធ​អប់រំ​ខ្វះ​ខាត​ច្រើន​ ពលរដ្ឋ​ខ្លះ​មិន​សូវ​ផ្តល់​តម្លៃ​លើ​ការ​អប់រំ ហើយ​បញ្ជូន​កូនៗ​ពួកគេ ទៅ​ធ្វើ​ចម្ការ។ កញ្ញា​យល់​ថា រដ្ឋាភិបាល​គួរតែ​គិត​ឱ្យ​បាន​ល្អិតល្អន់​ពី​បញ្ហា​នេះ ហើយ​ដោះស្រាយ​ជា​បន្ទាន់។

កញ្ញា តៀប ទេវវេវ៖ «ភ្ញាក់​​ផ្អើល​ដែល​មិន​នឹក​ស្មានថា ស្ថានភាព​ព្រំដែន​ ដុនដាប​ដល់​ថ្នាក់​ហ្នឹង ពេល​ខ្ញុំ​ទៅ​គ្រាន់​តែ​គិត​ថា គ្រាន់​សិក្សា​ពី​ព្រំដែន និង​ប្រជា​ជន​តាម​ព្រំដែន​ តែ​ដល់​ពេល​ទៅៗ បញ្ហា​ធ្វើ​ឱ្យ​ស្មុកស្មាញ​យើង​មិន​នឹក​ឃើញ​ថា តំបន់​ធ្វើ​ឱ្យ​រីក​ចម្រើន​ ស្រស់​ស្អាត វា​បង្កប់​បញ្ហា​ដូច្នេះ» ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​រឿង​នេះ ពី​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា ក្រុម​យុវជន​យកចិត្តទុកដាក់​ស្វែង​យល់​ពី​បញ្ហា​ព្រំដែន ជា​រឿង​ល្អ​ ដើម្បី​ជា​ធាតុ​ចូល​ផ្តល់​អនុសាសន៍​ស្នើ​ទៅ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ខ្វះ​ចន្លោះ​មួយ​ចំនួន ដែល​អាជ្ញាធរ​មើល​រំលង៖

លោក យង់ គិមអេង៖ «ក្រុម​យុវជន​រក​ឃើញ​ហើយ​ផ្តល់​អនុសាសន៍​ជាក់​លាក់ ដល់​រដ្ឋាភិបាល​ទៀត រឹត​តែ​ប្រសើរ។ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពិចារណា យក​ទៅ​ពិចារណា​ ធ្វើ​ជា​គោល​នយោបាយ ក្នុង​ការ​ធ្វើ​ផែនការ ដើម្បី​អភិវឌ្ឍន៍​ទៅ​មុខ​ទៀត ឬ​ក៏​ដើម្បី​ដោះស្រាយ​ ការ​ប្រឈម​ទាំងឡាយ ដែល​កើត​មាន​ចំពោះ​ពលរដ្ឋ»

ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​និស្សិត​នេះ មាន​ការ​សួរនាំ​ និង​តាម​ឃ្លាំមើល​ពី​សំណាក់​សមត្ថកិច្ច​ខេត្តរតនគិរី ជា​ច្រើន​ដង ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ហាម​ឃាត់ និង​បង្អាក់​ដំណើរ​នោះ​ទេ។ ពួកគេ​ប្ដេជ្ញា​ថា នឹង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ម្តងៗ​ បង្ហាញ​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា នៅ​តំបន់​ព្រំដែន ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​ជ្រាប​ រួមគ្នា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ដំណោះស្រាយ​ជា​វិជ្ជមាន៕

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។