ការដួលរលំនៃរបបផ្ដាច់ការ និងការចាប់ខ្លួនអតីតមេដឹកនាំផ្ដាច់ការយកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាន់តែខិតជិតចូលជិតដល់របងកម្ពុជា។
អស់ពីនៅស្រីលង្កា (Sri Lanka) បង់ក្លាដេស (Bangladesh) និងស៊ីរី (Syria) ដែលក្រុមមេដឹកនាំផ្ដាច់ការមានក្រយៅដូចគ្នាទាំងនេះបានរត់ប្រាសអាយុចោលស្រុកក្រោយត្រូវពលរដ្ឋផ្តួលរំលំ ឥឡូវនេះដល់វេនអតីតមេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) វិញម្តង។ លោកគឺជាមេដឹកនាំដំបូងគេក្នុងតំបន់អាស៊ាន ដែលត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាប់ខ្លួនយកទៅកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈប្អូនធម៌លោក ហ៊ុន សែន គឺលោក មីន អ៊ុងហ្លាំង (Min Aung Hlaing) ជាមេរដ្ឋប្រហារយោធានៅភូមា ក៏ធ្លាប់ត្រូវរដ្ឋអាជ្ញានៃតុលាការដដែលនេះស្នើឱ្យ ICC ចេញដីកាចាប់ខ្លួនដែរ។
ហេតុការណ៍ទាំងនេះមិនបានធ្វើឱ្យប្រមុខរដ្ឋស្តីទី និងជាឪនាយករដ្ឋមន្ត្រីនៅសម្ងំស្ងៀមឡើយ បើទោះជាត្រូវរំលោភអំណាចកូនយ៉ាងណាក៏ដោយ។
ពេលដែលគេចាប់ ឌូទែរតេ គឺអ្នកឯងប្រៀបធៀបខ្ញុំទៅនឹង ឌូទែរតេ ហើយអ្នកនៅបាត់ដំបងវាយខ្នោះពីព្រឹកម៉ិញដឹកមកភ្នំពេញ។ ម៉េច[អ្នកឯង]ចូលខុមមែនថា បន្តិចទៀតដល់អញ។ អញត្រូវចាប់[អ្នកឯង]យកមកសួរ។ [អ្នកឯង]កុំរពឹសដៃ ក្នុងហ្វេសប៊ុក...។ ហ៊ុន សែន ដាក់។ អ្នកណាមិនដឹងទេ តែ ហ៊ុន សែន ធ្វើ។
— លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី
ពីរថ្ងៃក្រោយការព្រមាននេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ដំឡើងឋានន្តរសក្ដិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ដល់អតីតមិត្តរួមអាវុធរបស់លោក ហ៊ុន សែន គឺអ្នកស្រី ម៉ែន សំអន និងលោក ទៀ បាញ់។
ប៉ុន្តែ ត្រូវបានផាត់លោក ស ខេង ចោល ហើយលើកលោកស្រី ម៉ែន សំអន ហើយនឹងលើកលោក ទៀ បាញ់ ដែលខ្ញុំគិតថានៅពេលដែលលើកអ្នកទាំង២នេះមកគឺធ្វើឱ្យកម្លាំងរបស់លោក ហ៊ុន សែន ធ្ងន់ជាងកម្លាំងរបស់លោក ស ខេង។ ដូច្នេះ ក្នុងកិច្ចការនេះលោក ស ខេង ទំនងជាមិនអាចធ្វើអ្វីបាន ឬក៏ប្រើប្រាស់នូវការប្រកួតប្រជែងឥទ្ធិពលជាមួយនឹងលោក ហ៊ុន សែន បន្តទៅទៀតបានទេ។
— លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
ក្រៅពីកត្តាព្យាយាមទប់ការប្រកួតប្រជែងឥទ្ធិពលនៅក្នុងបក្សកាន់អំណាចហើយនោះ កត្តាតុលាការ ICC ចាប់ខ្លួនអតីតសហការីអាស៊ានរបស់លោក ហ៊ុន សែន នៅជិតរបងផ្ទះកម្ពុជា ក៏ទំនងជាអាចរួមចំណែកដល់ការសម្រេចចិត្តដំឡើងឋានន្តរសក្តិនេះដែរ។
យើងឃើញថានៅក្នុងនោះ គឺគេត្រូវជ្រើសរើសនូវអ្នកដែលនៅក្នុងជុំវិញខ្លួនគេដែលស្និទ្ធស្នាលដែលមានការគាំទ្រនូវគោលនយោបាយ និងគោលការណ៍នៃរបបផ្ដាច់ការរបស់គេ គឺគេដាក់ ម៉ែន សំអន និង ទៀ បាញ់ ដើម្បីឱ្យជួយការពារនៅក្នុងករណីណាមួយដែលមាន ICC កោះហៅ ឬក៏មានអីទៅ គេមានអ្នកដែលគាំទ្រនៅក្នុងនាមជាអ្នកដឹកនាំនៅក្នុងប្រទេស ដែលគាំទ្រគេនៅក្នុងការទាមទារមិនឱ្យមានការចាប់ឬបញ្ជូនដូចករណីនៅប្រទេសហ្វីលីពីនអ៊ីចឹង។
— អ្នកស្រី ធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រី CNRP
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងនេះបាននៅឡើយទេកាលពីថ្ងៃទី១៧ ខែមីនា។
ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលព្រមានថាដរាបណាលោក ហ៊ុន សែន នៅតែចិញ្ចឹមចិត្តតាមកម្ចាត់ក្រុមអ្នកប្រឆាំងដល់ទីបញ្ចប់ដោយមិនខ្វល់ពីការគោរពសិទ្ធិមនុស្ស លោក ហ៊ុន សែន អាចនឹងមានជោគវាសនាមិនខុសពីមេដឹកនាំផ្តាច់ការដទៃទៀតនៅថ្ងៃណាមួយមិនខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
