កូនប្រុសម្ចាស់កសិដ្ឋាននៅរតនគិរីវាយអ្នកភូមិម្នាក់ឲ្យសន្លប់
2011.06.07
ក្រុមឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី អំពាវនាវនៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១១ សុំឲ្យមានការស៊ើបអង្កេតបន្ទាន់មួយទៅលើករណីប្រើអាវុធខុសច្បាប់បង្កអំពើហិង្សារំលោភសិទ្ធិមនុស្ស បណ្ដាលឲ្យអ្នកភូមិម្នាក់រងរបួសជាទម្ងន់។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា អ្នកភូមិជាជនជាតិដើមភាគតិចម្នាក់ត្រូវកូនប្រុសម្ចាស់កសិដ្ឋានមួយ រួមទាំងកម្មករច្រើននាក់ នាំគ្នាបំផ្លាញផលដំណាំ រួចហើយព្រួតគ្នាវាយម្ចាស់ចម្ការដោយកាំភ្លើងរហូតសន្លប់ ៖ «ប្រើអំពើហិង្សា សូម្បីតែកូនក៏មានកាំភ្លើងកាន់ដែរ វាបង្កភាពគ្រោះថ្នាក់ ហើយធ្វើឲ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពបរាជ័យ»។
ជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ នៀ ងោល អាយុ ២០ឆ្នាំ រស់នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ឪពុកជនរងគ្រោះដែលឋិតក្នុងហេតុការណ៍នោះ លោក យ៉ាខាំ នៀ មានប្រសាសន៍បញ្ជាក់ថា កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១១ ក្រុមគ្រួសារគាត់មានប្ដីប្រពន្ធ និងកូនប្រុស បានទៅចម្ការដែលមានព្រំជាប់នឹងដីកសិដ្ឋានលោក ខឹម ខេងជូ ហើយបានឃើញកូនប្រុសម្ចាស់កសិដ្ឋាននោះ ឈ្មោះ វណ្ណៈ និងកម្មករប្រមាណ ១០នាក់ កំពុងដកដើមស្វាយចន្ទីដែលគាត់បានដាំរយៈពេល ២ឆ្នាំអស់ប្រមាណ ២០ដើម ហើយបោះបង្គោលហ៊ុមព័ទ្ធដីចម្ការរបស់គាត់នៅចំណុចដើមស្វាយចន្ទីដែលពួកគេដកចោលនោះ។
លោកបន្តថា កូនប្រុសរបស់លោកឃើញដូច្នេះ ក៏យកទូរស័ព្ទថតរូបភាពនោះ ធ្វើឲ្យកូនប្រុសម្ចាស់កសិដ្ឋានខឹង ហើយដកកាំភ្លើងពីហោប៉ៅខោវាយក្បាលកូនប្រុសគាត់ដួល ហើយកម្មករមួយចំនួនរបស់កូនប្រុសម្ចាស់កសិដ្ឋាន បានព្រួតគ្នាវាយកូនប្រុសគាត់រហូតសន្លប់ ទើបពួកគេចាកចេញចូលទៅដីកសិដ្ឋានពួកគេវិញអស់ទៅ។
លោក យ៉ាខាំ នៀ បញ្ជាក់បន្ថែមដូច្នេះ ៖ «ហើយខ្ញុំថា ម៉េចនរណាទៅដកចន្ទីខ្ញុំអស់ពីរជូរតាមព្រំគេហ្នឹង? ខ្ញុំថា ម៉េចទៅដកអ៊ីចឹង? ចាំនិយាយសម្រួលគ្នាទៅ។ ក៏កូនខ្ញុំកាន់ទូរស័ព្ទហ្នឹងថត គេខឹងអាហ្នឹង។ គេវ៉ៃ មួយកាំភ្លើង ហើយប្រុងអូសចូលព្រៃទៀត ប៉ុន្តែវាអត់រួច អាហ្នឹងសន្លប់ហើយ។ ឃើញកូនដួលសន្លប់ ខ្ញុំទៅជួយ អាហ្នុង អាកគ្រាប់មក ហ្អែងហ៊ានចូលមកឲ្យពួកឯងងាប់ទៀត។ ខ្ញុំអត់ហ៊ានចូល ហ៊ានតែម៉ែវាហ្នឹងទៅចូលជួយ។ ខ្ញុំយំ ហើយស្រែកអាណិតកូនខ្ញុំសន្លប់ដល់ដីហ្នុង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ខឹម ខេងជូ និងកូនប្រុសឈ្មោះ វណ្ណៈ ដើម្បីបំភ្លឺសេចក្ដីចោទប្រកាន់ទាំងអស់នេះបានទេ នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១១។
មេឃុំប៉ាតាង លោក គឹត ចេន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរឃុំមិនដឹងថា តើកូនប្រុសម្ចាស់កសិដ្ឋាននោះមានអាវុធពីប្រភពណាក្នុងការប្រព្រឹត្តអំពើរំលោភច្បាប់នោះទេ។
លោកបន្តថា ប៉ូលិសប៉ុស្តិ៍បានចុះអង្កេត និងធ្វើសេចក្ដីរាយការណ៍ពីករណីនេះជូនអាជ្ញាធរស្រុកចាត់វិធានការផ្ដល់យុត្តិធម៌ដល់អ្នកភូមិ ៖ «ធ្វើកំណត់ហេតុសាលាឃុំហើយ ឲ្យគាត់ទៅពេទ្យបាត់ហើយ។គាត់ប្រកែកលិចកើតហ្នឹង ដល់អ៊ីចឹងវាហូតកាំភ្លើងពីជើងខោ ក៏ដាក់មួយកាំភ្លើងសន្លប់នៅកន្លែង»។
អធិការប៉ូលិសស្រុកលំផាត់ លោក សូយ ថាវ មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសបានចុះទៅកាន់ទីកើតហេតុហើយ ដើម្បីស៊ើបអង្កេតករណីនេះ ៖ «ព្រោះយើងអត់ទាន់បទល្មើសជាក់ស្ដែងណា! ពេលវាទៅបាត់ហើយ ប៉ុន្តែនឹងឲ្យប៉ុស្តិ៍ចុះទៅ»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តរតនគិរី ក្នុងឆមាសដើមឆ្នាំ២០១១នេះ អំពើរំលោភសិទ្ធិមនុស្សទូទៅក្នុងខេត្តមានចំនួន ៥ករណី គឺមានការថយចុះបើប្រៀបទៅនឹងរបាយការណ៍ឆ្នាំ២០១០ មានរហូតដល់ ២០ករណី។ ក៏ប៉ុន្តែមានការកត់សម្គាល់ឃើញថា ករណីរំលោភលើសិទ្ធិកាន់កាប់ដីធ្លីចម្ការវិលជុំនៃសហគមន៍ជនជាតិដើមភាគតិច បានកើនឡើងវិញប្រមាណ ១០ករណី ប្រៀបធៀបឆ្នាំ២០១០ មានតែ ៥ករណី ហើយការរំលោភសិទ្ធិដីធ្លីនេះ ភាគច្រើនផ្ដោតទៅលើក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនានា ដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់ជនជាតិដើមខេត្តរតនគិរី៕