ទាហានថៃ ចាប់ពលរដ្ឋខ្មែរឆ្លងដែនទៅកាប់ឈើគ្រញូង ៣នាក់
2012.11.10
មានប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ជាថ្មីទៀត ត្រូវទាហានថៃ ចាប់ខ្លួននៅពេលដែលលួចឆ្លងដែនទៅកាប់ឈើនៅព្រឹកថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា។
ប្រភពពីប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកព្យាយាមលួចឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ បានឱ្យដឹងថា ទាហានថៃ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរទាំង ៣នាក់ នៅតំបន់ជាប់ព្រំប្រទល់គ្នានៃខេត្តស្រះកែវ និងខេត្តបូរីរ៉ាំ ទល់មុខនឹងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របស់ខ្មែរ៖ «ម្ដុំយើងច្រកវត្តគ្រែផុស ឃុំបន្ទាយឆ្មារ។ វាទៅច្រើននាក់ ទទួលយើងអូសឈើមក វាក់ជាមួយទាហានថៃ បាញ់ពីម្សិល ថ្ងៃល្ងាច (ថ្ងៃទី៨ ខែវិច្ឆិកា) ប្រហែលជាម៉ោង ៤និង៣០នាទី ផ្អើលរត់បែកគ្នាទៅ។ ព្រលឹមឡើង រកផ្លូវឃើញ។ ចេញមកគេចាប់បាននៅផ្លូវក្រហមចេញមកខ្មែរ»។
ប្រជាពលរដ្ឋខ្មែរទាំង ៣នាក់ ដែលទាហានថៃ ចាប់ខ្លួននោះ ឈ្មោះ ម៉ៅ យឿន និងឈ្មោះ វ៉ាន់ មានទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បុរសម្នាក់ទៀតឈ្មោះ ស្រស់ មានទីលំនៅស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។
ចាប់តាំងពីអំឡុងខែមករា រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០១២ តាមតួលេខត្រួសៗ គឺមានប្រជាពលរដ្ឋខ្មែរចំនួន ១៣នាក់ស្លាប់ ៥នាក់រងរបួស ២នាក់បាត់ខ្លួន និង៩នាក់ទៀត ត្រូវទាហានថៃ ចាប់ខ្លួននៅតាមព្រំដែន ដោយសារនាំគ្នាលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។