មន្ត្រី​អ.ស.ប​ស្នើ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុង​ឱកាស​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​២៦ កញ្ញា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដើម្បី​ធានា​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​លក្ខណៈ​សេរី និង​យុត្តិធម៌។

លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល បង្កើត​ឱ្យ​មាន​តម្លាភាព និង​អនុវត្ត​ច្បាប់ ចំពោះ​ការ​ផ្តល់ និង​រៀបចំ​ដី​សម្បទាន​សេដ្ឋកិច្ច និង​សម្បទាន​ផ្សេងៗ​ទៀត។

សំណើ​របស់​លោក សុរិយា ស៊ូប៊ែឌី ធ្វើ​ឡើង​ក្នុង​បទ​បង្ហាញ​របាយការណ៍​ចំនួន​ពីរ​ចំពោះ​មុខ​អង្គ​ប្រជុំ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ហ្សឺណែវ ស្តី​អំពី​ការ​បោះ​ឆ្នោត និង​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច។ របាយការណ៍​ទាំង​ពីរ​នោះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​លោក​ចំនួន​ពីរ​លើក​នៅ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ និង​ខែ​ឧសភា ឆ្នាំ​២០១២។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ដក​ស្រង់​សំដី​លោក សុរិយា ស៊ូប៊ែឌី ថា កម្ពុជា​បាន​រីក​ចំរើន​ច្រើន​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​លោក​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ខ្លះ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច។

លោក​បន្ត​ថា ការ​ផ្ដល់​ដី​សម្បទាន​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព និង​ផ្អែក​តាម​ច្បាប់។ លោក​ថា ច្បាប់​នៅ​លើ​ក្រដាស​ផ្សេង ប៉ុន្តែ​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់។ ចំពោះ​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ វិញ លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើត​នូវ​បរិយាកាស​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​គោរព​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ពុធ ទី​២៦ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។