ស្ត្រីកម្ពុជា មានចំនួនកាន់តែច្រើនបានឈានចូលក្នុងវិស័យសហគ្រិន ប៉ុន្តែមុខជំនួញរបស់ពួកគេឋិតក្នុងប្រភេទខ្នាតមីក្រូ និងតូចតាចនៅឡើយ។ របាយការណ៍របស់ធនាគារជាតិរកឃើញថា ស្ត្រីដែលជាអ្នកជំនួញមានចំនួនជាង ៨០ភាគរយបានខ្ចីបុលប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែពួកគេច្រើនប្រើប្រាស់ក្នុងបរិមាណតិចតួចទៅតាមកម្រិតនៃមុខជំនួញមិនផ្លូវការរបស់ពួកគេ។
នៅមុនពេលសមាហរណកម្មអាស៊ានចូលមកដល់ ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់ស្ត្រី និងការពង្រីកមុខជំនួញរបស់ពួកគេ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយ ដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិជំរុញអោយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ជួយលើកកម្ពស់សហគ្រិនភាពជាស្ត្រី តាមរយៈការពន្លឿនបរិយាប័ន្នហិរញ្ញវត្ថុ ឬគោលនយោបាយផ្ដល់សេវាកម្មហិរញ្ញវត្ថុដែលរហ័ស និងមានប្រសិទ្ធភាពទៅដល់ក្រុមស្ត្រីជាសហគ្រិន។
ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា អ្នកស្រី នាវ ច័ន្ទថាណា មានប្រសាសន៍ថា ភាគីពាក់ព័ន្ធត្រូវធ្វើការរួមគ្នាផ្ដល់សេវាកម្មហិរញ្ញវត្ថុទៅដល់ក្រុមស្ត្រីក្នុងផ្នែកមីក្រូ តូច និងមធ្យម។ អ្នកស្រីបន្តថា ការផ្ដល់ជំនួយដល់សហគ្រិនស្ត្រី មានសារសំខាន់នៅមុនពេលសមាហរណកម្មអាស៊ានចូលមកដល់៖ «ជួយយ៉ាងណាអោយផ្នែកឯកជនជួយជំរុញអោយគាត់មានលទ្ធភាពអាចទទួលប្រាក់កម្ចីពីស្ថាប័នផ្សេងៗផង ដើម្បីអោយគាត់ពង្រីកការវិនិយោគរបស់គាត់សហគ្រាសខ្នាតមីក្រូនៅតាមភូមិតំបន់ ឬក៏បង្កើតការងារអីទៅ»។
ការថ្លែងនេះធ្វើនៅចំពោះមុខតំណាងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាទាំងជាតិ និងអន្តរជាតិ នៅក្នុងពិធីបើកសន្និសីទស្ដីពីស្ត្រី និងវិស័យសហគ្រិនភាព។
ក្នុងស្ថិតិជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ របស់វិទ្យាស្ថានស្ថិតិឲ្យដឹងថា ក្នុងចំណោមសហគ្រាសសរុបជាង ៥០ម៉ឺន មានស្ត្រីជាម្ចាស់សហគ្រាសចំនួនជាង ៣០ម៉ឺននាក់ ស្មើនឹងជាង ៦៥ភាគរយ។ មុខជំនួញភាគច្រើនរបស់ស្ត្រី គឺជាសហគ្រាសខ្នាតមីក្រូ ដែលមានសមាជិកចន្លោះពីម្នាក់ទៅ ៤នាក់។ មុខរបររបស់ស្ត្រីមានក្នុងផ្នែកលក់ដុំ និងរាយ ផ្ទះសំណាក់ ឬសណ្ឋាគារ សិប្បកម្ម និងសេវាកម្ម។
ក្នុងការងារជំនួញនេះ ស្ត្រីទទួលបានធនធានពង្រីកមុខរបរទាបជាងបុរស។ ពួកគេទទួលបានព័ត៌មានតិចតួច ទាំងនីតិវិធីរបស់រដ្ឋាភិបាល និងការបង្កើនចំណេះដឹង។ ចំណែកផលិតភាពរបស់សហគ្រាសមានស្ត្រីជាម្ចាស់ ក៏នៅមានកម្រិតទាប។
មន្ត្រីធនាគារជាតិ អ្នកស្រី នាវ ច័ន្ទថាណា បញ្ជាក់ដែរថា នៅកម្ពុជា ក្នុងចំណោមអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៨៣ភាគរយជាស្ត្រី។ ពិតមែនថា ស្ត្រីបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ប៉ុន្តែពួកគេច្រើនប្រើប្រាស់ក្នុងបរិមាណតិចតួចទៅតាមកម្រិតនៃមុខជំនួញមិនផ្លូវការរបស់ពួកគេ។
