កម្មករ-កម្មការិនី ប្រមាណ ២០០នាក់ ក្នុងចំណោមកម្មករសរុបជាង ១៣០០នាក់ ធ្វើការនៅរោងចក្រស៊ុបភើធិច (Super Text) នៅថ្ងៃទី២៣ ខែមិថុនា នៅបន្តប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដើម្បីស្នើកិច្ចអន្តរាគមន៍ទៅប្រមុខដឹកនាំ និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធឲ្យជួយជំរុញទៅថៅកែរោងចក្រ ឲ្យបើកប្រាក់បៀវត្សសម្រាប់ខែឧសភាដល់កម្មករ។
ក្រុមកម្មកររោងចក្រស៊ុបភើធិច ដែលបានឈរតវ៉ាក្រោមកម្ដៅថ្ងៃនៅពីមុខរោងចក្រ ជាប់តាមបណ្ដោយផ្លូវជាតិលេខ២ បានសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដល់ពួកគេ ដើម្បីឲ្យថៅកែបើកប្រាក់ខែៗឧសភា និងប្រាក់បំណាចផ្សេងៗ ជូនពួកគេ ព្រោះក្រុមកម្មករកំពុងជួបប្រទះការខ្វះខាត និងមិនមានថវិកាសម្រាប់ចំណាយថ្លៃជួលផ្ទះ និងអាហារទទួលទាន ៖ «ប្រាក់ខែៗឧសភាត្រូវបើកថ្ងៃទី១០ តែឥឡូវលើស ១៣ថ្ងៃហើយ។ ខ្ញុំស្នើទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏ប៉ុន្តែគ្មាននរណាគេជួយដោះស្រាយឲ្យទេ។ ចង់ឲ្យសម្ដេច ហ៊ុន សែន គាត់មកជួយដោះស្រាយប្រាក់ខែ គឺអត់មានលុយថ្លៃផ្ទះ ថ្លៃបាយ គឺអត់មាន។ ពួកខ្ញុំឈរនៅពីមុខរោងចក្រ គឺដើម្បីទាមទារប្រាក់ខែៗឧសភារបស់ខ្ញុំ ដែលថៅកែមិនទាន់បានបើកឲ្យ។ ពួកខ្ញុំធ្វើការពេញ ១ខែ និងថែមម៉ោងដល់ ៨យប់។ ជួយដោះស្រាយក្រុមកម្មករផង ពួកខ្ញុំវេទនាណាស់ ឥឡូវហ្នឹងអត់មានលុយទិញបាយហូបទេ»។
ក្រុមកម្មកររោងចក្រស៊ុបភើធិច បានឲ្យដឹងថា ពួកគេបានមកប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខរោងចក្រអស់រយៈពេលជិត ២សប្ដាហ៍ មកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនៅឡើយ បើទោះមានមន្ត្រីមកពីក្រសួងការងារបានបង្ហាញវត្តមានម្ដងម្កាលក្ដី។
អ្នកស្រី សែន គឹមស៊ាង ប្រធានសហជីពខ្មែរប្រចាំរោងចក្រស៊ុបភើធិច ក៏បានឲ្យដឹងដែរថា ប្រសិនបើវិវាទនៅរោងចក្រនេះ អាជ្ញាធរពាក់ព័ន្ធមិនជួយរកដំណោះស្រាយជូនកម្មករឲ្យបានឆាប់ទេ កម្មករមានគម្រោងឈរបិទផ្លូវជាតិលេខ២ នៅពេលដ៏ឆាប់ខាងមុខ ដើម្បីបង្ហាញពីភាពអយុត្តិធម៌ និងស្នើឲ្យមានការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធដល់ពួកគេ។ អ្នកស្រី គឹម ស៊ាង បន្តថា វិវាទនៅក្រុមហ៊ុនស៊ុបភើធិចនេះ តំណាងកម្មករបានដាក់សំណើជួយអន្តរាគមន៍ទៅស្ថាប័នទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការងារ រដ្ឋសភា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ដើម្បីឲ្យថ្នាក់ដឹកនាំស្ថាប័នទាំងនេះជួយជំរុញទៅថៅកែក្រុមហ៊ុនស៊ុបភើតិច ឲ្យបើកប្រាក់ខែសម្រាប់ខែឧសភា ជូនពួកគេឲ្យបានឆាប់ ៖ «ជំហានទី១ ខាងខ្ញុំចង់បានប្រាក់ខែសិន ព្រោះអីពួកខ្ញុំជួលផ្ទះគេ ថ្លៃផ្ទះ ថ្លៃម្ហូបអាហារជីវភាពផ្គត់ផ្គង់សព្វគ្រប់»។
លោក សុខ សម្បត្តិ បុគ្គលិករដ្ឋបាលប្រចាំរោងចក្រស៊ុបភើតិច ធ្លាប់បានឲ្យដឹងថា កម្មករទាំងអស់បម្រើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ស៊ុបភើតិច មានកម្មករសរុបចំនួន ១៨០០នាក់ ក្នុងចំណោមនេះមានតែកម្មករចំនួន ៤៥០នាក់ទេ ដែលថៅកែបានបើកប្រាក់ខែៗឧសភាជូន ក្រៅពីនោះ មិនថាតែកម្មករទេ សូម្បីបុគ្គលិករដ្ឋបាលក៏មិនទទួលបានប្រាក់ខែដូចកម្មករដែរ ៖ «អត់ទាំងអស់ថៅកែផលិតបានហើយសន្យាបើកលុយឲ្យកម្មករថ្ងៃទី១០ ជាទម្លាប់ ប៉ុន្តែឥឡូវអត់បើកឲ្យទេ មិនថាកម្មករទេ រដ្ឋបាល គណនេយ្យទាំងអស់គ្នាហ្នឹងអត់ទាន់បើកលុយ»។
ទោះយ៉ាងណា លោក ស៊ុំ ផារ៉ែន មន្ត្រីដោះស្រាយវិវាទការងារនៃក្រសួងការងារ បានមានប្រសាសន៍ថា ជម្លោះរវាងថៅកែរោងចក្រស៊ុបភើតិច និងកម្មករ ក្រសួងកំពុងរៀបចំឯកសារដាក់ជូនទៅមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៃក្រសួងការងារឲ្យជួយរកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទឲ្យបានឆាប់ ៖ «រោងចក្រស៊ុបភើធិចអត់ទាន់មានដំណោះស្រាយអីទេ។ ខាងខ្ញុំកំពុងរៀបចំបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីឲ្យគេកោះប្រជុំដោះស្រាយទំនាស់នេះ»។
ក្រុមកម្មកររោងចក្រស៊ុបភើតិច បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅពីមុខរោងចក្រ ចាប់ពីថ្ងៃទី១១ ខែមិថុនា មកម្ល៉េះ ដោយបានអះអាងដូចៗគ្នាថា នឹងបន្តធ្វើកូដកម្មនៅពីមុខរោងចក្រ ឬឈានដល់បិទផ្លូវជាតិលេខ២ ក្នុងពេលឆាប់ៗនេះ បើសិនថៅកែក្រុមហ៊ុននេះ នៅបន្តគេចវេះមិនទទួលខុសត្រូវ ក្នុងការបើកប្រាក់ខែ និងប្រាក់បំណាចផ្សេងៗ ជូនពួកគេឲ្យបានឆាប់ទេនោះ៕