អ្នកស្រីរំពឹងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងអាចជួយសម្រួលបញ្ហាការប្រាក់ទៅដល់ស្ត្រី៖ «បច្ចុប្បន្នជួនកាលខ្លះគាត់ពិបាករកទុន ប៉ុន្តែខាងធនាគារជាតិខិតខំពង្រឹងមីក្រូហិរញ្ញវត្ថុ ដើម្បីជួយផ្ដល់ទុនទៅដល់ស្ត្រី។ យើងសង្ឃឹមថា វេទិកានេះនឹងពង្រីកសេវាកម្មអោយគាត់មានលទ្ធភាពអាចទទួលទុនបន្ថែមទៀត»។
ប្រធានសមាគមសហគ្រិនស្ត្រី អ្នកស្រី កែវ មុំ មានប្រសាសន៍ ថា បញ្ហាប្រឈមសម្រាប់សហគ្រិនជាស្ត្រី គឺប្រាក់កម្ចីមានការប្រាក់ខ្ពស់នេះហើយ៖ «សមាហរណកម្មអាស៊ានជិតចូលមកដល់ ហើយការពង្រីកអាជីវកម្មរបស់គាត់ គឺត្រូវការជាចាំបាច់មែនទែន អ៊ីចឹងត្រូវការស្នើសុំជាចាំបាច់ទៅដល់រដ្ឋាភិបាល ជាពិសេសធនាគារទាំងឡាយអោយជួយផ្ដល់ប្រាក់កម្ចីដល់សហគ្រិនជាស្ត្រី គួរមានអត្រាការប្រាក់យ៉ាងទាប»។
ទាក់ទិននឹងបញ្ហាការប្រាក់កម្ចីនេះ ស្ថាប័នផ្ដល់កម្ចីបញ្ជាក់ថា អ្នកប្រើសេវាកម្មតែងតែប្រាថ្នាការប្រាក់ទាប ប៉ុន្តែអតិថិជនជាស្ត្រីក៏មិនខុសពីអតិថិជនដទៃដែរ គឺទទួលបានសេវាដូចៗគ្នា។
ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា (Acleda) លោក អ៊ិន ចាន់នី មានប្រសាសន៍ថា បច្ចុប្បន្ននេះធនាគារលោកកំពុងផ្ដល់កម្ចីដែលងាយស្រួលដោយប្រព័ន្ធទូរស័ព្ទដៃ ទៅដល់ពលរដ្ឋតាមទីឆ្ងាយៗ ដែលសម្រួលដល់ការធ្វើដំណើររបស់អ្នកជំនួញ ដែលភាគច្រើនជាស្ត្រី៖ «គឺយើងនឹងបន្តធ្វើតទៅទៀត គឺតាមរយៈធនាគារតាមទូរស័ព្ទដៃ ដើម្បីអោយពួកគាត់ងាយស្រួលប្រើ។ កាលណានៅក្បែរគាត់ងាយស្រួលប្រើ យើងគិតពីអ៊ីចឹងទៅវិញទេ។ បើយើងគិតពីតម្លៃថោក ប៉ុន្តែគាត់ត្រូវធ្វើដំណើរ ៣០គីឡូម៉ែត្រ គាត់ត្រូវប្រើប្រាស់ប្រេងឥន្ធនៈឡាន ម៉ូតូអីហ្នឹង។ ប៉ុន្តែបើតម្លៃធម្មតា យើងផ្ដល់សព្វថ្ងៃ ប៉ុន្តែនៅហ្នឹងដៃគាត់ គាត់ចង់ប្រើបានភ្លាម មិនបាច់ចេញពីផ្ទះ មិនបាច់ខាតពេល គឺធនាគារនៅក្នុងដៃ»។
លោក អ៊ិន ចាន់នី បន្តថា គម្រោងនេះរង់ចាំតែការអនុម័តទទួលស្គាល់ផ្លូវការប៉ុណ្ណោះ។
ទោះយ៉ាងណាចំពោះដៃគូអភិវឌ្ឍន៍បានបង្ហាញគម្រោងថា នឹងបន្តជួយស្ត្រីជាសហគ្រិន។
ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា លោក យូជិ គុម៉ាម៉ារ៉ុ (Yuji Kumamaru) បានមានប្រសាសន៍ថា ជប៉ុន បន្តគាំទ្រគម្រោងបង្កើនប្រាក់ចំណូលរបស់ស្ត្រីកម្ពុជា៖ «ចាប់តាំងពីចុងទសវត្សទី៩០ រដ្ឋាភិបាលជប៉ុន បានគាំទ្រកម្ពុជា ក្នុងផ្នែកស្ត្រី ផ្ដល់សិទ្ធិអំណាចដល់ស្ត្រី តាមរយៈគម្រោងបញ្ជ្រាបយេនឌ័រ ដែលបង្កើនកម្រិតជីវភាពស្ត្រីនៅតាមទីជនបទ។ គម្រោងទាំងនេះជួយបង្កើនប្រាក់ចំណូលរបស់ស្ត្រី និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ ប្រទេសជប៉ុន នឹងបន្តជួយក្នុងផ្នែកនេះទៀត ដោយចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា»។
ចំណែករដ្ឋាភិបាលអាមេរិក តាមរយៈគម្រោងវី គ្រីអេត (WE CREATE) កំពុងរៀបចំបង្កើតមជ្ឈមណ្ឌលស្ដីពីភាពជាសហគ្រិនរបស់ស្ត្រីនៅកម្ពុជា។ មជ្ឈមណ្ឌលនោះនឹងកសាងសមត្ថភាពរបស់ស្ត្រីជាម្ចាស់មុខជំនួញ និងមានជំនួយក្នុងវិស័យចាំបាច់ផ្សេងទៀតជួយដល់ស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
